27 C
Phnom Penh

គ្រាប់បែក​ដៃ​មួយ​គ្រាប់​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​លើ​សួនច្បារ​មុខ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​២​ក្បែរ​វិមាន​រដ្ឋសភា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ប្រមូល​សំរាម​នៅ​មុខ​វិមាន​រដ្ឋសភា​ជាតិ​កម្ពុជា ប្រទះ​ឃើញ​គ្រាប់បែក​ដៃ​មួយ​គ្រាប់​ដែល​ទំនង​ជា​មាន​គេ​ផ្លុង​ចោល​នៅ​លើ​សួនច្បារ​ខាងមុខ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​២ ក្បែរ​វិមាន​រដ្ឋសភា​ជាតិ​កម្ពុជា ក្នុង​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ធ្នូ។

ស្ត្រី​ម្នាក់​ដែល​ជា​អ្នក​បោស​សំរាម បាន​អះអាង​នៅ​ថ្ងៃ​នេះ​ថា ខ្លួន​បាន​ប្រទះ​ឃើញ​គ្រាប់បែក​ដៃ​មួយ​គ្រាប់​រុំ​ព័ទ្ធ​ដោយ​វត្ថុ​ពណ៌​ស​ម្យ៉ាង ដែល​មាន​សភាព​ស្អិត​នៅ​លើ​សួនច្បារ​មុខ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​២ ក្បែរ​វិមាន​រដ្ឋសភា​ជាតិ​កម្ពុជា ស្ថិត​ក្នុង​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។ ស្ត្រី​រូប​នោះ​បញ្ជាក់​ថា នៅ​ពេល​ដែល​ខ្លួន​សម្គាល់​បាន​ថា​វត្ថុ​នោះ​គឺជា​គ្រាប់បែក​ដៃ ខ្លួន​ក៏​បាន​ប្រញាប់​រាយការណ៍​ទៅ​សមត្ថកិច្ច​តែម្តង។

ជុំវិញ​បញ្ហា​នេះ អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) លោក ហេង រតនា អះអាង​នៅ​ថ្ងៃទី​១៥ ធ្នូ នេះ​ថា លោក​ពុំ​ទាន់​អាច​លើកឡើង​លម្អិត​ជុំវិញ​ហេតុការណ៍​នេះ​បាន​នៅឡើយ​ទេ ដោយ​គ្រាន់តែ​បញ្ជាក់​ថា គ្រាប់បែក​ដែល​ត្រូវ​បាន​ប្រទះ​ឃើញ​នោះ​ជា​ប្រភេទ​គ្រាប់បែក​ដៃ ហើយ​វា​បាន​ផ្ទុះ​អំឡុង​ពេល​ដែល​មន្ត្រី​ជំនាញ​កំពុង​ឆែក​ប្រព័ន្ធ​សុវត្ថិភាព ប៉ុន្តែ​មិន​បាន​បង្ក​គ្រោះថ្នាក់​ដល់​នរណា​ម្នាក់​ឡើយ។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកវិភាគ​ឯករាជ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៥ ធ្នូ នេះ ដោយ​លើក​ជា​សំណួរ​ថា តើ​គ្រាប់បែក​ដែល​ត្រូវ​បាន​ផ្លុង​ចោល​នៅ​ក្នុង​សួនច្បារ​មុខ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា​វើលដ៍​នេះ អាច​ជា​វិធី​ដើម្បី​ប្រតិដ្ឋ​ភស្តុតាង​ប្រើ​ល្បិច​ចោទ​ក្រុម​កូដករ​ណាហ្គា​វើលដ៍ ក្នុង​ចេតនា​បញ្ចប់​កូដកម្ម​ដោយ​បង្ខំ​ដែរ​ឬ​ទេ ក្រៅតែ​ពី​ការ​គំរាមកំហែង និង​ចាប់​ឃុំ​ខ្លួន​កន្លងមក។

ការ​លើកឡើង​របស់​លោក គឹម សុខ បែប​នេះ ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ​កម្ពុជា​បាន​បង្ក្រាប​លើ​ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដែល​តែង​នាំគ្នា​ធ្វើ​កូដកម្ម​ទាមទារ​រក​យុត្តិធម៌​ពី​ថៅកែ​ក្រុមហ៊ុន​អស់​រយៈពេល​ជាង ១​ឆ្នាំ​កន្លងមក​នេះ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ការ​ដឹកនាំ​របស់​មេ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន គឺ​មាន​វិធី​គ្រប់​បែប​យ៉ាង​ដើម្បី​កម្ទេច​ក្រុម​អ្នក​តវ៉ា​នឹង​រដ្ឋាភិបាល​របស់​ខ្លួន ទោះជា​ការ​ចោទប្រកាន់​ដែល​គេ​មើល​ឃើញ​ថា​ជា​ហេតុផល​ដែល​មិន​សម​ទំនង​ក៏ដោយ។

ជាក់ស្តែង ក្រោយ​ការ​ធ្វើ​កូដកម្ម​របស់​ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​បាន​មួយ​ថ្ងៃ អ្នក​នាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ កាលពី​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២១ បាន​ចោទ​ក្រុម​កូដករ​ដែល​ជា​ស្ត្រី​មាន​ផ្ទៃពោះ​ចូលរួម​ធ្វើ​កូដកម្ម​នោះ ថា​មាន​ផែនការ​ធ្វើ​បដិវត្តន៍​ពណ៌ ដែល​មាន​អង្គការ​ចាត់តាំង​នៅ​បរទេស​ជា​អ្នក​បញ្ជា​ពីក្រោយ ប៉ុន្តែ​បន្ទាប់ពី​មាន​ការ​ប្រតិកម្ម​ពី​មហាជន លោក ហេង សួរ បាន​លុប​សំណេរ​របស់​ខ្លួន​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​វិញ​ភ្លាមៗ​តែម្តង។

ទាក់ទិន​នឹង​ការ​ប្រទះ​ឃើញ​គ្រាប់បែក​ដៃ​នេះ សារព័ត៌មាន The Cambodia Daily នៅ​មិន​ទាន់​អាច​ទាក់ទង​អ្នក​នាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខសីហា ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ករណី​នេះ​បាន​នៅឡើយ​ទេ​រហូត​មក​ទល់​នឹង​ម៉ោង​ផ្សាយ​នេះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស