រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ព្រមានថា អ្នកបើកបរយានយន្តគ្រប់ប្រភេទដែលរកឃើញថាមានសារធាតុញៀន នឹងត្រូវដកហូតប័ណ្ណបើកបរ និងបញ្ឈប់ការបើកបររហូតទាល់តែធ្វើតេស្ដលែងមានសារធាតុញៀន ទើបប្រគល់ឱ្យវិញ។
លោក ស ខេង ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំលើសេចក្ដីព្រាងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នេះថា ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដែលកំពុងតែប្រជុំឆ្លងសេចក្ដីព្រាងនៅពេលនេះ គឺមានចែងអំពីអ្នកបើកបរទាំងឡាយណាដែលត្រូវបានរកឃើញមានសារធាតុញៀន។ លោកថា ក្នុងនោះក៏នឹងមានការដកហូតប័ណ្ណបើកបរ និងមិនអនុញ្ញាតឱ្យបើកបររថយន្តបន្តទៀតផងដែរ អំឡុងពេលដែលច្បាប់នេះមិនទាន់ចែងអំពីទោសបញ្ញត្តិណាមួយឱ្យបានជាក់លាក់ជុំវិញករណីនេះ។
លោក ស ខេង លើកឡើងថា ក្នុងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដែលបានកែប្រែខុសពីច្បាប់ចាស់រហូតដល់ទៅជាង ៦០ភាគរយនេះ គ្រប់ភាគីពាក់ព័ន្ធបានឯកភាពគ្នាកំណត់ថា អ្នកបើកបរយានយន្តទាំងអស់មិនត្រូវស្ថិតក្រោមស្ថានភាពស្រវឹងដាច់ខាត ក្នុងនោះមានទាំងគ្រឿងញៀនផងដែរ ហើយអ្នកបើកបរយានយន្តនឹងត្រូវតម្រូវឲ្យធ្វើតេស្ដរកសារធាតុញៀនគ្រប់គ្នាទាំងអស់។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មីនេះ មានភាពគ្រប់ជ្រុងជ្រោយជាងច្បាប់ចាស់ ខណៈមន្ត្រីអន្តរក្រសួង ជាពិសេសក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ បានឯកភាពគ្នាទាំងស្រុងហើយដើម្បីបញ្ជូនច្បាប់នេះទៅស្ថាប័នរដ្ឋសភាដើម្បីពិនិត្យ និងអនុម័តនៅដើមឆ្នាំ២០២៣ ខាងមុខនេះ។
នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នេះ ក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយអន្តរក្រសួងផ្សេងទៀត បានបើកកិច្ចប្រជុំលើសេចក្ដីព្រាងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មីនៅទីស្ដីការក្រសួងមហាផ្ទៃ ដោយកែសម្រួលខ្លឹមសារមាត្រាច្បាប់ចាស់ចំនួន ៤៨មាត្រា និងបន្ថែមមាត្រាថ្មីៗមួយចំនួនទៀត ដើម្បីឲ្យស្របតាមការអភិវឌ្ឍផ្លូវថ្នល់នៅប្រទេសកម្ពុជា ដូចជាផ្លូវល្បឿនលឿន និងបង្កើនប្រសិទ្ធភាពកាត់បន្ថយអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងទប់ស្កាត់ការបើកបរមានសារធាតុញៀនផងដែរ។
ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៨ ធ្នូ នេះថា ការអនុវត្តបែបនេះ គឺជារឿងល្អ ព្រោះថាកន្លងមករថយន្តធំៗតែងបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋលើដងផ្លូវយ៉ាងធ្ងន់ធ្ងរ និងបានបង្កការខូចខាតដល់ទ្រព្យសម្បត្តិសាធារណៈថែមទៀត។
លោក សេក សុជាតិ លើកឡើងថា ក្រៅពីរថយន្តដឹកទំនិញធំៗ អ្នកបើកបរប្រភេទរថយន្តគ្រួសារក៏តែងតែបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរផងដែរ នៅពេលដែលម្ចាស់រថយន្តទាំងនោះចេញពីភោជនីយដ្ឋាននៅពេលរាត្រីដែលបង្ខំបើកបរក្នុងស្ថានភាពស្រវឹង ហើយករណីនេះឧស្សាហ៍កើតនៅក្នុងទីក្រុងភ្នំពេញតែម្តង ដែលតែងបង្កការខូចខាតដល់ទ្រព្យសម្បត្តិសាធារណៈយ៉ាងធ្ងន់ធ្ងរ។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលរូបនេះបញ្ជាក់ថា ដើម្បីធានានូវការអនុវត្តឱ្យមានប្រសិទ្ធភាព និងបញ្ចៀសនូវការប្រព្រឹត្តអំពើពុករលួយពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ ក្រសួងមហាផ្ទៃគួរបង្កើតកម្លាំងចម្រុះពីស្ថាប័នពាក់ព័ន្ធឱ្យអនុវត្តជាមួយគ្នា ដូចជាអង្គភាពបង្ក្រាបគ្រឿងញៀន ក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយនឹងអង្គភាពចរាចរណ៍ផ្លូវគោក ដើម្បីអនុវត្តការត្រួតពិនិត្យលើអ្នកបើកបរដែលមានសារធាតុញៀនទាំងនោះ។
កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញសេចក្តីរាយការណ៍ថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឆ្នាំ២០២១ បានកើតឡើងចំនួន ២៦៧០លើកបណ្ដាលឱ្យស្លាប់មនុស្សចំនួន ១៤៩៧នាក់ ដែលផ្តើមចេញពីមូលហេតុសំខាន់ៗ ដូចជាការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិគ្នា មិនប្រកាន់ស្ដាំ និងបើកបរក្នុងស្ថានភាពស្រវឹងជាដើម៕