29 C
Phnom Penh

លោក ស ខេង ស្នើ​ពលរដ្ឋ​ជួយ​ការពារ​កូនៗ​កុំ​ឱ្យ​ប្រើប្រាស់​គ្រឿងញៀន​ខណៈ​រដ្ឋាភិបាល​បរាជ័យ​ទប់ស្កាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ស្នើ​ឲ្យ​ពលរដ្ឋ​ជួយ​ការពារ​កូន​កុំ​ឲ្យ​ប្រើប្រាស់​គ្រឿងញៀន ដោយសារ​បច្ចុប្បន្ន គ្រឿងញៀន​កំពុង​វាយលុក​ទៅ​លើ​មនុស្ស​អាយុ​ចន្លោះ​ពី ១៥​ឆ្នាំ​ដល់​ក្រោម​អាយុ ៤០​ឆ្នាំ ស្រប​ពេល​រដ្ឋាភិបាល​បរាជ័យ​ក្នុង​ការ​ទប់ស្កាត់។

ការ​ស្នើ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ធ្វើ​ឡើង​ក្នុង​ពិធី​សម្ពោធ​វិហារ​ឥស្លាម​នូរុល​មុតតាគីន ស្ថិត​នៅ​ស្រុក​ពញាឮ ខេត្ត​កណ្ដាល នា​ព្រឹក​ថ្ងៃទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២២។

លោក ស ខេង ថ្លែង​ថា ក្នុង​មួយ​ថ្ងៃ​សមត្ថកិច្ច​បង្ក្រាប និង​ចាប់​បាន​អ្នក​ចែកចាយ និង​លក់ដូរ​គ្រឿងញៀន​ចំនួន ១​ករណី​នៅ​ក្នុង ១០​រាជធានី-ខេត្ត។ លោក​ថា បញ្ហា​គ្រឿងញៀន គឺជា​មេរោគ​សង្គម​យ៉ាង​សាហាវ បើ​មិន​មាន​ការ​ទប់ស្កាត់។ លោក​ថា វា​នឹង​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សង្គម​ធ្ងន់ធ្ងរ ដោយសារតែ​បច្ចុប្បន្ន​នេះ គ្រឿងញៀន​វាយលុក​ទៅ​លើ​មនុស្ស​អាយុ​ចន្លោះ​ពី ១៥​ឆ្នាំ​ដល់​ក្រោម​អាយុ ៤០​ឆ្នាំ ដែល​ជា​ធនធាន​សំខាន់ ហើយ​ពោរពេញ​ទៅ​កម្លាំង និង​កំពុង​សិក្សា​ផង​នោះ។

លោក ស ខេង ក៏​បាន​ស្នើ​ទៅ​ប្រជាពលរដ្ឋ​ឲ្យ​ជួយ​ការពារ​កូនៗ​របស់​ពួកគេ​កុំ​ឲ្យ​ប្រើប្រាស់​គ្រឿងញៀន ដោយ​ត្រូវ​តាមដាន​ឲ្យ​បាន​ជាប់ ទោះបីជា​កូនៗ​របស់​ពួកគេ​ទៅ​សាលារៀន​ក៏ដោយ។ ការ​ជំរុញ​ឲ្យ​តាមដាន​បែប​នេះ ដើម្បី​បាន​ដឹង​ពី​សកម្មភាព​របស់​កូនៗ​ពួកគេ​ថា​មាន​ប្រើប្រាស់​គ្រឿងញៀន​ឬ​អត់ ពីព្រោះ​បើ​ពួកគេ​ប្រើ​ហើយ គឺ​វា​នឹង​ពិបាក​ក្នុង​ការ​ផ្ដាច់​វិញ​ណាស់។

ក្រៅពី​ឲ្យ​តាមដាន​កូនៗ​ហើយ លោក​ក៏​ជំរុញ​ឲ្យ​ពលរដ្ឋ​ចូលរួម​ផ្ដល់​ព័ត៌មាន និង​រាយការណ៍​បទល្មើស​គ្រឿងញៀន​ទៅ​អាជ្ញាធរ​មូលដ្ឋាន ដោយ​ថា​ការ​ចូលរួម​របស់​ពលរដ្ឋ​នេះ​ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​មាន​ការ​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​ទៅ​តាម​មូលដ្ឋាន។

លោក​បញ្ជាក់​ថា កន្លងមក ពលរដ្ឋ​បាន​ត្អូញត្អែរ​ថា​អាជ្ញាធរ​មិន​ចាប់​អ្នក​ចែកចាយ​ដែល​ធ្វើ​ឱ្យ​បញ្ហា​គ្រឿងញៀន​បន្ត​កើតឡើង​ដដែលៗ។ លោក​ចាត់ទុក​ការ​លើកឡើង​បែប​នេះ​ជា​រឿង​មួយ ប៉ុន្តែ​អាជ្ញាធរ​មិន​ចាប់​ខ្លួន​អ្នក​ទាំងនោះ​ទៅ​ឃុំ​ទេ ពីព្រោះ​បច្ចុប្បន្ន​នៅ​ក្នុង​ពន្ធនាគារ​ក៏​ចង្អៀត​ណែន ហើយ​មួយ​ទៀត គឺ​ចង់​ផ្ដល់​ឱកាស​ឲ្យ​ពួកគេ​ធ្វើការ​កែ​ខ្លួន​ដោយ​ចាប់​យក​ទៅ​ណែនាំ រួច​ប្រគល់​ទៅ​ឲ្យ​ឪពុក​ម្ដាយ​របស់​ពួកគេ​វិញ។

លោក ស ខេង ថា​បច្ចុប្បន្ន​អ្នក​កំពុង​ជាប់​ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន ៣​ម៉ឺន ៧​ពាន់​នាក់ ក្នុង​នោះ​អ្នក​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​មាន​ជាង ២​ម៉ឺន​នាក់។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​បន្ទាប់ពី​បិទ​បញ្ចប់​កិច្ចប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០២២ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើង​ថា រាជរដ្ឋាភិបាល​ដាក់​បទបញ្ជា​ម៉ឺងម៉ាត់​ឱ្យ​គ្រប់​រាជធានី-ខេត្ត ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បើក​យុទ្ធនាការ​ប្រឆាំង និង​បង្ក្រាប​ឧក្រិដ្ឋកម្ម​គ្រឿងញៀន ការ​ជួញដូរ និង​រត់ពន្ធ​មនុស្ស ពលកម្ម​បង្ខិតបង្ខំ និង​អាជីវកម្ម​ផ្លូវភេទ​ដែល​បាន​កើតឡើង​នៅ​កម្ពុជា​ឲ្យ​មាន​ប្រសិទ្ធភាព។

ការ​ប្ដេជ្ញា​របស់​លោក ហ៊ុន សែន ធ្វើឡើង​បន្ទាប់ពី​ការ​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​នៅ​ទូទាំង​ប្រទេស​បាន​បរាជ័យ ខណៈ​ការ​រឹបអូស​គ្រឿងញៀន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​មាន​ការ​កើនឡើង។ លើស​ពី​នេះ ការិយាល័យ​អង្គការ​សហប្រជាជាតិ​ស្ដីពី​ឧក្រិដ្ឋកម្ម និង​គ្រឿងញៀន (UNODC) ក៏​ធ្លាប់​បាន​ព្រមាន​ថា កម្ពុជា​នៅតែ​ត្រូវ​បាន​កំណត់​គោលដៅ​ដោយ​ក្រុម​ឧក្រិដ្ឋជន​អន្តរជាតិ​ថា​ជា​កន្លែង​សម្រាប់​ផលិត កែច្នៃ និង​ឆ្លងកាត់​គ្រឿងញៀន​ខុស​ច្បាប់​តាម​គ្រប់​រូបភាព ជាពិសេស​គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស