32 C
Phnom Penh

កូដករ​ណាហ្គា​៣​នាក់​ស្នើសុំ​ពន្យារ​ពេល​ចូល​បំភ្លឺ​ដោយសារ​មិន​ទាន់​មាន​មេធាវី​ការពារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូដករ​ណាហ្គា​វើលដ៍ ៣​នាក់​ដែល​ត្រូវ​ក្រុមហ៊ុន​ប្ដឹង ដាក់​ពាក្យ​ស្នើសុំ​ពន្យារ​ពេល​ចូលរួម​សវនាការ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​៣០ វិច្ឆិកា នេះ ក្រោយពី​ក្រុមហ៊ុន​បាន​សុំ​ឲ្យ​តុលាការ​ចេញ​សាលក្រម​ទទួលស្គាល់​បញ្ឈប់​ការងារ​រួម។

យោង​តាម​ដីកា​កោះហៅ​ដាច់ដោយឡែក​ចេញ​ដោយ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ពេជ្រ វិជ្ជាធរ កាលពី​ថ្ងៃទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ បាន​បង្គាប់​ឲ្យ​អ្នកនាង ឈឹម សុខន ចូល​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ដើម្បី​ចូលរួម «នីតិវិធី​សម្រាប់​ទាញ​ហេតុផល» ក្នុង​សំណុំរឿង​ប្ដឹង​សាលក្រម​ទទួលស្គាល់​បញ្ឈប់​ការងារ​រួម។

ប្រាប់​អ្នក​សារព័ត៌មាន​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ អនុប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ អ្នកនាង ឈឹម សុខន លើកឡើង​ថា ពួកគេ​ដាក់​ពាក្យ​សុំ​ពន្យារ​ពេល​ដើម្បី​ចូលរួម​ក្នុង​នីតិវិធី «សម្រាប់​ទាញ​ហេតុផល» នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​៣០ វិច្ឆិកា នេះ ដោយសារ​ពួកគេ​មិន​ទាន់​បាន​ត្រៀម​ខ្លួន​រួចរាល់​នៅឡើយ​ទេ។

អ្នកនាង ឈឹម សុខន លើកឡើង​ថា ពួកគេ​ត្រូវ​ការ​ពេលវេលា​ក្នុង​ការ​ប្រមូល​ឯកសារ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត និង​ត្រូវ​រក​មេធាវី​ដើម្បី​ជួយ​ការពារ​ក្ដី​ឲ្យ​ដែរ ដោយសារ​បច្ចុប្បន្ន ពួកគេ​មិន​ទាន់​មាន​មេធាវី​នៅឡើយ។

អ្នកនាង ឈឹម សុខន បង្ហាញ​ការ​ព្រួយបារម្ភ​ដោយសារ​អំឡុង​ពេលនេះ អ្នកនាង​សង្កេត​ឃើញ​ថា​អាជ្ញាធរ​បាន​ធ្វើ​ទុក្ខបុកម្នេញ​សហជីព និង​កូដករ​កាន់តែ​ខ្លាំង ដោយ​ការ​ចេញ​ដីកា​កោះហៅ​កូដករ ៩​នាក់​ឲ្យ​ចូល​បំភ្លឺ និង​ការ​ចាប់​ខ្លួន​ប្រធាន​សហជីព កញ្ញា ឈឹម ស៊ីថរ ជា​ថ្មី​ទៀត​ផង​ដែរ។

អនុប្រធាន​សហជីព​រូប​នេះ​បញ្ជាក់​ថា ខាង​តុលាការ​បាន​ទទួល​យក​ពាក្យ​ស្នើសុំ​ពន្យារ​ពេល​របស់​ពួកគេ​ដែល​បាន​ដាក់​នៅ​ថ្ងៃ​នេះ​ហើយ ខណៈ​អនុប្រធាន​សហជីព និង​សមាជិក ២​នាក់​ទៀត​មក​ដាក់​ពាក្យ​ស្នើសុំ​ពន្យារ​ពេល​នោះ ក៏​មាន​ក្រុម​កូដករ​បាន​នាំគ្នា​មក​ប្រមូលផ្ដុំ​នៅ​ខាងមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្ដល់​កម្លាំង​ចិត្ត និង​បង្ហាញ​ពី​សាមគ្គីភាព​របស់​ពួកគេ​ផង​ដែរ។

កូដករ​ម្នាក់​ក្នុង​ចំណោម​កូដករ​ផ្សេង​ទៀត កញ្ញា ម៉ម សុវឌ្ឍិន បាន​លើកឡើង​ថា ការ​ចេញ​ដីកា​កោះហៅ​របស់​តុលាការ​ជា​រឿង​អយុត្តិធម៌​សម្រាប់​ពួកគេ ដោយសារ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​បញ្ឈប់​ពួកគេ​ពី​ការងារ​ទាំង​អយុត្តិធម៌ ហើយ​មក​ប្ដឹង​កូដករ​បន្ថែម​ទៀត។ កញ្ញា​បាន​ច្រានចោល​ចំពោះ​ការ​ចោទប្រកាន់​ថា ការ​ធ្វើ​កូដកម្ម​របស់​ក្រុម​កូដករ​ជា​ការ​គាំទ្រ​ពី​បរទេស និង​បក្ស​ប្រឆាំង​ដើម្បី​បំផ្លាញ​មុខមាត់​រដ្ឋាភិបាល។

កញ្ញា​ឲ្យ​ដឹង​ថា ប្រសិនបើ​រដ្ឋាភិបាល​នៅតែ​មាន​ការ​ចោទប្រកាន់​បែប​នេះ​មក​លើ​ពួកគេ​ទៀត វា​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ជា​របស់​រដ្ឋាភិបាល ដោយសារ​បច្ចុប្បន្ន ពួកគេ​មិន​បាន​តវ៉ា​ប្រឆាំង និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រដ្ឋាភិបាល​ឡើយ។ ផ្ទុយទៅវិញ ពួកគេ​ទាមទារ​ឲ្យ​ថៅកែ​ណាហ្គា​វើលដ៍​ដោះស្រាយ​វិវាទ​ការងារ​ដោយ​យុត្តិធម៌ និង​គ្មាន​ការ​គំរាម​កំហែង​តែប៉ុណ្ណោះ។

ក្រៅពី​តុលាការ​ចេញ​ដីកា​កោះហៅ​សហជីព និង​កូដករ​ចូល​បំភ្លឺ​នៅ​តុលាការ​ជា​បន្តបន្ទាប់​ហើយ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ និង​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស​ជា​លើក​ទី​២ ក្រោយ​ពេល​កញ្ញា​បាន​ធ្វើ​ដំណើរ​ត្រឡប់​មកពី​ប្រជុំ​នៅ​ប្រទេស​អូស្ត្រាលី​វិញ កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២។

វិវាទ​ការងារ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​បាន​កើត​ឡើង​ជាង ១​ឆ្នាំ​មក​ហើយ ក្រោយ​ពេល​ក្រុមហ៊ុន​ល្បែង​ស៊ីសង និង​កាស៊ីណូ​មួយ​នេះ​បាន​បញ្ឈប់​បុគ្គលិក​ចំនួន ១៣២៩​នាក់ ក្រោម​ហេតុផល​ថា «ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ដោយសារតែ​បញ្ហា​ជំងឺ​កូវីដ-១៩»។

តែ​យ៉ាងណា បុគ្គលិក​ដែល​ចេញ​ធ្វើ​កូដកម្ម​រយៈពេល​ជិត ១១​ខែ​មក​នេះ​អះអាង​ថា ការ​បញ្ឈប់​នោះ​គឺ​ដោយសារ​ថៅកែ​មាន​ចេតនា​រំលាយ​សហជីព​ការពារ​សិទ្ធិ​កម្មករ​ឲ្យ​អស់​ពី​ក្រុមហ៊ុន​មួយ​នេះ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស