27 C
Phnom Penh

លោក ហ៊ុន ម៉ាណែត៖ ផ្ទះ​យុវជន​ដើម្បី​មិត្តភាព​កម្ពុជា-ចិន​គឺ​បង្ហាញ​ពី​មិត្តភាព​ដែកថែប​រឹងមាំ​ទៅ​ថ្ងៃ​មុខ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី​បក្ស​កាន់​អំណាច លោក ហ៊ុន ម៉ាណែត អះអាង​ថា ការ​បង្កើត​ឱ្យ​មាន​ផ្ទះ​យុវជន​ដើម្បី​មិត្តភាព​កម្ពុជា-ចិន គឺ​បង្ហាញ​ពី​មិត្តភាព​ដែកថែប​រវាង​កម្ពុជា និង​ចិន ក្នុង​នាម​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នៃ​សហគមន៍​ដែល​មាន​វាសនា​រួម​គ្នា​កាន់តែ​រឹងមាំ​ថែម​ទៀត​ទៅ​ថ្ងៃ​មុខ។

កូនប្រុស​ច្បង​បុរស​ខ្លាំង​ក្រាញ​អំណាច​ត​ត្រកូល លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​សម្ពោធ​ផ្ទះ​យុវជន​ដើម្បី​មិត្តភាព​កម្ពុជា-ចិន ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០២៣ នេះ​ថា ផ្ទះ​យុវជន​ដើម្បី​មិត្តភាព​កម្ពុជា-ចិន​នេះ នឹង​ដើរ​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​ផ្លាស់ប្ដូរ​បទពិសោធន៍​រវាង​យុវជន​នៃ​ប្រទេស​ទាំង​ពីរ ដែល​នឹង​ជំរុញ​បន្ថែម​ទៀត​នូវ​មិត្តភាព​ជា​ប្រពៃណី និង​ការ​កសាង​អនាគត​រួម​គ្នា​ស្រប​តាម​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ។

លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ផ្ទះ​យុវជន​ដើម្បី​មិត្តភាព​កម្ពុជា-ចិន គឺជា​ឧទាហរណ៍​គំរូ​មួយ​ទៀត​នៃ​មិត្តភាព​ដែកថែប​រវាង​កម្ពុជា-ចិន ហើយ​ក៏​ជា​តឹកតាង​នៃ​ការ​ផ្សារភ្ជាប់ និង​ការ​បណ្ដុះ​ភាព​ជា​មិត្ត​រវាង​យុវជន​ជំនាន់​ក្រោយ​ក្នុង​នាម​ជា​មិត្ត​ល្អ និង​ជា​ដៃគូ​ល្អ​យូរ​អង្វែង​ទៅ​ថ្ងៃ​អនាគត​ផង​ដែរ។

កូនប្រុស​បង្កើត​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បញ្ជាក់​ថា ចិន និង​កម្ពុជា គឺជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​ជា​មិត្ត​ដែកថែប​ដែល​តែង​ឈរ​នៅ​ជាមួយ​គ្នា និង​ជួយ​គ្នា​ទៅវិញ​ទៅមក​នៅ​គ្រប់​កាលៈទេសៈ ទោះបី​ពេលនេះ​ប្រទេស​ចិន​បាន​រងគ្រោះ​ពី​ការ​រើសអើង​ជាច្រើន​នៃ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ ក៏ដោយ ក៏​កម្ពុជា​ត្រូវតែ​លើក​ទឹកចិត្ត​គ្នា និង​គាំទ្រ​គ្នា​ទៅវិញ​ទៅមក​ដែរ​ទាំង​ក្នុង​ន័យ​មិត្តភាព និង​មនុស្សធម៌។

អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ មករា នេះ​ថា ការ​បង្កើត​ឱ្យ​មាន​ផ្ទះ​យុវជន​ដើម្បី​មិត្តភាព​កម្ពុជា-ចិន​នេះ គឺ​ពិត​ជា​បង្ហាញ​ឱ្យ​ឃើញ​ពី​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ​រវាង​កម្ពុជា និង​ចិន ដូច​ការ​លើកឡើង​របស់​លោក ហ៊ុន ម៉ាណែត ប្រាកដ​មែន។

លោក គឹម សុខ លើកឡើង​ថា ផ្ទះ​យុវជន​ដើម្បី​មិត្តភាព​កម្ពុជា-ចិន​នេះ ក៏​ជា​រូបភាព​មួយ​ដែល​ពួកគេ​ចង់​បង្ហាញ​ថា ចិន​មិន​ត្រឹមតែ​គាំទ្រ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ​ក៏​នឹង​ជួយ​ជ្រោមជ្រែង​រដ្ឋាភិបាល​ជំនាន់​ថ្មី​ដែល​អាច​នឹង​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ដែរ។

ប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា រូបភាព​បង្ហាញ​ពី​ទំនាក់ទំនង​ស៊ីជម្រៅ​នេះ គឺ​ចិន​ធ្វើឡើង​ក្នុង​ចេតនា​បំពេញ​បំណង​លោក ហ៊ុន សែន ប៉ុណ្ណោះ នៅ​ពេល​ដែល​ក្រុម​គ្រួសារ​ត្រកូល «ហ៊ុន» កំពុង​កាន់កាប់​អំណាច​ពេញ​ដៃ ប៉ុន្តែ​ទៅ​ថ្ងៃ​អនាគត ប្រសិនបើ​មាន​ការ​ប្រែប្រួល​ផ្ទៃក្នុង​ជាតិ នោះ​ចិន​ក៏​អាច​នឹង​ពិចារណា​លើ​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ ដែល​អាច​នឹង​មិន​បន្ត​មិត្តភាព​ដែកថែប​ដូច​សព្វថ្ងៃ​នេះ​ទេ។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០២១ លោក ហ៊ុន សែន អះអាង​ថា ក្រោម​ការ​ជ្រោមជ្រែង​របស់​ចិន ធ្វើ​ឱ្យ​កម្ពុជា​មាន​ភាព​ឯករាជ្យ​ទាំង​នយោបាយ និង​សេដ្ឋកិច្ច​របស់​ខ្លួន ខុសពី​ប្រទេស​មួយ​ចំនួន​ដែល​តម្រូវ​ឱ្យ​កម្ពុជា​ធ្វើ​ទៅ​តាម​ការ​ចង់​បាន​របស់​ខ្លួន​ទៅវិញ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ឯករាជភាព​របស់​ខ្លួន​ក្នុង​នាម​ជា​រដ្ឋ​ដែល​មាន​អធិបតេយ្យ​មួយ​ពេញលេញ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​៣ ខែ​សីហា ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី អះអាង​ថា រដ្ឋាភិបាល​ចិន​បាន​ចាត់ទុក​លោក ហ៊ុន ម៉ាណែត ជា​អ្នក​បន្ត​វេន​ដែល​មាន​ភាព​ចាស់ទុំ និង​មាន​ចក្ខុវិស័យ​វែងឆ្ងាយ​សម្រាប់​កម្ពុជា​ទៅ​ថ្ងៃ​អនាគត។

បែប​នេះ​ក្តី ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២១ ថា លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា បើក​សន្និបាត​បក្ស​ដើម្បី​ជ្រើសរើស​លោក ហ៊ុន ម៉ាណែត ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​ខ្លួន​ទៅ​ថ្ងៃ​មុខ ប៉ុន្តែ​ចិន​មិន​បាន​ចេញ​មុខ​ប្រកាស​គាំទ្រ​លោក ហ៊ុន ម៉ាណែត នោះ​ទេ។

ប៉ុន្តែ​ការ​ប្រកាស​គាំទ្រ​បេក្ខជន​លោក ហ៊ុន ម៉ាណែត កាលពី​ចុង​ឆ្នាំ​២០២១ កន្លងទៅ គឺ​ស្រប​ពេល​ដែល​ចិន​កំពុង​ប្រឈម​នឹង​វិបត្តិ​នយោបាយ​ការទូត​យ៉ាង​ស្រួចស្រាល់​ជាមួយ​សហរដ្ឋ​អាមេរិក ដូច្នេះ​ការ​ប្រកាស​គាំទ្រ​លោក ហ៊ុន ម៉ាណែត នៅ​ពេល​នោះ ត្រូវ​គេ​សន្និដ្ឋាន​ថា ចិន​មាន​បំណង​យក​កម្ពុជា​ធ្វើ​កូនអុក​ដើម្បី​បម្រើ​ភូមិសាស្ត្រ​នយោបាយ​ប៉ុណ្ណោះ មិនមែន​ជា​មិត្ត​ដែកថែប​ដូច​ដែល​កម្ពុជា​ធ្លាប់​បាន​អះអាង​កន្លងមក​នោះ​ឡើយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស