ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. បានទៅដល់ក្រុងប៉េកាំងហើយនៅថ្ងៃអង្គារ ទី៣ ខែមករា ឆ្នាំ២០២៣ នេះ ដែលលោកត្រូវជួបសមភាគីចិន លោកប្រធានាធិបតី ស៊ី ជីនពីង។
បើតាមសារព័ត៌មានចិន CGTN លោក Marcos Jr. នឹងវិលមកប្រទេសហ្វីលីពីន វិញនៅថ្ងៃព្រហស្បតិ៍ ទី៥ មករា។ នេះជាលើកដំបូងហើយដែលមេដឹកនាំហ្វីលីពីនរូបនេះទៅធ្វើទស្សនកិច្ចនៅក្រុងប៉េកាំង បន្ទាប់ពីលោកចូលកាន់តំណែងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ហើយទស្សនកិច្ចរបស់លោក Marcos Jr. ប្រព័ន្ធផ្សព្វផ្សាយចិន មិនបានចាត់ទុកថាជាទស្សនកិច្ចនៃមេដឹកនាំនៃសមាគមអាស៊ាននោះទេ។
នៅថ្ងៃពុធ លោក Marcos Jr នឹងបើកជំនួបជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង និងជួបផងដែរនាយករដ្ឋមន្ត្រី លឺ កែឈាង រួមទាំងប្រធានសភាប្រជាជនចិន Li Zhanshu។ វត្តមានរបស់ប្រធានាធិបតីហ្វីលីពីន Marcos Jr នៅលើទឹកដីប្រទេសដ៏ធំនៅអាស៊ី ធ្វើឡើងក្នុងក្របខ័ណ្ឌរឹតចំណងមិត្តភាពទ្វេភាគីរវាងក្រុងប៉េកាំង និងក្រុងម៉ានីល។ តែជំនួបរវាងលោក ស៊ី និងលោក ម៉ាកូស គឺជាលើកទីពីរដែលអ្នកទាំងពីរបានជួបគ្នាម្ដងហើយកាលពីលោក ស៊ី មកចូលប្រជុំនៃក្រុមប្រទេសសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក នៅក្រុងបាងកក ប្រទេសថៃ កាលពីខែវិច្ឆិកា ឆ្នាំ២០២២។
អ្នកនាំពាក្យក្រសួងការបរទេសចិន Wang Wenbin បានថ្លែងនៅក្នុងសន្និសីទប្រចាំថ្ងៃថា មេដឹកនាំប្រទេសទាំងពីរនឹងមានការដោះដូរទស្សនៈគ្នាស៊ីជម្រៅអំពីចំណងមិត្តភាពទ្វេភាគី និងបញ្ហាក្នុងតំបន់។
អំឡុងទស្សនកិច្ចរបស់លោក ម៉ាកូស នៅក្រុងប៉េកាំង គេរំពឹងថាប្រទេសទាំងពីរនេះមានកិច្ចព្រមព្រៀងថ្មីៗពីចំនួន ១០ ទៅ ១៤ ត្រូវធ្វើឡើងដែលក្នុងនោះមានទាំងការពង្រីងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម វិស័យកសិកម្ម ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ វិស័យថាមពល និងសន្តិសុខសមុទ្រ។
នៅមុនពេលចេញដំណើរ លោក ម៉ាកូស ជូនីញើ បានថ្លែងថា លោកទន្ទឹងរង់ចាំជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដើម្បីដោះស្រាយនូវអ្វីដែលប្រទេសទាំងពីរកំពុងប្រឈមមុខដាក់គ្នា។
កាលពីសប្តាហ៍មុន មន្ត្រីក្រសួងការបរទេសហ្វីលីពីន បាននិយាយថា កិច្ចពិភាក្សារវាងលោក ម៉ាកូស ជាមួយលោក ស៊ី នឹងរួមបញ្ចូលសកម្មភាពរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូងផងដែរ។
តើមេដឹកនាំហ្វីលីពីនម្នាក់នេះអាចចិនទិញឧត្តមគតិបានដូចលោក ឌូទើតេ ឬទេ?
គេនៅចាំបានថា ក្រោយពីចូលកាន់តំណែងបានមិនដល់មួយឆ្នាំ លោក រ៉ូឌ្រីហ្គូ ឌូទើតេ ត្រូវបានមេដឹកនាំចិន ស៊ី ជីនពីង អញ្ជើញទៅធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំង។ នៅមុនការធ្វើដំណើរទៅទីក្រុងប៉េកាំង លោក ឌូទើតេ បាននិយាយដៀមដាមផ្លែផ្កាដាក់ឱ្យសហរដ្ឋអាមេរិក ដោយលោកនិយាយថា មិត្តជិតល្អជាងមិត្តឆ្ងាយ។ លោក ឌូទើតេ ចំអកទៀតថា សម័យនេះទៅហើយគេមិនដែលគិតថាមិត្តឆ្ងាយដឹងទុក្ខធុរៈជាងមិត្តជិតផ្ទះនោះទេ។
នៅពេលលោកត្រឡប់ពីទីក្រុងប៉េកាំងវិញ លោកបានស្ពាយប្រាក់ខ្ចីបុលពីចិន ៥០០លានដុល្លារសហរដ្ឋអាមេរិក ដែលលោក ឌូទើតេ ប្រកាសថាយកមកពង្រីក និងស្ដារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យសម្រាប់ប្រជាជនហ្វីលីពីន។
លោក ឌូទើតេ មានអារម្មណ៍សប្បាយចិត្តជាខ្លាំងដែលថាពេលនេះលោករាប់អានមិត្តជិតផ្ទះ គឺល្អជាងមិត្តនៅឆ្ងាយ។ នៅពេលដែលអ្នកសារព័ត៌មានសួរលោកថា តើលោកបានជំរុញឱ្យមេដឹកនាំចិន ស៊ី ជីនពីង អនុវត្តសាលដីកានៃមជ្ឈត្តការអន្តរជាតិដែលឱ្យហ្វីលីពីនមានសិទ្ធិចូលទៅកាន់កាប់ឡើងវិញដែនទឹករបស់ហ្វីលីពីន នៅប្រជុំកោះសស្កាបូរ៉ូ នៃសមុទ្រចិនខាងត្បូងដែរឬទេ? លោក ឌូទើតេ បានព្យាយាមថ្លែងពង្វាងសំណួរអ្នកសារព័ត៌មាន ហើយនិយាយថា ពេលនេះគេនិយាយអំពីមិត្តភាពយូរអង្វែង មិត្តភាពរាប់រយឆ្នាំទៅមុខទៀត គេមិនត្រូវនិយាយអំពីការបង្កឱ្យភាពប្រេះស្រាំមិត្តភាពនោះទេ។
លោក ឌូទើតេ មិនខ្វល់ចំពោះអ្នកនយោបាយប្រឆាំងដែលរិះគន់លោកដែលបំភ្លេចសាលដីកាឆ្នាំ២០១៦ នោះទេ។ តែបុរសខ្លាំងរូបនេះត្រូវក្រុមប្រឆាំងនៅហ្វីលីពីន ចាត់ទុកថាជាមេដឹកនាំចិនទិញឧត្តមគតិរួចទៅហើយ ខណៈនាវាល្បាតរបស់ចិនមិនបានចេញពីដែនទឹកដែលហ្វីលីពីនចោទចិនថារំលោភលើដែនទឹករបស់ខ្លួននោះ។
បន្ថែមលើនេះ លោក ឌូទើតេ ប្រមាថសាលក្រមឆ្នាំ២០១៦ នោះថា វាមិនខុសនឹងក្រដាសជូតមាត់នោះទេ គឺគ្មានន័យទេ គឺចិនគេមិនល្ងង់អនុវត្តតាមសេចក្ដីសម្រេចនេះទេ។
តែដល់ឆ្នាំទី៦ ជាឆ្នាំផុតអាណត្តិរបស់លោក ឌូទើតេ លោកភ្ញាក់ខ្លួនព្រើតដោយលោកខកចិត្តព្រោះចិនបញ្ជូននាវាល្បាត នាវាចម្បាំងចូលលុកលុយដែនកោះហ្វីលីពីនជាច្រើនកន្លែងទៀត ហើយទីបំផុត លោក ឌូទើតេ យល់ព្រមចាប់ដៃជាមួយសហរដ្ឋអាមេរិកវិញដោយសុំសហរដ្ឋអាមេរិកជួយការពារដែនទឹករបស់ហ្វីលីពីនផង។
លោក ឌូទើតេ បានហៅចិនជាមិត្តជិតផ្ទះ ហើយក៏ជាចោរជិតផ្ទះផងដែរ។ ចំណែកឯលោក ម៉ាកូស ជូនីញើ វិញនៅពេលលោកស្បថចូលកាន់តំណែងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លោកបានសច្ចាថា នឹងបង្ខំចិនឲ្យទទួលស្គាល់សេចក្ដីវិនិច្ឆ័យសម្រេចពីតុលាការអាជ្ញាកណ្ដាលអចិន្ត្រៃយ៍ (Permanent Court of Arbitration = PCA) នៅក្រុងឡាអេ ប្រទេសហុឡង់ដ៍ ឆ្នាំ២០១៦ ហើយព្រមានចិនថា ពេលនេះហ្វីលីពីនចាត់ទុកមិត្តឆ្ងាយ និងមិត្តជិតផ្ទះ គឺជាមិត្តដែលអាចជួយគ្នាបានទៅវិញទៅមក។ តែលោកបានហៅសហរដ្ឋអាមេរិក ថាជាមិត្តឆ្ងាយពីផ្ទះដែលជួយការពារហ្វីលីពីនបានចំពោះការឈ្លានពានពីសំណាក់ប្រទេសចិន។
លោកបានប្រាប់ទៅចិនថា លោករាប់អានចិន ចិនរាប់អានលោក តែសុំកុំចាត់ទុកលោកជាអាយ៉ងរបស់ចិនឱ្យសោះ។
អ្នកសង្កេតការណ៍មើលឃើញថា លោក ម៉ាកូស ជូនីញើ ទំនងជាមិនជ្រកក្រោមឥទ្ធិពលរបស់ចិន ឬលក់ឧត្តមគតិទៅឱ្យចិននោះទេ ព្រោះថាលោកឃើញលោក ឌូទើតេ ឆ្លងកាត់កន្លងមកជាមេដឹកនាំអាយ៉ងចិន ធ្វើឱ្យខូចផលប្រយោជន៍ហ្វីលីពីនទៅហើយនោះ៕