31 C
Phnom Penh

ក្រសួង​វប្បធម៌​ស្នើ​ចាត់​វិធានការ​អ្នក​ដែល​យក​បទ​ឈាម​បាតុករ​ទៅ​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ឡើង​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ អ្នកស្រី ភឿង សកុណា បាន​សរសេរ​លិខិត​ជូន​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន សុំ​ឲ្យ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​អ្នក​ដែល​យក «បទ​ឈាម​បាតុករ» ទៅ​ផ្សព្វផ្សាយ​ឡើងវិញ​លើ​បណ្ដាញ​សង្គម បន្ទាប់ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​យក​ទៅ​បង្ហោះ​នៅ​ថ្ងៃ​ខួប ៩​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​បង្ក្រាប​យ៉ាង​ហិង្សា​រវាង​កងកម្លាំង​រដ្ឋាភិបាល​ទៅ​លើ​ក្រុម​បាតុករ​ដែល​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល ១៦០​ដុល្លារ។

យោង​តាមរយៈ​លិខិត​ដែល​ចុះ​កាលបរិច្ឆេទ​នៅ​ថ្ងៃទី​៦ ខែ​មករា ឆ្នាំ​២០២៣ រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ជម្រាប​លោក​អគ្គស្នងការ​ថា បទ​ឈាម​បាតុករ​មាន​ខ្លឹមសារ​អុជអាល និង​ញុះញង់ ដែល​អាច​បង្ក​អសន្តិសុខ​ដល់​សង្គម។ អ្នកស្រី​ថា បទ​នេះ​ធ្លាប់​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ បិទ​មិន​ឲ្យ​ចាក់​ផ្សាយ​ម្តង​រួច​មក​ហើយ។

បទ «ឈាម​បាតុករ» ដែល​មាន​រយៈពេល​ជាង ៤​នាទី និពន្ធ និង​ច្រៀង​ដោយ​តារា​ចម្រៀង​រ៉េប គឺ​លោក គា សុគន្ធ បាន​រៀបរាប់​អំពី​ព្រឹត្តិការណ៍ ៩​ឆ្នាំ​មុន​ដែល​កម្លាំង​រដ្ឋាភិបាល​របស់​បុរស​ខ្លាំង លោក ហ៊ុន សែន បង្ក្រាប​ទៅ​លើ​ក្រុម​បាតុករ​ដែល​ទាមទារ​ប្រាក់ខែ ១៦០​ដុល្លារ​របស់​កម្មករ​កម្មការិនី​នៅ​លើ​កំណាត់​ផ្លូវ​វ៉េងស្រេង និង​នៅ​មុខ​រោងចក្រ​យ៉ាកជីន។

ក្នុង​ការ​បង្ក្រាប​ដ៏​ហិង្សា​នៅ​ក្បែរ​រោងចក្រ​យ៉ាកជីន គឺ​កម្លាំង​កងពលតូច​ទ័ព​ពិសេស​ឆត្រ​យោង​៩១១ របស់​លោក ចាប ភក្តី បាន​ចាប់​ខ្លួន​មនុស្ស ១០​នាក់ ក្នុង​ចំណោម​នោះ​ក៏​មាន​ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន និង​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ ផង​ដែរ។ ចំណែក​ការ​បាញ់​បង្ក្រាប​នៅ​លើ​ផ្លូវ​វ៉េងស្រេង​វិញ ប្រព្រឹត្ត​ដោយ​កងកម្លាំង​ចម្រុះ​រដ្ឋាភិបាល​បណ្ដាល​ឲ្យ​កម្មករ​ចំនួន ៤​នាក់​ស្លាប់ ម្នាក់​បាត់​ខ្លួន និង​កម្មករ​ជិត ៤០​នាក់​រង​របួស ហើយ ១៣​នាក់​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន។

នៅ​ថ្ងៃ​ខួប ៩​ឆ្នាំ​នៃ​ការ​បង្ក្រាប​ដោយ​ហិង្សា​របស់​អង្គការ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) បាន​បង្ហោះ​បទ​ចម្រៀង «ឈាម​បាតុករ» នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន។

អង្គការ​សង់ត្រាល់​បាន​សរសេរ​ថា នៅ​ថ្ងៃ​គម្រប់​ខួប ៩​ឆ្នាំ​ក្រោយពី​កងកម្លាំង​ចម្រុះ​បាន​បាញ់​រះ​ទៅ​លើ​កម្មករ​ដែល​កំពុង​តវ៉ា​នៅ​មហាវិថី​វ៉េងស្រេង កាលពី​ដើម​ឆ្នាំ​២០១៤ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ណាស់ ៤​នាក់ និង​បណ្តាល​ឱ្យ​មនុស្ស​យ៉ាងតិច​ណាស់ ៣៨​នាក់​ផ្សេង​ទៀត​រង​របួស។ ក្មេងប្រុស​ម្នាក់​ឈ្មោះ ខឹម សាផាត ដែល​កាលនោះ​មាន​អាយុ ១៥​ឆ្នាំ បាន​បាត់​ខ្លួន​មក​ទល់​សព្វថ្ងៃ ដោយ​កុមារា​នោះ​ត្រូវ​បាន​គេ​ឃើញ​ចុងក្រោយ​ដោយ​មាន​អាការៈ​ហូរ​ឈាម​ដោយសារ​ត្រូវ​គ្រាប់​កាំភ្លើង។

អង្គការ​សង់ត្រាល់​បាន​សរសេរ​ថា រហូត​មក​ដល់​ពេលនេះ នៅ​មិនទាន់​មាន​ការ​ចាត់​វិធានការ​លើ​ជនល្មើស​ដែល​បាន​បាញ់​សម្លាប់​លោក គឹម ផាលាប លោក សាម រ៉ាវី លោក យាន រឹទ្ធី និង​លោក ផេង កុសល និង​ការ​ធ្វើ​ឱ្យ​កុមារា ខឹម សាផាត បាត់​ខ្លួន​នោះ​ទេ។ ផ្ទុយទៅវិញ កម្មករ​និង​អ្នក​ការពារ​សិទ្ធិមនុស្ស​ចំនួន ២៣​នាក់ បែរ​ជា​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន ចោទប្រកាន់ និង​ផ្ដន្ទាទោស​ដោយ​មិន​ត្រឹមត្រូវ​ពី​បទល្មើស​មួយ​ចំនួន​ទាក់ទង​នឹង​ការ​ធ្វើ​បាតុកម្ម​ទៅវិញ។

អង្គការ​សង់ត្រាល់ ក៏​នៅ​បន្ត​អំពាវនាវ​ឱ្យ​មាន​យុត្តិធម៌​សម្រាប់​អ្នក​ដែល​បាន​រង​របួស ស្លាប់ និង​អ្នក​ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន ចោទប្រកាន់ និង​ផ្ដន្ទាទោស​ដោយ​មិន​ត្រឹមត្រូវ ក៏ដូចជា​កុមារា ខឹម សាផាត ដែល​បាន​បាត់​ខ្លួន។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា យល់​ថា​ចំពោះ​ការ​បង្ហោះ​បទ​ចម្រៀង​ដើម្បី​រម្លឹក​ខួប ៩​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​បង្ក្រាប​ដោយ​ហិង្សា​នោះ ដើម្បី​រំលឹក​ទៅ​ដល់​អ្វី​ដែល​បាន​កើតឡើង​កន្លងមក​តែប៉ុណ្ណោះ។

លោក​បន្ត​ទៀត​ថា ក្នុង​នាម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​ការងារ​សិទ្ធិមនុស្ស ពុំ​មាន​ចេតនា​ណា​មួយ​ធ្វើ​ឲ្យ​មាន​ការ​បង្ក​អសន្តិសុខ​ដល់​សង្គម​ដូច​ការ​លើកឡើង​របស់​ក្រសួង​វប្បធម៌​នោះ​ទេ ក្រៅ​តែ​អំពី​ជំរុញ​ទៅ​ដល់​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ ដើម្បី​ស្វែងរក​ការពិត និង​ផ្តល់​យុត្តិធម៌​ទៅ​ដល់​ក្រុម​កម្មករ​ដែល​បាន​រង​របួស និង​បាត់បង់​ជីវិត ដើម្បី​បញ្ចប់​អំពើ​និទ្ទណ្ឌភាព​នៅ​ក្នុង​សង្គម​កម្ពុជា និង​ទប់ស្កាត់​កុំ​ឲ្យ​រឿង​នេះ​កើតមាន​ឡើង​បន្ត​ទៅ​ទៀត៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស