34 C
Phnom Penh

អ្នក​ឃ្លាំមើល​អំពាវនាវ​ឱ្យ​លោក ហ៊ុន សែន យក​ទិវា​ជ័យជម្នះ​៧​មករា​ដោះលែង​អ្នកទោស​មនសិការ​ឱ្យ​មាន​សេរីភាព​ឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

វេទិកា​ពលរដ្ឋ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក អំពាវនាវ​ឱ្យ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន យក​ថ្ងៃ​ខួប​៤៤ នៃ​ទិវា​ជ័យជម្នះ ៧​មករា ដោះលែង​អ្នកទោស​មនសិការ​ទាំងអស់​ឱ្យ​មាន​សេរីភាព​ឡើងវិញ ដើម្បី​បញ្ជាក់​ថា​ពិត​ជា​ថ្ងៃ​ជ័យជម្នះ​របស់​ប្រជាជន​កម្ពុជា​ពិតប្រាកដ។

វេទិកា​ពលរដ្ឋ ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​៦ ខែ​មករា ឆ្នាំ​២០២៣ ដោយ​អំពាវនាវ​ឱ្យ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន យក​ថ្ងៃ​ខួប​៤៤ នៃ​ទិវា​ជ័យជម្នះ ៧​មករា នេះ​ដោះលែង​អ្នកទោស​មនសិការ​ទាំងអស់​ឱ្យ​មាន​សេរីភាព​ឡើងវិញ ដើម្បី​បញ្ជាក់​ប្រាប់​ពលរដ្ឋ​ខ្មែរ​ថា​ពិត​ជា​ថ្ងៃ​ជ័យជម្នះ​របស់​ប្រជាជន​កម្ពុជា​ប្រាកដ​មែន។

សេចក្តី​ថ្លែងការណ៍​ដដែល​អះអាង​ថា បើ​យោង​តាម​ការ​អះអាង​របស់​លោក ហ៊ុន សែន ដែល​ថា​គាត់​កំពុង​ដឹកនាំ​កម្ពុជា​ឲ្យ​មាន​សន្តិភាព និង​ឯករាជ្យ​នោះ មេដឹកនាំ​ខ្មែរ​រូប​នេះ​មិន​គួរ​មាន​ហេតុផល​អ្វី​បន្ត​ឃុំ​ខ្លួន​អ្នកទោស​មនសិការ​ដែល​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ពុំ​មាន​កំហុស​ទៀត​ឡើយ។

អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​មូលដ្ឋាន​នៅ​ក្រៅ​ស្រុក​ដដែល​នេះ ជំរុញ​ឱ្យ​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន កែប្រែ​ការ​ដឹកនាំ​របស់​ខ្លួន​ឡើងវិញ​នៅ​ពេលនេះ ដើម្បី​បន្សល់​កេរ្តិ៍​ឈ្មោះ​ល្អ​ក្នុង​ប្រវត្តិសាស្ត្រ និង​សម្រាប់​ក្រុម​គ្រួសារ​ត្រកូល «ហ៊ុន» របស់​លោក​ទៅ​ថ្ងៃ​អនាគត ព្រោះ​ថា​មាន​តែ​ការ​ផ្សះផ្សា​ជាតិ​ឯង​ប៉ុណ្ណោះ ទើប​អាច​ដោះស្រាយ​វិបត្តិ​ជាតិ​ដែល​កំពុង​ជាប់​គាំង​ឱ្យ​ទៅ​ជា​ប្រយោជន៍​សម្រាប់​ជាតិ​ខ្មែរ​ទាំងមូល​បាន។

អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ថ្លែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ពិត​ជា​មិន​ភ្លេច​ទេ​នូវ​សោកនាដកម្ម​ដែល​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត បាន​សម្លាប់​ពលរដ្ឋ​ស្លូតត្រង់​អស់​ប្រមាណ​ជា ២​លាន​នាក់។ កេរ​ដំណែល​ថ្ងៃ​៧ មករា ហ៊ុន សែន-វៀតណាម បាន​បន្សល់​នូវ​ស្តូប​ដឹងគុណ​វៀតណាម​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស​កម្ពុជា​ទៅ​ហើយ។ លោក​ថា ស្តូប​ទាំងនេះ​កំពុងតែ​ត្រូវ​បាន​បង្កើត​ទៅ​ជា​ទីតាំង​មូលដ្ឋាន​របស់​សមាគម​វៀតណាម ដែល​មាន​ទាំង​កម្លាំង​រដ្ឋបាល និង​កម្លាំង​ប្រដាប់​អាវុធ​ដែល​ពួកគេ​មាន​អំណាច​ស្មើ​គ្នា​នឹង​អាជ្ញាធរ​មូលដ្ឋាន​ខ្មែរ​ដែរ។

លោក​បន្ត​ថា នេះ​គឺជា​សញ្ញា​ដ៏​អាក្រក់​បំផុត​មួយ​សម្រាប់​ប្រទេស​កម្ពុជា​ដែល​នឹង​ត្រូវ​បន្ត​ទៅ​ដំណាក់កាល​លោក ហ៊ុន ម៉ាណែត-វៀតណាម ដើម្បី​ជំនួស​លោក ហ៊ុន សែន។

អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily ថា ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩ ដែល​បក្ស​កាន់​អំណាច​អះអាង​ថា​ជា​ថ្ងៃ​ជ័យជម្នះ​សម្រាប់​ប្រទេស​កម្ពុជា គ្រាន់តែ​ជា​ការ​លើកឡើង​របស់​ក្រុម​អ្នក​កាន់​អំណាច​តែ​ម្ខាង​ប៉ុណ្ណោះ ខណៈ​ប្រជាពលរដ្ឋ​ខ្មែរ​នៅតែ​ចាត់ទុក​ថា​ជា​ថ្ងៃ​ដែល​កងទ័ព​វៀតណាម បាន​ចូល​ឈ្លានពាន​ទឹកដី​កម្ពុជា​តាមរយៈ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ដឹកនាំ​ដោយ​មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប​កាលពី ៣៨​ឆ្នាំ​មុន​នោះ។

លោក មាជ សុវណ្ណារ៉ា បញ្ជាក់​ថា ថ្ងៃ​៧ មករា គឺជា​ថ្ងៃ​ជោគជ័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​វៀតណាម ប៉ុន្តែ​បើ​គ្មាន​កិច្ចព្រមព្រៀង​អន្តរជាតិ​នៅ​ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ ដែល​គេ​ហៅថា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ទេ កម្ពុជា​នៅ​ពេលនេះ​បាន​ក្លាយ​ជា​ប្រទេស​មួយ​ដែល​ចំណុះ​ឱ្យ​ប្រទេស​វៀតណាម ដូច​ទឹកដី​កម្ពុជា​ក្រោម​សព្វថ្ងៃ​នេះ​ជាក់​ជាមិនខាន។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២២ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន អះអាង​ថា​ថ្ងៃ​ជ័យជម្នះ ៧​មករា គឺ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ផ្តល់​កំណើត​លើក​ទី​ពីរ​ដល់​ប្រជាជន​ខ្មែរ​គ្រប់ៗ​រូប​ដែល​គ្មាន​អ្នក​ណា​អាច​បដិសេធ​បាន​ឡើយ។

កាលពី​ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០២៣ បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​ក្នុង​វត្ត​ឧត្តមសាមគ្គី ហៅ​វត្ត​វាលកន្សែង ស្ថិត​ក្នុង​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ថា គុណ​បំណាច់​ជ័យជម្នះ​ថ្ងៃ​៧ មករា របស់​គណបក្ស​ប្រជាជន​កម្ពុជា នឹង​បន្ត​ស្ថិត​ដក់​ជាប់​ក្នុង​ក្រអៅ​បេះដូង​របស់​ប្រជាជន​ខ្មែរ​គ្រប់​រូប ដែល​ទទួល​បាន​ការ​ជួយ​សង្គ្រោះ​អាយុជីវិត​ឲ្យ​រួច​ផុត​ពី​ការ​កាប់​សម្លាប់​ក្នុង​របប​វាល​ពិឃាត​ដ៏​សាហាវ​យង់ឃ្នង។

កូនប្រុស​ច្បង​របស់​អតីត​មេ​កម្មាភិបាល​ខ្មែរក្រហម លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា កម្ពុជា​ដែល​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​លោក ហ៊ុន សែន ជា​អ្នក​ដឹកនាំ គឺ​ធានា​បាន​នូវ​ការ​ថែរក្សា​សុខ​សន្តិភាព សាមគ្គីភាព​ជាតិ និង​ទប់ស្កាត់​កុំ​ឱ្យ​របប​ប្រល័យ​ពូជសាសន៍​វិល​ត្រឡប់​មក​ដឹកនាំ​កម្ពុជា​ដូច​ដែល​កម្ពុជា​ធ្លាប់​បាន​ទទួល​រងគ្រោះ​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ កន្លងមក។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ពេល​ថ្មីៗ​នេះ ស្ថានទូត​វៀតណាម ប្រចាំ​នៅ​កម្ពុជា អះអាង​ថា ជ័យជម្នះ​នៅ​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ ដែល​អាច​ជួយ​សង្គ្រោះ​ប្រជាជន​កម្ពុជា​ពី​អំពើ​ប្រល័យ​ពូជសាសន៍ ដោយ​បាន​ទទួល​មក​វិញ​នូវ​សិទ្ធិ​រស់​រាន​មាន​ជីវិត និង​សិទ្ធិ​ជា​មនុស្ស គឺ​ដោយសារ​បក្ស​កុម្មុយនីស្ត​វៀតណាម ជាមួយ​កងទ័ព និង​ប្រជាជន​វៀតណាម ដែល​បាន​អនុវត្ត​សិទ្ធិ​ស្រប​ច្បាប់​ជួយ​សង្គ្រោះ​ប្រជាជន​កម្ពុជា​ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស