ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ចាត់ទុកការលួចចម្លងប្លង់ប្រាសាទអង្គរវត្តខ្មែរពីសំណាក់ប្រទេសជិតខាង គឺជាអំពើគ្មានសីលធម៌ ដែលនាំឱ្យប៉ះពាល់មិនត្រឹមតែសភាពដើម និងតម្លៃលេចធ្លោជាសកលប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់អត្តសញ្ញាណនៃបេតិកភណ្ឌអរូបីរបស់ប្រជាជនម្ចាស់ស្រុកថែមទៀត។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្សព្វផ្សាយនៅថ្ងៃទី២៦ វិច្ឆិកា ពីការចូលរួមកិច្ចប្រជុំរដ្ឋភាគីលើកទី២៥ នៃអង្គការយូណេស្កូ របស់មន្ត្រីរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ថា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា បានស្នើឲ្យមានបទបញ្ញត្តិច្បាស់លាស់អំពីការលួចចម្លងបេតិកភណ្ឌពិភពលោកដោយគ្មានការអនុញ្ញាត។
អ្នកស្រី ភឿង សកុណា ក៏បានលើកឡើងអំពីនិន្នាការនៃការលួចចម្លងដោយរំលោភបំពាន ការក្លែងបន្លំនូវទ្រង់ទ្រាយដើមនៃសម្បត្តិបេតិកភណ្ឌពិភពលោក និងកង្វះខាតនូវបទបញ្ញត្តិនៃការប្រតិបត្តិក្នុងអនុសញ្ញាឆ្នាំ១៩៧០ និងឆ្នាំ១៩៧២ នាពេលកន្លងមកផងដែរ។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រូបនេះ អំពាវនាវឱ្យមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និងក្រុមប្រឹក្សាអ្នកច្បាប់នៃអង្គការយូណេស្កូ ធ្វើការយកចិត្តទុកដាក់ជាបន្ទាន់ដោយកំណត់នូវទិសដៅច្បាស់លាស់ក្នុងក្របខ័ណ្ឌអនុសញ្ញាឆ្នាំ១៩៧០ និងឆ្នាំ១៩៧២ ដោយធ្វើការរួមជាមួយបណ្តារដ្ឋភាគី ដើម្បីទប់ស្កាត់នូវសកម្មភាពអវិជ្ជមានដែលអាចកើតឡើងនាពេលអនាគតក្នុងបរិបទសកលភាវូបនីយកម្ម។
ក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៤០ របស់គណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ កាលពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា បានចាត់ទុកសំណង់នៅប្រទេសថៃ ដែលចម្លងតាមប្លង់ប្រាសាទអង្គរវត្តរបស់ខ្មែរ ថាជាការរំលោភបំពានទាំងស្រុងលើអត្តសញ្ញាណជាតិខ្មែរ។
អ្នកស្រី ភឿង សកុណា អះអាងថា សំណង់ឈ្មោះ ប្រាសាទសីហនគរ (Siha Nakhon) ក្នុងប្រទេសថៃ ដែលមានរូបរាងដូចប្រាសាទអង្គរវត្ត គឺជាសំណង់ដែលយកគំរូ ឬប្លង់តាមប្រាសាទអង្គរវត្ត ដែលនេះគឺជាការរំលោភបំពានទាំងស្រុងលើអត្តសញ្ញាណ ដួងព្រលឹង និងវប្បធម៌ជាតិខ្មែរ។
ប្រាសាទសីហនគរ (Siha Nakhon) មានទីតាំងស្ថិតក្នុងវត្តពុទ្ធបាទសិលាភូម៉ានហ្វា ខេត្តបុរីរម្យ ប្រទេសថៃ ត្រូវបានសាងសង់ឡើងកាលពីអំឡុងឆ្នាំ២០២១។
ជុំវិញបញ្ហានេះ ភាគីថៃ បានអះអាងថា ការសាងសង់ប្រាសាទនេះមិនបានលួចចម្លងប្លង់ ឬសាងសង់តាមរចនាបថស្ថាបត្យកម្មប្រាសាទអង្គរវត្ត ឬប្រាសាទបុរាណណាមួយនៅក្នុងប្រទេសកម្ពុជា ឡើយ ពោលគឺសាងសង់តាមគំនូសប្លង់ដោយខ្លួនឯង និងរចនាទៅតាមស្ថាបត្យកម្មប្រាសាទមួយចំនួនដែលមានក្នុងតំបន់នោះ។
យ៉ាងណាក៏ដោយ ក្រុមអ្នកប្រវត្តិសាស្ត្រខ្មែររិះគន់ថា ប្រទេសថៃ តែងតែលួចអរិយធម៌ខ្មែរទៅកុហកភ្ញៀវបរទេស ថាប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ប្រដាល់ក្បាច់គុនខ្មែរ ល្ខោនខោល និងរបាំព្រះរាជទ្រព្យ ជាដើម ជារបស់ខ្លួន ស្របពេលដែលពួកគេប្រឹងរំលោភបំពាន និងលួចចម្លងស្នាដៃខ្មែរឥតឈប់ឈរ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

