34 C
Phnom Penh

តុលាការ​ផ្ដន្ទាទោស​លោក គឹម សុខ ឱ្យ​ជាប់​គុក​១៨​ខែ​និង​សង​ជំងឺចិត្ត​ជាង​១​ម៉ឺន​ដុល្លារ​ដល់​រដ្ឋាភិបាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​អ្នកវិភាគ​នយោបាយ លោក គឹម សុខ ឱ្យ​ជាប់​ពន្ធនាគារ ១៨​ខែ និង​សង​ជំងឺចិត្ត​ចំនួន ៥០​លាន​រៀល ឬ​ស្មើ​នឹង ១២៥០០​ដុល្លារ​ទៅ​រដ្ឋាភិបាល ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អត្ថាធិប្បាយ​រឿង​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី។

ក្នុង​ពាក្យ​បណ្ដឹង លោក គី តិច មេធាវី​ការពារ​ក្ដី​ឲ្យ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន បាន​ប្ដឹង​លោក គឹម សុខ កាលនោះ​ដោយ​ទាមទារ​សំណង​ជំងឺចិត្ត​ចំនួន ១០០​លាន​រៀល​ពី​បទ «ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​សន្តិសុខ​សង្គម និង​បរិហារកេរ្តិ៍» បន្ទាប់ពី​ធ្វើ​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​កាលពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ជុំវិញ​រឿង​ឃាតកម្ម​លើ​លោក កែម ឡី។

លោក គឹម សុខ ធ្លាប់​ជាប់​ពន្ធនាគារ​ចំនួន ១៨​ខែ​ម្ដង​រួច​មក​ហើយ បន្ទាប់ពី​បាន​ផ្ដល់​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​កាលពី​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ប៉ុន្តែ​នៅ​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧ លោក​បាន​ធ្វើ​បទសម្ភាសន៍​មួយ​ទៀត​ជាមួយ​សារព័ត៌មាន​ជា​ថ្មី​ទៀត ពាក់ព័ន្ធ​នឹង​ឃាតកម្ម​លើ​លោក កែម ឡី ដែល​ត្រូវ​បាន​បាញ់​សម្លាប់​នៅ​ស្ថានីយ​ប្រេងឥន្ធនៈ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ខែ​កក្កដា ឆ្នាំ​២០១៦។

បន្ទាប់ពី​បើក​សវនាការ​កាលពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០២២ កន្លងទៅ នៅ​ថ្ងៃ​ពុធ ទី​១៨ មករា នេះ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង សុជាតិ បាន​ប្រកាស​ក្រម​កំបាំង​មុខ​ដោយ​ផ្ដន្ទាទោស​អ្នកវិភាគ​នយោបាយ លោក គឹម សុខ ដាក់​ពន្ធនាគារ ១៨​ខែ និង​ពិន័យ​ប្រាក់ ៨​លាន​រៀល​ចូល​ថវិកា​រដ្ឋ​ពី​បទ «ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​បរិហារកេរ្តិ៍»។

ចំពោះ​សំណង​ដែល​មេធាវី​រដ្ឋាភិបាល គឺ​លោក គី តិច ទាមទារ​នោះ តុលាការ​បង្គាប់​ឲ្យ​លោក គឹម សុខ សង​ជំងឺចិត្ត ៥០​លាន​រៀល ឬ​ស្មើ​នឹង ១២៥០០​ម៉ឺន​ដុល្លារ​ទៅ​រដ្ឋាភិបាល និង​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​ចាប់ និង​ឃុំ​ខ្លួន​លោក គឹម សុខ។

ក្រៅពី​សំណុំរឿង «បរិហារកេរ្តិ៍ និង​ញុះញង់» លោក គឹម សុខ ក៏​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ក្នុង​សំណុំរឿង «ញុះញង់» មួយ​ទៀត ដែល​បណ្ដឹង​នេះ​ប្ដឹង​ដោយ​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នៃ​ក្រសួង​មហាផ្ទៃ។

សំណុំរឿង «ញុះញង់» នេះ តុលាការ​កម្ពុជា​បាន​ចោទប្រកាន់​មនុស្ស​ចំនួន ៣​នាក់ ក្នុង​នោះ​មាន​លោក គឹម សុខ អ្នកវិភាគ​សង្គម និង​នយោបាយ កញ្ញា មាស លក្ខិណា អតីត​អ្នកគាំទ្រ​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក ហ៊ុយ សុខគ្រៀល។

ប៉ុន្តែ​សំណុំរឿង​ព្រហ្មទណ្ឌ​ដែល​ចៅក្រម​ជំនុំជម្រះ លោក សេង សុជាតិ នៅ​ថ្ងៃ​ពុធ ទី​១៨ មករា នេះ​បាន​សម្រេច​បង្វិល​ឲ្យ​ស៊ើបអង្កេត​ឡើងវិញ។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​សម្ដែង​ការ​អរគុណ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹង​លោក​ក្រ​រហូត​ដល់​គ្មាន​ផ្ទះ​នៅ ដោយ​ការ​បម្រុង​បន្ទប់​ឃុំឃាំង​សម្រាប់​ឲ្យ​លោក​ស្នាក់នៅ​រហូត ១៨​ខែ បន្ទាប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ពេល​ណា​មួយ។

លោក​យល់​ថា គណបក្ស​ប្រជាជន​កម្ពុជា និង​លោក ហ៊ុន សែន ហាក់ដូចជា​រហេមរហាម ទើប​ប្ដឹង​លោក​ដោយ​សំណុំរឿង​មុន​បាន​ឲ្យ​បង់​ជំងឺ​ចិត្ត ២០​ម៉ឺន​ដុល្លារ ខណៈ​សំណុំរឿង​ក្រោយ​នេះ​បាន​ឲ្យ​លោក​សង​ជំងឺចិត្ត ១២៥០០​ដុល្លារ​បន្ថែម​ទៀត។

លោក គឹម សុខ បង្ហាញ​ជា​ចម្ងល់​ថា លោក ហ៊ុន សែន ឈឺចិត្ត​រឿង​អ្វី ទាំង​លោក​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ហូរ​ទឹកភ្នែក និង​ហូរ​ឈាម ហើយ​មេៗ​គណបក្ស​ប្រជាជន​កម្ពុជា​ពួកគេ​លក់​ជាតិ ដើម្បី​ធ្វើជា​សេដ្ឋី​គ្រប់ៗ​គ្នា។ លោក​បញ្ជាក់​ថា អ្នក​ដែល​ត្រូវ​ឈឺចិត្ត​នោះ គឺ​ប្រជាពលរដ្ឋ​ខ្មែរ​ទៅវិញ​ទេ មិនមែន​ជា​លោក ហ៊ុន សែន ឡើយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស