រដ្ឋាភិបាលដែលដឹកនាំដោយបុរសខ្លាំងក្រាញអំណាចយូរជាងគេនៅអាស៊ី លោក ហ៊ុន សែន បន្តកាត់ដីបឹងតាមោកជាង ៧ហិកតារទៅឲ្យអគ្គិសនីកម្ពុជា ខណៈផ្ទៃដីបឹងតាមោកជាង ២ពាន់ហិកតារត្រូវបានកាត់ឲ្យស្ថាប័នរដ្ឋ និងបុគ្គលឯកជន។
យោងតាមអនុក្រឹត្យចំនួន ៨ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ និងត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ រដ្ឋាភិបាលបានសម្រេចផ្ទេរផ្ទៃដីចំនួន ៧,០៥ហិកតារនៃបឹងតាមោកទៅឱ្យអគ្គិសនីកម្ពុជា។
បឹងតាមោក ឬបឹងកប់ស្រូវ មានផ្ទៃដីសរុប ៣២៣៩ហិកតារ ជាអាងស្ដុកទឹកកខ្វក់ និងរំដោះទឹកចេញពីរាជធានីភ្នំពេញ ហើយបឹងមួយនេះត្រូវបានរដ្ឋាភិបាលចេញអនុក្រឹត្យកាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ ដោយកំណត់យកបឹងធម្មជាតិមួយនេះជាសម្បត្តិសាធារណៈរបស់រដ្ឋ។
ប៉ុន្តែចាប់តាំងពីឆ្នាំ២០១៨ ដល់ចុងខែធ្នូ ឆ្នាំ២០២១ ផ្ទៃបឹងតាមោកសរុបជាង ២ពាន់ហិកតារ ត្រូវបានរដ្ឋាភិបាលកាត់ ឬដោះដូរទៅឲ្យស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងបុគ្គលឯកជនមួយចំនួនដែលគេដឹងថាជាអ្នកមានលុយមានអំណាច សម្រាប់សាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ព្រមទាំងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ជាដើម។
ផ្ទៃដីបឹងតាមោកមានទំហំជាង ២ពាន់ហិកតារ ត្រូវបានពុះច្រៀក និងវះកាត់ជាបន្តបន្ទាប់ទៅឲ្យតារាចម្រៀងដ៏ល្បីនៅកម្ពុជា គឺលោក ព្រាប សុវត្ថិ ខណៈដីប្រហែល ១៥៥ហិកតារ ត្រូវបានផ្ទេរទៅឱ្យឧកញ៉ាក្នុងស្រុក និងជាម្ចាស់ក្រុមហ៊ុន Anco Group របស់លោក កុក អាន ហើយផ្ទៃដីជិត ១០០ហិកតារ ត្រូវបានផ្ទេរទៅឲ្យឈ្មោះ ជឹង ធានសេង កូនប្រុសរបស់ឧកញ៉ា ជឹង សុភាព ហៅយាយភូ។
ចំណែកដីចំនួន ៧៥ហិកតារ ត្រូវបានផ្ទេរទៅឲ្យឈ្មោះ សាយ សោភា ជាភរិយារបស់លោក ភឺន ផល្លា មេបញ្ជាការរងកងពលតូចលេខ៧០ ព្រមទាំងឲ្យមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា ជាដើម៕