28 C
Phnom Penh

ព្រះមហាក្សត្រ​ដំឡើង​ឋានៈ​កូនប្រុស​ទី​ពីរ​លោក ហ៊ុន សែន ស្មើ​រដ្ឋមន្ត្រី​ជាមួយ​នាយករង​៤​នាក់​ទៀត​នៃ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះមហាក្សត្រ​ខ្មែរ ព្រះ​បរមនាថ នរោត្តម សីហមុនី ត្រាស់​បង្គាប់​ដំឡើង​ឋានៈ​លោក ហ៊ុន ម៉ានិត ដែល​ជា​កូនប្រុស​ទី​ពីរ​របស់​លោក ហ៊ុន សែន និង​នាយករង ៤​នាក់​នៃ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី។

ព្រះមហាក្សត្រ​ខ្មែរ សម្តេច ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ​កាលពី​ថ្ងៃទី​៦ ខែ​ធ្នូ ឆ្នាំ​២០២២ ដោយ​ត្រាស់​បង្គាប់​ដំឡើង​ឋានៈ​ដល់​នាយករង​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចំនួន ៥​រូប រួម​មាន​លោក ប៉ាន់ ខែមប៉ុនថន និង​លោក ឈីវ យីស៊ាង លោក ស្នាត សុភាព និង​លោក ហាក់ សុខហៃ ឱ្យ​មាន​ឋានៈ​ស្មើ​នឹង​រដ្ឋមន្ត្រី ក្នុង​នោះ​ក៏​មាន​លោក ហ៊ុន ម៉ានិត ដែល​ជា​កូនប្រុស​បង្កើត​របស់​លោក ហ៊ុន សែន ផង​ដែរ។

ការ​ដំឡើង​ឋានៈ​ឱ្យ​ស្មើ​នឹង​រដ្ឋមន្ត្រី​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន ម៉ានិត បាន​បំពេញ​ការងារ​ជា​នាយករង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ដែល​មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​អស់​រយៈពេល ៥​ឆ្នាំ​កន្លងមក។

លោក ហ៊ុន ម៉ានិត ដែល​ជា​កូនប្រុស​បង្កើត​ទី​ពីរ​របស់​មេដឹកនាំ​បាតដៃ​ប្រឡាក់​ឈាម លោក ហ៊ុន សែន ត្រូវ​បាន​តែងតាំង និង​ចូល​កាន់​តំណែង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​របស់​ក្រសួង​ការពារ​ជាតិ កាលពី​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០១៧ និង​ត្រូវ​បាន​តែងតាំង​តួនាទី​ថ្មី​បន្ថែម​ទៀត​កាល​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៧ ដែល​បាន​ចុះហត្ថលេខា​លើ​ព្រះរាជក្រឹត្យ​ដោយ​ប្រមុខ​រដ្ឋ​ស្ដីទី លោក សាយ ឈុំ ដោយ​ដំឡើង​ឋានៈ​ជា​នាយករង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ដែល​មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​តាម​សំណើ​របស់​លោក ហ៊ុន សែន ព្រមទាំង​ត្រូវ​បាន​តែងតាំង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) ដែល​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​កាលពី​ដើម​ឆ្នាំ​២០១៨ ផង​ដែរ។

លោក ហ៊ុន ម៉ានិត ដែល​ជា​ឧត្តមសេនីយ៍​ពាក់​ផ្កាយ​ពីរ ក៏​មាន​តំណែង​មួយ​ចំនួន​ផ្សេង​ទៀត​ផង​ដែរ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋាភិបាល ដែល​កំពុង​ដឹកនាំ​ដោយ​ឪពុក​របស់​លោក​សព្វថ្ងៃ​នេះ រួម​មាន​តំណែង​ជា​អនុប្រធាន​គណៈកម្មការ​ដោះស្រាយ​បញ្ហា​កូដកម្ម និង​បាតុកម្ម​គ្រប់​មុខ​សញ្ញា តំណែង​ជា​អគ្គលេខាធិការ​រង​នៃ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី និង​ជា​អនុប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​នៃ​គណៈកម្មាធិការ​កណ្ដាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ថែម​ទៀត។

កូនប្រុស​បង្កើត​ទាំង​៣ របស់​មេដឹកនាំ​ក្រាញ​អំណាច​ត​ត្រកូល​លោក ហ៊ុន សែន សុទ្ធតែ​មាន​តំណែង​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល ដែល​ឪពុក​ខ្លួនឯង​កំពុង​ដឹកនាំ​ផង និង​មាន​តំណែង​ជាន់ខ្ពស់​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ ក្នុង​នោះ​មាន​លោក ហ៊ុន ម៉ាណែត ដែល​ជា​កូនច្បង​មាន​ឋានៈ​ជា​ឧត្តមសេនីយ៍​ផ្កាយ​៣ កាន់​តួនាទី​ជា​អគ្គមេបញ្ជាការ​រង​កងយោធពល​ខេមរភូមិន្ទ ជា​មេបញ្ជាការ​កងទ័ព​ជើងគោក ជា​មេបញ្ជាការ​កងកម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​ជា​មេបញ្ជាការ​រង​កង​អង្គរក្ស​លោក ហ៊ុន សែន ថែម​ទៀត។

ចំណែក​នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន ម៉ាណែត គឺជា​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​ស្ថិត​ក្នុង​ចំណោម​មនុស្ស ៣៤​នាក់​ដែល​ជា​ក្បាលម៉ាស៊ីន​ដឹកនាំ​របស់​បក្ស​កាន់​អំណាច និង​ប្រធាន​ចលនា​យុវជន​ផង​ដែរ ហើយ​នៅ​ពេល​នេះ លោក ហ៊ុន ម៉ាណែត បាន​ក្លាយជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​នា​ពេល​អនាគត​ថែម​ទៀត។

ដោយឡែក​លោក ហ៊ុន ម៉ានី កំពុង​កាន់​តំណែង​ជា​ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា​ទទួល​បន្ទុក​ការងារ​អប់រំ យុវជន និង​កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ ជាដើម។ បន្ថែម​ពី​នេះ គាត់​ក៏​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ និង​ប្រធាន​ទី​១ នៃ​ក្រុម​ការងារ​គណបក្ស​ចុះ​ជួយ​ខេត្ត​កំពង់ស្ពឺ ថែម​ទៀត។

ក្រៅពី​តួនាទី​ខាងលើ លោក ហ៊ុន ម៉ានី ក៏​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក) ផង​ដែរ។ លើស​ពី​នេះ កូនប្រុស​របស់​លោក ហ៊ុន សែន រូប​នេះ​ក៏​មាន​តួនាទី​ក្នុង​ជួរ​កងទ័ព​ផង​ដែរ ដែល​ជា​នាយ​ទាហាន​ការពារ​ផ្ទាល់​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​ដែល​មាន​ឋានន្តរសក្តិ​ថ្នាក់​វរសេនីយ៍ឯក។ ដោយឡែក​នៅ​ក្នុង​ជួរ​បក្ស​កាន់​អំណាច​វិញ លោក ហ៊ុន ម៉ានី គឺជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស​ថែម​ទៀត។

ទាក់ទិន​នឹង​បញ្ហា​នេះ ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០២២ ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​២៧ ស្ដីពី​អនាគត​អាស៊ី លោក ហ៊ុន សែន អះអាង​ថា កូនប្រុស​ទាំង​បី​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត និង​លោក ហ៊ុន ម៉ានី សុទ្ធតែ​មាន​សមត្ថភាព​ធ្វើជា​នាយករដ្ឋមន្ត្រី​ដូច​គ្នា។

លោក ហ៊ុន សែន បញ្ជាក់​ថា អ្នក​ដទៃ​គេ​ចង់​ឱ្យ​កូន​គេ​រកស៊ី​មាន​បាន និង​មាន​ការងារ​ល្អ ចំណែក​លោក​ក៏ដូចជា​អ្នក​ទាំងនោះ​ដែរ បើ​ពួកគេ​ចង់​ឱ្យ​កូន​ខ្លួនឯង​មាន​ការងារ​ធ្វើ​ល្អ ហេតុ​អ្វី​លោក​គ្មាន​សិទ្ធិ​ជ្រោមជ្រែង​ឱ្យ​កូន​របស់​លោក​កាន់​កិច្ចការ​ធំ និង​រកស៊ី​មាន​បាន​ដូច​គេ​ដែរ​នោះ ព្រោះ​ថា​កន្លងមក លោក​មិន​បាន​បណ្តុះបណ្តាល​កូន​ឱ្យ​ទៅ​ធ្វើ​ចោរ​នោះ​ទេ គឺ​ត្រៀម​ឱ្យ​ពួកគេ​ធ្វើ​ធំ​ទាំងអស់។

សារព័ត៌មាន ឌឹ ខេមបូឌា ដេលី មិន​អាច​ទាក់ទង​អ្នក​នាំពាក្យ​កងយោធពល​ខេមរភូមិន្ទ លោក ថោង សូលីម៉ូ និង​លោក ឈុំ សុជាត អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ ធ្វើ​អត្ថាធិប្បាយ​លើ​ការ​ដំឡើង​ឋានៈ​របស់​លោក ហ៊ុន ម៉ានិត និង​មន្ត្រី​ផ្សេង​ទៀត​បាន​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស