38.8 C
Phnom Penh

សង្គម​ស៊ីវិល៖ ការ​ទាមទារ​ឱ្យ​លុប​វីដេអូ​ឈាម​បាតុករ​បង្ហាញ​ថា​សេរីភាព​បញ្ចេញមតិ​រឹតត្បិត​ធ្ងន់ធ្ងរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ថា​ការ​ទាមទារ​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​លុប​វីដេអូ​ដែល​មាន​ចំណងជើង​ថា «ឈាម​បាតុករ» ដែល​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ព្រោងព្រាត​តាម​បណ្ដាញ​ទំនាក់ទំនង​ផ្សេងៗ​នៅ​ក្នុង​ខួប ៩​ឆ្នាំ​នៃ​ការ​បង្ក្រាប​ដោយ​ហិង្សា​ពី​សំណាក់​កម្លាំង​សមត្ថកិច្ច​រដ្ឋាភិបាល បង្ហាញ​ថា​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា​កំពុង​រង​ការ​រឹតត្បិត​ធ្ងន់ធ្ងរ។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១១ មករា នេះ​ថា ការ​បង្ហោះ​វីដេអូ​ដែល​មាន​បំណង​ទាមទារ​នូវ​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​ដែល​បាន​ស្លាប់ បាត់​ខ្លួន និង​រង​របួស​ក្នុង​ការ​បង្ក្រាប​ដោយ​ហិង្សា​កាលពី ៩​ឆ្នាំ​មុន មិនមែន​ជា​រឿង​ខុស​ច្បាប់ ឬ​នាំ​ឱ្យ​មាន​អសន្តិសុខ​ក្នុង​សង្គម​នោះ​ទេ តែ​បែរ​ជា​សមត្ថកិច្ច​ទាមទារ​ឱ្យ​លុប​វីដេអូ​នេះ​ទៅវិញ ខណៈ​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​ទាំងនោះ​នៅតែ​ស្ងាត់​សូន្យ​នៅឡើយ។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​លើកឡើង​ថា ការ​ជំរុញ​ឱ្យ​លុប​វីដេអូ​នេះ​ចេញពី​បណ្ដាញ​សង្គម​ផ្សេងៗ​ពី​សំណាក់​អាជ្ញាធរ អាច​ជា​ចេតនា​មួយ​ចង់​លុបបំបាត់​នូវ​ព្រឹត្តិការណ៍​ពិត​មួយ​ដែល​បាន​កើតឡើង​នៅ​កម្ពុជា ស្រប​ពេល​ដែល​ជនរងគ្រោះ​នៅតែ​ទន្ទឹង​រង់ចាំ​យុត្តិធម៌​ពី​សមត្ថកិច្ច​នៅឡើយ ខណៈ​អង្គការ​សង្គម​ស៊ីវិល​ដែល​បង្ហោះ​វីដេអូ​នេះ​ក៏​ចង់​ឱ្យ​ជនរងគ្រោះ​ទាំងនោះ​ទទួល​បាន​យុត្តិធម៌​ដូច​គ្នា​ដែរ។

លោក ស៊ឹង សែនករុណា ត្អូញត្អែរ​ថា រយៈពេល ៩​ឆ្នាំ​ដែល​ជនរងគ្រោះ​រង់ចាំ​យុត្តិធម៌​ពី​អាជ្ញាធរ​ខ្មែរ ប៉ុន្តែ​លទ្ធផល​គឺ​ត្រូវ​សមត្ថកិច្ច​តម្រូវ​ឱ្យ​លុប​វីដេអូ​ដែល​ជា​ឯកសារ​ពិត​របស់​ជនរងគ្រោះ​ពី​ការ​បង្ក្រាប​ដោយ​ហិង្សា​ទៅវិញ។

លោក​បញ្ជាក់​ថា ដើម្បី​បញ្ឈប់​នូវ​អំពើ​និទ្ទណ្ឌភាព​នានា សមត្ថកិច្ច​គ្មាន​ជម្រើស​ណា​ផ្សេង​ក្រៅតែ​ពី​ផ្តល់​យុត្តិធម៌​ជូន​ជនរងគ្រោះ​ឡើយ ដែល​ជា​ដំណោះស្រាយ​យ៉ាង​ពិតប្រាកដ និង​ជា​ការ​ធានា​នូវ​ការ​អនុវត្ត​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា​ដោយ​ត្រឹមត្រូវ​ផង​ដែរ។

កាលពី​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២៣ ក្រោយ​ការ​បំភ្លឺ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា អះអាង​ថា គោលបំណង​នៃ​ការ​បង្ហោះ​វីដេអូ​នោះ គឺ​មាន​បំណង​សំខាន់​៣៖

  1. ចង់​រំលឹក​ពី​ខួប ៩​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​ដែល​កងកម្លាំង​ចម្រុះ​បាញ់​សម្លាប់​បាតុករ និង​ប្រើ​ហិង្សា​លើ​បាតុករ
  2. ចង់​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ប្រកប​ដោយ​តម្លាភាព​ដែល​មាន​ការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់
  3. ចង់​ឱ្យ​មាន​ការ​បញ្ឈប់​រាល់​អំពើ​ហិង្សា​គ្រប់​រូបភាព​ដោយ​ប្តូរ​មក​វិញ​នូវ​ការ​ដោះស្រាយ​ដោយ​សន្តិវិធី។

ចំណែក​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លោក វន់ ពៅ លើកឡើង​ថា វីដេអូ​នេះ​មិនមែន​ជា​ឯកសារ​អាថ៌កំបាំង​អ្វី​ទេ ត្បិត​នរណាៗ​ក៏​គេ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​យូធូប​ព្រោងព្រាត​តាំងពី​ព្រឹត្តិការណ៍​នោះ​បាន​កើតឡើង​កាលពី​ឆ្នាំ​២០១៤ មក​ម្ល៉េះ។

លោក វន់ ពៅ បញ្ជាក់​ថា ការ​បង្ហោះ ឬ​ចែកចាយ​វីដេអូ​នេះ​ឡើងវិញ គឺ​គ្រាន់តែ​ដើម្បី​រំលឹក​ខួប​នៃ​ការ​បង្ក្រាប​លើ​ជនរងគ្រោះ និង​ដើម្បី​ទាមទារ​រក​យុត្តិធម៌​ឱ្យ​ពួកគេ​ប៉ុណ្ណោះ ព្រោះ​ថា​អស់​រយៈពេល ៩​ឆ្នាំ​ហើយ​ដែល​ជនរងគ្រោះ​ពី​ការ​បង្ក្រាប​ដោយ​ហិង្សា​នោះ មិន​ទាន់​ទទួល​បាន​នូវ​យុត្តិធម៌​ពី​អាជ្ញាធរ​ខ្មែរ​នៅឡើយ។

ដោយឡែក​នាយក​ទទួល​បន្ទុក​ចាត់ការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត អះអាង​ថា ការ​បង្ហោះ​វីដេអូ​នេះ គឺ​មាន​បំណង​ត្រឹមតែ​រំលឹក​ពី​ខួប ៩​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​ដែល​កងកម្លាំង​ចម្រុះ​បាញ់​សម្លាប់​បាតុករ និង​ប្រើ​ហិង្សា​លើ​បាតុករ ចង់​ឲ្យ​មាន​ការ​ស៊ើបអង្កេត និង​បញ្ឈប់​រាល់​អំពើ​ហិង្សា​ប៉ុណ្ណោះ មិនមែន​មាន​បំណង​ផ្សេង​ដូច​ការ​លើកឡើង​របស់​អាជ្ញាធរ​ដែល​ថា​មាន​ចេតនា​អុជអាល ញុះញង់ អាច​នឹង​បង្ក​អសន្តិសុខ សណ្ដាប់ធ្នាប់​ដល់​សង្គម​នោះ​ទេ។

កាលពី​អំឡុង​ឆ្នាំ​២០១៤ កងកម្លាំង​ចម្រុះ​របស់​រដ្ឋាភិបាល​កម្ពុជា បាន​បាញ់​រះ​ទៅ​លើ​កម្មករ​ដែល​កំពុង​តវ៉ា​នៅ​មហាវិថី​វ៉េងស្រេង ក្នុង​បំណង​សុំ​ដំឡើង​ប្រាក់ខែ ១៦០​ដុល្លារ ដែល​ធ្វើ​ឱ្យ​មនុស្ស ៤​នាក់​ស្លាប់ ៣៨​នាក់​ផ្សេង​ទៀត​រង​របួស និង​ក្មេងប្រុស​ម្នាក់​ឈ្មោះ ខឹម សាផាត បាន​បាត់​ខ្លួន​មក​ទល់​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស