38 C
Phnom Penh

បុរស​ខ្លាំង​កាត់​ផ្ទៃដី​ជាង​៦០០​ហិកតារ​ក្នុង​ខេត្ត​តាកែវ​ឱ្យ​ក្រុមហ៊ុន​ឧកញ៉ា ឃុន សៀ ធ្វើ​កម្មសិទ្ធិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​ខាង​លុប​បឹង លោក ហ៊ុន សែន បាន​សម្រេច​កាត់​ឆ្វៀល​ផ្ទៃដី​អាងទឹក​ស្វាយខម ស្ថិត​ក្នុង​ស្រុក​បាទី ខេត្ត​តាកែវ ដើម្បី​ធ្វើ​អនុបយោគ​ពី​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​មក​ជា​សម្បត្តិ​ឯកជន​របស់​រដ្ឋ ឱ្យ​ទៅ​ក្រុមហ៊ុន ធីភីម៉ូរ៉ល (TP Moral) របស់​ឧកញ៉ា ឃុន សៀ ទំហំ​ជាង ៦០០​ហិកតារ​ធ្វើ​ជា​កម្មសិទ្ធិ បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​ឈូស​ឆាយ​ដី​ព្រៃ​តំបន់​ភ្នំ​តាម៉ៅ ជិត ៦០០​ហិកតារ​រាប​ដល់​ដី​កាលពី​ខែ​សីហា កន្លងទៅ។

មេដឹកនាំ​កម្ពុជា​ដែល​ឧស្សាហ៍​កាត់​ដី​រដ្ឋ និង​លុប​បឹង​រូប​នេះ បាន​ចេញ​អនុក្រឹត្យ​ស្ដីពី​ការ​ធ្វើ​អនុបយោគ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​មក​ជា​សម្បត្តិ​ឯកជន​របស់​រដ្ឋ កាលពី​ថ្ងៃទី​១៦ ខែ​មិថុនា ឆ្នាំ​២០២២ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៧ ធ្នូ នេះ បាន​កាត់​ឆ្វៀល​ផ្ទៃដី​អាងទឹក​ស្វាយខម​ទំហំ ៦៤១​ហិកតារ និង ៤៦​អា ដែល​ស្ថិត​នៅ​ឃុំ​ដូង ឃុំ​ចំប៉ី និង​ឃុំពារាម ស្រុក​បាទី ខេត្ត​តាកែវ ដើម្បី​ធ្វើជា​កម្មសិទ្ធិ​ឯកជន​ដល់​ក្រុមហ៊ុន ធីភីម៉ូរ៉ល (TP Moral) ដើម្បី​ធ្វើការ​អភិវឌ្ឍ​តាម​គម្រោង​របស់​ខ្លួន។

លោក ហ៊ុន សែន បញ្ជាក់​ថា ការណ៍​ដែល​ក្រុមហ៊ុន TP Moral Co.,Ltd ទទួល​បាន​ដី​អាងទឹក​ស្វាយខម ទំហំ​ជាង ៦០០​ហិកតារ​ធ្វើជា​កម្មសិទ្ធិ​នេះ គឺ​ធ្វើឡើង​តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា បន្ទាប់ពី​ក្រុមហ៊ុន​របស់​ឧកញ៉ា ឃុន សៀ បាន​ជីក​ស្ដារ​អាងទឹក​ស្វាយខម​ទំហំ​ជាង ១៥០​ហិកតារ ដើម្បី​រក្សា​ទុក​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​នា​ពេល​កន្លងមក។

ការ​ចេញ​អនុក្រឹត្យ​កាត់​ឆ្វៀល​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​មក​ជា​សម្បត្តិ​ឯកជន​របស់​រដ្ឋ មិន​មែន​ជា​លើក​ទី​១ ទេ ហើយ​ក៏​មិន​មែន​ជា​លើក​ចុងក្រោយ​ដែរ ជុំវិញ​ការ​គ្រប់គ្រង​ប្រទេស​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ជាង ៤០​ឆ្នាំ​មក​នេះ។

កាលពី​ថ្ងៃទី​១ ខែ​សីហា ឆ្នាំ​២០២២ ក្រុមហ៊ុន TP Moral Group របស់​ឧកញ៉ា ឃុន សៀ រួម​ជាមួយ​ក្រុមហ៊ុន​ឯកជន​ពីរ​ផ្សេង​ទៀត បាន​សហការ​គ្នា​ដោយ​មាន​ការ​ឯកភាព​ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ដាក់​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ឈូស​ឆាយ​ព្រៃឈើ​ដែល​មាន​ទំហំ​ជិត ៦០០​ហិកតារ​នៅ​តំបន់​ឧទ្យាន​សួនសត្វ​ភ្នំ​តាម៉ៅ ស្ថិត​នៅ​ក្នុង​ឃុំ​កណ្ដឹង ស្រុក​បាទី ខេត្ត​តាកែវ រាប​ដល់​ដី បន្ទាប់ពី​ខ្លួន​ទទួល​បាន​សិទ្ធិ​អភិវឌ្ឍ​ពី​រដ្ឋាភិបាល​កម្ពុជា​រួច​មក។

ប៉ុន្តែ​ក្រោយ​ផ្ទុះ​ការ​តវ៉ា​របស់​ពលរដ្ឋ លោក ហ៊ុន សែន បាន​សម្រេច​ដកហូត​សិទ្ធិ​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​នេះ​ភ្លាមៗ​ដោយ​អះអាង​ថា តំបន់​ភ្នំ​តាម៉ៅ​ត្រូវតែ​រក្សា​ទុក​ជា​ដី និង​ព្រៃ​អភិរក្ស ដើម្បី​រក្សា​តំបន់​នេះ​ឱ្យ​ទៅ​ជា​តំបន់​ព្រៃ​អភិរក្ស​ដែល​នឹង​ត្រូវ​ដាំ​កូនឈើ​ឡើងវិញ ប៉ុន្តែ​លោក ហ៊ុន សែន មិន​បាន​ដាក់​ពិន័យ ឬ​ប្រើ​វិធានការ​ច្បាប់​ណា​មួយ​លើ​ក្រុមហ៊ុន​នេះ​ទេ បន្ទាប់ពី​ពួកគេ​បាន​ឈូស​ឆាយ​កម្ទេច​ព្រៃ​លើ​ផ្ទៃដី​ជិត ៦០០​ហិកតារ​នោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ លោក ហ៊ុន សែន ចុះហត្ថលេខា​លើ​អនុក្រឹត្យ​មួយ ដោយ​កំណត់​ដី​សាធារណៈ​របស់​រដ្ឋ​ជិត ១​លាន​ហិកតារ​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ខេត្ត​ចំនួន​១៥ ក្នុង​នោះ​ក៏​មាន​ខេត្ត​តាកែវ ផង​ដែរ ដើម្បី​ត្រៀម​ធ្វើ​អនុបយោគ និង​បែងចែក​សម្រាប់​កម្មសិទ្ធិ​ឯកជន​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​នានា​ដើម្បី​ធ្វើការ​អភិវឌ្ឍ។

ជុំវិញ​បញ្ហា​នេះ អង្គការ Client Earth បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​កាលពី​ពេល​កន្លងទៅ​ថា ជាង ៤០​ភាគរយ​នៃ​ផ្ទៃដី​របស់​កម្ពុជា ឬ​ប្រហែល ៧,៥​លាន​ហិកតារ ត្រូវ​បាន​បែងចែក​ជា​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ចំណោម​តំបន់​ការពារ ៥៣​ផ្សេង​ទៀត។

ភាគច្រើន​នៃ​តំបន់​ទាំងនេះ ត្រូវ​បាន «ការពារ» តែ​ឈ្មោះ​ប៉ុណ្ណោះ និង​បាន​រងគ្រោះ​ដោយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​គិត​តាំងពី​ការ​កាប់​ឈើ​ខុស​ច្បាប់​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ និង​ការ​ចូល​ទៅ​រស់នៅ​កាន់កាប់​បង្កើត​ជា​ភូមិ​មក​ជាច្រើន​ទសវត្ស ដូចជា​ករណី​នៅ​តំបន់​អភិរក្ស​ដែន​ជម្រក​សត្វព្រៃ​នៅ​ព្រៃឡង់ ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស