37 C
Phnom Penh

អ្នកវិភាគ៖ អ្នក​ប្រដាល់ ប៊ូ ខាវ មិន​បាន​បកស្រាយ​ខុស​ទេ​ជុំវិញ​កីឡា​គុន​ខ្មែរ​និង​មួយថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​និយាយ​ថា ការ​បកស្រាយ​របស់​អ្នក​ប្រដាល់​ថៃ គឺ​លោក ប៊ូ ខាវ ដែល​ថា​គុន​ខ្មែរ​មាន​កម្រិត​ត្រឹម​អាស៊ាន គឺជា​រឿង​ត្រឹមត្រូវ ព្រោះ​គុន​ខ្មែរ​ជា​ម្ចាស់​វប្បធម៌​ក្បាច់គុន​នៅ​ក្នុង​តំបន់​អាស៊ាន ហើយ​អ្នក​ប្រដាល់​រូប​នោះ​ក៏​មិន​បាន​អះអាង​ថា មួយថៃ (Muay Thai) ជា​ម្ចាស់​វប្បធម៌​ក្បាច់គុន​ក្នុង​តំបន់​អាស៊ាន​ដែរ។

ជាង​នេះ​ទៀត ការ​អះអាង​របស់​គាត់​ដែល​ថា មួយថៃ (Muay Thai) មាន​កម្រិត​អូឡាំពិក​លើស​គុន​ខ្មែរ ក៏​មិន​ត្រូវ​នាំគ្នា​ខឹង​នឹង​គាត់​ដែរ ពីព្រោះ មួយថៃ ពិត​ជា​ឡើង​ដល់​កម្រិត​អូឡាំពិក​ប្រាកដ​មែន ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា តើ​រដ្ឋាភិបាល​ខ្មែរ​បាន​គិតគូរ​រក​វិធី​ឱ្យ​គុន​ខ្មែរ​ល្បីល្បាញ​កម្រិត​អន្តរជាតិ និង​បោះ​ជំហាន​ទៅ​ចូលរួម​ក្នុង​កីឡា​អូឡាំពិក​ដូច​ដែល​រដ្ឋាភិបាល​ថៃ បាន​លើកស្ទួយ​វិស័យ​កីឡា​របស់​គេ​ដែរ​ឬ​ក៏​អត់​តែប៉ុណ្ណោះ។

អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​នៅ​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ចន្ទ ទី​៦ កុម្ភៈ ថា ចំពោះ​ការ​អះអាង​របស់​គាត់​ដែល​ថា​ជា​ជនជាតិ​កួយ ក៏​មិន​ខុស​នោះ​ដែរ ព្រោះ​ថា​ប្រវត្តិ​ដើម​របស់​ពូជសាសន៍​ខ្មែរ​មាន​អម្បូរ​ច្រើន​ណាស់ ដូចជា​ខ្មែរ​អម្បូរ​មន ខ្មែរ​អម្បូរ​កួយ និង​ខ្មែរ​អម្បូរ​ចារ៉ាយ ជាដើម ដូច្នេះ​ការ​អះអាង​របស់​អ្នក​ប្រដាល់ ប៊ូ ខាវ គឺជា​ការ​លើកឡើង​ក្នុង​លក្ខខណ្ឌ​អព្យាក្រឹត​មួយ​ដែល​មិន​ប្រមាថ​លើ​ពលរដ្ឋ​ខ្មែរ​ផង ឬ​មើលងាយ​លើ​ពលរដ្ឋ​ថៃ​ផង​ដែរ។ ជាង​នេះ​ទៀត គាត់​ក៏​អាច​រក្សា​ផល​ប្រយោជន៍​ដែល​គាត់​កំពុង​ល្បីល្បាញ​ក្នុង​ប្រទេស​ថៃ ថែម​ទៀត។

ប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា អ្វី​ដែល​កម្ពុជា​ត្រូវ​ធ្វើ គឺ​រដ្ឋាភិបាល​ខ្មែរ​ត្រូវតែ​លើកស្ទួយ​វិស័យ​កីឡា​របស់​ខ្លួន​ឱ្យ​ទៅ​ជា​កីឡា​ជាតិ មិនមែន​ជា​កីឡា​សម្រាប់​កេង​ចំណេញ​នយោបាយ​ដូច​សព្វថ្ងៃ​នេះ​ទេ ព្រោះ​កន្លងមក កម្ពុជា​តែង​រៀបចំ​ការ​ប្រកួត​កីឡា​យក​ពានរង្វាន់​ជា​លក្ខណៈ​បុគ្គល​ប៉ុណ្ណោះ ដូចជា​ពានរង្វាន់ ហ៊ុន សែន ពានរង្វាន់ ស ខេង និង​ពានរង្វាន់​របស់​ក្រុមហ៊ុនស្រាបៀ ជាដើម ដែល​ទាំងអស់​នេះ​មិនមែន​ជា​ពានរង្វាន់​ថ្នាក់​ជាតិ​នោះ​ឡើយ។

លោក​អះអាង​ថា ពានរង្វាន់​ថ្នាក់​ជាតិ គឺជា​ពានរង្វាន់​របស់​ព្រះមហាក្សត្រ ព្រោះ​ព្រះអង្គ​ជា​ព្រះ​ប្រមុខ​រដ្ឋ ដូចជា​ប្រទេស​ថៃ ធ្លាប់​ធ្វើ​រហូត​មក នោះ​ទើប​អាច​ជំរុញ​វិស័យ​កីឡា​កម្ពុជា​ឱ្យ​ខ្ពង់ខ្ពស់​ទៅមុខ និង​អាច​ជួយ​លើកស្ទួយ​ជីវភាព​កីឡាករ​ខ្មែរ​ផង​ដែរ។

លោក​បន្ថែម​ថា ដោយសារតែ​បែប​នេះ​ហើយ​បាន​ជា​កីឡាករ​ខ្មែរ​សព្វថ្ងៃ​នេះ​មាន​ជីវភាព​ដុនដាប​ស្ទើរ​គ្រប់​គ្នា សូម្បី​អាហារ​បរិភោគ​ដើម្បី​ពង្រឹង​រាងកាយ និង​បង្កើន​សមត្ថភាព​ក្នុង​ការ​ហ្វឹកហាត់ ក៏​គ្មាន​ផង ក្នុង​នោះ​កីឡាករ​ខ្មែរ​ល្បីៗ​ខ្លះ ពេល​ចប់​ការ​ប្រកួត​បាន​ទៅ​រត់​ម៉ូតូឌុប​រក​ប្រាក់​ចិញ្ចឹម​ជីវិត ដោយ​គ្មាន​ការ​អើពើ​ពី​រដ្ឋាភិបាល​អ្វី​នោះ​ឡើយ។

លោក​ត្អូញត្អែរ​ថា បើ​រដ្ឋាភិបាល​កម្ពុជា​នៅតែ​មិន​យកចិត្ត​ទុកដាក់​លើ​វិស័យ​កីឡា​របស់​ខ្លួន​ដូច​សព្វថ្ងៃ​នេះ កុំ​សង្ឃឹម​ថា​កម្ពុជា​នឹង​អាច​មាន​មុខ​មាន​មាត់​ខាង​វិស័យ​កីឡា​លើ​ឆាក​អន្តរជាតិ​ធំៗ​ដូច​ប្រទេស​ដទៃ​ឱ្យ​សោះ។

កាលពី​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០២៣ កម្ពុជា​បាន​ប្រកាស​ទទួល​រៀបចំ​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​៣២ និង​អាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី​១២ ដែល​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​៥ ដល់​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៣ ខាងមុខ​នេះ ក្នុង​នោះ​កម្ពុជា​បាន​ស្នើសុំ​ផ្លាស់ប្ដូរ​វិញ្ញាសា​មួយថៃ មក​ជា គុន​ខ្មែរ វិញ​ផង​ដែរ ប៉ុន្តែ​បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​អនុប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ថៃ (NOCT) លោក Charoen Wattanasin ប្រតិកម្ម​យ៉ាង​ខ្លាំង។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នក​ប្រដាល់​ប្រចាំ​ប្រទេស​ថៃ ឈ្មោះ ប៊ូ ខាវ បាន​លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា កីឡាករ​ថៃ​មិន​គួរ​ខ្វល់​ពី​រឿង​ប្តូរ​វិញ្ញាសា​ពី មួយថៃ (Muay Thai) ទៅ គុន​ខ្មែរ (Kun Khmer) ទេ ពីព្រោះ​ការ​ផ្លាស់ប្ដូរ​នេះ​ត្រឹម​កម្រិត​អាស៊ាន​ប៉ុណ្ណោះ ប៉ុន្តែ មួយថៃ (Muay Thai) គឺ​លេខ​១ ក្នុង​កម្រិត​អូឡាំពិក​ទៅ​ហើយ។

បន្ទាប់ពី​ការ​លើកឡើង​របស់​កីឡាករ​រូប​នេះ បាន​នាំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ប្រតិកម្ម​យ៉ាង​ខ្លាំង​រហូត​មាន​ឧកញ៉ា និង​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ខ្មែរ​ខ្លះ ចេញ​មុខ​ប្រកាស​រក​កីឡាករ​ខ្មែរ​ណា​ដែល​អាច​ផ្តួល​អ្នក​ប្រដាល់​ប្រចាំ​ប្រទេស​ថៃ នោះ​ផង​ដែរ ដែល​ពួកគេ​សន្យា​ថា​នឹង​ផ្តល់​ផ្ទះ រថយន្ត និង​លុយ​រាប់​សិប​ម៉ឺន​ដុល្លារ​អាមេរិក​ថែម​ទៀត ដែល​ធ្វើ​ឱ្យ​ការ​ប៉ះ​ទង្គិច​គ្នា​នេះ​កាន់តែ​ឡើង​កម្ដៅ​ខ្លាំង​ទៅៗ​នៅ​ពេលនេះ។

សារព័ត៌មាន​ប្រទេស​ថៃ ដែល​មាន​ឈ្មោះ​ថា ONE SIAM បាន​ចុះផ្សាយ​កាលពី​ពេល​កន្លងទៅ​ថា ភស្តុតាង​បុរាណវិទ្យា​មួយ​បង្ហាញ​ថា មួយថៃ (Muay Thai) មាន​ប្រភព​មកពី​អាណាចក្រ​ខ្មែរ។ ថ្ងៃ​នេះ​កម្ពុជា​មាន គុន​ខ្មែរ ឡាវ មាន មួយឡាវ និង​ប្រទេស​ថៃ មាន មួយថៃ (Muay Thai)។

ប្រភព​ដដែល​បញ្ជាក់​ថា កីឡា​ទាំង​បី​នេះ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ខ្លាំង​ណាស់ ប៉ុន្តែ​ដោយសារ​កង្វះ​ខាត​កំណត់ត្រា​ជា​លាយលក្ខណ៍​អក្សរ វា​ពិបាក​ក្នុង​ការ​ផ្ទៀងផ្ទាត់​ណាស់ ថា​តើ​ផ្នែក​ណា​ខ្លះ​ជា មួយថៃ (Muay Thai) ប៉ុន្តែ​គេ​អាច​កត់សម្គាល់​បាន​ថា មួយថៃ (Muay Thai) ពិត​ជា​បាន​ចាប់ផ្តើម​ក្នុង​អាណាចក្រ​ខ្មែរ​ប្រាកដ​មែន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស