41.3 C
Phnom Penh

កម្ពុជា​នឹង​សង់​ស្តូប​ឈ្នះ​ឈ្នះ​បន្ថែម​ទៀត​ដើម្បី​អបអរ​ខួប​នយោបាយ​ឈ្នះ​ឈ្នះ​លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ការពារ​ជាតិ លោក ទៀ បាញ់ អះអាង​ថា កម្ពុជា​នឹង​សាងសង់​ស្តូប​ឈ្នះ​ឈ្នះ​បន្ថែម​ទៀត​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន ដើម្បី​អបអរ​សាទរ​ខួប​នយោបាយ​ឈ្នះ​ឈ្នះ លើក​ទី​២៥​ឆ្នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ បាន​លើកឡើង​ក្នុង​ពិធី​អបអរ​សាទរ​ខួប ២៤​ឆ្នាំ​នៃ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក ហ៊ុន សែន នៅ​វិមាន​ឈ្នះ​ឈ្នះ កាលពី​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ​ថា ការ​សាងសង់​ស្តូប​ឈ្នះ​ឈ្នះ​ទាំងនេះ គឺ​ដើម្បី​ផ្សារភ្ជាប់​ទៅ​នឹង​ប្រវត្តិសាស្ត្រ​ជាក់ស្ដែង​តាម​ផែនការ​ដែល​បាន​គ្រោងទុក​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

លោក ទៀ បាញ់ លើកឡើង​ថា ស្តូប​ឈ្នះ​ឈ្នះ​នឹង​ត្រូវ​សាងសង់​បន្ថែម​ទៀត​នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​ប៉ៃលិន ជាដើម ខណៈ​ស្តូប​ឈ្នះ​ឈ្នះ​ខេត្ត​កោះកុង នឹង​ត្រូវ​សាងសង់​រួចរាល់​នៅ​ដំណាច់​ឆ្នាំ​២០២៣។

លោក​បន្ថែម​ទៀត​ថា ស្តូប​ឈ្នះ​ឈ្នះ​នឹង​ក្លាយ​ទៅ​ជា​ការ​ពង្រាយ និង​បញ្ជ្រាប​នូវ​ខ្លឹមសារ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​ជា​មគ្គុទ្ទេសក៍​ដឹកនាំ​នៅ​គ្រប់​ទីកន្លែង ហើយ​ស្តូប​ឈ្នះ​ឈ្នះ​ដែល​បាន​សាងសង់​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​នោះ នឹង​ក្លាយ​ជា​កន្លែង​សាធារណៈ ដោយ​មិន​យក​ថ្លៃ​ចូល​ទស្សនា​សិក្សា​ស្រាវជ្រាវ ឬ​មក​បំពេញ​ទស្សនកិច្ច​សិក្សា​ឡើយ។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​រូប​នេះ​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​ធ្វើការ​ផ្សព្វផ្សាយ​រំឭក​ពី​នយោបាយ​ឈ្នះ​ឈ្នះ តាមរយៈ​នៃ​ការ​បោះពុម្ព​ឯកសារ និង​រូបភាព​ផ្សេងៗ ដើម្បី​បង្កើន​ការ​អប់រំ​សិស្ស និស្សិត យុវជន មន្ត្រី​រាជការ កងកម្លាំង​ប្រដាប់​អាវុធ និង​ប្រជាជន​ផ្សេងៗ​ទៀត​ឱ្យ​យល់​ច្បាស់​ពី​គុណតម្លៃ​សន្តិភាព និង​រាល់​សមិទ្ធផល​នៃ​សង្គម​ជាតិ​ដែល​កើត​ចេញពី​នយោបាយ​ឈ្នះ​ឈ្នះ​នេះ។

វិមាន និង​ស្តូប​ឈ្នះ​ឈ្នះ ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា រួម​ទាំង​មេដឹកនាំ​ទីក្រុង​ភ្នំពេញ លោក ហ៊ុន សែន មាន​មោទកភាព​ខ្លាំង​បំផុត​ដែល​បាន​សាងសង់​វិមាន​នេះ​ឡើង​នៅ​ក្នុង​សម័យ​របស់​លោក ដែល​ជា​និមិត្តរូប​សន្តិភាព​ក្រោយពី​បាន​ផ្ដួល​រំលំ​របប​ខ្មែរក្រហម​ដោយ​ជោគជ័យ។

អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣០ ធ្នូ នេះ​ថា ការ​បន្ត​សង់​ស្តូប​ឈ្នះ​ឈ្នះ​របស់​បក្ស​កាន់​អំណាច គឺជា​ផែនការ​មួយ​នៃ​នយោបាយ​ដំណាក់កាល​រវាង​វៀតណាម និង​លោក ហ៊ុន ម៉ាណែត ដោយ​ប្រើ​ឧបាយកល​ផ្សព្វផ្សាយ​នយោបាយ​ឈ្នះ​ឈ្នះ​ជា​ឧបករណ៍​បំភ័ន្ត​ភ្នែក​របស់​ប្រជាពលរដ្ឋ​ខ្មែរ។

លោក គឹម សុខ លើកឡើង​ថា ស្តូប​ឈ្នះ​ឈ្នះ​នេះ គឺជា​ថ្នូរ​មួយ​ក្នុង​ចំណោម​លក្ខខណ្ឌ​នានា​របស់​វៀតណាម ដែល​គេ​យល់ព្រម​គាំទ្រ​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃ​អនាគត។ លោក​បន្ថែម​ថា វា​មិនមែន​ជា​រឿង​ធម្មតា​នោះ​ទេ​ចំពោះ​ស្តូប​មួយ គណបក្ស​ប្រជាជន​កម្ពុជា​នឹង​អនុញ្ញាត​ឲ្យ​វៀតណាម​រៀបចំ​សមាគម​ធំ​មួយ​ដែល​មាន​រចនាសម្ព័ន្ធ​រដ្ឋបាល និង​ប្រដាប់​អាវុធ​សម្រាប់​ការពារ​ស្តូប​នោះ​ទៀត​ផង។

អ្នកវិភាគ​រូប​នេះ​បញ្ជាក់​ថា ស្តូប​មាន​នៅ​ទីណា សមាគម​វៀតណាម​ដែល​ការពារ​ស្តូប​នោះ​នឹង​មាន​អំណាច​ស្មើ​នឹង​អាជ្ញាធរ​ខ្មែរ​នៅ​ទីនោះ ក្នុង​ការ​សម្រេច​កិច្ចការ​សំខាន់ៗ​ជាច្រើន​ទៀត។ លោក​បន្ត​ថា ពេល​មាន​ស្តូប​នេះ​មាន​កាន់តែ​ច្រើន សមាគម​វៀតណាម​ដែល​មាន​អំណាច​បែប​នេះ ក៏​កាន់តែ​ច្រើន​លើ​ទឹកដី​កម្ពុជា​ដែរ ដែល​នោះ​គឺជា​ការ​រៀប​ឧបាយកល​មួយ​ដើម្បី​ឲ្យ​វៀតណាម​គ្រប់គ្រង​ខ្មែរ​ដូច​គ្នា​នឹង​វៀតណាម​គ្រប់គ្រង​ឡាវ ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ដែរ។

កាលពី​ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២២ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​ក្រសួង​ការពារ​ជាតិ និង​ជា​ប្រធាន​ក្រុម​ការងារ​សាងសង់​វិមាន​ឈ្នះ​ឈ្នះ លោក ណឹម សុវត្ថិ បាន​អះអាង​ថា ក្រោយ​ពេល​បញ្ចប់​ការ​សាងសង់​វិមាន​ឈ្នះ​ឈ្នះ​នៅ​រាជធានី​ភ្នំពេញ​ហើយ​នោះ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​កសាង​ស្តូប​វិមាន​ឈ្នះ​ឈ្នះ​នៅ​ទីតាំង​អនុស្សាវរីយ៍​ផ្សេង​ទៀត ដូចជា​នៅ​ខេត្ត​កំពង់ស្ពឺ នៅ​ខេត្ត​បាត់ដំបង ខេត្ត​កោះកុង នៅ​ខេត្ត​ឧត្តរមានជ័យ និង​ត្រូវ​កសាង​នៅ​តាម​បណ្ដា​ខេត្ត​នានា​ជា​បន្តបន្ទាប់​ទៀត​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស