26 C
Phnom Penh

បទ​យកការណ៍៖ តើ​រដ្ឋាភិបាល​កម្ពុជា​បាន​គាំពារ យកចិត្ត​ទុកដាក់ និង​ដឹងគុណ​ពលករ​ខ្មែរ​កម្រិត​ណា​ដែរ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រៀង​រាល់​ឆ្នាំ ពលករ​ខ្មែរ​ធ្វើ​ចំណាក​ស្រុក​បាន​នាំគ្នា​ចាកចោល​គ្រួសារ​ឯ​ស្រុក​កំណើត​ជាច្រើន​ឆ្នាំ ដើម្បី​ធ្វើ​ការងារ​រក​ចំណូល​ចិញ្ចឹម​ជីវិត ចិញ្ចឹម​គ្រួសារ ឬ​សង​បំណុល​ធនាគារ។ ពលករ​ធ្វើការ​ក្រៅ​ស្រុក​ទាំងអស់​នោះ បាន​ផ្ញើ​ប្រាក់​មក​ស្រុក​ក្នុង​មួយ​ឆ្នាំៗ​រាប់​ពាន់​លាន​ដុល្លារ ដែល​ជួយ​ដល់​សេដ្ឋកិច្ច​ជាតិ។

តើ​រដ្ឋាភិបាល​កម្ពុជា​យកចិត្ត​ទុកដាក់ ឬ​ដឹងគុណ​ពលករ​ខ្មែរ​ធ្វើ​ចំណាក​ស្រុក​កម្រិត​ណា​ដែរ? លោក ហាស់ សាន មាន​សេចក្តី​រាយការណ៍​មួយ​ពិនិត្យ​មើល​ជីវិត​ពលករ​ខ្មែរ​ក្នុង​ប្រទេស​ថៃឡង់ដ៍។

របប​សង្គម​និយម របប​កុម្មុយនីស្ត​និយម ដែល​អនុវត្ត​តាម​លទ្ធិ​ទ្រឹស្ដី ម៉ាក្សីស្ត ឡេនីនិស្ត គេ​អប់រំ បង្ហាត់ បង្រៀន​សាវ័ក សិស្ស​និស្សិត​របស់​គេ​ថា​ឲ្យ​ចេះ​លើកស្ទួយ លើកកម្ពស់​វណ្ណៈ​កម្មករ​ពលករ និង​កសិករ ព្រោះ​ថា​វណ្ណៈ​នេះ​ជា​វណ្ណៈ​ក្នុង​ប្រព័ន្ធ​ផលិតកម្ម​ស្ថិត​ក្នុង​ចរន្ត​សេដ្ឋកិច្ច​ជាតិ។

គេ​បង្រៀន​ថា វណ្ណៈ​នាយទុន មូលធន​និយម​ជា​វណ្ណៈ​កេង គៃ​ប្រវ័ញ្ច ជិះជាន់ ជញ្ជក់​ញើស​ឈាម ទាញ​ប្រយោជន៍​ពី​ប្រជាជន​ស្រទាប់ ឬ​វណ្ណៈ​ថ្នាក់​ក្រោម។ គេ​ធ្លាប់​ហៅ​វណ្ណៈ​កម្មករ​ពលករ​ថា​ជា​វណ្ណៈ​អធន (អត់​ធន)។

គេ​ឃោសនា​ឲ្យ​វណ្ណៈ​នេះ​ងើប​បះបោរ​ប្រឆាំង​រំលំ​វណ្ណៈ​ជិះជាន់ ដែល​ហៅថា​បដិវត្តន៍ ដើម្បី​កែប្រែ​សង្គម​ជាតិ​ឲ្យ​មាន​យុត្តិធម៌ សមភាព សេចក្តី​ថ្លៃថ្នូរ​ជា​មនុស្ស​ដូច​គ្នា។

ក្នុង​សៀវភៅ​មាន​ចំណងជើង​ថា៖ លទ្ធិ​កុម្មុយនីស្ត​និយម៖ ទ្រឹស្ដី និង​ការ​អនុវត្ត (Communism: Theory and Practice) អ្នកនិពន្ធ​អង់គ្លេស​ឈ្មោះ Carew Hunt និយាយ​ថា ក្នុង​បដិវត្តន៍​បែប​កុម្មុយនីស្ត ពាក្យ​ថា សមភាព និង​ការ​ធ្វើ​ឲ្យ​មាន​ភាព​ស្មើ​គ្នា ឬ​សមភាវូបនីយកម្ម (equality and equalization) មាន​ន័យ​ខុស​គ្នា ប៉ុន្តែ​មាន​មនុស្ស​ជាច្រើន​ដែល​មិន​យល់ ឬ​យល់​ច្រឡំ ហើយ​ជឿ​ដើរ​តាម​ទាំង​អត់​ពិចារណា។

លោក​ថា ក្រោយ​បដិវត្តន៍​រំលំ​របប​ជិះជាន់​ផ្ដាច់ការ​ចាស់ បាន​គ្រប់គ្រង​ប្រព័ន្ធ​ផលិតកម្ម​ទាំងស្រុង​ហើយ មាន​របប​ផ្ដាច់ការ​ថ្មី​មួយ​បែប​ទៀត​មក​ជំនួស​របប​ចាស់​សក្ដិភូមិ ហៅថា​របប​ផ្ដាច់ការ​ផ្ដាច់មុខ​នៃ​វណ្ណៈ​កម្មករ​ពលករ កសិករ proletarian dictatorship។ ខ្មែរ​រាប់​លាន​នាក់​មាន​ពិសោធន៍​ដូច​គ្នា​ក្នុង​របប​ខ្មែរក្រហម។

ក្នុង​សម័យ​កាល​នៃ​សតវត្ស​ថ្មី​នេះ អ្នក​ដឹកនាំ​របប​ផ្ដាច់ការ​ផ្ដាច់មុខ dictatorship បាន​ប្រែ​រូបរាង ប្រែ​ភេទ​លែង​ចង់​ដើរតួ​ធ្វើ​ជា​អ្នក​បដិវត្តន៍​កុម្មុយនីស្ត លែង​អួតអាង​អំពី​ជ័យជម្នះ​ត្រចះត្រចង់​មហា​រុងរឿង មហា​អស្ចារ្យ មក​ធ្វើជា​អ្នក​មូលធន​និយម នាយទុន​វិញ ហើយ​ដាក់​ប្រព័ន្ធ​ផលិតកម្ម​ក្នុង​សេដ្ឋកិច្ច​ជាតិ​ឲ្យ​នៅ​ក្នុង​កណ្ដាប់ដៃ​ក្រុម​គ្រួសារ បក្ខពួក គូកន ក្លើម្រាក់​របស់​គេ​ទាំងស្រុង។

ប៉ុន្តែ​ខណៈ​គេ​ប្រកាស​ក្ដែងៗ​អំពី​សហគ្រាស​សេរី សេដ្ឋកិច្ច ទីផ្សារ​សេរី គេ​ប្រើ​វិធី​ផ្សេងៗ​ដើម្បី​គាប​សង្កត់ កេង​គៃ​ប្រវ័ញ្ច ភ្ជួរស្រែ​លើ​ខ្នង​ស្រទាប់​វណ្ណៈ​ប្រជាជន ឬ​មនុស្ស​ដែល​ខ្លួន​ប្រកាស​ថា លើកស្ទួយ​ជីវភាព លើក​តម្កើង​វណ្ណៈ​កម្មករ ពលករ កសិករ​នោះ។

តាម​ឯកសារ​អាជីវកម្ម​សម្លៀកបំពាក់​ក្នុង​រាជាណាចក្រ​កម្ពុជា រោងចក្រ ឬ​រោង​កម្មន្តសាល​កាត់ដេរ ព្រមទាំង​សាខា​ក្រុមហ៊ុន គិត​ត្រឹម​ខែ​តុលា ឆ្នាំ​២០២២ មាន​ចំនួន​ប្រមាណ ១២០០ ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​ធ្វើ​កម្មករ​ជិត ១​លាន​នាក់ (៧៥០០០០​នាក់) មុន​ពេល​មាន​ជំងឺ​ឆ្លង​កូវីដ-១៩។ ក្នុង​ខែ​កញ្ញា ឆ្នាំ​២០២២ នេះ​មាន​រោងចក្រ​ប្រមាណ ១៧០ ព្យួរ​សកម្មភាព​ផលិតកម្ម ដោយ​កាត់​ចំនួន​កម្មករ​រោងចក្រ​ប្រមាណ​ចំនួន ១​ម៉ឺន ៣​ពាន់​នាក់។

កម្មករ​កាត់ដេរ​សម្លៀកបំពាក់។

តាម​លោក Ken Loo អគ្គលេខាធិការ​សមាគម​ផលិតករ​សម្លៀកបំពាក់​កាត់ដេរ (GMAC) ផលិតផល​កាត់ដេរ​ជា​សម្លៀកបំពាក់ ខោ​វែង ខោ​ខ្លី អាវ​ដៃវែង អាវ​ដៃខ្លី អាវយឺត ស្រោមជើង។ល។ ដឹក​ទៅ​លក់​នៅ​ក្នុង​ទីផ្សារ​សហរដ្ឋ​អាមេរិក នាំ​ចំណូល​ឲ្យ​សេដ្ឋកិច្ច​ជាតិ​ប្រទេស​កម្ពុជា​ជិត ៤​ពាន់​លាន​ដុល្លារ​ពី​ខែ​មករា ដល់​ខែ​កក្កដា ឆ្នាំ​២០២២ និង​ដឹក​ទៅ​លក់​នៅ​ទីផ្សារ​សហភាព​អឺរ៉ុប ពី​ខែ​មករា ដល់​ខែ​សីហា នាំ​ចំណូល​មកវិញ​ចំនួន​ជាង ៦​ពាន់​លាន​ដុល្លារ។

តើ​មក​ទល់​ពេលនេះ រាជរដ្ឋាភិបាល​មាន​ដែល​ថ្លែង​អរគុណ​កម្មករ​រោងចក្រ​កាត់ដេរ ឬ​ជួយ​មើល​ថែទាំ​ពួកគេ ដែល​នាំ​ចំណូល​ដល់​រដ្ឋ​ឲ្យ​មាន​បៀវត្ស មាន​ការ​ធានា​រ៉ាប់រង​សុខភាព ឈប់​សម្រាក​ត្រឹមត្រូវ​សមរម្យ​ដែរ​ឬ​ទេ?

ការ​ប្រើ​សិទ្ធិ​ស្រប​ច្បាប់​ធ្វើ​បាតុកម្ម​ទាមទារ​ឡើង​ប្រាក់ខែ ឬ​លក្ខខណ្ឌ​ការងារ​ក្នុង​រោងចក្រ​មិន​គោរព​ច្បាប់​ស្រុក​ខ្មែរ រដ្ឋអំណាច​លទ្ធិ​ម៉ាក្សីស្ត-ឡេនីនិស្ត ចោទ​ថា​ធ្វើ​បដិវត្តន៍​ពណ៌។

ប្រាក់ខែ​ឡើង​បាន​ជិត ២០០​ដុល្លារ​សព្វថ្ងៃ​នេះ​បាន​មក​ដោយសារ​ការ​ប្រឹង​តវ៉ា​ពី​កម្មករ ជួយ​ជ្រោមជ្រែង​ជំរុញ​ពី​អង្គការ​សិទ្ធិមនុស្ស អង្គការ​ពលកម្ម​អន្តរជាតិ និង​សម្ពាធ​ពី​ប្រទេស​ទទួល​ទិញ​ផលិតផល​កាត់ដេរ​ពី​ស្រុក​ខ្មែរ​តែប៉ុណ្ណោះ។

ដោយឡែក​ពី​ទុក្ខ​លំបាក​នៃ​កម្មករ​រោងចក្រ​កាត់ដេរ​ដែល​រង​កម្ម​ពី​ថៅកែ ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដោយ​ប្រការ​ផ្សេងៗ ដែល​គេ​ចាត់ទុក​ថា​ជា​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស​តាម​ច្បាប់​អន្តរជាតិ​នៅ​ប្រទេស​កម្ពុជា រដ្ឋអំណាច​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បណ្តោយ​ឲ្យ​មាន​អំពើ ទង្វើ​ប្លែកៗ​តាម​បង្ក​ទុក្ខ​លំបាក​ជាច្រើន​យ៉ាង​លើ​ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស។

មុន​នឹង​លើក​យក​រឿង​ហេតុ​ក្នុង​ប្រទេស​មួយ​មក​រាយការណ៍ យើង​សូម​រំឭក​ទស្សនិកជន​អំពី​សាវតារ​នៃ​ពលកម្ម​ដោយ​ចំណាកស្រុក (migrant workforce) ពី​ប្រទេស​កម្ពុជា។

អំឡុង​ឆ្នាំ​២០០៣-២០០៤ រាជរដ្ឋាភិបាល​បាន​ផ្តើម​ចរចា​ជាមួយ​រដ្ឋាភិបាល​នៃ​សមាគម​អាស៊ាន ដើម្បី​ឲ្យ​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​គេ មាន​ដូចជា​ម៉ាឡេស៊ី សិង្ហបុរី ជាដើម។ ឆ្នាំ​២០០៦ រាជរដ្ឋាភិបាល​ខ្មែរ​ចរចា​ជាមួយ​រាជរដ្ឋាភិបាល​ថៃ ដើម្បី​បញ្ជូន​ពលករ​ពី​ស្រុក​ខ្មែរ​ទៅ​ធ្វើ​ការ​ក្នុង​ប្រទេស​ជិតខាង​ប៉ែក​ខាងលិច​ប្រទេស​កម្ពុជា​នេះ។

ឆ្នាំ​បន្ទាប់ៗ​មក ការ​ចរចា និង​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​ក៏​បាន​ធ្វើ​បន្ត​ជាមួយ​កូរ៉េខាងត្បូង ជប៉ុន ហុងកុង អារ៉ាប៊ីសាអ៊ូឌីត។ បច្ចុប្បន្ន ពលរដ្ឋ​ខ្មែរ​ពេញ​កម្លាំង​ធ្វើការ​នៅ​ក្រៅ​ប្រទេស​មាន​ចំនួន​សរុប​ប្រមាណ​យ៉ាងតិច​ជិត ២​លាន​នាក់។

រដ្ឋលេខាធិការ​ជា​អ្នក​នាំពាក្យ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២០ ថា គិត​ត្រឹម​ឆ្នាំ​២០១៩ ពលករ​ខ្មែរ​កំពុង​ធ្វើ​ការងារ​ក្នុង​ស្រុក​ថៃ មាន​ចំនួន​ជិត ១​លាន ៣​សែន​នាក់ (១២៨៨០០០​នាក់)។

លោក ហេង សួរ រដ្ឋលេខាធិការ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

អង្គការ​ពលកម្ម​អន្តរជាតិ (ILO) រាយការណ៍​ថា ពលករ​ខ្មែរ​ក្នុង​ស្រុក​ថៃ ធ្វើ​ការងារ​ខាង​នេសាទ ខាង​កសិកម្ម ចិញ្ចឹម​សត្វ និង​រោងចក្រ​កាប់​សាច់​សត្វ​ខ្ចប់​ដឹក​ចេញ ហើយ​និង​ខាង​សំណង់។ ខេត្ត​ថៃ ដែល​មាន​ពលករ​ខ្មែរ​ធ្វើការ មាន​ខេត្ត​សមុទ្រប្រាកាន ត្រាត រ៉ាយ៉ង ឈុនបុរី ក្រុង​បាងកក នគររាជ និង​ខេត្ត​ដទៃ​ទៀត។

នៅ​ក្នុង​ឆ្នាំ​២០២២ សារព័ត៌មាន The Cambodia Daily បាន​ស្រាវជ្រាវ​ឃើញ​ដោយ​ផ្អែក​លើ​ប្រភព​ច្បាស់​ការណ៍​ក្រៅ​ក្រសួង​ការងារ​នៃ​រាជរដ្ឋាភិបាល​ក្រុង​ភ្នំពេញ ថា​ពលករ​ខ្មែរ​ស្រប​ច្បាប់​មាន​ចំនួន ៨​សែន​នាក់ ពលករ​មិន​ស្រប​ច្បាប់​មាន​ចំនួន ៧​សែន​នាក់។ នេះ​បាន​សេចក្តី​ថា ចំនួន​ពលករ​ខ្មែរ​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃឡង់ដ៍ មិន​បាន​ថយ​ចុះ​ទេ ប៉ុន្តែ​កើន​ចំនួន​ទៅវិញ​យ៉ាងតិច​ប្រមាណ ២​សែន​នាក់ ថ្វីត្បិតតែ​មាន​ការ​រីក​រាលដាល​ជំងឺ​ឆ្លង​កូវីដ-១៩ ក្នុង​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១។

ក្នុង​សារ​មួយ​ផ្សាយ​នៅ​ថ្ងៃ​ទិវា​ការងារ​អន្តរជាតិ ទី​១ ខែ​ឧសភា ឆ្នាំ​២០២២ លោក ហ៊ុន សែន អះអាង​ថា ពលករ​ខ្មែរ​ធ្វើការ​នៅ​ក្នុង​ប្រទេស​ចំនួន ៧ មាន​ប្រមាណ​ជាង ១​លាន ៣​សែន​នាក់ ហើយ​ផ្តល់​ចំណូល​មក​ប្រទេស​កម្ពុជា​វិញ​តាមរយៈ​ការ​ផ្ញើ​ប្រាក់​មក​ឧបត្ថម្ភ​ក្រុម​គ្រួសារ​មាន​ទឹកប្រាក់ ៣​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

លោក​ថា ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស៖

  • ថៃឡង់ដ៍ មាន​ចំនួន​ជាង ១​លាន ២​សែន​នាក់ (១២២០១៩៧​នាក់)
  • កូរ៉េខាងត្បូង ជិត ៤​ម៉ឺន ៦​ពាន់​នាក់ (៤៥៨៦៦​នាក់)
  • ម៉ាឡេស៊ី ជាង ២​ម៉ឺន ៣​ពាន់​នាក់ (២៣០២៧​នាក់)
  • ជប៉ុន ជាង ១​ម៉ឺន ១​ពាន់​នាក់ (១១៤៥៣​នាក់)
  • សិង្ហបុរី ជាង ៨០០​នាក់ (៨២១​នាក់)
  • ហុងកុង ជាង ២០០​នាក់ (២០២​នាក់)
  • អារ៉ាប៊ីសាអ៊ូឌីត ៤៣​នាក់។

ពលករ​ខ្មែរ​ធ្វើ​ចំណាកស្រុក​បាន​បញ្ជូន​ប្រាក់​មក​ស្រុកកំណើត​ចំនួន​យ៉ាងតិច ៣​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២១ ដែល​ជា​ផ្នែក​ចំណូល​ទៅ​ក្នុង​ផលទុន​ក្នុង​ស្រុក​សរុប (GDP) ដែល​ជួយ​សម្រាល​ដល់​បន្ទុក​បញ្ហា​សង្គម​មួយ​ផ្នែក​ធំ ព្រោះ​ថា​រដ្ឋ​មិន​ចាំបាច់​ផ្តល់​ថវិកា​ជួយ​ពលរដ្ឋ​របស់​ខ្លួន​ខាង​សង្គមកិច្ច។ ពី​ស្រុក​ថៃ ពលករ​ម្នាក់​មាន​លទ្ធភាព​ផ្ញើ​ប្រាក់​ជិត ១២៣០​ដុល្លារ​មក​ស្រុក​ខ្មែរ​ក្នុង​មួយ​ឆ្នាំ។

ដើមឡើយ ក្រុម​ស្វែង​តាម​រក​ស្រូប​ប្រយោជន៍​ពលករ​ខ្មែរ​ក្នុង​រាជាណាចក្រ​ថៃឡង់ដ៍ មាន​ក្រុម​បម្រើ​ការងារ​ក្នុង​បណ្ដាញ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែល​មាន​ឧត្តមសេនីយ៍ ចៅ ផល្លី រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​ជា​តំណាង​ប្រចាំការ​ក្នុង​ស្ថានទូត​រាជាណាចក្រ​កម្ពុជា ប្រចាំ​ប្រទេស​ថៃឡង់ដ៍ នា​រាជធានី​បាងកក។

ក្រុម​ក្នុង​បណ្ដាញ​សមាជិក​រដ្ឋសភា ហ៊ុន ម៉ានី តំណាង​ដោយ​ឧត្តមសេនីយ៍ទោ ទិត អារ៉ាហ្វីន។ ក្រុម​នៅ​ក្នុង​បណ្ដាញ​លោក សុខ អាន ពី​មុន ប៉ុន្តែ​បច្ចុប្បន្ន​រំលាយ​ចូល​ជាមួយ​ក្រុម​ឧត្តមសេនីយ៍ ចៅ ផល្លី ហើយ​និង​ក្រុម​ក្នុង​បណ្ដាញ​ឧត្តមសេនីយ៍ឯក ម៉ែន សំអន តំណាង​ដោយ​បុរស​ឈ្មោះ “ថា” ដែល​បញ្ជូន​ដោយ​ឧត្តមសេនីយ៍ ហុក ឡង់ឌី មុន​ទទួល​មរណភាព។ ក្រុម​ទាំងអស់​នេះ​ប្រជែង​គ្នា​គ្រប់គ្រង​កម្មករ​ខ្មែរ​ក្នុង​ប្រទេស​ថៃឡង់ដ៍។

ក្រុម​ដែល​ធំ​ជាងគេ គឺ​ក្រុម​របស់​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែល​មាន​មនុស្ស​ប្រមាណ ១០០​នាក់​ដើរ​ធ្វើ​លិខិត​ឆ្លងដែន ឬ Passport ឲ្យ​ពលករ​នៅ​តាម​ខេត្ត​ដែល​មិនទាន់​មាន​លិខិត​ឆ្លងដែន។ បុរស​ឈ្មោះ “ថា” បច្ចុប្បន្ន​ក្លាយជា​អនុព័ន្ធ​កម្មករ ឬ​ភ្នាក់ងារ​ធ្វើការ​ជាប់​តាម​កម្មករ។

ក្រុម​មួយ​ទៀត គឺ​ក្រុម​ជំនួយការ​ស្ថានទូត តំណាង​ដោយ​ជនជាតិ​ថៃ ឈ្មោះ សុប្រាកប ក្លាហាន ដែល​មាន​ភរិយា​ជា​ជនជាតិ​ខ្មែរ​ឈ្មោះ បូវីណា ដោយ​មាន​ជំនួយការ​ស្ត្រី​ម្នាក់​ជា​លេខា​ស្ថានទូត​ឈ្មោះ កែវ។ ក្រុម​នេះ​សម្រួល​កិច្ចការ​ស្ថានទូត និង​ស្ថាន​កុងស៊ុល​នៃ​រាជាណាចក្រ​កម្ពុជា ដោយ​យក​ថ្លៃ​សេវា​ការងារ​ប្រថាប់ត្រា ១២០០​បាត​ពី​ពលករ​ម្នាក់។

ពលករ​ខ្មែរ​ប្រមាណ ១​សែន​នាក់​ត្រូវការ​លិខិត​ឆ្លងដែន។ ក្រុម​ដើរ​ធ្វើ​លិខិត​ឆ្លងដែន​ប្រើ​ប៉ូលិស​ខ្មែរ​បី​នាក់ ដើរ​ថតរូប​ពលករ​តាម​ខេត្ត ដោយ​យក​ប្រាក់ ៩​ពាន់​បាត​ពី​ពលករ​ម្នាក់ៗ ហើយ​ចេញ​ប័ណ្ណ ឬ​វិក្កយបត្រ​ឲ្យ។ ដូច្នេះ ពលករ​ខ្មែរ​ម្នាក់​ត្រូវ​ចំណាយ​ធនធាន ១០២០០​បាត ឬ​ជាង ២៩០​ដុល្លារ ដើម្បី​ធ្វើ​ក្រដាស​ស្នាម​ឲ្យ​ស្រប​ច្បាប់។ ពលករ​ខ្មែរ​រង់ចាំ​លិខិត​ឆ្លងដែន​ពីរ​ឆ្នាំ នៅតែ​មិនទាន់​ទទួល​បាន​ទៀត។

ក្នុង​រយៈកាល​ធ្វើ​ការងារ​គ្មាន​លិខិត​ឆ្លងដែន ឬ​ក្រដាស​ស្នាម​ស្រប​ច្បាប់ ថៅកែ​ថៃ​កាត់​ប្រាក់ខែ​ពី​ពលករ​ម្នាក់​មួយ​ខែ​ពី ៥​ពាន់-៧​ពាន់​បាត ដោយ​មាន​ចំនួន​កាត់​សរុប ៣​ម៉ឺន​បាត។ ក្នុង​ចំណោម​ពលករ​ខ្មែរ​ពី ១​លាន ៤​សែន​ទៅ ១​លាន ៥​សែន​នាក់ ក្រុម​ការងារ​ស្ថានទូត និង​ក្រុម​ការងារ​លោក ហ៊ុន ម៉ាណែត រក​លុយ​បាន​ពី​ក្រុម​ពលករ​យ៉ាង​តិច​ជាង ៤០៧​លាន​ដុល្លារ។

តាម​ប្រភព​ផ្ទៃក្នុង​ក្រុម​ការងារ​ស្រូប​ប្រយោជន៍​ពី​ពលករ​ធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​ថៃឡង់ដ៍ ពលករ​ដែល​ស្រប​ច្បាប់​មាន​ការ​អនុញ្ញាត​យល់ព្រម​តាមរយៈ​ក្រសួង​ការងារ​នៃ​ប្រទេស​ទាំង​ពីរ មាន​ប្រមាណ ១​សែន​នាក់​ប៉ុណ្ណោះ។

នេះ​ជា​ពលករ​ដែល​មាន​ក្រដាស​ស្នាម​ត្រឹមត្រូវ ចេញ​ទៅ​ធ្វើ​ការងារ​មាន​កិច្ចសន្យា​តាម​ច្បាប់ បញ្ជូន​ដោយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ពលករ។ ក្រុមហ៊ុន​បញ្ជូន​ពលកម្ម​មួយ​ត្រូវ​តម្កល់​ប្រាក់​ឲ្យ​រដ្ឋ​ចំនួន ១០​លាន​បាត ឬ ៣​សែន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ដើម្បី​ទទួល​បាន​ប័ណ្ណ​ធ្វើ​ការងារ ពលករ​ខ្មែរ​ម្នាក់​ត្រូវ​ចំណាយ​បង់​ឲ្យ​ក្រុម​លោក ហេង សួរ ចំនួន ៣០​ដុល្លារ។

ក្នុង​ចំណោម​ពលករ​ខ្មែរ ៨​សែន​នាក់ ពលករ​ស្រប​ច្បាប់​មាន ១​សែន​នាក់ ដែល​មាន​ជំនាញ​ការងារ​ខាង​អ្វី​មួយ និង​អាច​រក​ចំណូល​ពី​ក្រុមហ៊ុន​ថៃ​ជួល​ឲ្យ​ប្រាក់ខែ​ត្រឹមត្រូវ​ពី ១​ម៉ឺន ៨​ពាន់​បាត​ទៅ ២​ម៉ឺន ៦​ពាន់​បាត បើ​ធ្វើ​លើស​ម៉ោង ឬ ៧៤៣​ដុល្លារ​ក្នុង​មួយ​ខែ។ ចំណែកឯ​ពលករ​មិន​ស្រប​ច្បាប់ ៧​សែន​នាក់ ប៉ុន្តែ​មាន​ជំនាញ​អាច​រក​ចំណូល​បាន ១​ម៉ឺន ២​ពាន់ បូក​នឹង​ប្រាក់​ធ្វើការ​ថែម​ម៉ោង ១​ម៉ឺន សរុប​បាន ២​ម៉ឺន ២​ពាន់​បាត ឬ ៦៣០​ដុល្លារ​ក្នុង​មួយ​ខែ។

រីឯ​ពលករ ៧​សែន​នាក់​ដែល​ធ្វើការ​ខុស​ច្បាប់ ហើយ​គ្មាន​ជំនាញ គេ​អាច​រក​ចំណូល​បាន ៨​ពាន់​បាត បូក​នឹង​ប្រាក់​ធ្វើការ​ថែម​ម៉ោង ៦​ពាន់​បាត សរុប​បាន ១​ម៉ឺន ៤​ពាន់​បាត ឬ ៤០០​ដុល្លារ​ក្នុង​មួយ​ខែ។

ប៉ុន្តែ​បើ​ថៅកែ​រកស៊ី​ខាត ឬ​រកស៊ី​ខូច មិន​ចង់​បើក​ប្រាក់ខែ​ឲ្យ​ពលករ​ខ្មែរ ពីរ​ឬ​បី​ខែ​ម្តង​មាន​តម្រួត​ថៃ​ចូល​ទៅ​ពិនិត្យ​កន្លែង​ធ្វើ​ការងារ គេ​ប្រាប់​ពលករ​ខ្មែរ​ថា​បង់​ឲ្យ​ប៉ូលិស​អស់​ហើយ ខណៈ​ពលករ​ខ្មែរ​គេច​លាក់​ខ្លួន​មួយ​រយៈ​ពី​អាជ្ញាធរ​ថៃ​នោះ។

