38 C
Phnom Penh

រដ្ឋាភិបាល​សម្រេច​កាត់​ដី​រដ្ឋ​ជិត ១​លាន​ហិកតារ​ផ្ដល់​កម្មសិទ្ធិ​ស្រប​ច្បាប់​ទៅ​ឯកជន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន ចុះហត្ថលេខា​លើ​អនុក្រឹត្យ​មួយ​ដោយ​កំណត់​ដី​សាធារណៈ​របស់​រដ្ឋ​ជិត ១​លាន​ហិកតារ​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ខេត្ត​ចំនួន​១៥ ត្រៀម​ធ្វើ​អនុប្រយោគ និង​បែងចែក​សម្រាប់​កម្មសិទ្ធិ​ឯកជន។

យោង​តាម​អនុក្រឹត្យ​មួយ​ដែល​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​៣០ ខែ​វិច្ឆិកា កន្លងទៅ បាន​សម្រេច​កំណត់​តំបន់​សហគមន៍​នៃ​តំបន់​ការពារ​ធម្មជាតិ​លើ​ផ្ទៃដី​ទំហំ ៩​សែន ៣​ម៉ឺន ៣​ពាន់ ៥៧៧​ហិកតារ (៩៣៣៥៧៧​ហិកតារ) ដើម្បី​ចេញ​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​ស្រប​តាម​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ ច្បាប់​ភូមិបាល និង​លិខិត​បទដ្ឋាន​ជា​ធរមាន។

បើ​តាម​អនុក្រឹត្យ​ដដែល និង​សេចក្ដី​សម្រេច​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ដែល​ចេញ​ផ្សាយ​កាលពី​ខែ​មិថុនា កន្លងមក បាន​ឲ្យ​ដឹង​ទៀត​ថា ពលរដ្ឋ​ដែល​រស់នៅ​តាម​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ខេត្ត​ចំនួន​១៥ នៅ​ពេលនេះ នឹង​បាន​ទទួល​សិទ្ធិ​កាន់កាប់​ដីធ្លី​ជា​លក្ខណៈ​ឯកជន ខណៈ​អាជ្ញាធរ​ខេត្ត និង​ក្រសួង​បរិស្ថាន​ជា​អ្នក​កំណត់​អត្តសញ្ញាណ ដើម្បី​ចេញ​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​ស្រប​តាម​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ ច្បាប់​ភូមិបាល និង​លិខិត​បទដ្ឋាន​ជា​ធរមាន។

លិខិត​ដដែល​បញ្ជាក់​ថា ខេត្ត​ចំនួន​១៥ ក្នុង​នោះ​រួម​មាន​ខេត្ត​ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង កំពង់ធំ សៀមរាប ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កំពត និង​ខេត្ត​តាកែវ។

តាម​លិខិត​លេខ​១០៦៤ សជណ-ដប របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​បញ្ជា​ទៅ​គណៈកម្មាធិការ​ថ្នាក់​ខេត្ត​ចុះ​កំណត់​អត្តសញ្ញាណ​ក្បាលដី និង​អត្តសញ្ញាណ​រូបវន្ត​បុគ្គល និង​នីតិបុគ្គល (ឯកជន និង​ក្រុមហ៊ុន) ដែល​កំពុង​ប្រើប្រាស់​អាស្រ័យ​ផល​នៅ​ក្នុង​តំបន់​សហគមន៍ ដែល​បាន​កំណត់​ដើម្បី​ពិនិត្យ និង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ស្រប​ទៅ​តាម​ច្បាប់។

នៅ​ក្នុង​លិខិត​នេះ​ដែរ ក្រសួង​បរិស្ថាន​ត្រូវ​ទទួល​យក​ដី​ដែល​កាន់កាប់ ប៉ុន្តែ​មិន​បាន​ប្រើប្រាស់​របស់​គម្រោង​អភិវឌ្ឍន៍ ឬ​គម្រោង​វិយោគ​ដែល​បាន​បញ្ចប់​កិច្ចសន្យា​មក​រក្សា​ទុក និង​ចុះបញ្ជី​ជា​ដី​របស់​រដ្ឋ​វិញ​នោះ​ទេ។ ជាង​នេះ​ទៅ​ទៀត ក៏​បាន​អនុញ្ញាត​ឲ្យ​ក្រសួង​មួយ​នេះ​រៀបចំ​គណៈកម្មការ ដើម្បី​កំណត់​ទីតាំង​ក្នុង​តំបន់​ការពារ​សម្រាប់​ផ្ដល់​ជូន​មូលដ្ឋាន​កងទ័ព តំបន់​ប្រវត្តិសាស្ត្រ​យោធា តំបន់​ការពារ​សន្តិសុខ​ព្រំដែន និង​តំបន់​ឈរជើង​របស់​នគរបាល​ថែម​ទៀត។

នៅ​ក្នុង​អនុក្រឹត្យ​ដដែល ក៏​បាន​លើកឡើង​ដែរ​ថា បើ​បទប្បញ្ញត្តិ​ទាំងឡាយ​ណា​ផ្ទុយ​ពី​អនុក្រឹត្យ​នេះ​ត្រូវ​ទុក​ជា​និរាករណ៍។

បើ​តាម​សេចក្ដី​ថ្លែងការណ៍​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​ស្នើ​ទៅ​កាន់​ក្រសួង​បរិស្ថាន ក្រសួង​កសិកម្ម និង​ក្រសួង​រៀបចំ​ដែនដី ឲ្យ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការ​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ដល់​ពលរដ្ឋ​ដែល​បាន​រស់នៅ និង​ធ្វើ​កសិកម្ម​ក្នុង​តំបន់​ការពារ​ធម្មជាតិ «រយៈពេល​យូរ»។ លោក​បាន​ស្នើ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​កាត់​ដី​ក្នុង​តំបន់​ការពារ ១០​ភាគរយ ដើម្បី​ឲ្យ​សហគមន៍​ប្រើប្រាស់។

លោក Alejandro Gonzalez-Davidson សហ​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ទោះបីជា​ប្រជា​សហគមន៍​ទាំងនោះ​អាច​ទទួល​បាន​ប្លង់​កម្មសិទ្ធិ​ដីធ្លី​នោះ​មែន​ក៏ដោយ វា​គ្រាន់តែ​ល្អ​មើល​នៅ​លើ​ក្រដាស តែ​តាម​ពិត ភាគច្រើន​នៃ​ប្រជា​សហគមន៍​ទាំងនេះ​នឹង​ត្រូវ​រង​ការ​គាប​សង្កត់ ឬ​ត្រូវ​គេ​បោក​បញ្ឆោត​ឲ្យ​លក់​ដី​ទាំងនោះ។

ចំណែក​លោក អូត ឡាទីន មន្ត្រី​សម្របសម្រួល​សហគមន៍​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា លោក​សាទរ​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដកហូត​ដី​មក​កាន់កាប់​វិញ ប៉ុន្តែ​ចំណាត់ការ​នេះ​ហាក់​យឺត​ពេល ពីព្រោះ​ការ​ដកហូត​នេះ​ធ្វើឡើង​នៅ​ពេល​ដែល​ព្រៃឈើ​ត្រូវ​បាន​កាប់​បំផ្លាញ​រួច​ទៅ​ហើយ។

លោក អូត ឡាទីន បាន​ស្នើ​ដល់​រដ្ឋាភិបាល​ឱ្យ​ធ្វើ​ការ​បែងចែក គ្រប់គ្រង និង​ប្រើប្រាស់​ដី​នោះ​ដោយ​តម្លាភាព និង​បើក​លំហ​សិទ្ធិ​ឱ្យ​ពលរដ្ឋ​បាន​ចូលរួម​ពេញលេញ​ក្នុង​ការ​ចាត់ចែង បែងចែក និង​គ្រប់គ្រង​ដី​ទាំងនោះ។

អ្នក​ឃ្លាំមើល​បរិស្ថាន​រូប​នេះ​អះអាង​ថា ការ​កែសម្រួល​ព្រំប្រទល់​តំបន់​ការពារ​ធម្មជាតិ​នេះ នឹង​ធ្វើ​ឲ្យ​ដី​ព្រៃ​តំបន់​ការពារ​ធម្មជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​រួញ​តូច​ទៅៗ ហើយ​យន្តការ​នេះ​មិន​ឆ្លុះបញ្ចាំង​ពី​ការ​បង្ហាញ​អំពី​ដំណោះស្រាយ​នៃ​វិបត្តិ​ព្រៃឈើ​នោះ​ឡើយ។

លោក អូត ឡាទីន អះអាង​ថា អ្នក​ដែល​ទទួល​បាន​ផល​ប្រយោជន៍​ធំ អាច​ជា​ក្រុម​អ្នក​មាន​អំណាច ក្រុម​អ្នក​មាន​ធនធាន​ច្រើន ព្រោះ​បញ្ហា​បទល្មើស​ទន្ទ្រាន​ដី​ព្រៃ​តំបន់​ការពារ​ភាគច្រើន គឺ​កើតឡើង​ក្រោម​រូបភាព​ក្រុម​អ្នក​មាន​ជួល​ពលរដ្ឋ​ក្រីក្រ​ឱ្យ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ទាំងនោះ។

លោក​បន្ត​ថា ការ​កាប់​ឆ្ការ​ព្រៃ​តំបន់​ការពារ គេ​កម្រ​ឃើញ​រដ្ឋាភិបាល ជាពិសេស​ក្រសួង​បរិស្ថាន​ធ្វើ​ចំណាត់ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ជនល្មើស​ណា​មួយ​ណាស់ ប៉ុន្តែ​ផ្ទុយទៅវិញ រដ្ឋាភិបាល​មាន​តែ​គំរាមកំហែង​អ្នក​ការពារ​ព្រៃឈើ​ប៉ុណ្ណោះ។

តាម​របាយការណ៍​របស់​អង្គការ Client Earth បាន​ឲ្យ​ដឹង​ថា ជាង ៤០​ភាគរយ​នៃ​ផ្ទៃដី​របស់​កម្ពុជា ឬ​ប្រហែល ៧,៥​លាន​ហិកតារ ត្រូវ​បាន​បែងចែក​ជា​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ចំណោម​តំបន់​ការពារ ៥៣​ផ្សេង​ទៀត។

ភាគច្រើន​នៃ​តំបន់​ទាំងនេះ​ត្រូវ​បាន «ការពារ» តែ​ឈ្មោះ​ប៉ុណ្ណោះ និង​បាន​រងគ្រោះ​ដោយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​គិត​តាំងពី​ការ​កាប់​ឈើ​ខុស​ច្បាប់​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ និង​ការ​ចូល​ទៅ​រស់នៅ​កាន់កាប់​បង្កើត​ជា​ភូមិ​មក​ជាច្រើន​ទសវត្ស ដូចជា​ករណី​នៅ​តំបន់​អភិរក្ស​ដែន​ជម្រក​សត្វព្រៃ​នៅ​ព្រៃឡង់ ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស