ធនាគារពិភពលោក ឲ្យដឹងថា ពលរដ្ឋជាច្រើននៅកម្ពុជាប្រឈមនឹងហានិភ័យនៃភាពក្រីក្រនៅឡើយ ដោយសារកម្មវិធីផ្ទេរសាច់ប្រាក់របស់រដ្ឋាភិបាលគាំទ្រប្រាក់ចំណូលដ៏មានតម្លៃដល់គ្រួសារក្រីក្រ អំឡុងពេលមានជំងឺរាតត្បាតនៅមានកម្រិតទាប ទោះបីសេដ្ឋកិច្ចកំពុងងើបឡើងក្ដី។
ការលើកឡើងរបស់ធនាគារពិភពលោកក្នុងរបាយការណ៍វាយតម្លៃពីភាពក្រីក្រនៅឆ្នាំ២០២២ ស្ដីពីការស្ដារសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែមានភាពធន់ ដែលបានចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។
របាយការណ៍វាយតម្លៃធនាគារពិភពលោក ឲ្យដឹងថា អត្រាភាពក្រីក្រនៅប្រទេសកម្ពុជាបានធ្លាក់ចុះសឹងតែពាក់កណ្តាលក្នុងចន្លោះឆ្នាំ២០០៩ និងឆ្នាំ២០១៩ ដោយកំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័ស គួបផ្សំជាមួយនឹងការផ្លាស់ប្ដូរជារចនាសម្ព័ន្ធផង បានជួយធ្វើឲ្យប្រាក់ចំណូលរបស់ពលកម្មកើនឡើង និងភាពក្រីក្រកាន់តែធ្លាក់ចុះ។
ប៉ុន្តែវឌ្ឍនភាពមួយចំនួនត្រូវបានបំផ្លាញទៅវិញ ដោយសារតែការរាតត្បាតជំងឺកូវីដ-១៩ ខណៈដែលជំងឺរាតត្បាតនេះមិនទាន់មកដល់ គ្រួសារកម្ពុជាជាច្រើនកំពុងរស់នៅក្នុងជីវភាពខ្វះលំនឹងរួចស្រេចទៅហើយ។
ធនាគារពិភពលោកអះអាងថា ទោះបីជាកម្រិតជីវភាពមានភាពប្រសើរឡើងដោយរួមចំណែកធ្វើឲ្យគម្លាតរវាងទីក្រុង និងជនបទនៅកម្ពុជាកាន់តែរួមតូចជាងមុន ប៉ុន្តែក្រុមគ្រួសារដែលមានប្រាក់ចំណូលទាប និងនៅតាមទីជនបទ នៅតែចាញ់ប្រៀបគេនៅឡើយ បើនិយាយអំពីលទ្ធភាពទទួលបានសេវាជាមូលដ្ឋាន និងឱកាសរកប្រាក់ចំណូល។
លើសពីនេះ ពលករកម្ពុជាកំពុងងាកចេញបណ្តើរៗពីវិស័យកសិកម្មទៅរកការងារក្នុងវិស័យផលិតកម្ម និងសេវាកម្ម ទៅរកវិស័យដែលមានផលិតភាពខ្ពស់ និងប្រាក់ឈ្នួលគ្រាន់បើជាងមុន ក្នុងនោះ ពលករមិនត្រឹមតែផ្លាស់ការងារពីវិស័យមួយទៅវិស័យមួយទៀតប៉ុណ្ណោះទេ ប៉ុន្តែក៏ធ្វើបន្លាស់ទីពីជនបទទៅកាន់ទីប្រជុំជននានាផងដែរ ខណៈដែលកំណើននៃប្រាក់ចំណូលក្នុងការងារមិនមែនកសិកម្ម គឺជាកត្តាចម្បងក្នុងការកាត់បន្ថយភាពក្រីក្រ។
ធនាគារពិភពលោកបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាកំពុងជួបហានិភ័យ បញ្ហាប្រឈមដែលតម្រូវឲ្យរដ្ឋាភិបាលដែលជាអ្នករៀបចំគោលនយោបាយយកទៅពិចារណា ដូចជាក្រុមគ្រួសារជាច្រើននៅប្រឈមនឹងហានិភ័យនៃភាពក្រីក្រច្រើននៅឡើយ ទោះបីជាសេដ្ឋកិច្ចកំពុងងើបឡើងវិញក៏ដោយ និងបញ្ហាប្រឈមនៃការអភិវឌ្ឍ រួមមានវិសមភាពភូមិសាស្ត្រក្នុងភាពក្រីក្រ និងការអភិវឌ្ឍមនុស្សដែលនៅមានកម្រិតទាប។
លើសពីនេះទៀត ផលិតភាពនៅមានកម្រិតមធ្យម និងវិស័យសេដ្ឋកិច្ចខ្វះភាពសម្បូរបែប អាចកាត់បន្ថយកំណើនរយៈពេលវែង និងសក្ដានុពលកាត់បន្ថយភាពក្រីក្រ និងការផ្លាស់ប្ដូររចនាសម្ព័ន្ធកាន់តែស៊ីជម្រៅ និងការប្រែប្រួលផ្នែកប្រជាសាស្ត្រ នឹងជំរុញកំណើនទៅមុខ ប្រសិនបើមានការវិនិយោគទៅលើមនុស្ស និងទៅលើក្រុមហ៊ុននាពេលបច្ចុប្បន្ននេះ។
ដូច្នេះ ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ ធនាគារពិភពលោកថា រដ្ឋាភិបាលកម្ពុជាត្រូវបន្តជំរុញទៅមុខនូវកម្មវិធីផ្ទេរសាច់ប្រាក់ ដើម្បីសម្រាលការលំបាកចំពោះមុខរបស់ក្រុមគ្រួសារ និងដើម្បីជួយពួកគេក្នុងការស្ដារជីវភាពឡើងវិញ និងបង្កើនភាពធន់បានយូរអង្វែងទៅមុខ។
មួយវិញទៀត ត្រូវពង្រឹងប្រព័ន្ធគាំពារសង្គមនៅកម្ពុជាក្រោយសម័យជំងឺរាតត្បាត និងបង្កើតប្រព័ន្ធសម្របខ្លួនមួយសម្រាប់លៃលកជាមួយវិបត្តិនាពេលអនាគត និងការកែលំអធនធានមនុស្សតាមរយៈការវិនិយោគលើវិស័យសុខាភិបាល និងអប់រំ។
ធនាគារពិភពលោកបន្ថែមថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នឹងពង្រឹងប្រសិទ្ធភាពនៃការពង្រាយគោលនយោបាយសារពើពន្ធ និងការធ្វើហិរញ្ញប្បទានសម្រាប់យុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រឲ្យបានទៀងទាត់។
ការផ្ដល់អនុសាសន៍ទាំង ៥ចំណុចនេះ ក្រោយពីធនាគារពិភពលោកយល់ថា កម្មវិធីផ្ទេរសាច់ប្រាក់នេះបានផ្តល់ការគាំទ្រប្រាក់ចំណូលដ៏មានតម្លៃដល់គ្រួសារក្រីក្រ អំឡុងពេលមានជំងឺរាតត្បាត និងទប់ស្កាត់ការកើនឡើងនៃភាពក្រីក្រ និងវិសមភាពនៅមានកម្រិតទាបនៅឡើយ។
ហេតុដូច្នេះ រដ្ឋាភិបាលកម្ពុជាត្រូវអន្តរាគមន៍បន្ថែមទៀតដោយពង្រីកការផ្ទេរប្រាក់ជំនួយដល់គ្រួសារដែលកាន់ប័ណ្ណ IDPoor ក្នុងការជួយគ្រួសាររងគ្រោះឲ្យបានឆាប់រហ័ស។
បើតាមការសិក្សាមួយដែលគាំទ្រដោយក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (BMZ) បានចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ រកឃើញថា ពលរដ្ឋខ្មែរជាង ១សែន ៦ម៉ឺន ៧ពាន់នាក់ បាននិងកំពុងលក់ដីដើម្បីបង់សងកម្ចីឥណទានក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ។ លើសពីនេះ បើតាមការប៉ាន់ប្រមាណសម្រាប់អ្នកខ្ចីប្រាក់ទាំងអស់ មានការលក់ដីដោយសារបំណុលចំនួន ៣ម៉ឺន ៣៥៨០នាក់ (ស្មើនឹង ១៣ភាគរយ) ក្នុងមួយឆ្នាំ ឬលក់ដីម្ដងនៅរៀងរាល់រយៈពេល ១៦នាទី៕