25 C
Phnom Penh

អ្នក​ឃ្លាំមើល៖ បទល្មើស​គ្រឿងញៀន​កើន​ទ្វេដង​ជា​សញ្ញា​គ្រោះថ្នាក់​ដល់​សង្គម​និង​ធនធាន​មនុស្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ទំហំ​នៃ​ការ​រឹបអូស និង​ឃាត់​ខ្លួន​អ្នក​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​នៅ​ឆ្នាំ​នេះ​បាន​កើនឡើង​ទ្វេដង បើ​ធៀប​នឹង​ឆ្នាំ​២០២១ បង្ហាញ​ពី​សញ្ញា​គ្រោះថ្នាក់ និង​គំរាម​កំហែង​ខ្លាំង​ដល់​យុវជន និង​សង្គម​ជាតិ​កម្ពុជា​បច្ចុប្បន្ន និង​អនាគត។

ការ​លើកឡើង​នេះ បន្ទាប់ពី​សេចក្តី​រាយការណ៍​របស់​អាជ្ញាធរ​ជាតិ​បង្ហាញ​ថា ក្នុង​ឆ្នាំ​២០២២ កន្លងទៅ សមត្ថកិច្ច​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​ទូទាំង​ប្រទេស​បាន​ជិត ៦៣០០​ករណី (៦២៩០​ករណី) ឃាត់​ខ្លួន​មនុស្ស​ជិត ១​ម៉ឺន ៥​ពាន់​នាក់ (១៤៧៨៤​នាក់) និង​រឹបអូស​បាន​គ្រឿងញៀន​ជាច្រើន​ប្រភេទ​ជិត ១៥​តោន។

តួលេខ​នេះ បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ថា បទល្មើស​គ្រឿងញៀន​នៅ​កម្ពុជា​បាន​កើនឡើង​ទ្វេដង បើ​ធៀប​នឹង​ឆ្នាំ​២០២១ សមត្ថកិច្ច​រឹបអូស​គ្រឿងញៀន​ជាង ៤​តោន​តែប៉ុណ្ណោះ។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ កត់សម្គាល់​ថា ទំហំ​នៃ​ការ​រឹបអូស និង​អ្នក​ញៀន​គ្រឿងញៀន​នៅ​ឆ្នាំ​នេះ​បាន​បង្ហាញ​ពី​សញ្ញា​គ្រោះថ្នាក់ និង​គំរាម​កំហែង​ខ្លាំង​ដល់​យុវជន និង​សង្គម​ជាតិ​កម្ពុជា​បច្ចុប្បន្ន និង​អនាគត។

លោក​ថា កត្តា​ដែល​ជំរុញ​ឲ្យ​បទល្មើស​គ្រឿងញៀន​កើនឡើង​បណ្ដាល​មកពី​ការ​បង្ការ និង​អប់រំ​មិន​មាន​ប្រសិទ្ធភាព ខណៈ​វិធានការ​បង្ក្រាប​វិញ លោក​មើល​ឃើញ​ថា​មាន​សន្ទុះ​ខ្លាំង ប៉ុន្តែ​នៅ​មិន​អាច​ផ្ដាច់​ឫសគល់​នៃ​ការ​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​បាន។

ជាមួយ​គ្នា​នេះ ការ​ចូលរួម​របស់​ភាគី​ពាក់ព័ន្ធ​នៅ​មាន​កម្រិត​ទាប ដែល​ធ្វើ​ឲ្យ​វិធានការ​ទប់ស្កាត់​បទល្មើស​ពី​គ្រឿងញៀន​មិន​មាន​ប្រសិទ្ធភាព​ផង​ដែរ។

លោក សន ជ័យ ស្នើ​ទៅ​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ពិនិត្យ​មើល​ពី​រចនាសម្ព័ន្ធ​ដឹកនាំ និង​យុទ្ធសាស្ត្រ​របស់​ខ្លួន​ឡើងវិញ ដោយ​សិក្សា​ពី​បទពិសោធន៍​ពី​ប្រទេស​ជិតខាង​ដែល​អនុវត្ត ហើយ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន។

ជុំវិញ​រឿង​នេះ កាលពី​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២២ លោក ស ខេង ជំរុញ​ឲ្យ​សមត្ថកិច្ច​យកចិត្ត​ទុកដាក់​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នៅ​តាម​សហគមន៍ ភូមិ ឃុំ សង្កាត់ ដោយ​ថា​គ្រឿងញៀន​ជា​សត្រូវ​ធំ​បំផុត​នៃ​ការ​អភិវឌ្ឍ​ធនធាន និង​ការ​រក្សា​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ។

លោក​បញ្ជាក់​ថា ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ​ជិត ៤​ម៉ឺន​នាក់​នៅ​ពន្ធនាគារ​ទូទាំង​ប្រទេស ក្នុង​នោះ​ចំនួន ៥០% ពួកគេ​ជាប់​ឃុំ​ដោយសារ​បទល្មើស​គ្រឿងញៀន ខណៈ​មួយ​ថ្ងៃ សមត្ថកិច្ច​ឃាត់​ខ្លួន​អ្នក​ប្រើប្រាស់ និង​ជួញដូរ​ចន្លោះ​ពី ១០ ទៅ ២០​នាក់​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ទូទាំង​ប្រទេស ដែល​ពួកគេ​ភាគច្រើន​ជា​យុវជន​ផង​ដែរ។

លោក ស ខេង ជំរុញ​ឲ្យ​សមត្ថកិច្ច​យកចិត្ត​ទុកដាក់​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នៅ​តាម​សហគមន៍ ភូមិ ឃុំ សង្កាត់ ដោយ​ថា​គ្រឿងញៀន​ជា​សត្រូវ​ធំ​បំផុត​នៃ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស និង​ការ​រក្សា​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ។

តែ​យ៉ាងណា វិធានការ​ទប់ស្កាត់​គ្រឿងញៀន​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់តាំងពី​ឆ្នាំ​២០១៧ ដល់​ចុង​ឆ្នាំ​២០២២ នេះ​ត្រូវ​បរាជ័យ ដោយសារ​បទល្មើស​គ្រឿងញៀន​នៅ​ក្នុង​កម្ពុជា​មិន​បាន​ថយ​ចុះ ផ្ទុយទៅវិញ​បែរ​ជា​បាន​បន្ត​កើនឡើង​ទ្វេដង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

បើ​តាម​អង្គការ​សហប្រជាជាតិ​ស្ដីពី​ឧក្រិដ្ឋកម្ម និង​គ្រឿងញៀន (UNODC) អំឡុង​ខែ​មិថុនា ឆ្នាំ​២០២១ បាន​បង្ហាញ​សេចក្តី​រាយការណ៍​ថ្មី​មួយ​រក​ឃើញ​ថា ប្រទេស​កម្ពុជា​ជា​គោលដៅ​ចម្បង​នៃ​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ប្រើប្រាស់​ជា​ទីតាំង​សម្រាប់​ការ​ចរាចរ​គ្រឿងញៀន ផលិត កែច្នៃ និង​ចែកចាយ​បន្ត ដែល​ថា​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ទាំងនោះ​ភាគច្រើន​ជា​ជនជាតិ​ចិន និង​ចិន​តៃវ៉ាន់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស