31 C
Phnom Penh

រដ្ឋាភិបាល​អំពាវនាវ​ឱ្យ​ពលរដ្ឋ​មិន​ទាន់​ចាក់​វ៉ាក់សាំង​កូវីដ-១៩​ដូស​ទី​៣​នាំគ្នា​ទៅ​ចាក់​ឱ្យ​បាន​គ្រប់​គ្នា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ដូស​ទី​៣ ត្រូវ​នាំគ្នា​ទៅ​ចាក់​ថ្នាំ​បង្ការ​នេះ​ឱ្យ​បាន​គ្រប់ៗ​គ្នា ព្រោះ​ជំងឺ​នេះ​អាច​នឹង​កើតមាន​ឡើងវិញ​គ្រប់​ពេល ខណៈ​ប្រទេស​ជិតខាង​កំពុងតែ​ផ្ទុះ​ការ​ឆ្លង​រាលដាល​ឡើងវិញ។

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​បើក​ការដ្ឋាន​ស្ដារ​ផ្លូវជាតិ​ក្នុង​ខេត្ត​កំពត នៅ​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ​ថា វីរុស​កូវីដ-១៩ អាច​នឹង​ប្រែ​ទៅ​ជា​វីរុស​កាច​សាហាវ​ជាង​ពេល​បច្ចុប្បន្ន ព្រោះ​ថា​នៅ​ពេលនេះ ជំងឺ​កូវីដ-១៩​កំពុងតែ​ងើប​ឡើង​វិញ និង​កំពុង​ឆ្លង​ខ្លាំងក្លា​នៅ​ក្នុង​ប្រទេស​ក្នុង​តំបន់​មួយ​ចំនួន​ដែល​ជា​កត្តា​គួរ​ឱ្យ​ព្រួយបារម្ភ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើង​ថា វ៉ាក់សាំង​ជា​ជម្រើស​តែ​មួយ​គត់​ដែល​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​អាច​កាត់បន្ថយ​ការ​ឆ្លង ដែល​នឹង​នាំ​ទៅ​ដល់​សភាព​ធ្ងន់ធ្ងរ។ ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​បាន​ទទួល​ដូស​ជំរុញ​ទី​៣ ទី​៤ ទី​៥ និង​ទី​៦ ត្រូវតែ​ឱ្យ​នាំគ្នា​ទៅ​ទទួល​យក​ដូស​ជំរុញ​ទាំងនោះ​តាម​គោលការណ៍​របស់​ក្រសួង​សុខាភិបាល ឱ្យ​បាន​គ្រប់​គ្នា ដើម្បី​បញ្ចៀស​ការ​ឆ្លង​ជំងឺ​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើងវិញ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ថា ការ​ទៅ​ទទួល​យក​វ៉ាក់សាំង​រៀងរាល់ ៦​ខែ​ម្តង​ទើប​ធានា​ភាពស៊ាំ​សហគមន៍​រឹងមាំ។ ជាង​នេះ​ទៀត ក៏​ត្រូវ​យក​កុមារ​ដែល​មាន​អាយុ​ពី ៣​ឆ្នាំ​ដល់ ១២​ឆ្នាំ​ទៅ​ចាក់​ដូស​ជំរុញ​ទី​៥ ផង​ដែរ។ លើស​ពី​នេះ មន្ត្រី​រាជការ​ជួរមុខ អាជ្ញាធរ និង​ប្រជាជន​ទូទៅ ត្រូវតែ​នាំគ្នា​ចាក់​ដូស​ជំរុញ​ទី​៦ ឲ្យ​បាន​គ្រប់ៗ​គ្នា។

ក្រសួង​សុខាភិបាល​កម្ពុជា បាន​ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ធ្នូ ថា គិត​ត្រឹម​ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ អ្នក​ចាក់​ដូស​ទី​១ មាន​ចំនួន ១៥​លាន ២​សែន​នាក់ រីឯ​អ្នក​ចាក់​ដូស​ទី​២ មាន​ចំនួន ១៥​លាន ៦​សែន​នាក់ ចំណែក​អ្នក​ចាក់​ដូស​ទី​៣ មាន​ចំនួន​ជាង ១០​លាន ៤​ម៉ឺន​នាក់ ខណៈ​អ្នក​ចាក់​ដូស​ទី​៤ មាន​ចំនួន​ជាង ៤​លាន ៧​សែន​នាក់។ ដោយឡែក​អ្នក​ចាក់​ដូស​ទី​៥ មាន​ត្រឹម​តែ​ជាង ១​លាន ២​សែន​នាក់​ប៉ុណ្ណោះ។

ក្រសួង​សុខាភិបាល​កម្ពុជា បញ្ជាក់​ថា សម្រាប់​កុមារ​ដែល​មាន​អាយុ​ក្រោម ៥​ឆ្នាំ​ទទួល​វ៉ាក់សាំង​បាន​ជាង ៧៩​ភាគរយ ខណៈ​កុមារ​ដែល​មាន​អាយុ ៥​ឆ្នាំ​ទទួល​បាន​វ៉ាក់សាំង​ជាង ១៤០​ភាគរយ រីឯ​កុមារ​ដែល​មាន​អាយុ​ក្រោម ១២​ឆ្នាំ​ទទួល​វ៉ាក់សាំង​បាន​ជាង ១១០​ភាគរយ។ ចំណែក​កុមារ​ដែល​មាន​អាយុ​ក្រោម ១៨​ឆ្នាំ​ចាក់​វ៉ាក់សាំង​បាន ១០១​ភាគរយ។ ដោយឡែក​កុមារ​ដែល​មាន​អាយុ ១៨​ឆ្នាំ​ទទួល​វ៉ាក់សាំង​បាន ១០៣​ភាគរយ។

ទាក់ទិន​នឹង​ការ​ផ្ទុះ​ឡើងវិញ​នូវ​ជំងឺ​កូវីដ-១៩​នៅ​ពេលនេះ ភ្នាក់ងារ​សារព័ត៌មាន AFP កាលពី​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២២ កន្លងទៅ បាន​ចុះ​ទៅ​មន្ទីរពេទ្យ​មួយ​នៅ​ភាគ​ខាងត្បូង​ក្រុង​ប៉េកាំង ប្រទេស​ចិន ដែល​គេ​បាន​រក​ឃើញ​សាកសព​មនុស្ស​ចំនួន ៤០​នាក់ ត្រូវ​ពេទ្យ​រុំ​ថង់​ប្លាស្ទិក​ទាំងអស់ ហើយ​ចំនួន​អ្នក​ដែល​ស្លាប់​ទាំងនោះ​គឺ​ក្នុង​រយៈពេល​តែ ២​ម៉ោង​ប៉ុណ្ណោះ។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោក Ned Price ធ្លាប់​បាន​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា លទ្ធភាព​នៃ​ការ​បំប្លែង​ខ្លួន​នៃ​វីរុស​ជំងឺ​កូវីដ​នៅ​ពេល​វា​ឆ្លង​រាតត្បាត​នៅ​ទូទាំង​ប្រទេស​ចិន​នោះ អាច​ជា​ការ​គំរាមកំហែង​មួយ​សម្រាប់​ប្រជាជន​នៅ​គ្រប់​ទីកន្លែង​ទាំងអស់។

សាស្ត្រាចារ្យ​ជំនាញ​នៅ​សាកលវិទ្យាល័យ Yale លោក Xi Chen អះអាង​កាលពី​ពេល​កន្លងទៅ​ថា ការ​ចាក់​វ៉ាក់សាំង​ចិន ៣​ដូស​អាច​កាត់បន្ថយ​ករណី​ស្លាប់​មិន​ឲ្យ​មាន​ច្រើន​ពិត​មែន តែ​ចិន​គួរ​ណាស់​ចាប់ផ្តើម​ពិចារណា​ចាក់​វ៉ាក់សាំង​ប្រភេទ ARN របស់​អាមេរិក និង​អឺរ៉ុប ដើម្បី​ឲ្យ​ប្រជាជន​របស់​ខ្លួន​មាន​ប្រព័ន្ធ​ការពារ​ខ្លួន​រឹងមាំ និង​យូរ​អង្វែង​សម្រាប់​ទប់ទល់​នឹង​ជំងឺ​នេះ។

ដោយឡែក​ការ​សិក្សា​ស្រាវជ្រាវ​មួយ​របស់​សាកលវិទ្យាល័យ​ហុងកុង បង្ហាញ​ថា វ៉ាក់សាំង​របស់​ចិន ប្រសិនបើ​ចាក់​ឲ្យ​បាន​គ្រប់​ចាប់ពី ៤​ដូស​ឡើង​ទៅ គឺ​អាច​ទប់ទល់​មិន​ឲ្យ​អ្នកជំងឺ​ឈឺ​ធ្ងន់​បាន​សម្រាប់​អ្នកជំងឺ​អាយុ​ចាប់ពី ៦០​ឆ្នាំ​ចុះ​ក្រោម។

ទាក់ទិន​នឹង​បញ្ហា​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ទិញ​វ៉ាក់សាំង​ចិន​ច្រើន​លើសលប់​តាំងពី​ដើម​ឆ្នាំ​២០២១ មក ខណៈ​វ៉ាក់សាំង​របស់​អាមេរិក និង​អឺរ៉ុប កម្ពុជា​គ្រាន់តែ​រង់ចាំ​ទទួល​ជា​ជំនួយ​មនុស្សធម៌​ប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស