32.5 C
Phnom Penh

ជនជាតិ​ចិន​និង​ខ្មែរ​៥​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រាប់បែក​នៅ​មុខ​ណាហ្គា​វើលដ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ច​ឃាត់​ខ្លួន​ជនជាតិ​ចិន និង​ខ្មែរ ៥​នាក់​កាលពី​ថ្ងៃទី​១៥ ធ្នូ ដោយ​សង្ស័យ​ថា ពួកគេ​ពាក់ព័ន្ធ​នឹង​គ្រាប់បែក​មួយ​គ្រាប់​ដែល​ត្រូវ​បាន​អ្នក​បោស​សំរាម​ម្នាក់​ប្រទះ​ឃើញ​នៅ​លើ​សួនច្បារ​ខាងមុខ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​២ និង​ក្បែរ​រដ្ឋសភា​ជាតិ​ក្នុង​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។

សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន គឺ Fresh News បាន​ដកស្រង់​សម្ដី​របស់​អ្នក​នាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ចុះផ្សាយ​នៅ​ថ្ងៃទី​១៦ ខែ​ធ្នូ នេះ​ថា ជនជាតិ​ចិន ៤​នាក់ និង​ខ្មែរ​ម្នាក់ ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ចំណុច​ផ្ទះ​លេខ​១៩ បុរី​ប៉េងហួត បឹងស្នោរ ផ្លូវ M-០២ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។

ជនជាតិ​ចិន​ទាំង ៤​នាក់​មាន​ឈ្មោះ YANG JIAKANG ភេទ​ប្រុស ជា​អ្នក​បើក​រថយន្ត ឈ្មោះ YANG YUDONG ភេទ​ប្រុស ឈ្មោះ CHEN DI ភេទ​ប្រុស និង​ឈ្មោះ TU LINAN ភេទ​ស្រី ហើយ​ជនជាតិ​ខ្មែរ​ម្នាក់​នោះ​មាន​ឈ្មោះ សួង ស្រីអូន ភេទ​ស្រី។

ក្រៅពី​ឃាត់​ខ្លួន​ជនសង្ស័យ​ទាំង ៥​នាក់ ក៏​មាន​រថយន្ត ០១​គ្រឿង​ម៉ាក LAND ROVER DEFENDER ពណ៌​ស្លែ​ស៊េរី​ឆ្នាំ​២០២១ ពាក់​ស្លាក​លេខ កម្ពុជា-LC.98-88 ត្រូវ​បាន​សមត្ថកិច្ច​រឹប​អូស​យក​ធ្វើ​វត្ថុ​តាង​ផង​ដែរ។

ការ​ឃាត់​ខ្លួន​ជនជាតិ​ចិន​ទាំង​បួន​នាក់ និង​ខ្មែរ​ម្នាក់ ធ្វើឡើង​នៅ​ថ្ងៃ​ដដែល​បន្ទាប់ពី​ស្ត្រី​អ្នក​បោស​សំរាម​ម្នាក់​ប្រទះ​ឃើញ​គ្រាប់បែក​ដៃ​មួយ​គ្រាប់​នៅ​លើ​សួនច្បារ​មុខ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​២ ក្បែរ​វិមាន​រដ្ឋសភា​ជាតិ​កម្ពុជា។

អ្នកស្រី ពៅ សាវី ជា​អ្នក​បោស​សំរាម​ដែល​បាន​ប្រទះ​ឃើញ​គ្រាប់បែក​នោះ បាន​រៀបរាប់​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​កន្លែង​កើតហេតុ​នោះ​ថា នៅ​ម៉ោង​ប្រមាណ ៦​ព្រឹក ថ្ងៃទី​១៥ ខែ​ធ្នូ អ្នកស្រី​បាន​ទៅ​បោស​សំរាម​ដូច​សព​ដង​នៅ​តាម​ដង​វិថី​រដ្ឋសភា ស្រាប់តែ​ពេល​នោះ​អ្នកស្រី​បាន​ប្រទះ​ឃើញ​វត្ថុ​ម្យ៉ាង​ពណ៌​ស និង​មាន​សភាព​ស្អិត ហើយ​អ្នកស្រី​ក៏​បាន​កាយ​មើល ស្រាប់តែ​ប្រទះ​ឃើញ​គ្រាប់បែក​នោះ​តែម្តង ទើប​អ្នកស្រី​ប្រញាប់​រាយការណ៍​ទៅ​សមត្ថកិច្ច។

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា គ្រាប់បែក​ដៃ​ដែល​ស្ត្រី​អ្នក​បោស​សម្អាត​ផ្លូវ​នោះ​បាន​ប្រទះ​ឃើញ ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ឃើញ​ជា​បឋម​ថា​មាន​ជន​បង្ក​ជា​ជនជាតិ​ចិន។ លោក​ថា ករណី​នេះ​មិនមែន​ជា​រឿង​ភេរវកម្ម ឬ​រឿង​នយោបាយ​នោះ​ទេ អាច​ជា​រឿង​ដែល​ជនសង្ស័យ​ចាញ់​ល្បែង​ច្រើន​ជាង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស