រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ព្រមានថា គ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២២ នេះ នៅតែស្ថិតក្នុងអត្រាខ្ពស់ នាំឲ្យពលរដ្ឋស្លាប់ និងរបួសច្រើនក្នុងចំណោមគ្រោះថ្នាក់សង្គមផ្សេងទៀត។
ការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ ប្រារព្ធនៅក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។
ក្នុងកិច្ចប្រជុំនោះ លោក ស ខេង ថ្លែងថា ឆ្នាំ២០២២ កន្លងទៅ គ្រោះថ្នាក់ចរាចរណ៍បានបង្កឲ្យពលរដ្ឋចំនួនជាង ១៧០០នាក់ (១៧០៩នាក់) ស្លាប់ និងរបួសចំនួនជាង ៤ពាន់នាក់ (៤០២៦នាក់) ក្នុងនោះរបួសធ្ងន់ចំនួនជាង ២ពាន់នាក់ (២៥៧៩នាក់)។
ចំនួននេះមានការកើនឡើង បើប្រៀបធៀបនឹងឆ្នាំ២០២១។ គ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០២២ កន្លងទៅនេះបានកើនឡើង ៣០៦លើកស្មើនឹង ១១% អ្នកស្លាប់កើន ២១២នាក់ស្មើ ១៤% របួសកើន ៤១១នាក់ស្មើ ១១%។
លោក ស ខេង អះអាងថា មូលហេតុនៃគ្រោះថ្នាក់ដោយសារអ្នកបើកបរបើកលើសល្បឿនរហូតទៅដល់ចំនួន ៣៩% មិនគោរពសិទ្ធិអាទិភាព ២៤% មិនប្រកាន់ស្ដាំ ១១% វ៉ាប្រជែងគ្នា ១០% បត់ក្នុងស្ថានភាពគ្រោះថ្នាក់ ៩% ស្រវឹង ៤% ងងុយដេក ១%។
លោកបន្តថា អត្រាគ្រោះថ្នាក់ចរាចរណ៍កើនឡើងនេះបានបន្សល់ទុកសោកនាដកម្មជាច្រើនដល់ពលរដ្ឋ ដូចជាការរងរបួស ពិការភាព ការខាតបង់ទ្រព្យសម្បត្តិ ជាឧបសគ្គរារាំងដល់ដំណើរការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល ដោយសារអ្នកប្រើប្រាស់ផ្លូវមួយចំនួនមិនគោរពប្រតិបត្តិច្បាប់ ខ្វះសីលធម៌ ខ្វះការយល់យោគ ខ្វះអធ្យាស្រ័យ ហាក់ដូចជាមិនសូវស្រឡាញ់ជីវិតខ្លួនឯង និងអ្នកដទៃ។
លោក ស ខេង ក៏បានណែនាំឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិពង្រឹងការត្រួតពិនិត្យឯកសារឆៀករថយន្ត ដោយអាចពិចារណាធ្វើប្រតិបត្តិការឆ្មក់តាមគោលដៅ ប៉ុន្តែមិនត្រូវឲ្យការងារនេះក្លាយជាកុងត្រូលជជុះដែរ។
ទន្ទឹមនេះដែរ លោកបញ្ជាទៅស្ថាប័ន និងមន្ត្រីត្រូវដាក់គោលដៅដោយធ្វើយ៉ាងណាឲ្យពលរដ្ឋខ្លាចច្បាប់ចរាចរណ៍ ជាជាងខ្លាចប៉ូលិស ឬកងរាជអាវុធហត្ថដែលអនុវត្តច្បាប់។
លោកបន្តថា បើពលរដ្ឋខ្លាចច្បាប់ ទើបធានាសុវត្ថិភាពចរាចរណ៍បានច្រើន តែបើពលរដ្ឋខ្លាច ហើយអ្នកអនុវត្តច្បាប់កាន់តែរឹតបន្តឹងខ្លាំងទៀត នោះគ្រោះថ្នាក់ចរាចរណ៍អាចនឹងធូរស្រាល ប៉ុន្តែប្រសិនបើមានការបន្ថយការរឹតបន្តឹង ស្ថានភាពល្មើសច្បាប់ចរាចរណ៍ក៏កម្រើកឡើងវិញជាមិនខាន។
លោក ស ខេង ក៏ជំរុញ និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវហ៊ានរាយការណ៍អំពីករណីអនុវត្តច្បាប់មិនប្រក្រតីរបស់សមត្ថកិច្ច ដើម្បីលើកកម្ពស់ការអនុវត្តច្បាប់ឲ្យបានល្អប្រសើរ។
ការជំរុញរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ ធ្វើឡើងបន្ទាប់ពីនគរបាលចរាចរណ៍មួយចំនួនបានផាកពិន័យលើសច្បាប់កំណត់ និងបង្កហិង្សាលើពលរដ្ឋ ជាដើម៕