31 C
Phnom Penh

លោក ហ៊ុន សែន ផ្តល់​ដី​ជាង​៧៥​ហិកតារ​នៅ​ក្នុង​ឧទ្យាន​ជាតិ​ព្រះសុរាម្រិត-កុសមៈ​ឱ្យ​ក្រុមហ៊ុន​ឯកជន​មួយ​អភិវឌ្ឍ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ផ្ដល់​ដី​ជាង ៧៥​ហិកតារ​ស្ថិត​នៅ​ក្នុង​ឧទ្យាន​ជាតិ​ព្រះសុរាម្រិត-កុសមៈ​គិរីរម្យ ឲ្យ​ទៅ​ក្រុមហ៊ុន DEN-DEY ECO-TOUR CO., LTD ដើម្បី​ធ្វើការ​អភិវឌ្ឍ​លើ​គម្រោង​ទេសចរណ៍​ផ្សារភ្ជាប់​នឹង​ធម្មជាតិ​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ។

ក្នុង​អនុក្រឹត្យ​មួយ​ចុះ​ថ្ងៃទី​១៥ ខែ​កក្កដា ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​សម្រេច​ផ្ដល់​ដី​ទំហំ ៧៥,៧២​ហិកតារ ស្ថិត​នៅ​ក្នុង​ឧទ្យាន​ជាតិ​ព្រះសុរាម្រិត-កុសមៈ​គិរីរម្យ ក្នុង​ភូមិសាស្ត្រ​ឃុំ​ចំបក់ និង​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ឲ្យ​ក្រុមហ៊ុន ដែន-ដី អេកូ-ធួរ ឯ.ក (DEN-DEY ECO-TOUR CO., LTD.) ដើម្បី​បន្ត​រៀបចំ​បំពេញ​បែបបទ​នីតិវិធី​វិនិយោគ​អភិវឌ្ឍន៍​គម្រោង​ទេសចរណ៍​ផ្សារភ្ជាប់​នឹង​ធម្មជាតិ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ។

បើ​តាម​អនុក្រឹត្យ​បញ្ជាក់​ថា ការ​សម្រេច​ផ្ដល់​ដី​ជាង ៧៥​ហិកតារ​របស់​លោក ហ៊ុន សែន បន្ទាប់ពី​មាន​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់។

ជាមួយ​គ្នា​នេះ កាលពី​ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ​២០២២ កន្លងទៅ លោក ហ៊ុន សែន ក៏​បាន​កាត់​ឆ្វៀល​ដី​ទំហំ​ជាង ២០០​ហិកតារ​ចេញពី​ឧទ្យាន​ជាតិ​ព្រះសុរាម្រិត ឬ​ហៅថា​ឧទ្យាន​ជាតិ​គិរីរម្យ ស្ថិត​នៅ​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ដើម្បី​ប្រគល់​ដី​នោះ​ឲ្យ​ទៅ​ក្រុមហ៊ុន វ៉នម៉រ លីមីតធីត (ONE MORE Ltd.) ដើម្បី​បន្ត​រៀបចំ​បំពេញ​បែបបទ​នីតិវិធី​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ។

អ្នកស្រី ជឹង សុគន្ធាវី អគ្គនាយិកា​ក្រុមហ៊ុន វ៉នម៉រ លីមីតធីត គឺជា​កូនស្រី​បង្កើត​របស់​អ្នកស្រី ជឹង សុភាព ហៅ​យាយ​ភូ និង​ជា​ដៃគូ​ជំនួញ​ជាមួយ​គ្រួសារ​ត្រកូល «ហ៊ុន»។

កាលពី​ឆ្នាំ​១៩៩៣ ព្រះបាទ​សម្ដេចព្រះ នរោត្តម សីហនុ ព្រះអង្គ​បាន​កំណត់​តំបន់​គិរីរម្យ​ដែល​មាន​ផ្ទៃដី​ជាង ៣​ម៉ឺន ៥​ពាន់​ហិកតារ​ជា​តំបន់​ឧទ្យាន​ជាតិ ដើម្បី​ថែរក្សា​ធនធាន​ធម្មជាតិ និង​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍​ដោយ​មិន​ឲ្យ​ខូចខាត​ដល់​បរិស្ថាន​ឡើយ។

ភ្នំ​គិរីរម្យ​ស្ថិត​នៅ​ក្នុង​ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ នេះ​ត្រូវ​បាន​សម្ពោធ​ដាក់​ទៅ​ជា​ឧទ្យាន​ជាតិ​ព្រះសុរាម្រិត-កុសមៈ កាលពី​ខែ​មិថុនា ឆ្នាំ​១៩៩៥ ដើម្បី​រក្សា​ទុក​ជា​តំបន់​អភិរក្ស។

ប៉ុន្តែ​ចាប់ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០១៣ លោក ហ៊ុន សែន បាន​កាត់​ឆ្វៀល​ទីតាំង​ឧទ្យាន​ជាតិ​មួយ​ផ្នែក​ធំ​ជួល​ឲ្យ​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា សុខ គង់ និង​ក្រុមហ៊ុន អេស៊ា ធូ អេស៊ា (Asia To Asia) របស់​ជប៉ុន ខណៈ​បច្ចុប្បន្ន ផ្ទៃដី​គិរីរម្យ​ត្រូវ​បាន​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន កាត់​ឆ្វៀល​ជា​បន្តបន្ទាប់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស