28.5 C
Phnom Penh

អ្នក​ឃ្លាំមើល៖ ចាប់​ពី​ពេលនេះ​ដល់​ថ្ងៃ​បោះឆ្នោត នឹង​មាន​ការ​គំរាម​កំហែង​និង​បង្ក្រាប​លើ​ក្រុម​អ្នក​ប្រជាធិបតេយ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​សង្គម​និយាយ​ថា ចាប់​ពេលនេះ​ទៅ​រហូត​ដល់​ថ្ងៃ​បោះឆ្នោត​ចុង​ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ នឹង​មាន​ការ​គំរាមកំហែង និង​ការ​បង្ក្រាប​លើ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ដែល​ជា​បក្ស​ក្រៅ​រដ្ឋាភិបាល​ជាមិនខាន។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី បាន​លើកឡើង​នៅ​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៣០ ខែ​មករា នេះ​ថា ដើម្បី​ធានា​នូវ​បរិយាកាស​នយោបាយ​ល្អ​សម្រាប់​ការ​ចូលរួម​របស់​បក្ស​នយោបាយ​ទាំងអស់​មុន​ការ​បោះឆ្នោត​មក​ដល់ ទាល់តែ​គណបក្ស​ទាំងនោះ​មាន​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ​ស្រប​ទៅ​តាម​ច្បាប់​ដែល​មាន​ចែង​ដូច​គ្នា ប៉ុន្តែ​ជា​អកុសល​សម្រាប់​ប្រទេស​កម្ពុជា គណបក្ស​ក្រៅ​រដ្ឋាភិបាល​មិន​អាច​មាន​លទ្ធភាព​ពេញ​ក្នុង​ការ​ធ្វើ​សកម្មភាព​នយោបាយ​របស់​ខ្លួន​ដូច​បក្ស​កាន់​អំណាច​ឡើយ។

លោក​អះអាង​ថា ការ​រារាំង ការ​គំរាមកំហែង​ដើម្បី​បិទ​ខ្ទប់​លំហ​សេរីភាព​នយោបាយ​នៅ​មុន​ការ​បោះឆ្នោត​នេះ ដោយសារតែ​បក្ស​កាន់​អំណាច​នៅតែ​ប្រុង​ប្រយ័ត្ន​ការ​ងើប​ឡើង​នៃ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ជានិច្ច ត្បិត​សារជាតិ​របស់​ពលរដ្ឋ​ខ្មែរ ឱ្យ​តែ​មាន​ឱកាស ពួកគាត់​នឹង​ងើប​ឡើងវិញ​ភ្លាមៗ។ ជាក់ស្តែង​ការ​បោះឆ្នោត​អាណត្តិ​ទី​៥ ឆ្នាំ​២០១៣ គណបក្ស​សង្គ្រោះ​ជាតិ​បង្កើត​ឡើង​បាន​ត្រឹមតែ ៣​ខែ​ប៉ុណ្ណោះ​មុន​ពេល​បោះឆ្នោត ប៉ុន្តែ​កម្លាំង​គាំទ្រ​ងើប​ឡើង​ភ្លូក​ទឹក​ភ្លូក​ដី ដែល​បាន​បោះឆ្នោត​គាំទ្រ​បក្ស​នេះ​ដែល​មិន​នឹក​ស្មាន​ដល់។

កាលពី​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០២២ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​ស្ដីពី​ការ​កំណត់​កាលបរិច្ឆេទ​នៃ​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៧ ដែល​បាន​កំណត់​យក​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ដើម្បី​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ទៅ​តាម​អាណត្តិ​របស់​ខ្លួន​ដែល​មាន​រយៈពេល ៥​ឆ្នាំ​ម្តង​ដូច​អាណត្តិ​មុនៗ។

ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ក្នុង​អាណត្តិ​ទី​៧ នេះ គណបក្ស​ដែល​មាន​សក្ដានុពល​នៅ​កម្ពុជា គឺ​មាន​តែ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន តែ​មួយ​គត់​ដែល​ចូលរួម ខណៈ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​គេ​ចាត់ទុក​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា ត្រូវ​តុលាការ​រំលាយ ចំណែក​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ក៏​ត្រូវ​រង​នូវ​បណ្តឹង​តាម​ផ្លូវ​តុលាការ​ថែម​ទៀត។ បញ្ហា​នេះ ពួកគេ​នឹង​មិន​អាច​ចូលរួម​ការ​បោះឆ្នោត​ខាងមុខ​នេះ​បាន​ឡើយ។

ចំណែក​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី ក៏​មិន​អាច​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​បាន​ដែរ ស្រប​ពេល​ដែល​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន​នៅ​ពេល​នេះ ដូចជា​លោក សុន ឆ័យ លោក គង់ គាំ និង​លោក ថាច់ សេដ្ឋា ក៏​ត្រូវ​រង​នូវ​បណ្តឹង​រហូត​ឈាន​ដល់​ការ​រឹបអូស​ដីធ្លី ផ្ទះសម្បែង និង​ការ​ចាប់​ឃុំ​ខ្លួន​ថែម​ទៀត ដែល​គេ​មើល​ឃើញ​ថា​ជា​ការ​គំរាមកំហែង​ខាង​នយោបាយ​យ៉ាង​ធ្ងន់ធ្ងរ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២២ ក្នុង​ពិធី​សម្ពោធ​ផ្លូវ​ក្នុង​ខេត្ត​ព្រះសីហនុ លោក ហ៊ុន សែន ព្រមាន​ថា ក្រុម​ប្រឆាំង​ដែល​នៅ​បន្ត​គាំទ្រ​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី ជម្រើស​ចុងក្រោយ​គឺ​មាន​តែ​ដេក​គុក​ប៉ុណ្ណោះ ហើយ​លោក​នឹង​បញ្ចប់​វប្បធម៌​ឡាំប៉ា​ក្រោយ​ការ​បោះឆ្នោត​ដែល​អ្នក​ទាំងនោះ​ធ្លាប់​ធ្វើ​កន្លង​មក​ឱ្យ​បាន​ចាប់​ពេលនេះ​តទៅ។

វិធានការ​ច្បាប់ និង​សារ​ព្រមាន​ផ្ទួនៗ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើ​មន្ត្រី​បក្ស​ប្រឆាំង​ទាំងនេះ ត្រូវ​ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា​ជា​យុទ្ធសាស្ត្រ​ដែល​គណបក្ស​កាន់​អំណាច​តែង​ប្រើប្រាស់ ដើម្បី​បំបាក់​ដៃគូ​ប្រកួតប្រជែង​របស់​ខ្លួន​នៅ​មុន​រដូវកាល​បោះឆ្នោត​មក​ដល់។

ការ​បោះឆ្នោត​នៅ​កម្ពុជា បាន​ធ្វើ​ឡើង​ចំនួន ៦​អាណត្តិ​មក​ហើយ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ ខណៈ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ បាន​ធ្វើ​ឡើង​អស់ ៥​អាណត្តិ​មក​ហើយ​ដែរ ប៉ុន្តែ​រាល់​ពេល​ដែល​ជិត​ដល់​រដូវកាល​នៃ​ការ​បោះឆ្នោត​ម្តងៗ ទាំង​ពលរដ្ឋ​ខ្មែរ និង​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​តែង​រង​នូវ​ការ​គំរាមកំហែង​ពី​មន្ត្រី​បក្ស​កាន់​អំណាច​ជា​ប្រចាំ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស