27 C
Phnom Penh

លោក សម រង្ស៊ី ថា​កម្ពុជា​ជា​ឋានសួគ៌​សម្រាប់​ឧក្រិដ្ឋជន​ការពារ​ដោយ​រដ្ឋអំណាច​លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ចោទ​ថា​កម្ពុជា​បាន​ក្លាយ​ទៅ​ជា​ឋានសួគ៌​ដ៏​សុខសាន្ត​សម្រាប់​ក្រុម​ចោរ និង​ឧក្រិដ្ឋជន​គ្រប់​ប្រភេទ ដែល​មក​រស់នៅ​ក្រោម​ការ​ការពារ​ពី​រដ្ឋអំណាច​ពុករលួយ​ដែល​កំពុង​ដឹកនាំ​ដោយ​លោក ហ៊ុន សែន។

អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៦ មករា នេះ​ថា ឧក្រិដ្ឋជន និង​ក្រុម​ចោរ​ទាំងនោះ​បាន​ធ្វើ​សកម្មភាព​តាម​អំពើ​ចិត្ត​នៅ​កម្ពុជា ដោយសារតែ​មាន​ការ​ការពារ​ពី​រដ្ឋអំណាច​ពុករលួយ​ឯក​បក្ស​ដូច​សព្វថ្ងៃ​នេះ។ លោក​បន្ថែម​ថា សកម្មភាព​ខុស​ច្បាប់​ទាំងនោះ​មាន​ដូចជា ការ​ជួញដូរ​គ្រឿងញៀន ការ​ជួញដូរ​មនុស្ស និង​ការ​លាង​លុយ​កខ្វក់ ជាដើម ដែល​កើត​មកពី​អំពើពុករលួយ​ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​ដែល​កំពុង​ដឹកនាំ​របស់​លោក ហ៊ុន សែន យ៉ាង​ខ្លាំង។

លោក សម រង្ស៊ី លើកឡើង​ថា រយៈពេល ៣៨​ឆ្នាំ​ដែល​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ធ្វើជា​នាយករដ្ឋមន្ត្រី​បាន​បន្សល់​ទុក​នូវ​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​ប្រទេស​កម្ពុជា ក្នុង​នោះ​វិស័យ​សេដ្ឋកិច្ច​ជំពាក់​បំណុល​បរទេស​វ័ណ្ឌក វិស័យ​សង្គម​ពោរពេញ​អំពើ​ជួញដូរ​មនុស្ស និង​ការ​លាង​លុយ​កខ្វក់ ជាដើម ខណៈ​របប​នយោបាយ​គឺ​ដឹកនាំ​តាម​របប ហ្វាស៊ីស ទាំងស្រុង។

លោក​បន្ថែម​ថា ទាំងនេះ​ហើយ​គឺជា​គ្រាប់បែក​ដែល​លោក ហ៊ុន សែន បន្សល់​ទុក​ឲ្យ​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​ថ្ងៃ​អនាគត។

កាលពី​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០២៣ មេដឹកនាំ​ខ្មែរ លោក ហ៊ុន សែន អះអាង​ថា​រយៈពេល ៣៨​ឆ្នាំ​ដែល​លោក​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​កសាង​អភិវឌ្ឍ​ឲ្យ​មាន​ការ​រីកចម្រើន​លើ​គ្រប់​វិស័យ និង​មាន​មុខមាត់​លើ​ឆាក​អន្តរជាតិ ក្រោម​ការ​ដឹកនាំ​ដ៏​វៃឆ្លាត និង​មាន​បទពិសោធន៍​បំផុត​របស់​លោក។

យ៉ាងណាក៏ដោយ កម្ពុជា​ដែល​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ជាង ៤០​ឆ្នាំ​មក​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា កម្ពុជា​បាន​ធ្លាក់​ទៅ​ក្នុង​ស្ថានភាព​កាន់តែ​អាក្រក់​ទៅៗ រឹតត្បិត​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ ហើយ​ច្បាប់​នានា​បាន​រង​នូវ​ការ​រំលោភ​បំពាន​គ្រប់​បែប​យ៉ាង ចំណែក​លទ្ធិប្រជាធិបតេយ្យ​ក៏​រង​នូវ​ការ​ជាន់ឈ្លី​យ៉ាង​ធ្ងន់ធ្ងរ​ពី​រដ្ឋាភិបាល​ឯក​បក្ស​មួយ​នេះ។

ជាង​នេះ​ទៀត ការ​អភិវឌ្ឍ​ពោរពេញ​ដោយ​ការ​ជំពាក់​បំណុល​បរទេស​ដែល​គ្មាន​តម្លាភាព ឧក្រិដ្ឋកម្ម​ក្រៅ​ប្រព័ន្ធ​ច្បាប់​ចេះតែ​បន្ត​កើតមាន អំពើ​ជួញដូរ​មនុស្ស និង​ការ​លាង​លុយ​កខ្វក់​ដែល​កើត​មកពី​អំពើពុករលួយ​ក៏​រីក​រាលដាល​ពេញ​ផ្ទៃ​ប្រទេស ខណៈ​ធនធាន​ធម្មជាតិ​កាន់តែ​វិនាស​អន្តរាយ​ទៅៗ ទាំង​នៅ​លើ​គោក និង​នៅ​ក្រោម​ទឹក ស្រប​ពេល​ដែល​ជនល្មើស​មិន​ត្រូវ​បាន​ចាប់​យក​មក​ផ្ដន្ទាទោស។

លើស​ពី​នេះ ឧក្រិដ្ឋជន​ខ្លះ​ទៀត​ត្រូវ​បាន​តែងតាំង​ជា​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល ដូចជា​លោក ចាប សារ៉ន និង​ឧកញ៉ា លឹម ប៉ុណ្ណា ដែល​គេ​ស្គាល់​ថា​ជា​ឧក្រិដ្ឋ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់​សព្វថ្ងៃ​នេះ ជាដើម។

ក្រសួង​ការបរទេស​អាមេរិក កាលពី​ថ្ងៃទី​១៩ ខែ​កក្កដា បាន​បញ្ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ​២០២២ ស្ដីពី​ការ​ជួញដូរ​មនុស្ស​របស់​ខ្លួន​ដោយ​ទម្លាក់​កម្ពុជា​ឱ្យ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​នៅ​កម្រិត​៣ (Tier 3 Watch List) ដែល​ធ្វើ​ឲ្យ​កម្ពុជា​ស្ថិត​នៅ​ក្នុង​បញ្ជី​ខ្មៅ​នៃ​ការ​ជួញដូរ​មនុស្ស​ធ្ងន់ធ្ងរ​សព្វថ្ងៃ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៤ ខែ​កក្កដា ឆ្នាំ​២០២២ សារព័ត៌មាន​អន្តរជាតិ អាល់ចាហ្ស៊ីរ៉ា (Aljazeera) បាន​ចេញ​ផ្សាយ​ថា អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា គឺ​មាន​សភាព​ធ្ងន់ធ្ងរ​ដែល​ប្រតិបត្តិការ​ដោយ​ជនជាតិ​ចិន និង​បណ្ដាញ​របស់​ពួកគេ​ដែល​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា​ជា​ប្រព័ន្ធ ជាពិសេស​គឺ​ពាក់ព័ន្ធ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែម្តង។

ដោយឡែក​ក្រុម​ការងារ​ហិរញ្ញវត្ថុ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង (Financial Action Taskforce) ហៅ​កាត់​ថា FATF កាលពី​អំឡុង​ឆ្នាំ​២០២២ បាន​សម្រេច​បន្ត​ដាក់​កម្ពុជា​ឱ្យ​ស្ថិត​ក្នុង «បញ្ជី​ប្រផេះ» នៃ​ក្រុម​ប្រទេស​ដែល​មាន​ហានិភ័យ​ខាង​លាង​លុយ​កខ្វក់។

កាលពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ត្អូញត្អែរ​ថា កម្ពុជា​កំពុង​ធ្លាក់​ចូល​ទៅ​ក្នុង​បញ្ហា​ធំៗ​ពីរ គឺ​កម្ពុជា​ត្រូវ​បាន​គេ​ដាក់​ឱ្យ​ស្ថិត​ក្នុង​បញ្ជី​ប្រផេះ​នៃ​ក្រុម​ប្រទេស​ដែល​មាន​ហានិភ័យ​ខ្ពស់​ខាង​លាង​លុយ​កខ្វក់ និង​ត្រូវ​គេ​ដាក់​ចំណាត់ថ្នាក់​ទី​៣ ក្នុង​បញ្ជី​ខ្មៅ​នៃ​ក្រុម​ប្រទេស​ជួញដូរ​មនុស្ស​ដែល​ពិភពលោក​បង្កើន​ការ​តាមដាន​កាន់តែ​ខ្លាំង ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់​របស់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស