38 C
Phnom Penh

អ្នក​ឃ្លាំមើល៖ រដ្ឋ​ដែល​នីតិរដ្ឋ​ចុះ​ខ្សោយ អ្នក​មាន​អំណាច​នឹង​ហែកហួរ​ទ្រព្យសម្បត្តិ​ជាតិ​ចែក​គ្នា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា នៅ​ពេល​ដែល​ប្រទេស​មួយ​មាន​នីតិរដ្ឋ​ចុះ​ខ្សោយ អ្នកមាន​អំណាច និង​បក្ខពួក​របស់​ពួកគេ​ប្រាកដ​ជា​នឹង​ហែកហួរ​ទ្រព្យសម្បត្តិ​ជាតិ ធ្វើ​មាន​ធ្វើ​បាន​រៀងៗ​ខ្លួន។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ កុម្ភៈ ដែល​ទំនង​សំដៅ​ដល់​អ្នកមាន​អំណាច​នៅ​ប្រទេស​កម្ពុជា ថា​ការ​ដណ្តើម​ធនធាន​ដែល​ជា​ទ្រព្យសម្បត្តិ​របស់​ប្រទេស​ជាតិ​ធ្វើ​ជា​អ្នកមាន​ស្តុកស្តម្ភ បាន​កើតមាន​យូរ​ណាស់​ហើយ ក្នុង​នោះ​ពួកគេ​ចែក​គ្នា​តាម​បក្ខពួក ដូចជា​អ្នក​ណា​មាន​សែស្រឡាយ​ជាមួយ​អ្នកមាន​អំណាច​កាន់តែ​ខ្ពស់ ក៏​អាច​ដណ្តើម​ទ្រព្យសម្បត្តិ​ជាតិ​បាន​កាន់តែ​ច្រើន ចំណែក​អ្នក​ដែល​មិន​សូវ​មាន​សែស្រឡាយ​ក៏​មិន​អាច​ដណ្តើម​បាន​ច្រើន​ទៅ​តាម​ហ្នឹង​ដែរ។

បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើង​ថា ចំណែក​អ្នក​ខ្លះ​ទៀត​ដែល​មិន​សូវ​មាន​សែស្រឡាយ​ទោះ​ជា​ដណ្តើម​បាន​ទ្រព្យសម្បត្តិ​ជាតិ​មិន​សូវ​ច្រើន ក៏​នៅតែ​រង​នូវ​ការ​ដណ្តើម​ពី​អ្នកដទៃ​ដែល​មាន​សែស្រឡាយ​ជាមួយ​អ្នកមាន​អំណាច​ធំ​ជាង​ខ្លួន​នៅ​ថ្ងៃ​ណា​មួយ​ដែរ ដែល​ពួកគេ​នឹង​រង​នូវ​ការ​ដកហូត ក្រោម​រូបភាព​ធ្វើ​ជា​ដី​សម្បទាន​ឲ្យ​ទៅ​ប្រជាពលរដ្ឋ ឬ​សម្បទាន​ឲ្យ​ទៅ​ក្រុមហ៊ុន​ណា​មួយ ជាដើម។

អ្នកវិភាគ​នយោបាយ និង​សង្គម​រូប​នេះ​បញ្ជាក់​ថា ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​មួយ​ដោយ​ផាត់​ចោល​នូវ​ភាគី​ពាក់ព័ន្ធ ដូចជា​ប្រជាពលរដ្ឋ ក្នុង​ន័យ​ថា​ប្រជាពលរដ្ឋ​មិន​អាច​ទទួល​បាន​ផល​ប្រយោជន៍​ពី​ការ​អភិវឌ្ឍ​នោះ ហើយ​ផល​ប្រយោជន៍​ទាំងនោះ​បាន​ទៅ​តែ​លើ​អ្នកមាន​អំណាច ត្រូវ​គេ​ចាត់ទុក​ថា​មិនមែន​ជា​ការ​អភិវឌ្ឍ​ទេ ប៉ុន្តែ​ជា​ការ​កេងប្រវ័ញ្ច ឬ​ការ​ដណ្តើម​ផល​ប្រយោជន៍​ប៉ុណ្ណោះ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី បាន​លើកឡើង​ថា ប្រជាពលរដ្ឋ​កំពុង​នាំគ្នា​សាង​នីតិរដ្ឋ​ឱ្យ​រឹងមាំ ប៉ុន្តែ​សព្វថ្ងៃ​នេះ​ការ​ហែក​ដី​រដ្ឋ​ចែក​គ្នា​លក់​ធ្វើ​មាន​ពី​សំណាក់​អ្នកមាន​អំណាច នៅតែ​បន្ត​កើតមាន។

លោក​ចោទ​សួរ​ថា តើ​អ្នក​ដឹកនាំ​នៅតែ​បន្ត​និយាយ​ខុស​ពី​ការ​អនុវត្ត​ដល់​ពេល​ណា​ទៀត?

លោក​បន្ថែម​ថា បើ​នៅតែ​បណ្តែតបណ្តោយ​ឲ្យ​មាន​ការ​ពុះ​ដី​រដ្ឋ​ចែក​គ្នា​លក់​បែប​នេះ​ទៀត ទ្រព្យសម្បត្តិ​របស់​ខ្មែរ​ដែល​មាន​តម្លៃ​មហាសាល​នឹង​ត្រូវ​វិនាស​សាបសូន្យ​ជាមិនខាន។

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា លោក សុខ សុគន្ធ ធ្លាប់​បាន​រិះគន់​ថា ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ​មិនមែន​អនុវត្ត​ច្បាប់​ទេ គឺ​អនុវត្ត​តាម​បញ្ជា​លោក ហ៊ុន សែន។ ដូច្នេះ​ហើយ​បាន​ជា​ពួកគេ​យក​ទ្រព្យសម្បត្តិ​ជាតិ​ចែក​គ្នា​គ្មាន​ទោសពៃរ៍​នោះ​ទេ ប៉ុន្តែ​ពួកគេ​ច្រើនតែ​ប្រើ​រូបភាព​ជា​សម្បទាន​នៅ​គ្រប់​ទីកន្លែង​អស់ ខណៈ​ការ​ស្រាវជ្រាវ​ដើម្បី​ឱ្យ​មាន​តម្លាភាព​មិន​ត្រូវ​បាន​អនុវត្ត​នោះ​ឡើយ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២២ លោក ហ៊ុន សែន ចុះហត្ថលេខា​លើ​អនុក្រឹត្យ​មួយ​ដោយ​កំណត់​ដី​សាធារណៈ​របស់​រដ្ឋ​ជិត ១​លាន​ហិកតារ​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ខេត្ត​ចំនួន​១៥ រួម​មាន​ខេត្ត​ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង កំពង់ធំ និង​ខេត្ត​តាកែវ ជាដើម ដើម្បី​ត្រៀម​ធ្វើ​អនុបយោគ និង​បែងចែក​សម្រាប់​កម្មសិទ្ធិ​ឯកជន​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​នានា​ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ។

ទាក់ទិន​នឹង​ការ​បែងចែក​ដី​រដ្ឋ​ឱ្យ​បុគ្គល​ឯកជន និង​ក្រុមហ៊ុន​ឯកជន​នេះ ឧកញ៉ា​ដែល​ជិតស្និទ្ធ​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាច្រើន​នាក់ រួម​ទាំង​សាច់ញាតិ និង​កូនបង្កើត​របស់​គាត់​ផង បាន​ទទួល​ដី​រដ្ឋ​ជាច្រើន​រយ​ហិកតារ​ធ្វើ​ជា​កម្មសិទ្ធិ ដូចជា​ឧកញ៉ា ពុង ឃាវសែ ឧកញ៉ា សេង ញ៉ក និង​ឧកញ៉ា លី យ៉ុងផាត់ ជាដើម ដែល​មាន​រហស្សនាម​ថា​ស្ដេច​កោះកុង​សព្វថ្ងៃ​នេះ។ ជាង​នេះ​ទៀត អ្នកស្រី ហ៊ុន ម៉ាណា និង​អ្នកស្រី ហ៊ុន ម៉ាលី ដែល​ត្រូវ​ជា​កូនស្រី​បង្កើត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​ទទួល​បាន​ដី​រដ្ឋ​ជា​រយ​ហិកតារ​ផង​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស