33 C
Phnom Penh

អាជ្ញាធរ​ជាតិ​អប្សរា​ដឹកនាំ​សិស្ស​ធ្វើ​ព្យុហយាត្រា​មុន​ចាប់ផ្តើម​ពិធីបុណ្យ​រំលឹក​គុណ​អង្គរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​ជាតិ​អប្សរា​ដឹកនាំ​សិស្សានុសិស្ស ធ្វើ​ព្យុហយាត្រា​លើកដំបូង​មុន​ចាប់ផ្តើម​ពិធី​បុណ្យ​រំលឹក​គុណ​អង្គរ​នៅ​ថ្ងៃ​ទី​១៤ ធ្នូ ដើម្បី​បង្ហាញ​ថា​កូន​ខ្មែរ​គ្រប់​រូប​បាន​តបស្នង​សង​គុណ​ដល់​បុព្វបុរស ក៏ដូចជា​អតីត​ព្រះមហាក្សត្រ​ខ្មែរ​ដែល​បាន​កសាង​ប្រាសាទ​អង្គរ​ទុក​ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ស្គាល់​អស់​រយៈកាល​រាប់​ពាន់​ឆ្នាំ​កន្លងមក។

អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា លោក ហង់ ពៅ បាន​លើកឡើង​ក្នុង​ពិធី​ព្យុហយាត្រា​នៅ​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ​ថា សម័យ​បច្ចេកវិទ្យា​ទំនើប​គេ​ក៏​អាច​ចម្លង ឬ​កសាង​ប្រាសាទ​ថ្មីៗ​ធំៗ​បាន​ដែរ ប៉ុន្តែ​ការ​សាងសង់​ថ្មី គឺ​គ្មាន​តម្លៃ និង​គ្មាន​ន័យ​ដូច​ប្រាសាទ​របស់​កម្ពុជា​ឡើយ ត្បិត​ប្រាសាទ​អង្គរ​ជា​សំណង់​បុរាណ​ដែល​មាន​អាយុកាល​ច្រើន​ពាន់​ឆ្នាំ​មក​ហើយ ហើយ​ក៏​ជា​ដួង​ព្រលឹង និង​អត្តសញ្ញាណ​ជាតិ​របស់​ខ្មែរ​ដែរ មិនមែន​គ្រាន់តែ​ជា​សំណង់​ធម្មតា​នោះ​ទេ។

លោក ហង់ ពៅ លើកឡើង​ថា វប្បធម៌ អរិយធម៌ ដែល​ជា​ដួង​ព្រលឹង​របស់​ខ្មែរ​មាន​ច្រើន​មហិមា​ដែល​មាន​អាយុ​រាប់​ពាន់​ឆ្នាំ ដូច​នេះ​កូន​ខ្មែរ​គ្រប់​រូប​ត្រូវតែ​ដឹងគុណ​អង្គរ ដោយ​ការ​ចូលរួម​អភិរក្ស និង​អភិវឌ្ឍ​ឱ្យ​បាន​គង់វង្ស ត្បិត​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​ដ៏​មហិមា​នេះ​មិនមែន​ចេះតែ​កើតឡើង​ដោយ​ចៃដន្យ​នោះ​ទេ គឺ​បុព្វបុរស​ខ្មែរ​បាន​គិតគូរ​ខ្ពស់​បំផុត​នូវ​អ្វី​ដែល​មាន​ប្រយោជន៍​ដល់​មនុស្ស​ជំនាន់​ក្រោយ។

នៅ​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ សិស្សានុសិស្ស និង​អាជ្ញាធរ​ជាតិ​អប្សរា​ជិត ១​ពាន់​នាក់ បាន​ធ្វើ​ព្យុហយាត្រា​ដង្ហែ​ក្បួន​ដើម្បី​បំផុស​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ អ្នក​ទេសចរ​ជាតិ និង​អន្តរជាតិ នាំគ្នា​រំលឹក​គុណ​ប្រាសាទ​អង្គរ ហើយ​ការ​ដង្ហែ​ក្បួន​នេះ​ធ្វើឡើង​ចេញពី​ខាង​មុខ​ប្រាសាទ​អង្គរ ឆ្ពោះ​ទៅ​កាន់​ខ្លោងទ្វារ​ប្រាសាទ​អង្គរធំ ឬ​ខ្លោងទ្វារ​ទន្លេ​អុំ ដោយ​កាន់​នូវ​បដា​ជាច្រើន​ដែល​សរសេរ​ពាក្យ​ស្លោក ដូចជា អង្គរ​ជា​ដួង​ព្រលឹង និង​ជា​អត្តសញ្ញាណ​ជាតិ​ខ្មែរ អបអរ​សាទរ​ពិធី​បុណ្យ​រំលឹក​គុណ​អង្គរ វប្បធម៌​ជា​មូលដ្ឋានគ្រឹះ​នៃ​សន្តិភាព និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ជាដើម។

ទាក់ទិន​នឹង​បញ្ហា​នេះ កាល​ថ្ងៃទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ចេញ​សារាចរ​ណែនាំ​មួយ​ស្ដីពី «ការ​រៀបចំ​ពិធីបុណ្យ​រំឭក​គុណ​អង្គរ» ដោយ​ក្នុង​នោះ ក្រសួង​បាន​ណែនាំ​ដល់​អាជ្ញាធរ​ជាតិ​អប្សរា​ឱ្យ​រៀបចំ​កម្មវិធី​តាម​ថ្ងៃ​នីមួយៗ​ផង​ដែរ។

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ អ្នកស្រី ភឿង សកុណា អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ពិធីបុណ្យ «រំឭក​គុណ​អង្គរ» ធ្វើឡើង​ដើម្បី​បង្ហាញ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ និង​ពិភពលោក​បន្ថែម​ទៀត​ពី​ការ​ដឹងគុណ និង​ប្រពៃណី​ទំនៀមទម្លាប់​ដែល​ខ្មែរ​មាន​តាំងពី​បុរាណ​មក។

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​រូប​នេះ​អះអាង​ថា ការ​ជ្រើសរើស​យក​ថ្ងៃទី​១៤ ធ្នូ ជា​ថ្ងៃ​ចាប់ផ្តើម​ពិធីបុណ្យ «រំឭក​គុណ​អង្គរ» ដោយសារតែ​ជា​ថ្ងៃ​ដែល​តំបន់​អង្គរ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូណេស្កូ​កាលពី​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​១៩៩២ កន្លងទៅ។

តំបន់​រមណីយដ្ឋាន​អង្គរ ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ នៅ​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​១៩៩២ នា​ទីក្រុង​សាន់តាហ្វេ សហរដ្ឋ​អាមេរិក ដែល​បច្ចុប្បន្ន តំបន់​រមណីយដ្ឋាន​អង្គរ​នេះ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ទាំងស្រុង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស