28 C
Phnom Penh

បក្ស​កាន់​អំណាច​រៀប​ផែនការ​បង្កើត​សមាគម​អ្នក​រត់​រ៉ឺម៉ក ម៉ូតូឌុប​និង​ម៉ូតូ​កង់​បី​ប្រឆាំង​សមាគម​IDEA

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ខ្លះ​ឲ្យ​ដឹង​ថា បក្ស​កាន់​អំណាច​កំពុង​រៀបចំ​ផែនការ​បង្កើត​ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប និង​រ៉ឺម៉ក​កង់​បី​ជា​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដើម្បី​គាំទ្រ​ខ្លួន ដោយ​ប្រើ​ឈ្មោះ​ផ្សេងៗ​ក្នុង​ផែនការ​ប្រឆាំង​ទៅ​នឹង​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឬ​ហៅ​កាត់​ថា IDEA ដែល​ដឹកនាំ​ដោយ​លោក វន់ ពៅ។

ប្រភព​ច្បាស់ការ​ពី​មន្ត្រី​បក្ស​កាន់​អំណាច​ខ្លះ ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​១៤ ធ្នូ ថា បក្ស​កាន់​អំណាច​កំពុងតែ​ចងក្រង​សមាជិក​ដោយ​បញ្ចុះបញ្ចូល​អ្នក​ប្រកប​មុខរបរ​ក្រៅ​ប្រព័ន្ធ ដូចជា​ក្រុម​រត់​ម៉ូតូឌុប និង​រ៉ឺម៉ក​កង់​បី ឱ្យ​ចូល​ជា​សមាជិក​នៃ​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​របស់​ពួកគេ ដើម្បី​គាំទ្រ និង​ផ្សព្វផ្សាយ​ពី​សកម្មភាព​ឲ្យ​បក្ស​កាន់​អំណាច ព្រមទាំង​ធ្វើជា​កម្លាំង​ត្រៀម​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​របស់​លោក វន់ ពៅ ផង​ដែរ ក្នុង​ករណី​ក្រុម​របស់​លោក វន់ ពៅ ធ្វើ​កូដកម្ម ឬ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា​ដោយ​ប្រការ​ណា​មួយ​នោះ។

សមាគម​អ្នក​រត់​ម៉ូតូឌុប និង​រ៉ឺម៉ក​កង់​បី​ដែល​រដ្ឋាភិបាល​កម្ពុជា​កំពុង​បង្កើត​នេះ​មាន​ឈ្មោះ​ថា «សមាគម​សម្ព័ន្ធ​សេដ្ឋកិច្ច និង​រ៉ឺម៉ក​សន្តិភាព»។ សមាគម​នេះ​បាន​ចាប់ផ្តើម​ដំណើរការ​អស់​រយៈពេល​ប្រហែល​មួយ​ឆ្នាំ​រួច​មក​ហើយ។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា សមាជិក​បក្ស​កាន់​អំណាច​កំពុង​រៀបចំ​បណ្ដាញ​ទទួល​ចុះឈ្មោះ​អ្នក​ដែល​ព្រម​ចូល​ជា​សមាជិក​ក្នុង​សមាគម​នេះ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ដូចជា​ខេត្ត​បាត់ដំបង និង​នៅ​រាជធានី​ភ្នំពេញ ជាដើម ក្នុង​គោល​បំណង​កាត់បន្ថយ​កម្លាំង​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​តែង​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា​រហូត​មក។

ប្រភព​ខាងលើ​បញ្ជាក់​ថា ការ​ប្រើ​យុទ្ធសាស្ត្រ​បែប​នេះ គឺជា​រូបភាព​មួយ​ដែល​រដ្ឋាភិបាល​អាច​បង្ក្រាប​ក្រុម​អ្នក​តវ៉ា​នៃ​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​របស់​លោក វន់ ពៅ ដោយ​ប្រយោល​តាមរយៈ​នៃ​ការ​ប្រើប្រាស់​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​របស់​បក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ទប់ទល់​ក្រុម​សង្គម​ស៊ីវិល ជាជាង​រដ្ឋាភិបាល​ប្រើ​កម្លាំង​សមត្ថកិច្ច​របស់​ខ្លួន​បង្ក្រាប​ដោយ​ផ្ទាល់​ដូច​ករណី​បង្ក្រាប​ទៅ​លើ​ក្រុម​សហជីព​របស់​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដែល​នាំ​ឲ្យ​មាន​ការ​រិះគន់​នោះ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​តែង​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​រដ្ឋាភិបាល​កម្ពុជា ដែល​កំពុង​ដឹកនាំ​ដោយ​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ​រហូត​មក។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ ធ្នូ នេះ​ថា ដើម្បី​បិទបាំង​ការ​តវ៉ា​ទាមទារ​របស់​ពលរដ្ឋ​ដែល​រងគ្រោះ​ក្រោម​ការ​ដឹកនាំ​របស់​ខ្លួន រដ្ឋាភិបាល​បាន​ប្រើ​ល្បិច​បង្កើត​សមាគម អង្គការ និង​សហជីព​ជាច្រើន ដោយ​បញ្ចុះបញ្ចូល​សមាជិក​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល សមាគម និង​សហជីព​ឯករាជ្យ​តាម​គ្រប់​រូបភាព ឲ្យ​ចុះចូល​ជាមួយ​ខ្លួន​ក្នុង​បំណង​កុំ​ឲ្យ​មាន​អ្នក​ចូលរួម​ជាមួយ​អង្គការ​សមាគម​ដែល​ធ្វើការ​ដើម្បី​ការពារ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​រងគ្រោះ​បន្ត​ទៀត។

លោក វន់ ពៅ លើកឡើង​ថា សព្វថ្ងៃ​នេះ អ្នក​ដែល​បង្កើត​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដើម្បី​កាត់បន្ថយ​កម្លាំង​ចូលរួម​របស់​ពលរដ្ឋ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល គឺ​មាន​អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួង ស្រេង ដែល​ទទួល​ខុសត្រូវ​រៀបចំ​បណ្ដាញ​នៅ​ទីក្រុង​ភ្នំពេញ និង​លោក ប៉ាន់ ខែមប៊ុនថន ដែល​ជា​នាយករង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ធ្វើ​សកម្មភាព​ប្រមូល​មនុស្ស និង​ចងក្រង​បណ្ដាញ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ដូចជា​នៅ​ខេត្ត​ព្រះសីហនុ ខេត្ត​បាត់ដំបង និង​ខេត្ត​សៀមរាប ជាដើម។

លោក វន់ ពៅ បញ្ជាក់​ថា បើ​ទោះបីជា​មាន​ការ​ចងក្រង​សមាជិក​ដូច​គ្នា​នឹង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក៏ដោយ ប៉ុន្តែ​ពួកគេ​ធ្វើ​កិច្ចការ​នេះ​ដើម្បី​តែ​ផលប្រយោជន៍​បក្ស​កាន់​អំណាច​ប៉ុណ្ណោះ ខណៈ​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល​លោក​កំពុង​ដឹកនាំ​សព្វថ្ងៃ​នេះ គឺ​ធ្វើ​កិច្ចការ​ដើម្បី​ប្រយោជន៍​របស់​ពលរដ្ឋ​ងាយ​រងគ្រោះ​សុទ្ធសាធ ដូច្នេះ​ការ​ចូល​ជា​សមាជិក​របស់​សមាគម​ណា​មួយ​នោះ គឺ​ស្ថិត​នៅ​លើ​ការ​សម្រេច​ចិត្ត​របស់​ពលរដ្ឋ​ទាំងស្រុង។

សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) គឺជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ស្រប​ច្បាប់​មួយ​ដែល​បាន​ចូលរួម​បង្កើត​ឡើង​ដោយ​អ្នក​រត់​ម៉ូតូឌុប ម៉ូតូ​កង់​បី អ្នក​រត់​តាក់ស៊ី អាជីវករ​តូចតាច កម្មករ​តាម​ភោជនីយដ្ឋាន​ខ្នាត​តូច កាលពី​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០០៥ និង​បាន​ចុះបញ្ជី​ទទួលស្គាល់​ពី​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០០៦ ក្នុង​គោល​បំណង​ការពារ​សិទ្ធិ​ជន​ងាយ​រងគ្រោះ​ពី​ការ​គាប​សង្កត់ និង​លើកស្ទួយ​ជីវភាព​របស់​អ្នក​ប្រកប​មុខរបរ​ក្រៅ​ប្រព័ន្ធ​ទាំងអស់។

សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ មាន​គោលដៅ​ចងក្រង​កម្មករ​ក្រៅ​ប្រព័ន្ធ​ឱ្យ​មាន​សំឡេង​តែ​មួយ ការ​កសាង​សមត្ថភាព​ដល់​កម្មករ​ក្រៅ​ប្រព័ន្ធ រក​ដំណោះស្រាយ​ជម្លោះ​សម្រាប់​កម្មករ​ក្រៅ​ប្រព័ន្ធ ពង្រឹង​សមត្ថភាព​អ្នក​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​មូលដ្ឋាន​ដើម្បី​សេរីភាព និង​យុត្តិធម៌ ការពារ​សិទ្ធិ និង​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​គ្រប់​រូប និង​ជួយ​គាំទ្រ​នូវ​ការ​តស៊ូ​មតិ​ដោយ​សន្តិវិធី ដើម្បី​ទាមទារ​សិទ្ធិ និង​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស​គ្រប់​រូប។

យ៉ាងណាក៏ដោយ សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ហៅ​កាត់​ថា IDEA នេះ មិន​ដែល​ទទួល​បាន​ការ​យកចិត្ត​ទុកដាក់​ពី​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ ផ្ទុយទៅវិញ​តែងតែ​ទទួល​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​រដ្ឋាភិបាល​ជានិច្ច ជាពិសេស​ប្រធាន​សមាគម​នេះ​តែម្តង គឺ​លោក វន់ ពៅ ត្រូវ​រដ្ឋាភិបាល​ចោទប្រកាន់ និង​ចាប់​ឃុំ​ខ្លួន​ជា​ញឹកញាប់​បន្ទាប់ពី​ចូលរួម​តវ៉ា​ទាមទារ​រក​យុត្តិធម៌​ឱ្យ​កម្មករ​ដែល​ត្រូវ​បាន​រំលោភ​សិទ្ធិ​ការងារ​នៅ​កន្លែង​ធ្វើការ​នា​ពេល​កន្លងមក៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស