27 C
Phnom Penh

សមាគម​គ្រូបង្រៀន​ប្រកាស​ដង្ហែ​ធម្មយាត្រា​ឆ្លងកាត់​ខេត្ត​ចំនួន​៥​ដើម្បី​លើក​កម្ពស់​សីលធម៌​សង្គម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ប្រកាស​ដង្ហែ​ក្បួន​ធម្មយាត្រា​ក្នុង​ចម្ងាយ​ផ្លូវ​ប្រមាណ​ជាង ២០០​គីឡូម៉ែត្រ​ឆ្លងកាត់​រាជធានី​ភ្នំពេញ និង​ខេត្ត​ចំនួន​៥ ជាប់​បឹង​ទន្លេសាប នៅ​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ខាងមុខ​នេះ ដើម្បី​លើក​កម្ពស់​សីលធម៌​សង្គម​ដែល​មាន​អ្នក​ចូលរួម​ហែ​ក្បួន​នេះ​យ៉ាងតិច​ចំនួន ៥០​នាក់។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី បាន​ដាក់​លិខិត​ជូន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង កាលពី​ថ្ងៃទី​១៦ មករា ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៧ មករា នេះ​ថា ផ្អែក​លើ​ជំពូក​ទី​៣ នៃ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា ដែល​ចែង​អំពី​សិទ្ធិ និង​កាតព្វកិច្ច​របស់​ពលរដ្ឋ និង​ផ្អែក​តាម​មាត្រា​២ និង​មាត្រា​៥ នៃ​ច្បាប់​ស្ដីពី​បាតុកម្ម​ដោយ​សន្តិវិធី សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​នឹង​ដង្ហែ​ក្បួន​ធម្មយាត្រា​ដើម្បី​លើក​កម្ពស់​សីលធម៌​សង្គម​កម្ពុជា​ឡើងវិញ។

អ្នកស្រី អ៊ុក ឆាយ៉ាវី លើកឡើង​ថា ក្បួន​ដង្ហែ​ធម្មយាត្រា​នេះ​នឹង​ត្រូវ​ចាប់ផ្តើម​ចេញពី​ទីក្រុង​ភ្នំពេញ​ត្រង់​រូបសំណាក​លោក​យាយ «ពេញ» ដោយ​ហែ​កាត់​ខេត្ត​កណ្តាល ខេត្ត​កំពង់ស្ពឺ ខេត្ត​កំពង់ឆ្នាំង នឹង​ត្រូវ​បញ្ចប់​នូវ​បូជនីយដ្ឋាន​ប្រវត្តិសាស្ត្រ​ឧកញ៉ា ឃ្លាំង មឿង ក្នុង​ខេត្ត​ពោធិ៍សាត់។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​រូប​នេះ​បញ្ជាក់​ថា មនុស្ស​គ្រប់​រូប ទាំង​អ្នក​តូច អ្នក​ធំ និង​អ្នក​មាន​តួនាទី​ក្នុង​សង្គម ត្រូវតែ​មាន​សីលធម៌​រស់នៅ​ក្នុង​សង្គម​ដូចៗ​គ្នា ដូច្នេះ​ក្បួន​ដង្ហែ​ធម្មយាត្រា​នេះ គឺ​មាន​គោលបំណង​ជំរុញ និង​លើក​កម្ពស់​ឱ្យ​មនុស្ស​ទាំងអស់​ប្រកាន់ខ្ជាប់​នូវ​សីលធម៌​សង្គម​ឡើងវិញ ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា​សីលធម៌​ក្នុង​សង្គម​ខ្មែរ​កំពុង​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ។

ការ​ប្រកាស​ធ្វើ​ក្បួន​ដង្ហែ​ធម្មយាត្រា​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា សីលធម៌​សង្គម​នៅ​កម្ពុជា​កំពុង​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ ជាពិសេស​អ្នក​មាន​លុយ និង​អ្នក​មាន​អំណាច​ដែល​ចូលចិត្ត​ប្រើ​លុយ និង​អំណាច​របស់​ពួកគេ​រំលោភ​បំពាន​ទៅ​លើ​ពលរដ្ឋ​ស្លូតត្រង់​យ៉ាង​អនាធិបតេយ្យ។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លោក វន់ ពៅ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៧ មករា នេះ​ថា ការ​រួម​ចំណែក​របស់​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ក្នុង​ការ​លើក​កម្ពស់​សីលធម៌​សង្គម គឺជា​រឿង​ល្អ ព្រោះ​ថា​សព្វថ្ងៃ​នេះ​តម្លៃ​សីលធម៌​រាប់​ចាប់តាំងពី​អ្នក​ដឹកនាំ​ប្រទេស រហូត​ដល់​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅតែ​មិនទាន់​ប្រព្រឹត្ត​សីលធម៌​ក្នុង​ការ​រស់នៅ​បាន​ល្អ​នៅឡើយ។

លោក វន់ ពៅ លើកឡើង​ថា សង្គម​មួយ​ដែល​សីលធម៌​ធ្លាក់​ចុះ នឹង​បង្ក​ទៅ​ជា​ការ​ប្រព្រឹត្ត​អំពើ​អនាចារ​ផ្សេងៗ ត្បិត​អ្នក​មាន​អំណាច ឬ​អ្នក​មាន​ទ្រព្យសម្បត្តិ​ដែល​គ្មាន​សីលធម៌​ក្នុង​ខ្លួន ហ៊ាន​ធ្វើ​ទង្វើ​រំលោភ​បំពាន​ច្បាប់​គ្រប់​បែប​យ៉ាង ដើម្បី​តែ​ផល​ប្រយោជន៍​ខ្លួនឯង ឬ​ក្រុម​គ្រួសារ​របស់​ពួកគេ ខណៈ​ឥទ្ធិពល​នៃ​ទង្វើ​របស់​អ្នក​ទាំងនោះ​បាន​ធ្វើ​ឱ្យ​ជនរងគ្រោះ​ពី​ទង្វើ​អាក្រក់​ទាំងនេះ ទទួល​រង​នូវ​ភាព​អយុត្តិធម៌​ឥត​ស្រាកស្រាន្ត ដូចជា​ការ​ចាប់​ខ្លួន ឬ​ចោទប្រកាន់​នរណា​ម្នាក់​ដោយ​បំពាន​ច្បាប់​ជាដើម។

លោក​អំពាវនាវ​ឱ្យ​អ្នក​ដឹកនាំ​ជាតិ អ្នក​ដឹកនាំ​នយោបាយ មន្ត្រី​រាជការ កងកម្លាំង​ប្រដាប់​អាវុធ អ្នក​ប្រកប​អាជីវកម្ម និង​ប្រជាពលរដ្ឋ​ទូទៅ ត្រូវ​រួម​គ្នា​បណ្ដុះ​សីលធម៌​សម្រាប់​សង្គម​ជាតិ​របស់​ខ្លួន​ឱ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ថែរក្សា​សង្គម​មួយ​ឲ្យ​បាន​ល្អ ទុក​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ ព្រោះ​ថា​សង្គម​មួយ​ដែល​ពោរពេញ​ដោយ​អំពើ​អសីលធម៌ មិន​អាច​ជួយ​ឱ្យ​ធនធាន​មនុស្ស​នៃ​សង្គម​នោះ​លូតលាស់​បាន​ល្អ​ឡើយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស