34 C
Phnom Penh

អ្នក​ឃ្លាំមើល៖ រាល់​ជំនួប​រវាង​លោក ហ៊ុន សែន និង​មេដឹកនាំ​វៀតណាម​នៅ​ក្រៅ​ប្រទេស​គឺ​ឃុបឃិត​គ្នា​ឈ្លានពាន​ទឹកដី​ខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា គ្រប់​ជំនួប​ទាំងអស់​រវាង​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន និង​មេដឹកនាំ​វៀតណាម រាល់​ពេល​មាន​កិច្ចប្រជុំ​នៅ​ក្រៅ​ប្រទេស គឺ​សុទ្ធសឹងតែ​ជា​ផែនការ​ឃុបឃិត​គ្នា​ក្នុង​ការ​ឈ្លានពាន​ទឹកដី​ខ្មែរ​ដែល​ពួកគេ​មាន​ចេតនា​លាក់បាំង​ពី​ពលរដ្ឋ​ខ្មែរ។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​អង្គារ ទី​១៣ ធ្នូ ថា ជា​ភស្តុតាង​ជាក់ស្តែង រាល់​ជំនួប​នៅ​ក្រៅ​ប្រទេស​ជា​លក្ខណៈ​ទ្វេភាគី​រវាង​មេដឹកនាំ​វៀតណាម​ជាមួយ​លោក ហ៊ុន សែន កន្លងមក បាន​សម្បទាន​នូវ​សំណើ​ជាច្រើន​ដល់​រដ្ឋាភិបាល​ក្រុង​ហាណូយ ដូចជា​សំណើ​សុំ​ឱ្យ​ជនអន្តោប្រវេសន៍​វៀតណាម​មាន​ប័ណ្ណ​ស្នាក់នៅ​ដោយ​ស្រប​ច្បាប់​នៅ​កម្ពុជា និង​សំណើ​សុំ​បង្កើត​ដេប៉ាតឺម៉ង់​ភាសា​វៀតណាម​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កាលពី​ពេល​ថ្មីៗ​នេះ ជាដើម។

លោក ម៉ែន ណាត ត្អូញត្អែរ​ថា រដ្ឋាភិបាល​ដែល​ចិញ្ចឹម​មហិច្ឆតា​រំលោភ​ទឹកដី​កម្ពុជា នឹង​មិន​បណ្តោយ​ឱ្យ​មេដឹកនាំ​ខ្មែរ លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​ស្រេច​តែ​នឹង​ចិត្ត​រហូត​ភ្លាត់​ចេញពី​ផែនការ​លេប​ត្របាក់​ទឹកដី​ខ្មែរ​របស់​ពួកគេ​នោះ​ទេ។ ដូច្នេះ ការ​ជួប​គ្នា​ជា​លក្ខណៈ​ទ្វេភាគី​រាល់​ពេល​មាន​កិច្ចប្រជុំ​នៅ​ក្រៅ​ប្រទេស​ជា​បន្តបន្ទាប់​មក​នេះ គឺ​បង្ហាញ​ពី​ចេតនា​របស់​វៀតណាម​កាន់តែ​បង្កើន​ការ​ប្រុងប្រយ័ត្ន​លើ​លោក ហ៊ុន សែន កាន់តែ​ខ្លាំង​ជុំវិញ​ផែនការ​ឈ្លានពាន​កម្ពុជា​របស់​ពួកគេ​ទៅ​ថ្ងៃ​មុខ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា រដ្ឋាភិបាល​វៀតណាម​នឹង​ប្រើ​លោក ហ៊ុន សែន ដែល​កំពុង​គ្រប់គ្រង​រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​នេះ ឱ្យ​ជួយ​ដល់​ពលរដ្ឋ​របស់​ពួកគេ​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជា​ដោយ​ខុស​ច្បាប់ ឱ្យ​ទៅ​ជា​ស្រប​ច្បាប់​កាន់តែ​ច្រើន​ឡើងៗ​រហូត​ពលរដ្ឋ​វៀតណាម​ខុស​ច្បាប់​ទាំងនោះ​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ពេញលេញ​នៅ​ថ្ងៃ​អនាគត។

កាលពី​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​ដឹកនាំ​មន្ត្រី​ជាន់ខ្ពស់​របស់​ខ្លួន​ទៅ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន-អឺរ៉ុប​ក្នុង​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្សិក ក្នុង​នោះ លោក ហ៊ុន សែន ប្រកាស​ថា​លោក​នឹង​ជួប​ជាមួយ​មេដឹកនាំ​វៀតណាម​ផង​ដែរ ក្រៅតែ​ពី​ជួប​ជាមួយ​អ្នក​គាំទ្រ​នៅ​អឺរ៉ុប និង​ជួប​ជាមួយ​មេដឹកនាំ​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​ទីនោះ។

គេ​សង្កេត​ឃើញ​ថា រាល់​កិច្ចប្រជុំ​នៅ​ក្រៅ​ប្រទេស លោក ហ៊ុន សែន តែង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​មេដឹកនាំ​វៀតណាម​ជាប់​ជានិច្ច។ ជាក់ស្តែង មុន​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក កាលពី​អំឡុង​ខែ​ឧសភា ឆ្នាំ​២០២២ នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មីញជីញ ក៏​បាន​ជួប​លោក ហ៊ុន សែន ជា​លក្ខណៈ​ទ្វេភាគី​ផង​ដែរ ដោយ​មាន​ការ​ស្នើសុំ​ឱ្យ​លោក ហ៊ុន សែន ជួយ​ពលរដ្ឋ​វៀតណាម​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​កម្ពុជា​ដោយ​ខុស​ច្បាប់ មក​ជា​ការ​រស់នៅ​ដោយ​ស្រប​ច្បាប់​វិញ ខណៈ​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន បាន​យល់ព្រម​នឹង​សំណើ​នេះ​ទាំងស្រុង។

ជាង​នេះ​ទៀត កាលពី​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២២ លោក ហ៊ុន សែន និង​លោក ង្វៀន សួនហ្វុក ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម បាន​ជួប​ពិភាក្សា​គ្នា​លក្ខណៈ​ទ្វេភាគី​ដែរ ដែល​បាន​ពិភាក្សា​គ្នា​អំពី​ការ​ដោះស្រាយ​បញ្ហា​បោះ​បង្គោល​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ដែល​នៅ​សេសសល់​អំឡុង​ពេល​ពួកគេ​ទៅ​ចូលរួម​ពិធី​បុណ្យ​សព​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ិនហ្សូ អាបេ។

ប្រធាន​វេទិកា​ពលរដ្ឋ និង​ជា​អ្នកវិភាគ​នយោបាយ​ឯករាជ្យ លោក គឹម សុខ លើកឡើង​ក្នុង​កិច្ច​ពិភាក្សា​នេះ​ដែរ​ថា ចាប់តាំងពី​លោក ហ៊ុន សែន ត្រូវ​បាន​វៀតណាម​លើក​បន្តុប​កាលពី​ឆ្នាំ​១៩៨៥ មក គាត់​តែង​ប្រកាស​ពី​ការ​ដឹកនាំ​តាម​ជំហាន​គីង្គក់ ប៉ុន្តែ​ជំហាន​គីង្គក់​ដែល​គាត់​បាន​ប្រើ​ជាង ៤០​ឆ្នាំ​មក​នេះ លោត​មិន​ដែល​ចំណេញ​ដល់​ជាតិ​ខ្មែរ​ម្តង​ឡើយ មាន​តែ​វិនាស​ហិនហោច​ទៅ​បរទេស​ជិតខាង និង​វិនាស​ដោយសារ​អំពើពុករលួយ​ក្រោម​រដ្ឋាភិបាល​របស់​គាត់​ប៉ុណ្ណោះ។

លោក គឹម សុខ រៀបរាប់​ថា ជំហាន​គីង្គក់​របស់​លោក ហ៊ុន សែន លោត​ទៅ​កន្លែង​ណា គឺ​រលាយ​កន្លែង​នោះ ដូចជា​លោត​ទៅ​បឹងកក់ វិនាស​ហិនហោច​លំនៅឋាន​របស់​ពលរដ្ឋ​នៅ​បឹងកក់ លោត​ទៅ​ព្រំដែន បាត់​ព្រំដែន​ទៅ​ខាង​វៀតណាម លោត​ទៅ​ដែន​សមុទ្រ បាត់​ដែន​សមុទ្រ​ទៅ​ខាង​វៀតណាម លោត​ទៅ​កោះត្រល់ បាត់​កោះត្រល់​ទៅ​ខាង​វៀតណាម លោត​ទៅ​ខាង​នយោបាយ​ការទូត​ក្រៅ​ប្រទេស គឺ​ទៅ​សេពគប់​តែ​ជាមួយ​ពួក​កុម្មុយនីស្ត​ផ្ដាច់ការ និង​ជំពាក់​បំណុល​គេ​វ័ណ្ឌក ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស