27 C
Phnom Penh

វៀតណាម​ប្រកាស​ជោគជ័យ​សន្ទុះ​សេដ្ឋកិច្ច​ជាមួយ​សិទ្ធិ​អនុគ្រោះ​ពាណិជ្ជកម្ម​ពី​អាមេរិក​និង​អឺរ៉ុប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

វៀតណាម​ជា​ប្រទេស​មួយ​នៅ​អាស៊ី​អាគ្នេយ៍​ដែល​បន្ត​ប្រកាន់​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​ដោយ​ផ្អែក​លើ​ច្បាប់​ទម្លាប់​នៃ​របប​កុម្មុយនីស្ត។ តែ​ប្រទេស​ជិតខាង​ប្រទេស​កម្ពុជា​មួយ​នេះ​បើក​ចំហ​ទីផ្សារ​ពាណិជ្ជកម្ម​របស់​ខ្លួន​ជាមួយ​នឹង​ការ​សន្យា​គោរព​សិទ្ធិមនុស្ស និង​សេរីភាព​ជំនឿ​សាសនា ទាំង​ជនជាតិ​វៀតណាម​ផ្ទាល់ និង​ជនជាតិ​ដើម​ភាគតិច​ទៀត​ផង។

ក្នុង​រយៈពេល ១០​ឆ្នាំ​ចុងក្រោយ ប្រទេស​ដែល​មាន​ក្បាលម៉ាស៊ីន​ដឹកនាំ​ចេញពី​បក្ស​តែ​មួយ​ដែល​ពុំ​មាន​អំណាច​បក្សពួក និង​សន្តតិវង្ស បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​រីក​លូតលាស់​ជា​ខ្លាំង។ លំហូរ​ទំនិញ​វៀតណាម​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​សេរី​បើក​ចំហ The European Union Vietnam Free Trade Agreement ឬ EVFTA បាន​ចុះ​កិច្ចព្រមព្រៀង​នឹង​គ្នា​កាលពី​ខែ​មិថុនា ឆ្នាំ​២០១៩ គឺជា​កូនសោ​បើក​ទីផ្សារ​អឺរ៉ុប​យ៉ាង​ធំ​ទូលាយ​ស្រូប​ទំនិញ​ពី​វៀតណាម។

តាមរយៈ​កិច្ចព្រមព្រៀង​នេះ វា​បាន​ផ្ដល់​ឱ្យ​វៀតណាម​នូវ​មោទកភាព​ក្នុង​ការ​ពង្រីក​កម្លាំង​សេដ្ឋកិច្ច​របស់​ខ្លួន​យ៉ាង​ខ្លាំង​នៅ​ក្នុង​តំបន់ រហូត​ទាញ​បាន​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ពី​សេដ្ឋកិច្ច​ខ្មែរ​ដែល​ប្រទេស​កម្ពុជា​រង​ទណ្ឌកម្ម ដោយសារតែ​សហភាព​អឺរ៉ុប​យក​ពន្ធ​នាំចូល​ពី​កម្ពុជា ២០​ភាគ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពិសេស EBA។ ថែម​លើស​ពី​នេះ​ទៀត អឺរ៉ុប​យក​ពន្ធ​នាំ​អង្ករ​ពី​ប្រទេស​កម្ពុជា ១០០​ភាគរយ ហើយ​រឹត​បន្តឹង​ការ​នាំ​អង្ករ​ពី​ស្រុក​ខ្មែរ​ទៀត​ផង គឺ​ដោយសារ​ប្រព័ន្ធ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ ដោយសារ​រដ្ឋ​អំណាច​សព្វថ្ងៃ​នៅ​កម្ពុជា​ត្រូវ​បាន​សហភាព​អឺរ៉ុប​ចាត់ទុក​ជា​ប្រព័ន្ធ​ម៉ាស៊ីន​រំលោភ​សិទ្ធិមនុស្ស និង​សេរីភាព​នយោបាយ​ទៅ​លើ​ក្រុម​ប្រឆាំង និង​សង្គម​ស៊ីវិល។

គេ​នៅ​ចាំ​បាន​ថា នៅ​ពេល​សហភាព​អឺរ៉ុប​ដកហូត​ពន្ធ​អនុគ្រោះ EBA ពី​កម្ពុជា ២០​ភាគរយ ដែល​ធ្វើ​ឱ្យ​កម្ពុជា​ត្រូវ​ចំណាយ​ពន្ធ​នាំចូល​ទៅ​ទីផ្សារ​អឺរ៉ុប​ជាច្រើន​រយ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ស្រាប់តែ​វៀតណាម​ឆក់​បាន​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​សេរី EVFTA ពី​សហភាព​អឺរ៉ុប។ អឺរ៉ុប​ជា​ទីផ្សារ​ដ៏​ធំ​នាំចូល​ពី​កម្ពុជា​ផ្នែក​សម្លៀកបំពាក់ និង​ស្បែកជើង រួម​ទាំង​អង្ករ​ផង​ដែរ។ តែ​ប្រទេស​កម្ពុជា​បាត់បង់​ឱកាស​នេះ​រយៈពេល​ជាង ៥​ឆ្នាំ​ហើយ។

តែ​បើ​គេ​និយាយ​អំពី​សហរដ្ឋ​អាមេរិក និង​វៀតណាម​វិញ គឺ​វៀតណាម​ក៏​ឆក់​យក​ឱកាស​ពី​ប្រទេស​កម្ពុជា​ដែរ។ បច្ចុប្បន្ន​នេះ សហរដ្ឋ​អាមេរិក គឺជា​ទីផ្សារ​ស្បៀង និង​វិស័យ​វាយនភណ្ឌ​កាត់ដេរ​ដ៏​ធំ​សម្រាប់​វៀតណាម។

នៅ​ពេល​កម្ពុជា​ធ្លាក់​ចុះ​ដោយសារតែ​វិបត្តិ​នយោបាយ ក្រោយពី​បក្ស​កាន់​អំណាច​ប្ដឹង​តុលាការ​កំពូល​របស់​ខ្លួន​រំលាយ​បក្ស​ប្រឆាំង​ធំ​ជាងគេ​មក គឺ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ឆ្នាំ​២០១៧ នាំ​ឱ្យ​កម្លាំង​វិនិយោគ​សម្រុក​ទៅ​វៀតណាម។ ទីបំផុត វៀតណាម​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​អាមេរិក​ក្នុង​ការ​នាំ​ទំនិញ​វៀតណាម​ចូល​ទីផ្សារ​អាមេរិក​ដោយ​អត្រា​ពន្ធ​ទាប​បំផុត ឬ​សឹងតែ​ពុំ​មាន។

ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ដែល​គេ​ហៅថា GSP វៀតណាម​បាន​ទទួល​ពី​អាមេរិក​នៅ​ពេល​កម្ពុជា​ដើរ​ថយ​ក្រោយ​ប្រព័ន្ធ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស។ នៅ​មុន​ទទួល​បាន GSP វៀតណាម និង​អាមេរិក​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ទ្វេភាគី​ទូលំទូលាយ BTA រួច​ទៅ​ហើយ។

តាម​អ្នកជំនាញ​សេដ្ឋកិច្ច​នៅ​ក្នុង​ប្លុក​អាស៊ាន សេដ្ឋកិច្ច​វៀតណាម​ដែល​មាន​សន្ទុះ​ខ្លាំង​នេះ គឺ​ទី​មួយ​ទាញ​កម្លាំង​សេដ្ឋកិច្ច​ពី​កម្ពុជា ដោយ​យក​បាន​អ្នក​វិនិយោគទុន​បរទេស និង​ទី​ពីរ​មេដឹកនាំ​វៀតណាម​ចេះ​ដើរ​លើ​វិថី​ណា​ដែល​ជា​ប្រយោជន៍​របស់​ខ្លួន ហើយ​វិថី​ណា​ប៉ះពាល់​ដល់​ប្រយោជន៍​ជាតិ គេ​ត្រូវ​បោះបង់​ចោល​ភ្លាម ដោយ​មិន​ចង់​ឈ្នះ​ដៃគូ​ដែល​ផ្ដល់​ផល​ប្រយោជន៍​នោះ​ទេ។

យោង​តាម​ការិយាល័យ​ស្ថិតិ​ជាតិ​វៀតណាម​ក្នុង​ឆ្នាំ​២០២២ កំណើន​សេដ្ឋកិច្ច​វៀតណាម មាន​ចំនួន ៨%។ កំណើន​នេះ​ដែល​បាន​កើន​ខ្ពស់​លើស​ពី​ការ​រំពឹង​ទុក​របស់​រដ្ឋាភិបាល​វៀតណាម ដែល​បាន​ព្យាករ​ថា អាច​មាន​ត្រឹម ៦ ទៅ ៦,៥% ដែល​ពេលនេះ​លើស​ពី​ការ​ព្យាករ។ កំណើន​សេដ្ឋកិច្ច​វិជ្ជមាន​ដ៏​ខ្ពស់​បំផុត​សម្រាប់​វៀតណាម ដែល​ហក់​ឡើង​ខ្លាំង​រយៈពេល ៥​ឆ្នាំ​ចុងក្រោយ។

កាលពី​ឆ្នាំ​២០១៩ វៀតណាម​មាន​កំណើន​សេដ្ឋកិច្ច​ប្រមាណ ៧% ពោល​គឺជា​សន្ទុះ​ដែល​អ្នកវិភាគ​ទូទៅ​បាន​ចាត់ទុក​ថា​ជា​សន្ទុះ​ដ៏​ខ្លាំង​ជាងគេ​ក្នុង​ចំណោម​ប្រទេស​នៅ​តំបន់​អាស៊ី រាប់​ទាំង​កម្ពុជា​ដែល​ជា​ប្រទេស​មាន​ព្រំដែន​ជាប់​គ្នា ក៏ប៉ុន្តែ​ក្នុង​រវាង​ឆ្នាំ​២០២០ និង ២០២១ សេដ្ឋកិច្ច​វៀតណាម​មិន​ខុស​ពី​ប្រទេស​ផ្សេងៗ បាន​ជួប​ការ​លំបាក​ដោយសារតែ​វិបត្តិ​កូវីដ-១៩ តែ​សេដ្ឋកិច្ច​ប្រទេស​នេះ​នៅតែ​ហក់​ឡើង ៣% ខណៈ​ប្រទេស​ខ្លះ​ក្នុង​តំបន់​ធ្លាក់​ចុះ​ក្រោម​សូន្យ​ទៅ​ទៀត។

យោង​តាម​ការិយាល័យ​ស្ថិតិ​ជាតិ​វៀតណាម គឺ​ពេលនេះ​សេដ្ឋកិច្ច​វៀតណាម បាន​ងើប​ផុត​ពី​វិបត្តិ​កូវីដ-១៩ ហើយ។

នៅ​ពេល​ពិភពលោក​ជួប​ផលវិបាក​ដោយសារ​សង្គ្រាម​នៅ​អ៊ុយក្រែន សេដ្ឋកិច្ច​នៃ​បណ្ដា​ប្រទេស​សឹងតែ​ពេញ​ពិភពលោក​ជួប​ឱនភាព តែ​សេដ្ឋកិច្ច​វៀតណាម​ធ្លាក់​ចុះ​តិចតួច​ប៉ុណ្ណោះ គឺ​នៅ​ត្រីមាស​ទី​៤ ចុង​ឆ្នាំ​២០២២ ដោយ​ថយ​ចុះ​ត្រឹម ៥,៩%។ នេះ​បើ​តាម​សារព័ត៌មាន Vietnam News។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​ព្យាករ​ថា សេដ្ឋកិច្ច​វៀតណាម​អាច​មាន​កំណើន​ប្រមាណ ៧,៥% តែ​ទន្ទឹម​គ្នា​នេះ ធនាគារ ADB បាន​ព្យាករ​ថា នៅ​ឆ្នាំ​២០២៣ ខាងមុខ កំណើន​សេដ្ឋកិច្ច​វៀតណាម អាច​នឹង​មាន​ក្នុង​កម្រិត ៦,៣% ហើយ​អតិផរណា​ឡើង​ខ្ពស់ ធ្វើ​ឲ្យ​ទំហំ​នៃ​ការ​បញ្ជា​ទិញ​នៃ​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប និង​នៅ​សហរដ្ឋ​អាមេរិក​ជាដើម អាច​នៅ​ទ្រឹង​ថយ​ចុះ ដែល​នឹង​ជះ​ផល​អវិជ្ជមាន​ដល់​ការ​នាំចេញ​ទំនិញ​របស់​វៀតណាម។

យោង​តាម​ការិយាល័យ​ស្ថិតិ​ជាតិ​វៀតណាម សេដ្ឋកិច្ច​វៀតណាម​នៅតែ​រឹងមាំ ហើយ​អាច​នឹង​ហក់​ឡើង​ថែម​ទៀត បើ​ពិភពលោក​បិទ​បញ្ចប់​ការ​ឆ្លង​កូវីដ ជាមួយ​នឹង​តម្លាភាព​នៃ​ការ​គ្រប់គ្រង​ពន្ធអាករ​បាន​កាន់តែ​ប្រសើរ​ឡើង។

វៀតណាម ជា​ប្រទេស​ប្រើ​ច្បាប់​បែប​កុម្មុយនីស្ត តែ​ប្រទេស​នេះ​ពុំ​សូវ​មាន​ឈ្មោះ​អាក្រក់​រឿង​អំពើពុករលួយ​នោះ​ទេ។ មន្ត្រី​ពុករលួយ គេ​ចាប់​ទៅ​ផ្ដន្ទាទោស​តាម​ច្បាប់​រហូត​ដល់​ប្រហារ​ជីវិត​ទៀត៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស