31 C
Phnom Penh

លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ពលរដ្ឋ​យក​កូន​ឱ្យ​បាន​ច្រើន​ស្រប​ពេល​មនុស្ស​មាន​វ័យ​ចាស់​កំពុង​កើន​ឡើង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដែល​មាន​លទ្ធភាព​ខាង​សេដ្ឋកិច្ច បន្ត​យក​កូន​ឱ្យ​បាន​ច្រើន ដើម្បី​ចៀសវាង​នូវ​ហានិភ័យ​កង្វះ​កម្លាំង​ពលកម្ម និង​ធនធាន​មនុស្ស​សម្រាប់​ប្រទេស​កម្ពុជា​នា​ពេល​អនាគត ដោយសារតែ​ពលរដ្ឋ​ខ្មែរ​ដែល​មាន​វ័យ​ចាស់​ត្រូវ​គេ​ព្យាករ​ថា មាន​ចំនួន​កើន​ឡើង​ជាង​មនុស្ស​វ័យ​កណ្តាល​នៅ​ឆ្នាំ​២០៥០ ខាងមុខ​នេះ។

លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២៤ នៃ​ក្រសួង​ផែនការ នៅ​ថ្ងៃទី​៩ ខែ​មេសា នេះ​ថា គូ​ស្វាមី​ភរិយា​ដែល​មាន​លទ្ធភាព​សេដ្ឋកិច្ច គួរ​មាន​កូន​ច្រើន​លើស​ពី​ចំនួន​កំណត់ ដើម្បី​ជៀសវាង​នូវ​ហានិភ័យ​កង្វះ​កម្លាំង​ពលកម្ម ព្រោះ​នៅ​ឆ្នាំ​២០៥០ ចំនួន​ប្រជាជន​ដែល​មាន​វ័យ​ចាស់​មាន​កំណើន​កាន់តែ​ច្រើន ដូច្នេះ​ប្រសិនបើ​អត្រា​កំណើត​កាន់តែ​តិច​ជាង​ចំនួន​មនុស្ស​ចាស់ នោះ​មិន​យូរ​មិន​ឆាប់ កម្ពុជា​អាច​នឹង​ខ្វះ​កម្លាំង​ពលកម្ម។

លោក ហ៊ុន ម៉ាណែត លើកឡើង​ថា បើ​ទោះបីជា​ទិន្នន័យ​ជំរឿន​បង្ហាញ​ថា កម្ពុជា​មិន​ទាន់​មាន​បញ្ហា​ចោទ​នៅ​ឆ្នាំ​២០៥០ ចំពោះ​ការ​ខ្វះ​កម្លាំង​ពលកម្ម​ក្តី ប៉ុន្តែ​កម្ពុជា​មាន​សញ្ញា​នៃ​ការ​ថយ​ចុះ​រវាង​គម្លាត​អ្នក​ដែល​មាន​អាយុ​ចាស់ និង​អ្នក​ដែល​ពេញ​កម្លាំង ហើយ​ប្រសិនបើ​អត្រា​កំណើត​កាន់តែ​ថយ​ចុះ នោះ​កម្ពុជា​អាច​មាន​បញ្ហា​ប្រឈម​ដោយ​ចៀស​មិន​រួច​ឡើយ​ក្នុង​រយៈពេល​ជាង ២០​ឆ្នាំ​ខាងមុខ​ទៀត។

នាយករដ្ឋមន្ត្រី​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា ទោះជា​យ៉ាងណាក៏ដោយ កម្ពុជា​មាន​គោលនយោបាយ​ជាតិ​ប្រជាជន​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០៣០ គឺ​ឈរ​លើ​គោលការណ៍​ទទួលស្គាល់ និង​គាំទ្រ​ចំពោះ​សិទ្ធិ​របស់​គូ​ស្វាមី​ភរិយា និង​បុគ្គល​ទាំងអស់ ឱ្យ​មាន​សិទ្ធិ​ជា​មូលដ្ឋាន​ក្នុង​ការ​សម្រេច​ចិត្ត​ដោយ​សេរី និង​ដោយ​ការ​ទទួល​ខុសត្រូវ​លើ​ចំនួន​កូន ការ​ពន្យារ​កំណើត និង​លទ្ធភាព​នៃ​ការ​ទទួល​បាន​ព័ត៌មាន ការ​អប់រំ សេវា និង​មធ្យោបាយ ដើម្បី​ធ្វើការ​សម្រេច​ចិត្ត​ក្នុង​ការ​យក​កូន​នេះ​ដែរ។

រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​ពេល​កន្លង​ទៅ​ថា យោង​តាម​លទ្ធផល​ជំរឿន​ឆ្នាំ​២០១៩ បង្ហាញ​ថា គិត​ត្រឹម​ដើម​ឆ្នាំ​២០១៩ ប្រជាជន​កម្ពុជា​មាន​ចំនួន​សរុប​ជាង ១៥​លាន​នាក់ (១៥ ២៨៨ ៤៨៩​នាក់) ប៉ុន្តែ​ចំនួន​ប្រជាជន​កម្ពុជា​នៅ​ឆ្នាំ​២០២៣ បាន​កើន​ឡើង​ដល់ ១៧​លាន​នាក់​ហើយ ខណៈ​ឆ្នាំ​២០២២ កម្ពុជា​មាន​ចំនួន​ប្រជាជន​សរុប​ជាង ១៦​លាន​នាក់​ប៉ុណ្ណោះ (១៦,៨​លាន​នាក់) ហើយ​រដ្ឋាភិបាល​កម្ពុជា​រំពឹង​ថា ចំនួន​ប្រជាពលរដ្ឋ​ខ្មែរ​អាច​នឹង​កើន​ឡើង​ដល់ ២០​លាន​នាក់​នៅ​ឆ្នាំ​២០៣០ ខាងមុខ។

របាយការណ៍​ដដែល​បង្ហាញ​ថា រាជធានី-ខេត្ត​ដែល​មាន​ចំនួន​ប្រជាជន​ច្រើន​ជាងគេ​បំផុត គឺ​រាជធានី​ភ្នំពេញ​ដែល​មាន​ប្រជាជន​ជាង ២​លាន​នាក់ (២ ១២៩ ៣៧១​នាក់) ខណៈ​ខេត្ត​កែប មាន​ប្រជាជន​តិច​ជាងគេ​បំផុត គឺ​មាន​ចំនួន​ជាង ៤​ម៉ឺន​នាក់ (៤១ ៧៩៨​នាក់) ប៉ុណ្ណោះ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៩ មេសា នេះ​ថា លោក​គាំទ្រ​ឱ្យ​ប្រទេស​កម្ពុជា​បង្កើន​នូវ​ចំនួន​ពលរដ្ឋ​នៅ​ថ្ងៃ​មុខ ប៉ុន្តែ​លោក​មិន​ទាន់​ឃើញ​រដ្ឋាភិបាល​មាន​គោលនយោបាយ​ជាក់លាក់​ក្នុង​ការ​គាំពារ​ពលរដ្ឋ​ដែល​មាន​កូន​ច្រើន​នៅឡើយ​ទេ ស្រប​ពេល​ដែល​ពលរដ្ឋ​កំពុង​ខ្លាចរអា​ពី​ការ​មាន​កូន​ច្រើន​នៅ​ពេល​ដែល​គាត់​កំពុង​ជួប​បញ្ហា​ជីវភាព​ខ្សត់ខ្សោយ​បច្ចុប្បន្ន​នេះ។

លោក សេក សុជាតិ លើកឡើង​ថា ប្រសិនបើ​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ចង់​ឱ្យ​កម្ពុជា​មាន​ធនធាន​មនុស្ស​កាន់តែ​ច្រើន​ដែល​ជា​មូលដ្ឋានគ្រឹះ​មួយ​សម្រាប់​អភិវឌ្ឍ​ប្រទេស​ជាតិ រដ្ឋាភិបាល​ត្រូវតែ​ដាក់​ចេញ​នូវ​គោលនយោបាយ​ដែល​អាច​ជួយ​ឱ្យ​ពលរដ្ឋ​មាន​ជីវភាព​ធូរធារ​ជា​មុន​សិន នៅ​ពេល​នោះ​ទោះ​រដ្ឋាភិបាល​មិន​ប្រកាស​ឱ្យ​ពួកគាត់​យក​កូន​ច្រើន ក៏​ពួកគាត់​នឹង​យក​កូន​ឱ្យ​បាន​ច្រើន​ដោយ​ខ្លួនឯង​ដែរ។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ​បញ្ជាក់​ថា ប្រសិនបើ​លោក ហ៊ុន ម៉ាណែត គ្រាន់តែ​ប្រកាស​ពី​ការ​បាត់បង់​កម្លាំង​ពលកម្ម និង​បាត់បង់​ធនធាន​មនុស្ស​សម្រាប់​ប្រទេស​នៅ​ថ្ងៃ​អនាគត ប៉ុន្តែ​គ្មាន​ផែនការ​ជួយ​ធានា​ភាព​រីកចម្រើន​នៃ​ជីវភាព​របស់​ពលរដ្ឋ​ទេ នោះ​ការ​លើកឡើង​របស់​លោក ហ៊ុន ម៉ាណែត គ្រាន់តែ​ជា​ការ​ប្រកាស​បែប​ប្រជាភិថុតិ​តែប៉ុណ្ណោះ ព្រោះ​ថា​រាល់​ការ​ប្រកាស​ផែនការ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល សំខាន់​បំផុត​គឺ​ត្រូវ​មាន​គោលនយោបាយ និង​យន្តការ​សម្រាប់​អនុវត្ត​ផែនការ​នោះ ដើម្បី​ឱ្យ​ដល់​គោលដៅ​ដែល​ខ្លួន​បាន​កំណត់។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លោក វន់ ពៅ ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​ជំរុញ​ឱ្យ​ពលរដ្ឋ​យក​កូន​ច្រើន អាច​ធ្វើ​ទៅ​បាន​ត្រឹមតែ​ក្នុង​លក្ខខណ្ឌ​ដែល​ពលរដ្ឋ​មាន​សេដ្ឋកិច្ច​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​កូនៗ​របស់​ពួកគេ​ប៉ុណ្ណោះ។

លោក លោក វន់ ពៅ អះអាង​ថា ការ​ជំរុញ​ឱ្យ​ពលរដ្ឋ​យក​កូន​ច្រើន​ជា​រឿង​ត្រឹមត្រូវ ប្រសិនបើ​ពលរដ្ឋ​ទាំងអស់​មាន​លទ្ធភាព​ចិញ្ចឹម​កូន​គ្រប់គ្រាន់​លើ​ការ​សិក្សា​រៀនសូត្រ ការ​ផ្គត់ផ្គង់​អាហារូបត្ថម្ភ​បរិបូរណ៍​ដូច​ប្រទេស​ជិតខាង ដូចជា សិង្ហបុរី ម៉ាឡេស៊ី និង​ថៃ ជាដើម។

លោក​លើក​ជា​សំណួរ​ថា ក្នុង​ស្ថានភាព​ដែល​គេ​មើល​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​ដែល​មាន​កូន​ច្រើន​គឺ​គ្មាន​ជីវភាព​ធូរធារ​សម្រាប់​ចិញ្ចឹម​កូន ដូច្នេះ​នៅ​ពេល​ដែល​ពួកគាត់​មាន​កូន​ច្រើន តែ​ត្រូវ​រង​ទុក្ខ​លំបាក​ក្នុង​ការ​ចិញ្ចឹម​កូន​ដោយ​គ្មាន​ការ​គាំពារ​ពី​រដ្ឋាភិបាល តើ​ឱ្យ​ពួកគាត់​មាន​កូន​ច្រើន​ម្តេច​នឹង​កើត?៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស