32 C
Phnom Penh

ស៊ីម៉ាក់​ស្នើ​ឱ្យ​អ្នកជំនាញ​អន្តរជាតិ​ផ្នែក​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​ជួយ​វាយតម្លៃ​គ្រាប់បែក MK-84 របស់​ថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) ស្នើ​ឱ្យ​អ្នកជំនាញ​អន្តរជាតិ​ខាង​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​លើ​ពិភពលោក ជួយ​វាយតម្លៃ​គ្រាប់បែក MK-84 ដើម្បី​បញ្ជាក់​ឱ្យ​កាន់តែ​ច្បាស់​ថា​តើ​ជា​គ្រាប់បែក​ដែល​ទម្លាក់​ដោយ​យន្តហោះ F-16 របស់​ថៃ មែន​ដែរ​ឬ​ក៏​អត់។ ស៊ីម៉ាក់​បញ្ជាក់​ថា​មាន​ព័ត៌មាន​នៃ​ការ​ទម្លាក់​គ្រាប់បែក​ទាំងនោះ​ដែល​ផ្តល់​ដោយ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក យ៉ាង​ច្បាស់លាស់។

អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា លោក ហេង រតនា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៣១ កក្កដា នេះ​ថា ក្រុម​ជំនាញ​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​របស់​អង្គភាព​ស៊ីម៉ាក់ បាន​ស្រាវជ្រាវ​រណ្តៅ​គ្រាប់បែក​ផ្ទុះ​ចំនួន ៤​ទីតាំង និង​គ្រាប់បែក​ទម្លាក់​មិន​ទាន់​ផ្ទុះ​កប់​ក្នុង​ដី​ចំនួន ៥​ទីតាំង​ក្រោយ​សង្គ្រាម​ឈ្លានពាន​របស់​ថៃ។

ប្រភព​ដដែល​ឲ្យ​ដឹង​ថា គ្រាប់បែក MK-84 ដែល​មិន​ផ្ទុះ និង​រណ្តៅ​គ្រាប់បែក​មិន​ទាន់​ផ្ទុះ សុទ្ធតែ​ជា​គ្រាប់បែក​ទម្លាក់​ថ្មីៗ​របស់​កងទ័ព​អាកាស​ថៃ ក្នុង​សង្គ្រាម​រយៈពេល ៥​ថ្ងៃ​នេះ ព្រោះ​គ្រាប់បែក​ប្រភេទ MK សុទ្ធតែ​មាន​កំណត់​សម្គាល់ និង​ប្រភព​ច្បាស់លាស់ ជាពិសេស​ទិន្នន័យ​យន្តហោះ F-16 និង​ប្រភេទ​គ្រាប់បែក​ដែល​បាន​ទម្លាក់ គឺ​សុទ្ធតែ​មាន​កំណត់ត្រា​ទាំងអស់ ខណៈ​យន្តហោះ F-16 អាច​ដឹក​គ្រាប់បែក MK-84 ចំនួន ៤​គ្រាប់ យក​ទៅ​ទម្លាក់​ក្នុង​ប្រតិបត្តិការ​របស់​ខ្លួន។

លោក ហេង រតនា អះអាង​ថា ចំពោះ​ការ​កំណត់​សម្គាល់​គ្រាប់បែក​ទាំងនេះ​គ្មាន​អ្វី​ស្មុគស្មាញ​ទេ ព្រោះ​ក្នុង​សង្គ្រាម​ឥណ្ឌូចិន គ្មាន​ការ​ទម្លាក់​គ្រាប់បែក​ប្រភេទ​នេះ​នៅ​តំបន់​ទាំងនេះ​ឡើយ។

លោក​បញ្ជាក់​ថា ការ​បញ្ចេញ​ព័ត៌មាន​ក្លែងក្លាយ​ដែល​ថា​ជា​គ្រាប់បែក​ចាស់​កាលពី​ជាង ៥០​ឆ្នាំ​មុន គឺជា​រឿង​មិន​ពិត​ទាំងអស់ ព្រោះ​រណ្តៅ​គ្រាប់​ផ្ទុះ រន្ធ​រណ្តៅ​គ្រាប់បែក​មិន​ទាន់​ផ្ទុះ ជា​ភស្តុតាង​ស្រាប់​ដែល​មាន​នៅ​ទីតាំង​ជាក់ស្តែង។

សារព័ត៌មាន ខៅ ស៊ុត របស់​ថៃ បាន​ស្រង់​សម្ដី​កងទ័ព​អាកាស​ថៃ លោក Prapas Sornchaidee នៅ​ថ្ងៃទី​៣១ កក្កដា នេះ ដោយ​បដិសេធ​ការ​អះអាង​របស់​អាជ្ញាធរ​សកម្មភាព​កម្ចាត់​មីន​កម្ពុជា ដែល​ថា​គ្រាប់បែក MK-84 ត្រូវ​បាន​រក​ឃើញ​នៅ​កម្ពុជា មកពី​ប្រទេស​ថៃ គឺជា​រឿង​មិន​ពិត។

កងទ័ព​អាកាស​ថៃ រូប​នេះ អះអាង​ថា គ្រាប់បែក​ដែល​មាន​ច្រែះ​ខ្លាំង​បាន​លេច​ចេញពី​ក្រោម​ផ្ទះ​ជនស៊ីវិល គឺ​មិន​អាច​មកពី​ប្រតិបត្តិការ​ផ្លូវអាកាស​របស់​ថៃ កាលពី​ពេល​ថ្មីៗ​នេះ​ឡើយ ព្រោះ​ស្ថានភាព​ច្រែះ​នេះ​បង្ហាញ​ថា គ្រាប់បែក​នោះ​មិនមែន​មកពី​កងទ័ព​អាកាស​ថៃ ទេ ត្បិត​គ្រាប់បែក​របស់​ថៃ គឺ​ថ្មី ហើយ​មិន​មាន​ច្រែះ​នោះ​ឡើយ។

កាលពី​ថ្ងៃទី​៣០ កក្កដា មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) បាន​បង្ហាញ​គ្រាប់បែក MK-84 ដែល​ត្រូវ​បាន​កងទ័ព​អាកាស​របស់​ថៃ ទម្លាក់​ចំ​ផ្ទះ​ពលរដ្ឋ​មិន​ផ្ទុះ ដោយ​ធ្លាក់​កប់​ចូល​ទៅ​ក្នុង​ដី​ដែល​មាន​ទម្ងន់​ជិត ១​តោន និង​មាន​ប្រវែង​សរុប​ប្រមាណ ៣,៥​ម៉ែត្រ។

ប្រភព​ដដែល​បញ្ជាក់​ថា គ្រាប់បែក​នេះ​មាន​ជាតិ​ផ្ទុះ​ជាង ៥០០​គីឡូក្រាម ជា​គ្រាប់បែក​មាន​ទំហំ​ធំ​បំផុត​ក្នុង​ចំណោម​ប្រភេទ​គ្រាប់បែក​ប្រភេទ MK ដូចជា MK-81, MK82, MK-83 និង MK-84 ជាដើម ដែល​បាន​ទម្លាក់​ដោយ​កងទ័ព​អាកាស​ថៃ លើ​ទឹកដី​កម្ពុជា កាលពី​ពេល​ថ្មីៗ​នេះ។

សារព័ត៌មាន Defense របស់​ប្រទេស​ស៊ុយអែត បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​២៩ ខែ​កក្កដា ថា រដ្ឋាភិបាល​ស៊ុយអែត បដិសេធ​ផ្តល់​ភ្លើង​ខៀវ​ក្នុង​ការ​លក់​យន្តហោះ​ចម្បាំង​ធុន Saab Gripen ប្រភេទ F-16 ចំនួន ១២​គ្រឿង​បន្ថែម​ទៀត​ទៅ​ឱ្យ​ប្រទេស​ថៃ តាម​គម្រោង​ដែល​ខ្លួន​ធ្លាប់​សន្យា​កាលពី​ពេល​កន្លង​ទៅ។

ការ​ប្រកាស​ឈប់​លក់​យន្តហោះ​ចម្បាំង​របស់​ប្រទេស​ស៊ុយអែត ធ្វើឡើង​ក្រោយ​ពេល​ដែល​ថៃ បាន​យក​យន្តហោះ​ប្រភេទ​នេះ​មក​ទម្លាក់​គ្រាប់បែក​លើ​ប្រទេស​កម្ពុជា។ ប្រភព​ដដែល​បញ្ជាក់​ថា ចាប់តាំងពី​ត្រូវ​បាន​ផលិត និង​ដាក់​ឱ្យ​ដំណើរការ ព្រមទាំង​បាន​លក់​ទៅ​ឱ្យ​បណ្តា​ប្រទេស​មួយ​ចំនួន​រួច​មក យន្តហោះ​ចម្បាំង​ធុន Saab Gripen នេះ ទើប​នឹង​ត្រូវ​បាន​យក​មក​ប្រើ​នៅ​ក្នុង​សមរភូមិ​ជាក់ស្តែង​ជា​លើក​ទី​មួយ​នៅ​ពេលនេះ ហើយ​ការ​ប្រើ​លើក​ទី​មួយ​នេះ គឺ​ប្រើ​ដោយ​កងទ័ព​ថៃ ដើម្បី​ទម្លាក់​គ្រាប់បែក​មក​លើ​កម្ពុជា​ទៅវិញ។

ជុំវិញ​បញ្ហា​នេះ អ្នក​ឃ្លាំមើល​សង្គម លោក វ៉ន ចាន់ឡូត លើកឡើង​ថា នេះ​ជា​បរាជ័យ​មួយ​បន្ថែម​ទៀត​របស់​ប្រទេស​ថៃ ក្នុង​ការ​បំភ័ន្ត​ភ្នែក​អន្តរជាតិ ដោយសារ​ទង្វើ​ឈ្លានពាន​របស់​ខ្លួន​មក​លើ​ប្រទេស​កម្ពុជា។

ចំណែក​ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ពី​ប្រទេស Norway មក​ថា រដ្ឋាភិបាល​កម្ពុជា គួរ​ពិនិត្យ​មើល​រឿង​ដែល​ស៊ុយអែត ព្រមាន​ប្រទេស​ថៃ ដែល​រំលោភ​កិច្ចព្រមព្រៀង​ទិញ​យន្តហោះ F-16 នេះ ដាក់​ចូល​ទៅ​ក្នុង​សំណុំរឿង​ប្តឹង​ភាគី​ថៃ ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ និង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC ក្នុង​ក្រុង​ឡាអេ ប្រទេស​ហុឡង់ដ៍។

លោក​បន្ត​ថា នីតិវិធី​ប្តឹង​ថៃ បែប​នេះ ក៏​ជា​វិធី​មួយ​អាច​វែក​មុខ​នូវ​ភាព​ពុតត្បុត​អាក្រក់​របស់​ថៃ នៅ​លើ​ឆាក​អន្តរជាតិ​ផង​ដែរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស