32 C
Phnom Penh

បទ​វិភាគ៖ ១១​ខែ​នៃ​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន រុស្ស៊ី​ចង់​បង្កើត​សង្គ្រាម​នុយក្លេអ៊ែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គិត​មក​ដល់​ថ្ងៃទី​២០ ខែ​មករា នេះ សង្គ្រាម​ដែល​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន មាន​រយៈពេល ៣៣២​ថ្ងៃ គឺ​ចូល​ដល់​ជាង ១១​ខែ​ហើយ។ មហាអំណាច​រុស្ស៊ី ត្រូវ​បាន​អ្នកជំនាញ​ផ្នែក​យោធា​មកពី​វិទ្យាសា្ថន​សិក្សា​សង្គ្រាម ISW ក្នុង​រដ្ឋធានី​ក្រុង​វ៉ាស៊ីនតុន មើល​ឃើញ​មហាអំណាច​នេះ​ដើរ​ដល់​ក្រឡា​ទាល់ច្រក​ហើយ។

ក្រឡា​ទាល់ច្រក​របស់​រុស្ស៊ី​នោះ គឺ​មិន​អាច​ឈ្នះ​សង្គ្រាម​លើ​ទឹកដី​អ៊ុយក្រែន​បាន​នោះ​ទេ ព្រោះ​ថា​ការ​ដែល​រុស្ស៊ី​បាត់បង់​គ្រឿង​សាស្ត្រាវុធ​ធុន​ធ្ងន់​យ៉ាង​សម្បើម​នៅ​លើ​ទឹកដី​អ៊ុយក្រែន ជាមួយ​នឹង​កងទ័ព​របស់​ខ្លួន​ស្លាប់​ជិត ១២​ម៉ឺន​នាក់ បាន​បង្ហាញ​ថា រុស្ស៊ី​ថមថយ​យ៉ាង​ខ្លាំង​នូវ​អំណាច​យោធា​របស់​ខ្លួន។

មហាអំណាច​មួយ​ដែល​ធ្វើ​សង្គ្រាម​ឈ្លានពាន​ប្រទេស​មាន​ព្រំដែន​ជាប់​នឹង​ខ្លួន ហើយ​បែរ​ជា​មិន​អាច​យក​ឈ្នះ​សង្គ្រាម​នេះ​បាន មាន​ន័យ​ថា​មហាអំណាច​នេះ​លែង​ស័ក្ដិសម​ជា​ប្រទេស​ដែល​មាន​ឋានៈ​លំដាប់​ទី​២ នៃ​ពិភពលោក​ដែល​ខ្លាំង​ជាងគេ​ផ្នែក​កងទ័ព បន្ទាប់ពី​សហរដ្ឋ​អាមេរិក​ទៀត​ហើយ។

សមរភូមិ​ក្ដៅ​គគុក​នៅ​ពេលនេះ កំពុង​ផ្ទុះ​នៅ​ភាគ​ខាងកើត និង​ភាគ​ខាងត្បូង​ប្រទេស​ប៉ុណ្ណោះ ព្រោះ​ដើម​ឡើយ រុស្ស៊ី​បើក​ទ្វារ​សង្គ្រាម​វាយ​លើ​អ៊ុយក្រែន​មាន​ទាំង​ភាគ​ខាងត្បូង ភាគ​ខាងកើត ភាគ​ខាងជើង និង​ភាគ​ឥសាន​ប្រទេស ហើយ​ចុងក្រោយ​នេះ ត្រូវ​បាន​កងទ័ព​អ៊ុយក្រែន​រុញ​ឲ្យ​ទ័ព​រុស្ស៊ី​បាក់​ទ័ព​នៅ​ភាគ​ខាងជើង និង​ភាគ​ឥសាន​រហូត​ទឹកដី​នៅ​តំបន់​នោះ​មួយ​ភាគ​ធំ ត្រូវ​កងទ័ព​អ៊ុយក្រែន​វាយ​យក​បាន​មក​វិញ ខណៈ​ភាគ​ខាងត្បូង និង​ភាគ​ខាងកើត ក៏​កងទ័ព​អ៊ុយក្រែន​ដណ្ដើម​បាន​ទឹកដី​របស់​ខ្លួន​គេ​មក​វិញ​ផង​ដែរ។

តាម​វិទ្យាស្ថាន​សិក្សា​សង្គ្រាម ISW ឲ្យ​ដឹង​ថា រយៈពេល ៣​ខែ​ដំបូង​នៃ​សង្គ្រាម មហាអំណាច​នេះ​បាន​វាយ​យក​ទឹកដី​អ៊ុយក្រែន​ជាង​ពីរ​ម៉ឺន​គីឡូម៉ែត្រ​ក្រឡា ហើយ​ឥឡូវ​នេះ អ៊ុយក្រែន​វាយ​រំដោះ​បាន​មក​វិញ​ប្រមាណ​ជិត​ពាក់កណ្ដាល​ហើយ។

ក្រុម​អ្នកវិភាគ​មើល​ឃើញ​ថា ទោះជា​រុស្ស៊ី​មាន​ប្រៀប​នៅ​សមរភូមិ​នៃ​ទីក្រុង​សូលីដា ក្នុង​ខេត្ត​ដូណេត ភាគ​ខាងកើត​ប្រទេស​ក៏ដោយ ក៏​ទ័ព​រុស្ស៊ី​មិន​មាន​លទ្ធភាព​ក្នុង​ការ​ពង្រីក​សមរភូមិ​វាយលុក​ចូល​ទៅ​ទីតាំង​របស់​អ៊ុយក្រែន​ច្រើន​ទៀត​នោះ​ដែរ។

បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន News Week នៃ​ប្រទេស​អង់គ្លេស បាន​ឲ្យ​ដឹង​ថា ទីក្រុង​សូលីដា ដ៏​តូច​មួយ​នេះ មិន​ទាន់​ធ្លាក់​នៅ​ក្នុង​ដៃ​នៃ​កងទ័ព​រុស្ស៊ី​នៅឡើយ​នោះ​ទេ ខណៈ​អ៊ុយក្រែន បាន​កសាង​ខ្សែ​ត្រៀម​ថ្មី​មួយ​ទៀត​ដើម្បី​វាយបក និង​រុញច្រាន​កងទ័ព​រុស្ស៊ី​ចេញពី​តំបន់​នេះ ហើយ​អ៊ុយក្រែន​កំពុងតែ​ទប់ស្កាត់​យ៉ាង​មាន​ប្រសិទ្ធភាព​មិន​ឲ្យ​កងទ័ព​រុស្ស៊ី​រុល​ទៅ​តំបន់​បាកមុឌ (Bakmuth) បាន​ឡើយ។

ក្រុម​អ្នកវិភាគ​មើល​ឃើញ​ថា ត្រឹមតែ​សមរភូមិ​ពីរ​តូចៗ​មួយ​នេះ រុស្ស៊ី​ប្រើ​ពេល​ជាង​មួយ​ខែ​មិន​ទាន់​វាយ​កាន់កាប់​បាន​ផង​ពី​អ៊ុយក្រែន តើ​ឯណា​ទៅ​ដែល​រុស្ស៊ី​មាន​លទ្ធភាព​ពង្រីក​ទីតាំង​ជាច្រើន​ទៀត ដើម្បី​វាយ​ចូល​ទឹកដី​អ៊ុយក្រែន ហើយ​បើ​ទោះជា​រុស្ស៊ី​មាន​ផែនការ​លើក​ទ័ព​វាយ​ចូល​អ៊ុយក្រែន​ចេញពី​ព្រំដែន​នៃ​ប្រទេស​បេឡារុស ក៏ដោយ ទំនង​អ៊ុយក្រែន​ក៏​អាច​ទប់ស្កាត់​បាន​ដែរ។

អ្វី​ដែល​ក្រុម​អ្នកវិភាគ ISW មើល​ឃើញ​នោះ គឺ​ថា​រុស្ស៊ី​កំពុង​ដើរ​ដល់​ក្រឡា​ទាល់ច្រក ហើយ​ចង់​បង្ក​សង្គ្រាម​នុយក្លេអ៊ែរ​ដោយសារតែ​អ៊ុយក្រែន​មាន​តុល្យភាព​នៃ​ការ​ប្រើប្រាស់​អាវុធ​របស់​ពួក​បស្ចិម​ប្រទេស​វាយបក​ទៅ​លើ​កងទ័ព​រុស្ស៊ី​វិញ។

ISW ឲ្យ​ដឹង​ទៀត​ថា ឆាប់ៗ​នេះ​អាវុធ​ជាច្រើន​របស់​ពួក​បស្ចិម​ប្រទេស​នៃ​ក្រុម​យោធា​ណាតូ (NATO) គឺ​រថក្រោះ​រថពាសដែក ប្រព័ន្ធ​កាំភ្លើង​ធំ​រហូត​ដល់​ប្រព័ន្ធ​មីស៊ីល​ការពារ​ដែនអាកាស​ផាទ្រីយ៉ូត នឹង​រឹតតែ​ធ្វើ​ឲ្យ​អ៊ុយក្រែន មាន​ប្រៀប​ក្នុង​សង្គ្រាម​ជាមួយ​នឹង​រុស្ស៊ី។

មិន​តែប៉ុណ្ណោះ អ៊ុយក្រែន​អាច​នឹង​ធ្វើ​ដំណើរ​រុល​ចូល​តំបន់​គ្រីមៀរ អតីត​ដែនដី​របស់​អ៊ុយក្រែន ហើយ​ក៏​អាច​មាន​លទ្ធភាព​វាយ​យក​តំបន់​នេះ​មក​វិញ​ផង​ដែរ។

ទោះជា​បែប​នេះ​ក្ដី អតីត​ប្រធានាធិបតី​រុស្ស៊ី ដែល​ជា​ដៃស្ដាំ​របស់​លោក ពូទីន ហើយ​បច្ចុប្បន្ន​មាន​តួនាទី​ជា​នាយករង​ទី​មួយ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​រុស្ស៊ី គឺ​លោក ឌីមីទ្រី មិដវេនវដេវ បាន​ព្រមាន​ថា បើ​រុស្ស៊ី​ដើរ​ដល់​ចំណុច​ចាញ់​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន គឺ​ប្រាកដ​ណាស់​រុស្ស៊ី​នឹង​វាយប្រហារ​លើ​ទឹកដី​អ៊ុយក្រែន​ដោយ​អាវុធ​នុយក្លេអ៊ែរ។

នុយក្លេអ៊ែរ គឺជា​អាវុធ​ប្រល័យ​លោក​ដ៏​វិនាសកម្ម​បំផុត។ លោក ឌីមីទ្រី មិដវេនដេវ ព្រមាន​ថា មាន​តែ​ប្រើប្រាស់​អាវុធ​នេះ​ទេ ទើប​រុស្ស៊ី​ឈ្នះ​សង្គ្រាម​លើ​ទឹកដី​អ៊ុយក្រែន។ លោក​ថា ប្រទេស​ដែល​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​យ៉ាង​សម្បើម​ដូច​រុស្ស៊ី​នេះ​ដែល​មាន​ជាង ៦​ពាន់​គ្រាប់ នឹង​មិន​បណ្ដោយ​ឲ្យ​ខ្លួន​ចាញ់​សង្គ្រាម​ជាដាច់ខាត៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស