31 C
Phnom Penh

អាជ្ញាធរ​ជាតិ​អប្សរា​ប្រកាស​ត្រៀម​សហការ​ជាមួយ​អង្គការ​យូណេស្កូ បើសិន​ចង់​មក​ពិនិត្យ​តំបន់​អង្គរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​ជាតិ​អប្សរា បាន​អះអាង​ថា ខ្លួន​ត្រៀម​សហការ​ជាមួយ​ក្រុម​ការងារ​របស់​អង្គការ​យូណេស្កូ (UNESCO) ប្រសិនបើ​ចង់​មក​ពិនិត្យ​តថភាព​នៃ​ការ​រៀបចំ​តំបន់​អង្គរ បន្ទាប់ពី​គណៈកម្មាធិការ​យូណេស្កូ​ប្រកាស​ថា​ខ្លួន​ត្រៀម​បញ្ជូន​ក្រុម​ការងារ​មក​ពិនិត្យ​តំបន់​អង្គរ​ដែល​បណ្តេញ​ប្រជាជន​ដោយ​បង្ខំ។

អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា លោក ហង់ ពៅ ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​១ សីហា នេះ​ថា ប្រសិនបើ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​ចង់​ទទួល​បាន​ព័ត៌មាន​ពិត​ពី​ការ​រៀបចំ​តំបន់​អង្គរ អាជ្ញាធរ​អប្សរា​នឹង​ត្រៀម​ខ្លួន​សហការ​ជាមួយ។

ប្រភព​ដដែល​អះអាង​ថា កន្លង​មក ការ​វាយតម្លៃ​ស្ថានភាព​តំបន់​អង្គរ​តែង​ធ្វើ​ឡើង​ជា​ប្រចាំ​ក្នុង ៦​ខែ​ម្តង តាមរយៈ ICC-Angkor ហើយ ICC-Angkor ក៏​តែង​ដាក់​របាយការណ៍​វាយតម្លៃ​ទាំងនោះ​ទៅ​កាន់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក។ បើ​សិន​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​ចង់​មក​ពិនិត្យ​ដោយ​ផ្ទាល់​មែន នោះ​គឺជា​រឿង​ល្អ ដោយ​មិន​ចាំបាច់​ទទួល​ព័ត៌មាន​តែ​ពី​ភាគី​ទី​៣។

កាលពី​ថ្ងៃ​ពុធ ទី​៣១ កក្កដា គណៈកម្មាធិការ​យូណេស្កូ នៅ​ក្នុង​កិច្ចប្រជុំ​ស្ដីពី​បេតិកភណ្ឌ​ពិភពលោក​លើក​ទី​៤៦ នៅ​ប្រទេស​ឥណ្ឌា បាន​លើក​ជា​អនុសាសន៍​ស្នើ​ឲ្យ​មាន​ការ​ធ្វើ​ទស្សនកិច្ច​នៅ​តំបន់​អង្គរ​ជា​ទី​ដែល​មាន​ជម្លោះ​ពាក់ព័ន្ធ​នឹង​ការ​បណ្តេញ​ប្រជាពលរដ្ឋ។ គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ក៏​សម្ដែង​ក្តី​បារម្ភ​បន្ទាប់ពី​បាន​ទទួល​របាយការណ៍​ទាក់ទង​នឹង​ការ​បណ្តេញ​ពលរដ្ឋ​ចេញពី​តំបន់​អង្គរ ឱ្យ​ទៅ​រស់នៅ​តំបន់​រុនតាឯក។

អង្គការ Amnesty International បាន​ផ្ញើ​របាយការណ៍​ទៅ​កាន់​គណៈកម្មាធិការ​បេតិកភណ្ឌ​យូណេស្កូ បង្ហាញ​ថា ពលរដ្ឋ​ជាង ៤​ម៉ឺន​នាក់​ត្រូវ​អាជ្ញាធរ​ជម្លៀស​ចេញពី​តំបន់​អង្គរ​តាំងពី​ឆ្នាំ​២០២២។ ការ​ជម្លៀស​ពលរដ្ឋ​ចេញពី​តំបន់​អង្គរ ធ្វើ​ឡើង​ក្នុង​ហេតុផល​ថា តំបន់​នោះ​គឺជា​តំបន់​បេតិកភណ្ឌ​ពិភពលោក ដោយ​ហាមឃាត់​មិន​ឲ្យ​មាន​ការ​តាំង​ទី​លំនៅ និង​សង់​សំណង់​ខុស​ច្បាប់។

ពលរដ្ឋ​រងគ្រោះ​ដែល​កំពុង​រស់នៅ​ក្នុង​ឃុំ​រុនតាឯក ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ពួកគេ​កំពុង​ប្រឈម​នឹង​វិបត្តិ​ធ្ងន់ធ្ងរ​គ្រប់​បែប​យ៉ាង ដោយ​គ្មាន​ការ​ដោះស្រាយ​ពី​រដ្ឋាភិបាល ក្នុង​នោះ ថវិកា​ដែល​ពួកគេ​ធ្លាប់​ទទួល​បាន​តាមរយៈ​បណ្ណ​ក្រីក្រ ឬ​បណ្ណ​សមធម៌ ត្រូវ​បាន​កាត់បន្ថយ​ស្ទើរតែ​អស់​នៅ​ពេលនេះ ចំណែក​ដី​ដែល​រដ្ឋាភិបាល​ចែក​ឱ្យ ក៏​គ្មាន​សិទ្ធិ​លក់ មុខរបរ​ក៏​មិន​អាច​ធ្វើ​បាន ខណៈ​បំណុល​ធនាគារ​ក៏​ត្រូវ​តែ​សង​ជា​រៀង​រាល់​ខែ​ថែម​ទៀត។

ពលរដ្ឋ​ទាំងនោះ​អះអាង​ថា ពលរដ្ឋ​ដែល​ព្រម​ចាកចេញ​ពី​តំបន់​អង្គរ​ស្ទើរតែ​គ្រប់​ក្រុម​គ្រួសារ សុទ្ធតែ​ជំពាក់​លុយ​ធនាគារ​ស្រាប់​ទៅ​ហើយ ដូច្នេះ​ការ​ផ្លាស់​ទី​មក​នៅ​ទីតាំង​ថ្មី​នេះ បាន​ធ្វើ​ឱ្យ​ពួកគេ​បាត់បង់​ក្តី​សង្ឃឹម​ទាំងស្រុង​លើ​មុខរបរ​ដែល​ពួកគេ​បាន​បង្កើត​ឡើង​ដោយ​ពឹង​លើ​លុយ​ដែល​បាន​ខ្ចី​បុល​ពី​ធនាគារ​អំឡុង​ពេល​ដែល​ពួកគេ​រស់នៅ​ក្នុង​តំបន់​អង្គរ ប៉ុន្តែ​ដោយសារតែ​ការ​បង្ខំ​ឱ្យ​ចាកចេញ​ពី​សំណាក់​រដ្ឋាភិបាល ពួកគេ​មិន​អាច​តវ៉ា​បាន​ឡើយ។

កាលពី​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០២៤ ពលរដ្ឋ​ជិត ៤០០​នាក់​បាន​នាំគ្នា​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​សៀមរាប និង​មុខ​សាលាឃុំ​រុនតាឯក ក្រោយពី​ពួកគេ​មិន​ទទួល​បាន​ប្រាក់​បណ្ណ​សមធម៌ ឬ​បណ្ណ​ក្រីក្រ​គ្រប់​ចំនួន​ដែល​រដ្ឋាភិបាល​ផ្តល់​ឱ្យ​សម្រាប់​រយៈពេល ១០​ឆ្នាំ។

រដ្ឋាភិបាល​កម្ពុជា​ចាប់ផ្ដើម​ជម្លៀស​ប្រជាជន ១​ម៉ឺន​គ្រួសារ​ចេញពី​តំបន់​ប្រាសាទ​អង្គរវត្ត មក​កាន់​តំបន់​តាំង​ទី​លំនៅ​ថ្មី​រុនតាឯក។ អ្នក​ភូមិ​ដែល​រស់នៅ​ក្នុង​ទីតាំង​លំនៅ​ថ្មី​នេះ និយាយ​ថា ពួកគេ​កំពុង​រងគ្រោះ​ពី​វិបត្តិ​ពីរ​ផ្ទួន​គ្នា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស