៩ឆ្នាំ «ចាំយុត្តិធម៌ ដោយមិននៅស្ងៀម» និង «ឈាមបាតុករ» ដែលនេះគឺជាបទចម្រៀងនិពន្ធដោយលោក គា សុគន្ធ និងមហាជន ដែលបានរៀបរាប់អំពីភាពព្រៃផ្សៃ និងអយុត្តិធម៌ក្នុងព្រឹត្តិការណ៍ ៩ឆ្នាំមុននៃព្រឹត្តិការណ៍បង្ក្រាបយ៉ាងហិង្សារវាងកងកម្លាំងរដ្ឋាភិបាលរបស់បុរសខ្លាំង លោក ហ៊ុន សែន ទៅលើក្រុមបាតុករដែលទាមទារដំឡើងប្រាក់ខែគោលចំនួន ១៦០ដុល្លាររបស់កម្មករកម្មការិនីនៅមុខរោងចក្រយ៉ាកជីន (Yakjin) ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងនៅលើកំណាត់ផ្លូវវ៉េងស្រេង ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។
នៅក្នុងបទចម្រៀងដែលមានចំណងជើងថា «ចាំយុត្តិធម៌» ដោយមិននៅស្ងៀម! មានរយៈពេលជាង ៥នាទី និង «ឈាមបាតុករ» ដែលមានរយៈពេលជាង ៤នាទី បានរៀបរាប់អំពីព្រឹត្តិការណ៍ ៩ឆ្នាំមុនដែលកម្លាំងរដ្ឋាភិបាលរបស់បុរសខ្លាំង លោក ហ៊ុន សែន បង្ក្រាបទៅលើក្រុមបាតុករដែលទាមទារប្រាក់ខែ ១៦០ដុល្លាររបស់កម្មករកម្មការិនីនៅលើកំណាត់ផ្លូវវ៉េងស្រេង និងនៅមុខរោងចក្រយ៉ាកជីន ដែលក្នុងនោះការបង្ក្រាបដ៏ហិង្សានៅក្បែររោងចក្រយ៉ាកជីន គឺកម្លាំងកងពលតូចទ័ពពិសេសឆត្រយោង ៩១១ របស់លោក ចាប ភក្តី បានចាប់ខ្លួនមនុស្ស ១០នាក់ ក្នុងចំណោមនោះក៏មានប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន និងប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ផងដែរ។

ចំណែកការបាញ់បង្ក្រាបនៅលើផ្លូវវ៉េងស្រេងវិញ ប្រព្រឹត្តដោយកងកម្លាំងចម្រុះរដ្ឋាភិបាលបណ្ដាលឲ្យកម្មករចំនួន ៤នាក់ស្លាប់ ម្នាក់បាត់ខ្លួន និងកម្មករជិត ៤០នាក់រងរបួស ហើយ ១៣នាក់ទៀតត្រូវបានចាប់ខ្លួន។
ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន ជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះដទៃទៀតដែលត្រូវបានកងពលតូចឆត្រយោង៩១១ របស់លោក ចាប ភក្តី វាយបង្ក្រាបកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤ បានឲ្យដឹងថា ៩ឆ្នាំ «ចាំយុត្តិធម៌» ដោយមិននៅស្ងៀម គឺសំដៅទៅលើសកម្មភាពដែលរូបលោក និងអ្នករងគ្រោះផ្សេងទៀតមិននៅស្ងៀមដោយប្រើប្រាស់ការឈឺចាប់ និងជនរងគ្រោះបន្តការងារផ្សព្វផ្សាយ និងជំរុញភាពយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋដែលរងគ្រោះដទៃទៀត ដែលកំពុងរងនូវភាពអយុត្តិធម៌ក្នុងការការពារសិទ្ធិ ផលប្រយោជន៍ជាតិ និងសង្គម ពិសេសគឺផលប្រយោជន៍កម្មករ កសិករ ប្រជាពលរដ្ឋ ជាដើម។

ជនរងគ្រោះរូបនោះបានលើកឡើងថា រយៈពេល ៩ឆ្នាំកន្លងទៅហើយដែលជាព្រឹត្តិការណ៍មួយលោកមិនអាចបំភ្លេចបាន និងបានចងចាំនៅក្នុងខួរក្បាលជារៀងរហូតនៃគ្រប់រូបភាពនៃការប្រើប្រាស់អំពើហិង្សាយ៉ាងព្រៃផ្សៃជាទីបំផុតរបស់កងទាហានឆត្រយោង៩១១ មកលើរូបលោក ហើយចាប់ខ្លួនយកទៅឃុំនៅពន្ធនាគារអស់រយៈពេល ៤ខែ ២៨ថ្ងៃ។ បន្ទាប់មក លោកឈរនៅរង្វង់មូលក្រចកសេះសវនាការជំនុំជម្រះក្ដីរបស់សាលាដំបូងរាជធានីភ្នំពេញ ដោយមុតមាំក្នុងការបកស្រាយការដេញដោលទិដ្ឋភាពច្បាប់។
លោក ថេង សាវឿន បានរៀបរាប់ទៀតថា ជារឿងមួយគួរឲ្យសោកស្តាយដែលតុលាការបានចេញសាលក្រមដាក់ទោសលើជនរងគ្រោះដូចជារូបលោកឲ្យជាប់ពន្ធនាគារ ៤ឆ្នាំ ព្រមទាំងការពិន័យជាប្រាក់ ៨លានរៀល ដែលការកាត់ក្ដី ការឃុំខ្លួនកន្លងមកគ្មានយុត្តិធម៌ឡើយសម្រាប់រូបលោក ព្រោះមិនមានភស្តុតាង និងសាក្សីគ្រប់គ្រាន់ឡើយ ដើម្បីដាក់បន្ទុកមកលើរូបលោក។
លោកថាលោកជាជនរងគ្រោះដែលត្រូវគេវាយដំស្ទើរបាត់បង់ជីវិត ដោយគ្រាន់តែចុះបំពេញការងារធ្វើការសិទ្ធិមនុស្សឃ្លាំមើលការតវ៉ារបស់កម្មករក្នុងការដំឡើងប្រាក់ខែគោលចំនួន ១៦០ដុល្លារ ដែលពេលនោះការបង្ក្រាបយ៉ាងសាហាវព្រៃផ្សៃវាយដំមកលើរូបលោកគ្រាន់ជាអ្នកចងក្រងវីដេអូ និងថតរូបសកម្មភាពរបស់កម្មករ។
ជនរងគ្រោះដែលរង់ចាំយុត្តិធម៌យ៉ាងអន្ទះសានេះ បានលើកឡើងថា គិតមកដល់ពេលនេះ លោកមិននៅស្ងៀមរង់ចាំឡើយ ដោយបានកែប្រែភាពអយុត្តិធម៌ទៅជាសកម្មភាពអប់រំប្រជាពលរដ្ឋរងគ្រោះដូចរូបលោក ឲ្យយល់អំពីអ្វីទៅហៅថា «យុត្តិធម៌» អ្វីទៅហៅថាសិទ្ធិ និងកាតព្វកិច្ច។

លោកថា ទោះលោកមិនបានទទួលយុត្តិធម៌នៃការរង់ចាំ ៩ឆ្នាំក៏ដោយ តែទោះជាយ៉ាងណា លោកបានទទួលភាពយុត្តិធម៌ពីសំណាក់តុលាការប្រជាជនជាតិ-អន្តរជាតិ ដែលបានធ្វើការវិនិច្ឆ័យ និងគាំទ្រដល់រូបលោក។
លោកបានលើកឡើងថា ពេលនេះលោកត្រូវការយុត្តិធម៌សម្រាប់ខ្លួនលោក អ្នកការពារសិទ្ធិមនុស្ស និងកម្មករទាំងអស់ដែលរងគ្រោះក្នុងព្រឹត្តិការណ៍នោះ។ លោកថា លោកបានយកការឈឺចាប់សម្រាប់ការតស៊ូជំរុញឲ្យមានយុត្តិធម៌ និងការគោរពសិទ្ធិមនុស្ស ការជំរុញបាននូវការផ្ដល់នូវសេចក្ដីគោរពស្រឡាញ់ និងអនុវត្តផ្ដល់ភាពយុត្តិធម៌ដោយតម្លាភាព។
លោកបន្តទៀតថា ក្ដីសង្ឃឹមដ៏មោះមុតរបស់លោកនោះ គឺដរាបណាការតស៊ូនៅមាន នោះយុត្តិធម៌នឹងមកដល់ ហើយក្រុមឧក្រិដ្ឋជនដែលបង្កអំពើហិង្សានៅតែអាចយកមកទទួលខុសត្រូវចំពោះមុខច្បាប់ នៅពេលដែលប្រព័ន្ធយុត្តិធម៌ត្រូវបានជឿជាក់ដោយមហាជនជាតិ និងអន្តរជាតិ ដោយការចូលរួមជំរុញពីសំណាក់គ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋជាម្ចាស់ប្រទេស និងម្ចាស់អំណាចមួយដែលពិតប្រាកដ។
ចំណែកប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ដែលជាជនរងគ្រោះម្នាក់ទៀត បានលើកឡើងថា នៅចងចាំនៅឡើយវេលានេះ ម៉ោងនេះ នៅមុខរោងចក្រយ៉ាកជីន ដែលទាហានកងពលតូចពិសេសឆត្រយោង៩១១ បានវាយលោក និងបងប្អូនឯទៀតយកទៅដាក់ឃុំខ្លួននៅក្នុងបន្ទាយនៅក្រោយរោងចក្រយ៉ាកជីន។
លោកថា ៩ឆ្នាំហើយ តើនៅឯណាយុត្តិធម៌សម្រាប់ពួកលោកទាំង ២៣នាក់?
លោក វន់ ពៅ មិនបាននិយាយអ្វីច្រើនក្រៅតែពីដាក់បង្ហោះបទចម្រៀងរ៉េបរបស់លោក គា សុគន្ធ ដែលចេញផ្សាយដោយសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ និងអង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) ដែលមានចំណងជើងថា «ឈាមបាតុករ» ដែលមានរយៈពេលជាង ៤នាទី រៀបរាប់កម្មកររងគ្រោះនៃការបាញ់ប្រហារ។

យោងតាមហ្វេសប៊ុករបស់អង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) បានចេញផ្សាយនៅថ្ងៃទី៣ មករា នេះរៀបរាប់ថា នៅថ្ងៃនេះគឺជាគម្រប់ខួប ៩ឆ្នាំក្រោយពីកងកម្លាំងចម្រុះបានបាញ់រះទៅលើកម្មករដែលកំពុងតវ៉ានៅមហាវិថីវ៉េងស្រេង កាលពីដើមឆ្នាំ២០១៤ ដោយបានសម្លាប់មនុស្សយ៉ាងតិចណាស់ ៤នាក់ និងបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់ ៣៨នាក់ផ្សេងទៀតរងរបួស។ ក្មេងប្រុសម្នាក់ឈ្មោះ ខឹម សាផាត ដែលកាលនោះមានអាយុ ១៥ឆ្នាំ បានបាត់ខ្លួនមកទល់សព្វថ្ងៃ ដោយកុមារានោះត្រូវបានគេឃើញចុងក្រោយដោយមានអាការៈហូរឈាមដោយសារត្រូវគ្រាប់កាំភ្លើង។
អង្គការសង់ត្រាល់បានសរសេរថា រហូតមកដល់ពេលនេះ នៅមិនទាន់មានការចាត់វិធានការលើជនល្មើសដែលបានបាញ់សម្លាប់លោក គឹម ផាលាប លោក សាម រ៉ាវី លោក យាន រឹទ្ធី និងលោក ផេង កុសល និងការធ្វើឱ្យកុមារា ខឹម សាផាត បាត់ខ្លួននោះទេ។ ផ្ទុយទៅវិញ កម្មករនិងអ្នកការពារសិទ្ធិមនុស្សចំនួន ២៣នាក់ បែរជាត្រូវបានអាជ្ញាធរចាប់ខ្លួន ចោទប្រកាន់ និងផ្ដន្ទាទោសដោយមិនត្រឹមត្រូវពីបទល្មើសមួយចំនួនទាក់ទងនឹងការធ្វើបាតុកម្មទៅវិញ។
ក្រោយមក កម្ទេចឆ្អឹង និងសំណល់សាកសពមួយចំនួនដែលនៅសេសសល់ក្រោយពីការដុតដោយកៅស៊ូកង់ឡាន ត្រូវបានរកឃើញនៅក្នុងមូលដ្ឋានកងពលតូចលេខ៧០ ក្នុងខេត្តកំពង់ស្ពឺ កាលពីខែឧសភា ឆ្នាំ២០១៤ ប៉ុន្តែអាជ្ញាធររដ្ឋបានបដិសេធ ដោយបានលើកឡើងថា សំណល់សាកសពនោះមិនមែនជារបស់ ខឹម សាផាត នោះទេ។
អង្គការដដែលបានលើកឡើងថា គួរឱ្យសោកស្តាយ អាជ្ញាធរមិនបានស៊ើបអង្កេតឱ្យបានម៉ត់ចត់ និងប្រកបដោយតម្លាភាពទៅលើករណីនេះទេ។

បន្ទាប់ពី ៩ឆ្នាំទទួលរងភាពឈឺចាប់ និងស្រពិចស្រពិលអំពីស្ថានភាពកូនរបស់ខ្លួន ក្រុមគ្រួសារកុមារា ខឹម សាផាត ត្រូវតែទទួលបាននូវចម្លើយ សន្តិភាពផ្លូវចិត្ត និងយុត្តិធម៌ពីការស៊ើបអង្កេតដោយឯករាជ្យ និងឆាប់រហ័សទៅលើការបាត់ខ្លួនរបស់ សាផាត។
អង្គការសង់ត្រាល់ ក៏នៅបន្តអំពាវនាវឱ្យមានយុត្តិធម៌សម្រាប់អ្នកដែលបានរងរបួស ស្លាប់ និងអ្នកដែលត្រូវបានអាជ្ញាធរចាប់ឃុំខ្លួន ចោទប្រកាន់ និងផ្ដន្ទាទោសដោយមិនត្រឹមត្រូវ ក៏ដូចជាកុមារា ខឹម សាផាត ដែលបានបាត់ខ្លួន។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានលើកឡើងថា ចំពោះការបង្ក្រាបលើការទាមទាររបស់កម្មករកាលពីដើមឆ្នាំ២០១៤ កន្លងទៅ ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរបំផុត។ លោកនៅតែទទូចឲ្យអាជ្ញាធរស្វែងរកការពិត និងយុត្តិធម៌ទៅដល់ក្រុមកម្មករដែលបានរងរបួស និងបាត់បង់ជីវិតទាំងនោះ។
លោក ស៊ឹង សែនករុណា បានលើកឡើងថា រាជរដ្ឋាភិបាលមិនគួរនៅស្ងៀមក្នុងសំណុំរឿងនេះទេ គួរតែបង្កើតគណៈកម្មការឯករាជ្យមួយដើម្បីស្វែងរកការពិត និងយុត្តិធម៌ទៅដល់ក្រុមកម្មករដែលបានរងរបួស និងបាត់បង់ជីវិត ដើម្បីបញ្ចប់អំពើនិទ្ទណ្ឌភាពនៅក្នុងសង្គមកម្ពុជា និងទប់ស្កាត់កុំឲ្យរឿងនេះកើតមានឡើងបន្តទៅទៀត។

កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤ កន្លងទៅ ប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានបញ្ជាក់ទៅកាន់អ្នកគាំទ្រនៅក្បែរវត្តភ្នំ ថា ក្នុងនាមគណបក្សសង្គ្រោះជាតិ លោកសន្យាជាមួយបងប្អូនដែលមានអ្នកស្លាប់ និងរបួសថា បើច្បាប់ជាតិមិនអាចរកយុត្តិធម៌ឲ្យបងប្អូនបានទេ លោកនឹងដាក់បណ្តឹងផ្លូវច្បាប់ទៅអន្តរជាតិ។ លោកបន្តថា អ្នកបញ្ជាឲ្យបាញ់កម្មករ មិនអាចរួចពីសំណាញ់ច្បាប់ទេ។
គិតត្រឹមថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ នេះ រដ្ឋាភិបាលមិនទាន់បង្ហាញថា ស្ថាប័នណាមួយជាអ្នកទទួលខុសត្រូវចំពោះការបង្ក្រាបដ៏បង្ហូរឈាមនោះទេ ហើយក៏មិនទាន់បញ្ជាក់ថា ស្ថាប័នណាមួយជាអ្នកផ្តល់សំណងជំងឺចិត្តដើម្បីប៉ះប៉ូវដល់ការឈឺចាប់របស់គ្រួសារជនរងគ្រោះដែរ។
The Cambodia Daily មិនអាចទាក់ទងលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដើម្បីធ្វើការអត្ថាធិប្បាយបានទេនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ នេះ។
ប៉ុន្តែកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ បុរសខ្លាំងនៅកម្ពុជា លោក ហ៊ុន សែន បានថ្លែងដោយចោទប្រកាន់ថា អ្វីដែលកើតឡើងនៅពេលនោះ គឺជាផែនការរបស់គណបក្សសង្គ្រោះជាតិ ក្នុងការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលតាមរយៈរូបភាពបដិវត្តន៍ពណ៌។
លោកថា លោកសោកស្ដាយណាស់ដែលលោកបានដឹងផែនការនេះយឺតពេល បើពុំដូច្នោះទេ លោកនឹងបញ្ជាឱ្យក្រុមរបស់លោកសម្លាប់ក្រុមអ្នកប្រឆាំងទាំងអស់នោះចោលតែម្ដង៕