ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ចាត់ទុកការសម្រេចរបស់តុលាការកំពូល ដែលបានប្រកាសសាលក្រមផ្ដន្ទាទោសលើរូបលោក ថាជារឿងអយុត្តិធម៌សម្រាប់លោក។
លោក វន់ ពៅ ចាត់ទុកការសម្រេចរបស់សាលាឧទ្ធរណ៍ និងតុលាការកំពូល នៅថ្ងៃទី០៩ ខែកញ្ញា នេះ ថាជារឿងអយុត្តិធម៌សម្រាប់លោក។ លោកបានសរសេរនៅលើហ្វេសប៊ុករបស់លោកថា នៅថ្ងៃទី០៩ ខែកញ្ញា ការរំពឹងទុកនឹងទទួលបានយុត្តិធម៌នោះ គឺមិនដូចការរំពឹងទុកនោះទេ។ លោកថា យុត្តិធម៌សម្រាប់លោក គឺនៅឆ្ងាយដូចជើងមេឃ។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល បានអះអាងថា សេចក្ដីសម្រេចផ្ដន្ទាទោសលោក វន់ ពៅ របស់សាលាឧទ្ធរណ៍ និងសាលាដំបូងរាជធានីភ្នំពេញ ជារឿងត្រឹមត្រូវ។
ការសម្រេចរបស់តុលាការកំពូលនេះ ធ្វើឡើងបន្ទាប់ពីតុលាការកំពូលកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នា២០២៤ បានបើកសវនាការបណ្ដឹងសារទុក្ខរបស់លោក វន់ ពៅ ប្រឆាំងសាលដីការបស់សាលាឧទ្ធរណ៍ដែលផ្ដន្ទាទោសលើរូបលោក និងអ្នកផ្សេងទៀតឱ្យជាប់ពន្ធនាគារចន្លោះពី ៤ ទៅ ៥ឆ្នាំ ពីបទ «ញុះញង់» ពាក់ព័ន្ធនឹងរឿងធ្វើបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួលរបស់កម្មករកាលពីឆ្នាំ២០១៤។
ទោះជាយ៉ាងណាក៏ដោយ លោក វន់ ពៅ នៅតែមិនទទួលបានយុត្តិធម៌នោះទេ ទោះបីលោកត្រូវបានទាហានឆត្រយោង៩១១ ប្រើប្រាស់អំពើហិង្សាវាយធ្វើបាបយ៉ាងទ្រុឌទ្រោមស្ទើរតែបាត់បង់ជីវិតក៏ដោយ។ ក្រៅពីរងអំពើហិង្សាហើយ ក្រុមសមត្ថកិច្ចក៏បានចាប់ខ្លួន និងបញ្ជូនលោក វន់ ពៅ ទៅដាក់ឃុំនៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ផងដែរ។
បន្ទាប់ពីឃុំខ្លួន លោក វន់ ពៅ ត្រូវបានតុលាការចេញសាលក្រមកាត់ឱ្យលោកជាប់ទោស ៤ឆ្នាំ ៦ខែ និងពិន័យជាប្រាក់ ៨លានរៀល ក្នុងនោះត្រូវអនុវត្តទោសក្នុងពន្ធនាគារ ៥ខែ ចំណែកទោសដែលនៅសល់ ត្រូវបានព្យួរជាបណ្ដោះអាសន្ន។
នៅខែកញ្ញា ឆ្នាំ២០២៣ សាលាឧទ្ធរណ៍ភ្នំពេញ សម្រេចលុបចោលប្រាក់ពិន័យជាប្រាក់ ៨លានរៀល ប៉ុន្តែតម្កល់សាលក្រមផ្ដន្ទាទោសដាក់ពន្ធនាគារលោក វន់ ពៅ និងអ្នកផ្សេងទៀតនៅដដែល៕