29.6 C
Phnom Penh

សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​នៃ​ទ្វីប​អាមេរិក​ខាងជើង​ទាមទារ​ឱ្យ​ដោះលែង​លោក ថាច់ សេដ្ឋា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​នៃ​ទ្វីប​អាមេរិក​ខាងជើង ទាមទារ​ឲ្យ​រដ្ឋាភិបាល និង​តុលាការ​កម្ពុជា ដោះលែង​លោក ថាច់ សេដ្ឋា ឲ្យ​មាន​សេរីភាព​ឡើងវិញ ដើម្បី​លោក​មាន​លទ្ធភាព​ធ្វើការ​តស៊ូ​មតិ និង​ការពារ​សិទ្ធិមនុស្ស​ជូន​ខ្មែរ​ក្រោម។

សេចក្ដី​ថ្លែងការណ៍​របស់​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​នៃ​ទ្វីប​អាមេរិក​ខាងជើង បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​លោក ថាច់ សេដ្ឋា រស់នៅ​ក្នុង​ទឹកដី​កម្ពុជា​ក្រោម លោក​បាន​រង​នៃ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​អាណានិគម​វៀតណាម ឥត​ស្រាកស្រាន្ត ដូច្នេះ​ទើប​លោក​ភៀសខ្លួន​មក​រស់នៅ​ក្នុង​ទឹកដី​កម្ពុជា​កណ្ដាល ដោយ​បន្ត​តស៊ូ​មតិ​ដើម្បី​ប្រឆាំង​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដល់​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់ ដែល​កំពុង​រស់នៅ​ក្រោម​ការ​ត្រួតត្រា​របស់​វៀតណាម។

តែ​យ៉ាងណា ពួកគេ​បង្ហាញ​ការ​ខកចិត្ត​ចំពោះ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ដែល​បាន​ចាប់ និង​បញ្ជូន​ខ្លួន​លោក ថាច់ សេដ្ឋា ដែល​មាន​ដើមកំណើត​ខ្មែរ​កម្ពុជា​ក្រោម​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស​ទាំង​យប់ កាលពី​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០២៣។

សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​នៃ​ទ្វីប​អាមេរិក​ខាងជើង បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល និង​តុលាការ​កម្ពុជា ដោះលែង​លោក ថាច់ សេដ្ឋា ឲ្យ​មាន​សេរីភាព​ឡើងវិញ​ដើម្បី​លោក​មាន​លទ្ធភាព​ធ្វើការ​តស៊ូ​មតិ និង​ការពារ​សិទ្ធិមនុស្ស​ជូន​ខ្មែរ​ក្រោម។

ការ​ចាប់ និង​បញ្ជូន​លោក ថាច់ សេដ្ឋា ទៅ​ឃុំ​នៅ​ពន្ធនាគារ​ភ្លាមៗ​នេះ ដោយ​ចៅក្រម​ស៊ើបសួរ លោក ទិត ដាលីន លើក​ហេតុផល​ថា លោក ថាច់ សេដ្ឋា មិន​បាន​ចូល​បំភ្លឺ​តាម​ដីកា​កោះហៅ​របស់​តុលាការ​ចំនួន​ពីរ​លើក​កាលពី​ឆ្នាំ​២០២១។

ក្រុមហ៊ុន រិន ឆាយ ផនសប បាន​ដាក់​បណ្ដឹង​ទៅ​តុលាការ​ប្ដឹង​លោក ថាច់ សេដ្ឋា «មិន​បាន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន» ឬ​ហៅថា ការ​ចេញ​សែក​ដោយ​គ្មាន​សាច់ប្រាក់​ចំនួន ៥​សន្លឹក​ទៅ​ឲ្យ​ក្រុមហ៊ុន​នេះ ដែល​ប្រព្រឹត្ត​តាំងពី​ឆ្នាំ​២០១៩។

ប៉ុន្តែ​បើ​តាម​លោក សំ សុគង់ មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ថាច់ សេដ្ឋា បាន​ទទួលស្គាល់​ថា កូនក្ដី​របស់​លោក​ធ្លាប់​ខ្ចី​លុយ​ពី​ក្រុមហ៊ុន រិន ឆាយ ចំនួន ២​ម៉ឺន​ដុល្លារ​អាមេរិក ប៉ុន្តែ​ទឹកប្រាក់ ២​ម៉ឺន​ដុល្លារ​នេះ កូនក្ដី​លោក​សង​ត្រឡប់​វិញ​ដោយ​បំណុល​ដែល​នៅ​សល់​ប្រហែល ៥០០០​ដុល្លារ​អាមេរិក​តែប៉ុណ្ណោះ។

យោង​តាម​របាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម ឲ្យ​ដឹង​ថា ក្រុមហ៊ុន រិន ឆាយ ផនសប បាន​ចុះបញ្ជី​ពាណិជ្ជកម្ម​ផ្លូវការ​នៅ​ក្នុង​ក្រសួង​ពាណិជ្ជកម្ម កាលពី​ខែ​តុលា ឆ្នាំ​២០១៥ ដោយ​ម្ចាស់​ក្រុមហ៊ុន​ឈ្មោះ ហៃ វ៉ាន់រិន ជា​មនុស្ស​ស្និទ្ធ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា។

លោក ហៃ វ៉ាន់រិន ក៏​ជា​ម្ចាស់​ក្រុមហ៊ុន Dynith Commercial ដែល​មាន​ទីតាំង​នៅ​សង្កាត់​ទំនប់ទឹក ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​ដែរ ដោយ​ក្រុមហ៊ុន​នេះ​បាន​ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម កាលពី​ចុង​ខែ​មីនា ឆ្នាំ​២០១៤។

បច្ចុប្បន្ន ក្រុមហ៊ុន Dynith Commercial នេះ គ្រប់គ្រង​ដោយ​អ្នកស្រី ឌី សុខឃី ជា​កូនស្រី​អតីត​ស្នងការ​ក្រុង​ភ្នំពេញ លោក ហុក ឡង់ឌី ហើយ​ក៏​ត្រូវ​ជា​ភរិយា​របស់​លោក ហ៊ុន ម៉ានិត ដែល​ជា​កូនប្រុស​ទី​ពីរ​របស់​លោក ហ៊ុន សែន ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស