30 C
Phnom Penh

សង្គម​ស៊ីវិល​ថា​កម្ពុជា​អាច​រង​ការ​ដាក់​លក្ខខណ្ឌ​ពី​ប្រទេស​នានា​ដូច​ចិន បើ​គ្មាន​វិធានការ​ត្រួតពិនិត្យ​កូវីដ-១៩​ពី​ភ្ញៀវ​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ថា ប្រទេស​កម្ពុជា​អាច​នឹង​រង​នូវ​ការ​ដាក់​លក្ខខណ្ឌ​ពី​ប្រទេស​នានា​ដូច​ប្រទេស​ចិន​ដែរ ប្រសិនបើ​កម្ពុជា​គ្មាន​វិធានការ​ត្រួតពិនិត្យ​រក​វីរុស​កូវីដ-១៩ ពី​ភ្ញៀវ​ចិន ឬ​ភ្ញៀវ​ដែល​ឆ្លងកាត់​ប្រទេស​ចិន​ទេ​នោះ។

នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៤ មករា នេះ​ថា ប្រសិនបើ​កម្ពុជា​វិល​ទៅ​រក​ការ​ឆ្លង​ជំងឺ​នេះ​ឡើងវិញ​ដូច​ប្រទេស​ចិន ដែល​កំពុង​ផ្ទុះ​ឡើងវិញ​នៅ​ពេលនេះ គឺជា​ការ​លំបាក​បំផុត​មួយ​សម្រាប់​កម្ពុជា​ក្នុង​ការ​ស្ដារ​វិស័យ​ទេសចរណ៍​របស់​ខ្លួន ស្រប​ពេល​ដែល​ប្រទេស​ជិតខាង​នឹង​ស្រូប​ទាញ​ភ្ញៀវ​ទេសចរ​ទាំងនោះ​អំឡុង​ពេល​ដែល​ពួកគេ​អាច​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​នេះ​មាន​ប្រសិទ្ធភាព។

លោក មឿន តុលា លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​មិន​គួរ​ផ្ដោត​វិស័យ​ទេសចរណ៍​របស់​ខ្លួន​ទៅ​លើ​តែ​ភ្ញៀវ​ចិន​តែ​មួយ​មុខ​នោះ​ទេ ព្រោះ​ថា​ទេសចរ​ចិន​កន្លងមក​ក៏​មិន​បាន​ជួយ​ឱ្យ​វិស័យ​ទេសចរណ៍​កម្ពុជា​រីក​លូតលាស់​ប៉ុន្មាន​ដែរ។ ជាង​នេះ​ទៀត ប្រទេស​នានា​លើ​ពិភពលោក​ក៏​កំពុងតែ​មាន​ការ​ព្រួយបារម្ភ​ពី​ការ​ឆ្លង​វីរុស​កូវីដ-១៩ ពី​ប្រទេស​ចិន។

មន្ត្រី​ជាន់ខ្ពស់​សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា កម្ពុជា​អាច​ផ្ដោត​វិស័យ​ទេសចរណ៍​របស់​ខ្លួន​ទៅ​បណ្តា​ប្រទេស​ផ្សេងៗ ដែល​ធានា​នូវ​ការ​មិន​ចម្លង​វីរុស​កូវីដ-១៩ ដើម្បី​ធានា​សុវត្ថិភាព​របស់​ខ្លួន​ផង និង​ធានា​នូវ​ការ​ជំរុញ​វិស័យ​ទេសចរណ៍​របស់​ខ្លួន​ឱ្យ​ទៅ​មុខ​បាន​ឆាប់​រហ័ស​ផង​ដែរ។

កាលពី​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០២៣ ក្រសួង​ទេសចរណ៍​កម្ពុជា ប្រកាស​ថា ខ្លួន​នឹង​ពង្រឹង​គុណភាព​សេវាកម្ម​ដើម្បី​ត្រៀម​ទទួល​ភ្ញៀវ​ទេសចរ​ចិន​ឡើងវិញ​សម្រាប់​ឆ្នាំ​២០២៣ នេះ ក្នុង​នោះ​ក្រសួង​ក៏​បាន​លើក​ទឹកចិត្ត​ឱ្យ​អាជីវកម្ម​ទេសចរណ៍​ដែល​ទទួល​ទេសចរ​ចិន មក​ដាក់​ពាក្យ​ស្នើសុំ​ការ​ទទួលស្គាល់​គុណភាព​សេវាកម្ម​ទទួល​ទេសចរ​ចិន​ដោយ​ឥត​គិត​ថ្លៃ​នៅ​ទីស្ដីការ​ក្រសួង​ទេសចរណ៍​ផង​ដែរ។

ការ​សម្រេច​របស់​ក្រសួង​ទេសចរណ៍​នេះ ធ្វើឡើង​បន្ទាប់ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ស្វាគមន៍​អ្នក​ទេសចរ​បរទេស ជាពិសេស​ជនជាតិ​ចិន​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​ជា​ថ្មី​ទៀត​នៅ​ឆ្នាំ​២០២៣ នេះ ដោយ​លោក​រំពឹង​ថា កម្ពុជា​នឹង​ទទួល​បាន​អ្នក​ទេសចរ​ចិន ២​លាន​នាក់​ឡើងវិញ​ក្រោយ​ពេល​ចិន​បើក​ឱ្យ​ពលរដ្ឋ​ចេញ​ក្រៅ​ប្រទេស។

ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ខេត្ត​ក្រចេះ ក្រោម​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​ប្រជាមានិត​ចិន កាលពី​ថ្ងៃទី​២ ខែ​មករា ឆ្នាំ​២០២៣ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា មុន​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​សរុប ៦​លាន ៦​សែន​នាក់ ក្នុង​នោះ​ជនជាតិ​ចិន​ប្រហែល ២​លាន​នាក់។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បញ្ជាក់​ថា តាម​ការ​ព្យាករ​របស់​មន្ត្រី​ជំនាញ បើ​នៅ​ក្នុង​ឆ្នាំ​២០២៣ នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ ក្នុង​នោះ​មាន​ទាំង​ជនជាតិ​ចិន ចាប់ពី ៤​លាន​នាក់​ឡើង​ទៅ នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​រីក​លូតលាស់​ល្អ​ប្រសើរ​ឡើងវិញ។

យ៉ាងណាក៏ដោយ កាល​ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២២ ទីភ្នាក់ងារ​សារព័ត៌មាន Shine ចុះផ្សាយ​ថា បណ្តា​ប្រទេស​មួយ​ចំនួន ដូចជា​សហរដ្ឋ​អាមេរិក អ៊ីតាលី ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង និង​កោះ​តៃវ៉ាន់ ជាដើម បាន​តម្រូវ​ឱ្យ​អ្នក​ដំណើរ​មកពី​ប្រទេស​ចិន ធ្វើ​តេស្ដ​រក​ជំងឺ​កូវីដ-១៩ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​នេះ​ចូល​ទៅ​ក្នុង​ប្រទេស​របស់​ពួកគេ ខណៈ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ចុះផ្សាយ​កាលពី​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០២២ ថា ប្រទេស​ចិន​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្ទុះ​ឡើងវិញ​នៃ​ជំងឺ​កូវីដ-១៩​យ៉ាង​ធ្ងន់ធ្ងរ។

ទាក់ទិន​នឹង​បញ្ហា​នេះ អាកាសយានដ្ឋាន​ម៉ាលផេនសា (Malpensa) នៅ​ទីក្រុង​មីឡែន (Milan) ប្រទេស​អ៊ីតាលី ចាប់ពី​ថ្ងៃទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២២ មក បាន​ធ្វើ​តេស្ដ​រក​ជំងឺ​កូវីដ-១៩ សម្រាប់​អ្នក​ដំណើរ​ទាំងអស់​ដែល​ទៅ​ពី​ប្រទេស​ចិន ដោយ​មិន​គិត​ពី​សញ្ជាតិ។

ជុំវិញ​បញ្ហា​នេះ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោក Ned Price ធ្លាប់​បាន​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា លទ្ធភាព​នៃ​ការ​បំប្លែង​ខ្លួន​នៃ​វីរុស​ជំងឺ​កូវីដ​នៅ​ពេល​វា​ឆ្លង​រាតត្បាត​នៅ​ទូទាំង​ប្រទេស​ចិន​នោះ អាច​ជា​ការ​គំរាមកំហែង​មួយ​សម្រាប់​ប្រជាជន​នៅ​គ្រប់​ទីកន្លែង​ទាំងអស់៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស