39 C
Phnom Penh

លោក រ៉ុង ឈុន អាច​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ជា​ថ្មី​ទៀត បើ​មិន​បាន​បង់​ប្រាក់​ពិន័យ​តាម​តុលាការ​កំណត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូង​រាជធានី​ភ្នំពេញ ព្រមាន​ចាប់​ឃុំ​ខ្លួន​លោក រ៉ុង ឈុន សាជាថ្មី ប្រសិនបើ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ​រូប​នេះ​មិន​ព្រម​បង់​ប្រាក់​ពិន័យ​ទៅ​តាម​ការ​កំណត់​ពី​តុលាការ។

តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ឆាយ ហុង បាន​ចេញ​លិខិត​ជូនដំណឹង​កាលពី​ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៩ កុម្ភៈ នេះ ដោយ​បង្គាប់​ឲ្យ​លោក រ៉ុង ឈុន ជា​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ (NPP) បង់​ប្រាក់​ពិន័យ​ចំនួន ២​លាន​រៀល (២០០០០០០​រៀល) តាម​អំណាច​សាលដីកា​តុលាការ​កំពូល កាលពី​ចុង​ខែ​កក្កដា ឆ្នាំ​២០២២ កន្លង​ទៅ​នោះ។

លិខិត​ជូនដំណឹង​របស់​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បញ្ជាក់​ថា លោក រ៉ុង ឈុន ត្រូវតែ​ទៅ​បង់​ប្រាក់​ពិន័យ​នៅ​ការិយាល័យ​កិច្ចការ​គណនេយ្យ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ (ជាន់​ទី​១) ឲ្យ​បាន​មុន​ថ្ងៃទី​៤ ខែ​មីនា ឆ្នាំ​២០២៤ រៀងរាល់​ម៉ោង​ធ្វើការ​ជា​កំហិត ប៉ុន្តែ​ក្នុង​ករណី​មិន​អនុវត្ត​តាម​ការ​ជូនដំណឹង​អំពី​ការ​បង់​ប្រាក់​ពិន័យ​នេះ​ទេ តុលាការ​នឹង​ចេញ​ដីកា​បញ្ជា​ឲ្យ​បង្ខំ និង​ឃុំ​ខ្លួន​តាម​នីតិវិធី​ដោយ​គ្មាន​ករណី​លើកលែង​ដាច់ខាត។

កាលពី​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០២០ កម្លាំង​ប្រដាប់​អាវុធ​ប្រមាណ​ជា ៥០​នាក់ បាន​ឡោមព័ទ្ធ​ផ្ទះ​លោក រ៉ុង ឈុន និង​បាន​ចូល​ទៅ​ចាប់​ខ្លួន​លោក​នៅ​ក្នុង​ផ្ទះ​តែម្តង និង​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ពាក់ព័ន្ធ​នឹង​ការ​លើកឡើង​អំពី​បញ្ហា​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម។

បន្ទាប់ពី​ត្រូវ​បាន​ចោទប្រកាន់ និង​ត្រូវ​បាន​ឃុំ​ខ្លួន នៅ​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០២១ សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​កាត់ទោស​លោក រ៉ុង ឈុន ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ២​លាន​រៀល ពី​បទ ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ពាក់ព័ន្ធ​នឹង​ការ​ចុះ​ទៅ​ពិនិត្យ​មើល​ព្រំដែន និង​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​អំពី​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម​នៅ​ខេត្ត​ត្បូងឃ្មុំ កាលពី​ចុង​ឆ្នាំ​២០២០ កន្លង​ទៅ​នោះ។

ទោះជា​យ៉ាងណា​ក៏ដោយ លោក រ៉ុង ឈុន ក៏​បាន​ប្តឹង​ជំទាស់​ទៅ​នឹង​សាលក្រម​សាលាដំបូង ទៅ​កាន់​សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ​ផង​ដែរ ប៉ុន្តែ​នៅ​ថ្ងៃទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០២១ សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ នៅតែ​សម្រេច​តម្កល់​ការ​ផ្ដន្ទាទោស​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​បាន​ការ​ដដែល ដោយ​កាត់ទោស​ឱ្យ​លោក​ជាប់​ពន្ធនាគារ ២​ឆ្នាំ តែ​ត្រូវ​អនុវត្ត​ទោស​ត្រឹម ១៥​ខែ ១១​ថ្ងៃ ខណៈ​ទោស​ដែល​នៅ​សល់ ៨​ខែ ១៩​ថ្ងៃ​ទៀត ត្រូវ​បាន​ព្យួរ។

បែប​នេះ​ក្តី ក្រោយ​ចេញពី​ពន្ធនាគារ លោក រ៉ុង ឈុន ក៏​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​កំពូល ដើម្បី​ជំទាស់​ទៅ​នឹង​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​បន្ត​ទៀត​ដែរ ប៉ុន្តែ​នៅ​ថ្ងៃទី​២២ ខែ​កក្កដា ឆ្នាំ​២០២២ តុលាការ​កំពូល​បាន​សម្រេច​តម្កល់​ការ​ផ្ដន្ទាទោស​របស់​សាលា​ឧទ្ធរណ៍​ទុក​ជា​បាន​ការ​ដដែល ដែល​មាន​ន័យ​ថា លោក រ៉ុង ឈុន នៅតែ​ត្រូវ​បាន​កាត់​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ២​លាន​រៀល​ដូច​សាលដីកា​សាលាដំបូង និង​សាលា​ឧទ្ធរណ៍​បាន​សម្រេច​ដដែល ក្នុង​នោះ តុលាការ​កំពូល​បាន​បញ្ជាក់​ថា ទោស​ដែល​នៅ​សល់​ត្រូវ​ព្យួរ​សាកល្បង​ដោយ​កំណត់​រយៈពេល ៣​ឆ្នាំ។

ផ្អែក​ទៅ​លើ​ការ​សម្រេច​ពី​តុលាការ​កំពូល​ក្នុង​ការ​ព្យួរ​ទោស​សាកល្បង​រយៈពេល ៣​ឆ្នាំ លោក រ៉ុង ឈុន នៅតែ​មាន​ឈ្មោះ​ជា​ទណ្ឌិត​នៅឡើយ គិត​ត្រឹម​ដើម​ឆ្នាំ​២០២៤ នេះ ក្នុង​នោះ ក្រសួង​យុត្តិធម៌ ធ្លាប់​បាន​បញ្ជាក់​កាលពី​អំឡុង​ខែ​ឧសភា ឆ្នាំ​២០២៣ ថា លោក រ៉ុង ឈុន នៅតែ​មាន​ទោស​ជាប់​ខ្លួន​នៅឡើយ ដោយសារ​លោក​ពុំ​ទាន់​ផុត​រយៈពេល ៥​ឆ្នាំ ដោយ​គិត​ចាប់ពី​ថ្ងៃ​អនុវត្ត​ទោស​រួច។

លោក រ៉ុង ឈុន ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ «ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម» បន្ទាប់ពី​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០២០ កន្លង​ទៅ ជុំវិញ​ការ​ចុះ​ទៅ​ពិនិត្យ​ព្រំដែន​កម្ពុជា-វៀតណាម ក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ និង​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជុំវិញ​ការ​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា-វៀតណាម លេខ​១១៤ ដល់ ១១៩ អំពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​នៅ​ពេល​នោះ។

លោក រ៉ុង ឈុន គឺជា​អតីត​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ មុន​នឹង​លោក​ចូល​បម្រើ​ការងារ​ជា​មន្ត្រី​ជាន់ខ្ពស់​នៅ​ក្នុង​ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ប៉ុន្តែ​លោក​បាន​លាលែង​តំណែង​នេះ​វិញ​ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​តុលាការ​កំពូល​ប្រកាស​រំលាយ​កាលពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ កន្លង​ទៅ ដើម្បី​ចូលរួម​កិច្ចការ​សង្គម​ក្នុង​ការ​តវ៉ា​ទាមទារ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​វិញ។

ជុំវិញ​សកម្មភាព​ការពារ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​កន្លង​មក លោក រ៉ុង ឈុន ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ចំនួន ៣​លើក​រួច​មក​ហើយ ក្នុង​នោះ កាលពី​ថ្ងៃទី​១៥ ខែ​តុលា ឆ្នាំ​២០០៥ លោក​ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទប្រកាន់​តាម​ផ្លូវ​តុលាការ ជុំវិញ​ការ​រិះគន់​អំពី​សន្ធិសញ្ញា​បំពេញ​បន្ថែម​កម្ពុជា-វៀតណាម។

ជាង​នេះ​ទៀត នៅ​ចុង​ខែ​មករា ឆ្នាំ​២០១៤ លោក រ៉ុង ឈុន ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ម្តង​ទៀត ដោយសារតែ​លោក​បាន​ដឹកនាំ​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​ប្រធាន​សមាគម​សេដ្ឋកិច្ច​ប្រជាធិបតេយ្យ​ឯករាជ្យ​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ។

ចុងក្រោយ​បង្អស់ នៅ​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០២០ លោក រ៉ុង ឈុន ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ជា​លើក​ទី​៣ បន្ទាប់ពី​លោក​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​អំពី​ការ​បាត់​ដី​របស់​ពលរដ្ឋ​ខ្មែរ​ទៅ​ខាង​វៀតណាម នៅ​ខេត្ត​ត្បូងឃ្មុំ រហូត​ធ្វើ​ឱ្យ​លោក​ស្ពាយ​ទោស​ជា​ទណ្ឌិត​រហូត​ដល់​សព្វថ្ងៃ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស