រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជានាយករដ្ឋមន្ត្រីស្តីទី លោក ស ខេង ជំរុញឲ្យសមត្ថកិច្ចយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងគ្រឿងញៀននៅតាមសហគមន៍ ដោយថាគ្រឿងញៀនជាសត្រូវធំបំផុតនៃការអភិវឌ្ឍធនធានមនុស្ស និងការរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ។
ថ្លែងក្នុងពិធីមួយនៅខេត្តបាត់ដំបង កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ លោក ស ខេង អំពាវនាវទៅអាជ្ញាធរ និងពលរដ្ឋឲ្យយកចិត្តទុកដាក់អនុវត្ត និងគាំទ្រការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលជាមូលដ្ឋានគ្រឹះនៃការរក្សាបានសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈជូនពលរដ្ឋនៅតាមមូលដ្ឋាន។
ក្រៅពីអំពាវនាវហើយ លោកក៏បានជំរុញឲ្យសមត្ថកិច្ចត្រូវខិតខំយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមសហគមន៍ ភូមិ ឃុំ សង្កាត់ ក្នុងនោះរាប់ទាំងនៅតាមសាលារៀនផងដែរ ដោយថាគ្រឿងញៀនជាសត្រូវធំបំផុតនៃការអភិវឌ្ឍធនធានមនុស្ស និងការរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ។
លើសពីនេះ លោក ស ខេង ក៏បានជំរុញទៅសមត្ថកិច្ចជំនាញឲ្យស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួនមេខ្លោងជួញដូរគ្រឿងញៀនទម្ងន់ ៨៥០គីឡូក្រាមផ្ដន្ទាទោសតាមផ្លូវច្បាប់ ដោយថាបញ្ហានេះកំពុងបង្កហានិភ័យដល់សង្គម។
លោកចាត់ទុកការចាប់ខ្លួនមេខ្លោងជួញដូរគ្រឿងញៀននាពេលថ្មីៗនេះ ថាមិនមានអ្វីលំបាក ទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស ដោយសារមានភស្តុតាង និងឯកសារច្បាស់លាស់។
ការក្រើនរម្លឹក និងជំរុញជាថ្មីទៀតរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចកាលពីថ្ងៃទី១១ ខែធ្នូ នេះ បានរកឃើញកន្លែងលាក់ទុកគ្រឿងញៀនមួយកន្លែងនៅក្នុងខេត្តព្រះសីហនុ ដោយរឹបអូសបានគ្រឿងញៀនទម្ងន់ ៨៥០គីឡូក្រាម តែសមត្ថកិច្ចនៅមិនទាន់បង្ហាញមុខអ្នកទទួលខុសត្រូវដែលជាម្ចាស់គ្រឿងញៀននោះនៅឡើយទេ។
វិធានការទប់ស្កាត់គ្រឿងញៀនរបស់រដ្ឋាភិបាលចាប់តាំងពីឆ្នាំ២០១៧ ដល់ចុងឆ្នាំ២០២២ នេះ ត្រូវបរាជ័យដោយសារបទល្មើសគ្រឿងញៀនបានកើនឡើងជាបន្តបន្ទាប់។
បើតាមអង្គការសហប្រជាជាតិស្ដីពីឧក្រិដ្ឋកម្ម និងគ្រឿងញៀន (UNODC) អំឡុងខែមិថុនា ឆ្នាំ២០២១ បានបង្ហាញរបាយការណ៍ថ្មីមួយរកឃើញថា កម្ពុជាជាគោលដៅចម្បងនៃក្រុមឧក្រិដ្ឋជនគ្រឿងញៀនប្រើប្រាស់ជាទីតាំងសម្រាប់ការចរាចរគ្រឿងញៀន ផលិត កែច្នៃ និងចែកចាយបន្ត ដែលថាក្រុមឧក្រិដ្ឋជនគ្រឿងញៀនទាំងនោះភាគច្រើនជាជនជាតិចិន និងចិនតៃវ៉ាន់៕