29 C
Phnom Penh

សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​អនុម័ត​ច្បាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ដែល​ជាប់​គាំង​ជាង​១​ទសវត្ស​ឱ្យ​បាន​ឆាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ថា​ការ​ទាមទារ​របស់​អង្គការ​សង្គម​ស៊ីវិល​ឱ្យ​រដ្ឋាភិបាល​អនុម័ត​ច្បាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ដែល​បាន​ប្រើ​ពេល​ជាង ១​ទសវត្ស​ឱ្យ​បាន​ឆាប់ មិនមែន​ជា​រឿង​ជ្រុល​ហួសហេតុ​ដូច​ការ​លើកឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ​ឡើយ។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៦ មករា នេះ​ថា ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​នេះ​ត្រូវ​បាន​ចូលរួម​ត្រួតពិនិត្យ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាច្រើនលើក​ច្រើនសា​រួច​មក​ហើយ ខណៈ​ចំណុច​សេសសល់​គឺ​មាន​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ដូច្នេះ​ហើយ​បាន​ជា​អង្គការ​សង្គម​ស៊ីវិល​ចេះ​តែ​ចង់​ឱ្យ​រដ្ឋាភិបាល​អនុម័ត​ឱ្យ​បាន​ឆាប់ ដើម្បី​ធានា​នូវ​ការ​អនុវត្ត​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​សម្រាប់​ពលរដ្ឋ​ឱ្យ​បាន​កាន់តែ​លឿន។

លោក ស៊ឹង សែនករុណា អះអាង​ថា ការ​ប្រកាស​របស់​ប្រមុខ​រដ្ឋាភិបាល​ចំពោះ​ការ​អនុម័ត​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នៅ​ពេល​ខាងមុខ​នេះ គឺជា​សញ្ញា​វិជ្ជមាន​មួយ ប៉ុន្តែ​សង្គម​ស៊ីវិល​នឹង​បន្ត​តាមដាន និង​ត្រួតពិនិត្យ​ការ​អនុវត្ត​របស់​រដ្ឋាភិបាល​បន្ត​ទៀត ដើម្បី​ឱ្យ​ប្រាកដ​ថា សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ពលរដ្ឋ​នៅ​គ្រប់​មជ្ឈដ្ឋាន​ទូទៅ ពិត​ជា​ត្រូវ​បាន​ធានា​ពេញលេញ​ប្រាកដ​មែន។

មន្ត្រី​ជាន់ខ្ពស់​ទទួល​បន្ទុក​សិទ្ធិមនុស្ស​រូប​នេះ​បញ្ជាក់​ថា បើ​រដ្ឋាភិបាល​អនុម័ត​ច្បាប់​នេះ​ឱ្យ​កាន់តែ​ឆាប់ គឺ​កាន់តែ​ល្អ ព្រោះ​ច្បាប់​នេះ​គឺ​មាន​សារសំខាន់​ខ្លាំង​ណាស់​ចំពោះ​អ្នក​សារព័ត៌មាន​ក្នុង​ការ​ធានា​នូវ​សិទ្ធិ​អ្នក​ទាំងនោះ ដែល​ត្រូវ​មន្ត្រី​រដ្ឋាភិបាល​បដិសេធ​រាល់​ការ​សាកសួរ​របស់​ពួកគេ​ដើម្បី​ផ្សព្វផ្សាយ​ជូន​សាធារណជន​នា​ពេល​កន្លងមក។

កាលពី​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០២៣ បុរស​ខ្លាំង​លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​អ្នក​សារព័ត៌មាន​ថា ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​អាច​នឹង​ត្រូវ​អនុម័ត​នៅ​ចន្លោះ​ឆ្នាំ​២០២៤ ឬ​ឆ្នាំ​២០២៥ ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ពលរដ្ឋ​គ្រប់​រូប។

លោក ហ៊ុន សែន អះអាង​ថា ច្បាប់​នេះ​មាន​ការ​យឺតយ៉ាវ​គឺ​ដោយសារតែ​រដ្ឋាភិបាល​ត្រូវការ​មតិ​ប្រមូលផ្ដុំ​ឲ្យ​បាន​កាន់តែ​ច្រើន ដើម្បី​ជា​ប្រយោជន៍​សម្រាប់​មនុស្ស​ទូទៅ។ លោក​បន្ត​ថា នៅ​ពេលនេះ ច្បាប់​នេះ​កំពុង​ស្ថិត​ក្នុង​ដំណើរ​ពិភាក្សា​ទាក់ទង​ជាមួយ​បទល្មើស​ដែល​ត្រូវ​គាំទ្រ​ដោយ​ក្រសួង​យុត្តិធម៌។

កាលពី​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០២៣ អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន ២៤​ស្ថាប័ន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា ដោយ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​អនុម័ត​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​សេរីភាព​ទទួល​បាន​ព័ត៌មាន និង​ដើម្បី​លើក​កម្ពស់​សេវា​សាធារណៈ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​លើ​គ្រប់​វិស័យ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា សេចក្តី​ព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ​មាន​ភាព​យឺតយ៉ាវ​យ៉ាង​ខ្លាំង បើ​ប្រៀបធៀប​ទៅ​នឹង​ច្បាប់​ផ្សេងៗ​ទៀត ដូចជា​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ប្រទេស​ក្នុង​គ្រាអាសន្ន ច្បាប់​ស្ដីពី​ការ​កំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ​សម្រាប់​ប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ និង​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ទាក់ទង​នឹង​ការ​បង្កើត​រដ្ឋាភិបាល​ក្រោយ​ការ​បោះឆ្នោត ជាដើម ដែល​ច្បាប់​ទាំងនេះ​ត្រូវ​គេ​មើល​ឃើញ​ថា គឺ​សុទ្ធតែ​ដើម្បី​បម្រើ​ឱ្យ​ផល​ប្រយោជន៍​បក្ស​កាន់​អំណាច​ទាំងស្រុង។

អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Borders) បាន​ដាក់​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២២ ស្ថិត​ក្នុង​លំដាប់​លេខ​រៀង​ទី​១៤២ ក្នុង​ចំណោម​ប្រទេស​១៨០ ដែល​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​មិន​ល្អ​ដដែល ដោយសារតែ​គេ​រក​ឃើញ​ថា ស្ទើរតែ​គ្រប់​ករណី​ទាំងអស់ អ្នក​សារព័ត៌មាន​ត្រូវ​បាន​ផ្តាច់​ជីវិត​ក្នុង​ពេល​កំពុង​បំពេញ​ការងារ ជាពិសេស​នៅ​ពេល​ដែល​អ្នក​ទាំងនោះ​ស៊ើបអង្កេត​ទៅ​លើ​បញ្ហា​រសើប​នានា ដូចជា​បញ្ហា​អំពើពុករលួយ និង​រឿង​នយោបាយ​ដែល​ទាក់ទិន​ទៅ​នឹង​ការ​ដឹកនាំ​គ្មាន​តម្លាភាព​របស់​រដ្ឋាភិបាល ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស