41.3 C
Phnom Penh

សមាជិក​សភា​សហភាព​អឺរ៉ុប​១៣​ប្រទេស​អំពាវនាវ​ឱ្យ​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ប្រើ​ច្បាប់​ដាក់​ទណ្ឌកម្ម​លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិក​សភា​សហភាព​អឺរ៉ុប​ជាង ១០​ប្រទេស អំពាវនាវ​ឱ្យ​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ប្រធាន​គណៈកម្មការ​អឺរ៉ុប និង​តំណាង​ជាន់ខ្ពស់​នៃ​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការ​បរទេស និង​គោល​នយោបាយ​សន្តិសុខ ប្រើ​ច្បាប់​សហភាព​អឺរ៉ុប (EU Magnitsky Act) ដាក់​ទណ្ឌកម្ម​ដោយ​ការ​ហាមប្រាម​ការ​ធ្វើ​ដំណើរ និង​បង្កក​ទ្រព្យសម្បត្តិ​លើ​មេដឹកនាំ​ខ្មែរ លោក ហ៊ុន សែន ដែល​កំពុង​ដឹកនាំ​ប្រទេស​ដោយ​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។

សមាជិក​សភា​សហភាព​អឺរ៉ុប​ចំនួន ១៣​ប្រទេស​ដែល​មកពី​ប្រទេស​ហ្វាំងឡង់ អាល្លឺម៉ង់ និង​ប្រទេស​ស៊ុយអែត ជាដើម ចេញ​លិខិត​រួម​គ្នា​មួយ​កាលពី​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២២ ទៅ​កាន់​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក ស្ហាល មីឈែល (Charles Michel) និង​តំណាង​ជាន់ខ្ពស់​នៃ​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការ​បរទេស និង​គោល​នយោបាយ​សន្តិសុខ លោក Josep Borrell ថា រដ្ឋាភិបាល​កម្ពុជា​របស់​លោក ហ៊ុន សែន ត្រូវតែ​ទទួល​ខុសត្រូវ​ទាំងស្រុង​ចំពោះ​ការ​រំលោភ​សិទ្ធិមនុស្ស ការ​រំលាយ​បក្ស​ប្រឆាំង និង​ការ​ជាន់ឈ្លី​លទ្ធិប្រជាធិបតេយ្យ ជាដើម ដែល​កំពុង​បង្ក​ឱ្យ​កើត​មាន​នូវ​វិបត្តិ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ក្រោម​ការ​ដឹកនាំ​របស់​ខ្លួន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

សមាជិក​សភា​សហភាព​អឺរ៉ុប​ទាំង ១៣​ប្រទេស លើកឡើង​ថា សភា​អឺរ៉ុប​ទាំងមូល​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​បំពាន​លើ​សិទ្ធិមនុស្ស​នៅ​កម្ពុជា រួម​ទាំង​ការ​រឹត​បន្តឹង​លើ​អ្នក​សារព័ត៌មាន ក្រុម​សហជីព សកម្មជន​ការពារ​សិទ្ធិមនុស្ស សកម្មជន​បរិស្ថាន និស្សិត​បញ្ញវន្ត រួម​ទាំង​អ្នក​នយោបាយ​ផង​ដែរ ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌​នៅ​ពេលនេះ បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​ត្រូវ​បាន​រំលាយ​កាលពី​ជាង ៥​ឆ្នាំ​មុន។

សមាជិក​សភា​សហភាព​អឺរ៉ុប​ខាងលើ​បញ្ជាក់​ថា ក្នុង​នាម​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ជិត ៤០​ឆ្នាំ​របស់​ប្រទេស​កម្ពុជា ដែល​បាន​ប្រើ​អំណាច​ផ្ដាច់ការ​ក្នុង​ការ​គ្រប់គ្រង​ប្រទេស​ដែល​នឹង​ត្រូវ​ចូលរួម​កិច្ចប្រជុំ​សហភាព​អឺរ៉ុប-អាស៊ាន​នៅ​ពេលនេះ សហភាព​អឺរ៉ុប​គួរតែ​ប្រើ​ឱកាស​នេះ​ដាក់​សម្ពាធ និង​ចាត់​វិធានការ​សមស្រប​ជាក់ស្តែង​ដើម្បី​ការពារ​ដល់​សកម្មជន​សង្គម​នានា និង​សកម្មជន​នយោបាយ ជាដើម ចំពោះ​ការ​តស៊ូ​របស់​ពួកគេ ដើម្បី​បើក​ឡើងវិញ​នូវ​លំហ​សេរីភាព និង​ប្រជាធិបតេយ្យ​សម្រាប់​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ​នេះ។

សមាជិក​សភា​សហភាព​អឺរ៉ុប​ទាំងនេះ​បញ្ជាក់​ថា ក្នុង​កិច្ចប្រជុំ​នេះ សហភាព​អឺរ៉ុប​ក៏​ត្រូវតែ​បញ្ជាក់​ឱ្យ​បាន​ច្បាស់លាស់​ផង​ដែរ​នូវ​ការ​ធានា​ចំពោះ​ការ​អនុវត្ត​សិទ្ធិមនុស្ស​របស់​កម្ពុជា​ឱ្យ​ស្រប​តាម​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន ដើម្បី​ឈាន​ទៅ​រក​ការ​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) អ្វីៗ​គ្រប់​យ៉ាង​លើកលែងតែ​អាវុធ ដែល​ជា​ប្រយោជន៍​សម្រាប់​ប្រជាជន​កម្ពុជា​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ទៅ​ថ្ងៃ​មុខ។

អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​មុន​ការ​ផ្សាយ​នេះ​បន្តិច​ថា ការ​ទាមទារ​របស់​សមាជិក​សភា​សហភាព​អឺរ៉ុប​ទាំង ១៣​ប្រទេស ដើម្បី​ឲ្យ​មាន​ការ​ដាក់​សម្ពាធ​បន្ថែម​ទៅ​លើ​ភាគី​រដ្ឋាភិបាល​កម្ពុជា គឺជា​សញ្ញា​មួយ​ដែល​អឺរ៉ុប​អាច​នឹង​កាត់ EBA បន្ថែម​ទៀត ហើយ​ក៏​អាច​ជា​សញ្ញា​នៃ​ការ​ដាក់​ទណ្ឌកម្ម​ផ្សេង​ទៀត​ដូចជា​ការ​ផ្អាក​ការ​បញ្ជា​ទិញ និង​ការ​នាំចូល​ទំនិញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ផង​ដែរ។

កាលពី​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០២២ មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន បាន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន-សហភាព​អឺរ៉ុប និង​ដើម្បី​អបអរ​សាទរ​ខួប​លើក​ទី​៥៤​ឆ្នាំ​នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន-សហភាព​អឺរ៉ុប ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២២ នៅ​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្ស៊ិក។

ក្នុង​ជំនួប​ជាមួយ​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​នៅ​ទីក្រុង​ប្រ៊ុចសែល កាលពី​ថ្ងៃ​ចន្ទ ទី​១២ ធ្នូ លោក ហ៊ុន សែន បញ្ជាក់​ថា លោក​បាន​ដាក់​បម្រាម​មិន​ឱ្យ​មន្ត្រី​ខ្មែរ​រូប​ណា​លាដៃ​សុំ​ជំនួយ​ពី​នរណា​ម្នាក់​ពេល​ត្រឡប់​ទៅ​កម្ពុជា​វិញ​ឡើយ។ លោក​បន្ថែម​ថា ប្រសិនបើ​ប្រទេស​នោះ​ចង់​រកស៊ី​ជាមួយ​កម្ពុជា គឺ​អាច​រកស៊ី​ជាមួយ​គ្នា​បាន ប៉ុន្តែ​លោក​មិន​យក​ឯករាជភាព អធិបតេយ្យភាព ជា​ថ្នូរ​នឹង​ជំនួយ ឬ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ណា​ទាំងអស់​នោះ​ទេ។

អង្គការ Freedom House បាន​ចេញ​របាយការណ៍​របស់​ខ្លួន​ក្នុង​ឆ្នាំ​២០២២ នេះ​ថា ប្រព័ន្ធ​នយោបាយ​របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា គ្រប់គ្រង​អស់​រយៈពេល​ជាង ៣​ទសវត្សរ៍​មក​ហើយ ខណៈ​គណបក្ស​ប្រឆាំង បណ្ដាញ​សារព័ត៌មាន​ឯករាជ្យ និង​អ្នក​តវ៉ា​ទាមទារ​សិទ្ធិ​សេរីភាព តែងតែ​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ជា​ប្រចាំ ដោយ​ការ​បំភិតបំភ័យ ការ​កាត់ទោស​ក្រោម​ហេតុផល​នយោបាយ និង​អំពើ​ហិង្សា​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្នុង​បរិយាកាស​នៃ​ការ​គាប​សង្កត់ និង​ការ​ភ័យខ្លាច​យ៉ាង​ខ្លាំង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស