30 C
Phnom Penh

ស្ត្រី​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ថា​មិន​បាន​ផ្ដិត​មេដៃ​ទទួល​សំណង​និង​ទាមទារ​ឱ្យ​ចាត់​វិធានការ​លើ​ជន​បង្ក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ត្រី​រងគ្រោះ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ស្ពាន​ជ្រោយចង្វារ ទាមទារ​ឱ្យ​សមត្ថកិច្ច​អនុវត្ត​នីតិវិធី​ចំពោះ​ជន​បង្ក​ទៅ​តាម​ផ្លូវច្បាប់ ព្រោះ​ខ្លួន​មិន​បាន​ផ្ដិត​មេដៃ​ទទួល​យក​សំណង ២៥០០​ដុល្លារ​ដើម្បី​បញ្ចប់​រឿង​នោះ​ទេ ព្រោះ​មាន​គេ​កាន់​ដៃ​យក​ទៅ​ផ្ដិត​មេដៃ​លើ​លិខិត​ទទួល​យក​សំណង ខណៈ​ខ្លួន​កំពុង​សន្លប់​បាត់បង់​ស្មារតី។

ស្ត្រី​ដែល​អះអាង​ថា​ជា​ជនរងគ្រោះ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ថ្ងៃទី​៥ ខែ​ធ្នូ អ្នកស្រី មុច ស្រីល័ក្ខ បាន​ថ្លែង​ឲ្យ​ដឹង​ថា ពេល​នេះ​ទារក​រងគ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។ គាត់ និង​ទារក​នៅតែ​មាន​អាការៈ​ធ្ងន់ធ្ងរ។

អ្នកស្រី​បន្ត​ថា អ្នកស្រី​ទាមទារ​ឱ្យ​សមត្ថកិច្ច​អនុវត្ត​នីតិវិធី​ចំពោះ​ជន​បង្ក​ទៅ​តាម​ផ្លូវច្បាប់ ព្រោះ​គាត់​ពិត​ជា​មិន​បាន​ផ្តិត​មេដៃ​ទទួល​យក​សំណង ២៥០០​ដុល្លារ ដើម្បី​បញ្ចប់​រឿង​ដូច​ការ​ផ្សាយ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ទេ។ អ្នកស្រី​ថា​មាន​គេ​កាន់​ដៃ​គាត់​ឱ្យ​ផ្ដិត​មេដៃ​លើ​លិខិត​កិច្ចព្រមព្រៀង​ទាំង​មិន​ដឹង​ខ្លួន។

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃទី​៦ ខែ​ធ្នូ បាន​បំភ្លឺ​ថា កាលពី​ថ្ងៃទី​៥ ខែ​ធ្នូ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត និង​ម៉ូតូ កើតឡើង​នៅ​ចំណុច​មួយ​លើ​ស្ពាន​ជ្រោយចង្វារ​ចាស់ ឬ​ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។ បើ​តាម​សមត្ថកិច្ច មូលហេតុ​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់ គឺ​អ្នក​បើកបរ​រថយន្ត​បើកបរ​លឿន ខ្វះ​ការ​ប្រុងប្រយ័ត្ន និង​បើកបរ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង។ លើស​ពី​នេះ ជន​បង្ក​ត្រូវ​បាន​ផាក​ពិន័យ​ចំនួន ២​លាន​រៀល​តាម​មាត្រា​១០​ថ្មី នៃ​អនុក្រឹត្យ​ចុះ​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០២០។

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ភ្ជាប់​នូវ​កិច្ចព្រមព្រៀង​បញ្ចប់​សំណង និង​លិខិត​ដក​ពាក្យ​បណ្តឹង​របស់​ម្តាយ​ជនរងគ្រោះ ដោយ​ថា​ភាគី​ពាក់ព័ន្ធ​បាន​ឯកភាព​គ្នា​លើ​សំណង​ចំនួន ២៥០០​ដុល្លារ​ដើម្បី​បញ្ចប់​រឿង។

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បញ្ជាក់​ថា ទោះបីជា​មាន​ការ​បញ្ចប់​សំណង​រដ្ឋប្បវេណី​យ៉ាងណា​ក៏ដោយ ប៉ុន្តែ​ករណី​គ្រោះថ្នាក់​នេះ​នៅ​ជាប់​បណ្ដឹង​អាជ្ញា ហើយ​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃទី​៧ ខែ​ធ្នូ ក្រោយ​បញ្ចប់​ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​រម្លឹក​ដល់​ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១៧ ថា លោក​មិន​គាំទ្រ​ចំពោះ​អ្នក​បើកបរ​ដែល​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​អ្នក​ដទៃ ហើយ​បែរ​ជា​ប្រើ​លុយ​ដោះស្រាយ​បញ្ចប់​រឿង​ដើម្បី​រួច​ខ្លួន​ទេ។ លោក​ថា​កំពុង​តាមដាន​ព័ត៌មាន​ជាក់លាក់​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ទៅ​លើ​ពលរដ្ឋ​មួយ​គ្រួសារ ដើម្បី​ចាត់​វិធានការ​ឱ្យ​បាន​សមស្រប។

មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​នៅ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ថ្លែង​ថា លោក​ចាត់ទុក​ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថា​ជា​រឿង​ត្រឹមត្រូវ។ លោក​ថា គួរតែ​មាន​ចំណាត់ការ​លើ​មន្ត្រី​ពាក់ព័ន្ធ​ឱ្យ​បាន​ម៉ឺងម៉ាត់​លើ​ករណី​នេះ។

លោក​ថា ករណី​នេះ​ទាមទារ​ឱ្យ​មន្ត្រី​ដែល​ប្រតិបត្តិ​ច្បាប់​ប្រមូល​ភស្តុតាង​តាម​នីតិវិធី ហើយ​បើ​ទោះ​មាន​ការ​សម្របសម្រួល​សង​សំណង​ដល់​ជនរងគ្រោះ ក៏​មិន​អាច​រំលត់​បណ្ដឹង​អាជ្ញា​បាន​ដែរ។ ព្រះរាជអាជ្ញា​ត្រូវតែ​ដំណើរការ​រឿង​ហ្នឹង​តទៅទៀត គឺ​ចោទប្រកាន់​ទៅ​តុលាការ វា​មិន​មែន​ជា​ការ​សម្របសម្រួល​ក្រៅ​ប្រព័ន្ធ​ច្បាប់​ទេ។

តាម​មាត្រា​៨៥ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ចែង​ថា ជន​ណា​ដែល​បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុងប្រយ័ត្ន ឬ​មិន​គោរព​កាតព្វកិច្ច​ដែល​បទប្បញ្ញត្តិ​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​តម្រូវ បណ្ដាល​ឱ្យ​ស្លាប់​អ្នក​ដទៃ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ​ទៅ ៣​ឆ្នាំ ពិន័យ​ជា​ប្រាក់​ពី ៤០០០០០០ (បួន​លាន) រៀល​ទៅ ១៥០០០០០០ (ដប់​ប្រាំ​លាន) រៀល និង​អាច​ត្រូវ​ផ្ដន្ទាទោស​ដោយ​ទោស​បន្ថែម​មួយ ឬ​ច្រើន​ដូច​មាន​ចែង​ក្នុង​មាត្រា​៥៣ (ប្រភេទ​ទោស​បន្ថែម) នៃ​ក្រមព្រហ្មទណ្ឌ។

នៅ​ក្នុង​មាត្រា​៨៥ ដដែល ក៏​បាន​ចែង​ថា អ្នក​បើកបរ​ដោយ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់ រត់​គេច​ពី​កន្លែង​កើតហេតុ​ជាដើម ដើម្បី​គេច​ពី​ការ​ទទួល​ខុសត្រូវ​ជាដើម គឺ​ត្រូវ​ជាប់​ពន្ធនាគារ​ពី ២​ឆ្នាំ​ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​ទៅ ២៥​លាន​រៀល៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស