របងសាងសង់លើដីឆ្នេរអូរឈើទាល ត្រូវបានវាយកម្ទេចចោលទាំងយប់កាលពីថ្ងៃទី៨ ខែកុម្ភៈ តាមបញ្ជារបស់លោក ហ៊ុន សែន ក្រោយពីសារព័ត៌មានបានផ្សព្វផ្សាយ និងមានប្រតិកម្មខ្លាំងពីមហាជន ប៉ុន្តែនៅតែមិនទាន់ដឹងថាអ្នកណាជាម្ចាស់កម្មសិទ្ធិដដែល។
អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ បានប្រាប់សារព័ត៌មានក្នុងស្រុកថា អាជ្ញាធរវាយកម្ទេចរបងសង់លើដីឆ្នេរអូរឈើទាលទាំងយប់ បន្ទាប់ពីទទួលបានគោលការណ៍ពីលោក ហ៊ុន សែន ដោយលោកជាអ្នកចេញមុខសម្របសម្រួលជាមួយម្ចាស់កម្មសិទ្ធិដីនោះ។
ការវាយកម្ទេចជញ្ជាំងថ្មទាំងយប់កាលពីថ្ងៃទី៨ ខែកុម្ភៈ នេះ ធ្វើឡើងបន្ទាប់ពីមានប្រតិកម្មខ្លាំងពីមហាជន និងការផ្សព្វផ្សាយពីបណ្ដាញសារព័ត៌មានផងដែរ។ ក្នុងនោះ អ្នកប្រើប្រាស់បណ្ដាញសង្គមខ្លះបានយកសេចក្តីថ្លែងរបស់លោក ហ៊ុន សែន កាលពីពេលកន្លងមកដែលបានបញ្ជាទៅក្រសួងស្ថាប័នពាក់ព័ន្ធ មោឃភាពចោល ឬលុបចោលការផ្ដល់ប័ណ្ណកម្មសិទ្ធិ បើសិនជាវាបានរំលោភលើដីឆ្នេរសមុទ្រ និងប៉ះពាល់ដីភ្នំដែលជាសម្បត្តិរដ្ឋនោះ។

នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព បានសរសេរលើហ្វេសប៊ុកថា ការវាយកម្ទេចរបងជញ្ជាំងថ្មចោលនាពេលនេះ នៅមិនទាន់ឆ្លើយតបទៅនឹងចម្ងល់ និងភាពមិនច្បាស់លាស់នៃការធ្វើអនុបយោគទីតាំងនោះនៅឡើយទេ។
អ្នកស្រីទាមទារឲ្យរដ្ឋាភិបាល និងអាជ្ញាធរត្រូវពន្យល់ និងបង្ហាញឱ្យច្បាស់ ហើយបើខុសនីតិវិធីនោះ អ្នកស្រីថាអាជ្ញាធរត្រូវរកអ្នកទទួលខុសត្រូវឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងការបន្តបំពានទៅលើធនធានធម្មជាតិ និងទ្រព្យសម្បត្តិសាធារណៈ។
អ្នកស្រីថា បើតាមច្បាប់ភូមិបាលឆ្នាំ២០០១ ចែងថា ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋមិនអាចជាកម្មវត្ថុទិញលក់ទេ តែអាចធ្វើអនុបយោគទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋនៅពេលបាត់បង់ប្រយោជន៍សាធារណៈ។

ចំពោះលក្ខខណ្ឌនៃការអនុបយោគនោះវិញ យោងតាមព្រះរាជក្រឹត្យលេខ៣៣៩ ចែងថា៖
- ទ្រព្យសម្បត្តិនោះមិនមានផលប្រយោជន៍ដល់សាធារណៈ
- ទ្រព្យសម្បត្តិនោះបានបាត់បង់មុខងារផលប្រយោជន៍សាធារណៈ
- ទ្រព្យសម្បត្តិនោះមិនអាចប្រើប្រាស់បានជាសាធារណៈ។
ទោះបីជារបងជញ្ជាំងថ្មដែលសាងសង់លើដីឆ្នេរអូរឈើទាល ត្រូវបានវាយកម្ទេចចោលហើយក្ដី ប៉ុន្តែមកដល់ពេលនេះគេនៅមិនទាន់ដឹងថា ម្ចាស់កម្មសិទ្ធិដែលហ៊ានសាងសង់របងរំលោភលើដីឆ្នេរសមុទ្រជានរណានៅឡើយទេ។
បើតាមសារាចរណែនាំស្ដីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្ររបស់កម្ពុជាឆ្នាំ២០១២ បានហាមដាច់ខាតមិនឱ្យមានការសាងសង់ណាមួយដែលមានចម្ងាយ ១០០ម៉ែត្រពីឆ្នេរសមុទ្រ ដោយគិតចាប់ពីចំណុចទឹកជោរនៃទឹកសមុទ្រ៕