ដូច្នេះ ពលករ​ខ្មែរ​ត្រូវ​ផ្តើម​ធ្វើ​ការងារ​រក​ចំណូល​ជា​ថ្មី​ឡើងវិញ ឬ​បើ​មិន​ដូច្នោះ​ទេ ដើរ​ទៅ​រក​កន្លែង​ធ្វើការ​ថ្មី​ដែល​ជា​ការ​ប្រថុយ​គ្រោះថ្នាក់​នឹង​ការ​ចាប់ចង​បញ្ជូន​មក​ស្រុក​ខ្មែរ​វិញ។

ចំពោះ​ពលករ​ខ្មែរ​ស្រប​ច្បាប់ ក្រសួង​ការងារ​ថៃ បាន​ចំណូល​ពី​ពលករ​ធ្វើ​ចំណាកស្រុក​ម្នាក់ ៤​ពាន់​បាត (ចូល​ឃ្លាំង​រដ្ឋ) ពេទ្យ​ថៃ បាន​ចំណូល ២​ពាន់​បាត សម្រាប់​សេវា​ពិនិត្យ​សុខភាព។

ក្នុង​ចំណោម​ពលករ​អត់​ច្បាប់​ប្រមាណ​ពាក់កណ្តាល រដ្ឋ​ចេញ​ប័ណ្ណ ឬ​កាត​ពណ៌​ស៊ីជម្ពូ​ដែល​អនុញ្ញាត​ឲ្យ​រស់នៅ និង​ធ្វើការ​បាន​រយៈពេល ២​ឆ្នាំ ប៉ុន្តែ​បាន​ប្រាក់ខែ​តិច​ត្រឹមតែ​ចំនួន ៦​ពាន់​បាត ឬ ១៧១​ដុល្លារ​ប៉ុណ្ណោះ។

យោង​តាម​សេចក្តី​រាយការណ៍​ពី​អង្គការ​អាយអូអឹម (International Organization for Migration=IOM) នា​ពាក់កណ្តាល​ឆ្នាំ​២០១៩ ពលករ​ខ្មែរ​ម្នាក់​ពី​ប្រទេស​ថៃឡង់ដ៍​មួយ​មាន​លទ្ធភាព​រក​លុយ​ផ្ញើ​មក​គ្រួសារ​នៅ​ស្រុកកំណើត​ក្នុង​មួយ​ឆ្នាំ ១២២៨​ដុល្លារ ទោះជា​ជួបប្រទះ​ទុក្ខសោក​លំបាក​យ៉ាង​ណា​ក៏ដោយ។

បើ​គេ​គុណ​លេខ ១២២៨​ដុល្លារ​នឹង​ចំនួន​ពលករ​គិត​ជា​មធ្យម​តាម​ស្ថិតិ​ក្រសួង​ការងារ​នៃ​រដ្ឋអំណាច​ក្រុង​ភ្នំពេញ​ថា​មាន​ប្រមាណ ១​លាន ២​សែន​នាក់ គេ​នឹង​ឃើញ​ចំនួន​ទឹកប្រាក់​ចំណូល​មក​ស្រុក​ខ្មែរ​ចេញពី​រាជាណាចក្រ​ថៃឡង់ដ៍​តែ​មួយ​គត់​ដល់​ទៅ​ជិត ២​ពាន់​លាន​ដុល្លារ ($1,842,000,000)។

ទាហាន​ថៃ ចាប់​ឃាត់​ខ្លួន​ពលករ​ខ្មែរ​ដែល​លួច​ឆ្លងដែន​ចូល​ប្រទេស​ថៃ ដោយ​ខុសច្បាប់​នៅ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០២១។ (រូបថត​ពី​ហ្វេសប៊ុក ទឹកចិត្ត ពលករ​ខ្មែរ​ឆ្លងដែន)

តើ​រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា​យកចិត្ត​ទុកដាក់​នឹង​ពលករ​ខ្មែរ​រក​ចំណូល​ពី​ក្រៅ​មក​នោះ​កម្រិត​ណា​ដែរ?

ក្រោយពី​រដ្ឋអំណាច​ក្រុង​ភ្នំពេញ​សម្រេច​ផ្លាស់ប្ដូរ​ទីតាំង​ស្ថានទូត​ខ្មែរ​ពី​កន្លែង​ចាស់​ដ៏​ល្អ​ស្អាត ដី​មាន​តម្លៃ​លើ​ផ្លូវ​រាចាដាំណឺន ក្រុង​បាងកក តាម​គំនិត​លោក សុខ អាន ទៅ​កាន់​ទីតាំង​ថ្មី​នៅ​លើ​ផ្លូវ​ប្រាឆាអ៊ូធិត ជិត​កន្លែង​សំរាម ពលករ​ខ្មែរ​ជួប​ការ​លំបាក​កាន់តែ​ខ្លាំង ព្រោះ​ថា​មន្ត្រី​ទូត​ខ្មែរ​គ្មាន​គិត​ដល់​ទុក្ខធុរៈ​ពលករ​មក​ប្រាស្រ័យ​ទាក់ទង​រឿង​ក្រដាស​ស្នាម​សោះ​ឡើយ ក្រៅតែ​ពី​ទារ​លុយ​ថ្លៃ​សេវា។

ខាង​មុខ​ច្រក​ទ្វារ​ជាប់​កំពែង​ស្ថាន​រាជទូត​មាន​តូប​យាម​មួយ ដែល​យាម​ដោយ​តម្រួត​ថៃ។ គេ​មិន​បើក​ទ្វារ​ឲ្យ​ចូល​ទេ បើ​មិន​ឲ្យ​លុយ​គេ​ខ្លះ។ បើ​ត្រូវ​ចាំ គ្មាន​បន្ទប់​រង់ចាំ​ទេ គេ​ឲ្យ​អង្គុយ ឬ​ឈរ​ចាំ​លើ​ចិញ្ចើម​ថ្នល់​ហាល​ថ្ងៃ ហាល​ភ្លៀង ហាល​ខ្យល់ គ្មាន​បន្ទប់ទឹក​ប្រើប្រាស់​សម្រាប់​បត់​ដៃ​បត់​ជើង​ឡើយ។ ពេល​ខ្លះ ពលករ​ទៅ​ចាំ​ច្រើន​នាក់​មើល​ទៅ​ឃើញ​ដូច​ជនភៀសសឹក ឬ​ជនអនាថា​ប្រមូលផ្ដុំ​មុខ​ស្ថាន​បេសកកម្ម​ទូត​ខ្មែរ។

នៅ​ខាង​មុខ​ស្ថានទូត​ចម្ងាយ​ប្រមាណ ៥០​ម៉ែត្រ គេ​ដាក់​កម្លាំង​ប៉ូលិស​ខ្មែរ​ពី ១០-២០​នាក់​ក្នុង​អគារ​ល្វែង​មួយ​ឈ្មោះ លេឡា (Lela Apartment) ដោយ​អះអាង​ថា​ដើម្បី​ជួយ​ពលករ​ណា​ដែល​មាន​បញ្ហា​ក្នុង​ប្រទេស​ថៃឡង់ដ៍។

មាន​សេចក្តី​រាយការណ៍​ជាច្រើន​ថា ប៉ូលិស​ខ្មែរ​តាម​ចាប់​ពលរដ្ឋ​ខ្លួន​ដែល​មិន​គាំទ្រ​បក្ស​កាន់​អំណាច ប្រមូល ឬ​បញ្ចុះបញ្ចូល​ឲ្យ​ទៅ​ស្រុក​ខ្មែរ​វិញ ដោយ​ប្រើ​បណ្ដាញ​ពី​ក្រុម​ការងារ​បក្ស​ប្រជាជន​កម្ពុជា។ បើ​ពុំ​ដូច្នោះ​ទេ គេ​នឹង​ធ្វើ​ទុក្ខបុកម្នេញ គំរាម សម្លុត​ក្រុម​គ្រួសារ។ តើ​នេះ​ហើយ​ឬ​ដែល​ថា​គ្មាន​ជន​ណា​ស្រឡាញ់​ខ្មែរ​ជាង​ខ្មែរ​នោះ?

ក្រុម​អ្នក​ស្រូប​យក​ប្រយោជន៍​ពី​ពលករ​ខ្មែរ​ធ្វើ​ចំណាកស្រុក​ក្នុង​ប្រទេស​ថៃ គ្រប់​ក្រុម អះអាង​ថា​គេ​ប្រឹង​ជួយ​ដោះស្រាយ​បញ្ហា​ឲ្យ​ពលករ ប៉ុន្តែ​តាមពិត តម្លៃ​សេវា​ការងារ​មិន​ស្មើ​នឹង​ទឹកប្រាក់​ទារ​ពលករ​ទេ។ ក្រៅពី​នេះ គេ​តាម​ឃ្លាំ គយគន់​សកម្មភាព​ពលករ​ខ្មែរ​ដែល​មាន​និន្នាការ​គាំទ្រ​បក្ស​ប្រឆាំង។

នេះ​ជា​ទុក្ខ​កម្ម​នៃ​ពលករ​ខ្មែរ​ធ្វើ​ចំណាកស្រុក គឺ​ថា​មាន​ការ​តាម​ផ្ដន្ទា​ជញ្ជក់​ទាញ​ផល​ពី​ក្នុង​ស្រុក​រហូត​ដល់​ក្រៅ​ស្រុក មិន​ឲ្យ​ពលរដ្ឋ​ក្រីក្រ​តូចតាច​មាន​ឱកាស​រស់​ក្នុង​ជីវភាព​ធូរធារ​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស