36 C
Phnom Penh

បទវិភាគ៖ នៅ​តំបន់​អាស៊ី​យ៉ាងតិច ៥​ទីតាំង អាច​ប្រឈមមុខ​នឹង​ការ​ផ្ទុះ​សង្គ្រាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុង​រយៈពេល​ជាង​មួយ​ទសវត្ស​មក​នេះ នៅ​តំបន់​អាស៊ី​គេ​សង្កេត​ឃើញ​មាន​ការ​រត់​ប្រណាំង​សព្វាវុធ​ខ្លាំង​ទៅៗ។ ប្រទេស​តូច​ដែល​ខំ​ប្រជែង​សព្វាវុធ​ជាមួយ​ប្រទេស​ធំ រួម​មាន​ប្រទេស​ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កូរ៉េខាងជើង និង​កោះ​តៃវ៉ាន់។

ចំពោះ​ប្រទេស​ធំ​មាន​ពីរ​ក្នុង​តំបន់​នេះ គឺ​ប្រទេស​ចិន និង​ឥណ្ឌា ដែល​មាន​ប្រជាជន​ជាង ១៤០០​លាន​នាក់ ប្រហាក់​ប្រហែល​គ្នា​ក៏​ប្រជែង​គ្នា​ដែរ។ ប្រទេស​ធំ​ពីរ​នេះ​ផលិត​សព្វាវុធ​បាន​ខ្លួនឯង ហើយ​ក៏​នៅ​បន្ត​ទិញ​សព្វាវុធ​ពី​ក្រៅ​ប្រទេស​ថែម​ទៀត។

មូលហេតុ​ដែល​មាន​ការ​រត់​ប្រណាំង​សព្វាវុធ គឺជា​ការ​ទប់ទល់​នឹង​កម្លាំង​គំរាមកំហែង ឬ​ការ​បង្ក​សង្គ្រាម​ពី​សំណាក់​ប្រទេស​ដែល​ត្រូវ​គេ​មើល​ឃើញ​ថា បង្កើត​ឱ្យ​មាន​ភាព​តានតឹង​ក្នុង​ការ​សម្រេច​ទិសដៅ​នៃ​ការ​ពង្រីក​ទឹកដី និង​គាប​សង្កត់​ផ្នែក​យោធា​ឲ្យ​ប្រទេស​មួយ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​ខ្លួន ហើយ​ប្រគល់​ដែន​អធិបតេយ្យ​ឱ្យ​ស្ថិត​ក្នុង​ចំណុះ​របស់​ខ្លួន​ថែម​ទៀត។

នៅ​ក្នុង​ដំណាក់កាល​ចុងក្រោយ​នេះ គេ​សង្កេត​ឃើញ​ចិន​ជា​ប្រទេស​ធំ​ទាំង​សេដ្ឋកិច្ច និង​យោធា បាន​បង្កើន​ឧត្តមភាព​វិស័យ​ពីរ​នេះ​យ៉ាង​ខ្លាំង​ទៅ​លើ​ប្រទេស​នៅ​ក្នុង​តំបន់។

ចំណែក​កូរ៉េខាងជើង ពុំ​មែន​ជា​ប្រទេស​ធំ​ដូច​ឥណ្ឌា និង​ចិន នោះ​ទេ តែ​រដ្ឋ​កុម្មុយនីស្ត​ផ្ដាច់ការ​មួយ​នេះ​តែងតែ​គំរាម​ប្រទេស​ជិតខាង ដោយ​ការ​បាញ់​មីស៊ីល​ផ្លោង​អន្តរទ្វីប និង​ការ​គំរាម​បាញ់​នុយក្លេអ៊ែរ។

រដ្ឋ​ផ្ដាច់ការ​មួយ​នេះ មិន​ចង់​ឱ្យ​មាន​ទ័ព​អាមេរិក​នៅ​លើ​ទឹកដី​កូរ៉េខាងត្បូង​នោះ​ទេ ហើយ​តែងតែ​ប្រឆាំង​នឹង​អាមេរិក​ធ្វើ​សមយុទ្ធ​ជាមួយ​នឹង​កូរ៉េខាងត្បូង។

តើ​តំបន់​ទាំង ៥ នេះ មាន​នៅ​ទីណា​ខ្លះ​ក្នុង​ទ្វីប​អាស៊ី​ប៉ាស៊ីហ្វិក ដែល​អាច​ផ្ទុះ​សង្គ្រាម?

ទីតាំង​ទី​មួយ៖

គេ​ត្រូវតែ​គិត​ភ្លាម​ទៅ​រក​ភាព​ផុយ​ស្រួយ​នៃ​ការ​ផ្ទុះ​សង្គ្រាម​ដោយ​ការ​វាយលុក​ពី​សំណាក់​កងទ័ព​ចិន ទៅ​លើ​កោះ​តៃវ៉ាន់។ ចិន​នៅតែ​ចិញ្ចឹម​ចិត្ត​ចង់​លេប​ត្របាក់​កោះ​នេះ​ឲ្យ​មក​ស្ថិត​នៅ​ក្រោម​ចំណុះ​របស់​ខ្លួន។

មូលហេតុ​ដែល​ចិន​ធ្វើ​ដូចនេះ គឺ​ចិន​អាច​យោង​ដល់​សេចក្ដី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ​លេខ ២៧៥៨ ដែល​ពេល​នោះ​សម្រេច​ឲ្យ​ចិន​អង្គុយ​លើ​អាសនៈ​អង្គការ​សហប្រជាជាតិ​ជំនួស​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ដែន​កោះ​តៃវ៉ាន់​នៃ​សាធារណរដ្ឋ​ចិន ដែល​ចាញ់​សង្គ្រាម​នៃ​បដិវត្តន៍ ម៉ៅ សេទុង ឆ្នាំ​១៩៤៩។

ដំណោះស្រាយ​លេខ ២៧៥៨ ធ្វើឡើង​នៅ​ឆ្នាំ​១៩៧១ ដែល​ទីបំផុត​កោះ​តៃវ៉ាន់​ក៏​តម្រូវ​ឲ្យ​ស្ថិត​នៅ​ក្រោម​អធិបតេយ្យភាព​របស់​ក្រុង​ប៉េកាំង នៃ​រដ្ឋាភិបាល​បក្ស​កុម្មុយនីស្ត​បច្ចុប្បន្ន​នេះ។

តែ​យ៉ាងណា អាមេរិក​បាន​ឃារឃាំង​មិន​ឱ្យ​តៃវ៉ាន់​ធ្លាក់​នៅ​ក្រោម​ចិន​បាន​ជាដាច់ខាត​មក​ទល់​បច្ចុប្បន្ន​នេះ ហើយ​អាមេរិក​សម្រេច​ជួយ​ផ្គត់ផ្គង់​អាវុធ​ទៅ​ឱ្យ​តៃវ៉ាន់​យ៉ាង​សម្បើម ដែល​ធ្វើ​ឱ្យ​តៃវ៉ាន់​ក្លាយ​ជា​ទីតាំង​ភូមិសាស្ត្រ​ប្រទាញប្រទង់​គ្នា​រវាង​អាមេរិក និង​ចិន។

បុព្វហេតុ​មួយ​ធំ​បំផុត​ដែល​អាមេរិក​ការពារ​តៃវ៉ាន់ គឺ​តម្លៃ​ប្រជាធិបតេយ្យ​ក្នុង​តំបន់ និង​តម្លៃ​ឥទ្ធិពល​របស់​អាមេរិក​ក្នុង​តំបន់។

ការពិត ចិន​ត្រៀម​វាយលុក​កោះ​តៃវ៉ាន់​ក្នុង​ទំហំ​ចល័ត​ទ័ព​ធំៗ ៥​លើក​ទៅ​ហើយ ដែល​ពិភពលោក​គិត​ថា​នឹង​មាន​សង្គ្រាម​ជៀស​ពុំ​រួច​នោះ​ទេ ព្រោះ​ដំណាក់កាល​ទាំង ៥ នោះ ចិន​បាន​បញ្ចេញ​ទ័ព​បញ្ចេញ​នាវាចម្បាំង យន្តហោះ​ចម្បាំង​យ៉ាង​សម្បើម​ឡោម​ព័ទ្ធ​កោះ​តៃវ៉ាន់​ដូចជា​កាលពី​ដើម​ខែ​សីហា ឆ្នាំ​២០២២ ជាដើម។

ទីបំផុត ចិន​បាន​សម្រេច​ផ្អាក​ការ​ឡោមព័ទ្ធ​តៃវ៉ាន់​ក្រោយពី​អាមេរិក​បាន​ចល័ត​ទ័ព​ជើងទឹក នាវា​ផ្ទុក​យន្តហោះ​ទៅ​អែប​នឹង​កោះ​តៃវ៉ាន់ ហើយ​ត្រៀម​លើក​ទ័ព​ចូល​កោះ​តៃវ៉ាន់​ដើម្បី​អន្តរាគមន៍​ជួយ​ដែន​កោះ​មួយ​នេះ។

យ៉ាងណា ចិន​នៅតែ​មាន​គោលដៅ​វាយ​យក​តៃវ៉ាន់ ដែល​អ្នកជំនាញ​ផ្នែក​យោធា​អាមេរិក​មើល​ឃើញ​ថា ទំនង​អាច​នៅ​ឆ្នាំ​២០២៥ ឬ​ឆ្នាំ​២០២៦។ ពេល​នោះ ចិន​អាច​នឹង​បញ្ឆេះ​សង្គ្រាម​លុកលុយ​ដែន​កោះ​នេះ​ដោយ​ក្រុង​ប៉េកាំង សម្រេច​ប្រឈម​មុខ​ជាមួយ​សហរដ្ឋ​អាមេរិក។

ទីតាំង​ទី​ពីរ៖

គេ​អាច​សម្លឹង​ទៅ​រក​សង្គ្រាម​ឧបទ្វីប​កូរ៉េ​ជា​ថ្មី​ម្ដង​ទៀត ដែល​វា​អាច​ផ្ទុះឡើង​រវាង​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង ហើយ​អាមេរិក​នឹង​អន្តរាគមន៍​ជួយ​កូរ៉េខាងត្បូង។ ទីតាំង​មួយ​នេះ ខណៈ​នេះ​កំពុងតែ​បង្ក​កម្ដៅ​ជា​ខ្លាំង​ទាំង​កូរ៉េខាងជើង ទាំង​កូរ៉េខាងត្បូង​ដែល​សហការ​ជាមួយ​សហរដ្ឋ​អាមេរិក តែងតែ​ធ្វើ​សមយុទ្ធ​គំរាម​គ្នា​ទៅវិញ​ទៅមក។

កូរ៉េខាងជើង​មិន​ត្រឹមតែ​គំរាម​ធ្វើ​សង្គ្រាម​ធម្មតា​នោះ​ទេ គឺ​គំរាម​រហូត​ដល់​បាញ់​ក្បាលគ្រាប់​នុយក្លេអ៊ែរ​ទៀត​ផង។ ឥឡូវ​នេះ ស្ថានការណ៍​លើ​ឧបទ្វីប​កូរ៉េ​មិន​អាច​ចុះថយ​បាន​ឡើយ គឺ​កាន់តែ​តានតឹង​ខ្លាំង​ឡើង​រហូត​ដល់​កងទ័ព​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​ដាក់​ពង្រាយ​ខ្សែ​ត្រៀម​កងទ័ព​តាម​ព្រំដែន​ប្រឈម​មុខ​ដាក់​គ្នា​ទៀត​ផង។

ទីតាំង​ទី​បី៖

បើ​និយាយ​ពី​សមុទ្រ​ចិន​ខាងកើត​ឯណោះ​វិញ គឺ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ចិន និង​ជប៉ុន កំពុងតែ​កើតមាន​នៅឡើយ។ ចិន​តែងតែ​ធ្វើ​សមយុទ្ធ​នៅ​ក្បែរ​សមុទ្រ​ជប៉ុន ដោយ​ចិន​បាន​អូស​នាវាចម្បាំង និង​យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី​មក​ចូលរួម​ធ្វើ​សមយុទ្ធ​ផង​ដែរ។

ការ​ធ្វើ​សមយុទ្ធ​របស់​ប្រទេស​មហាអំណាច​ពីរ​នេះ ក៏​បាន​រុញ​ឲ្យ​ជប៉ុន​រត់​ទៅ​ពឹងពាក់​អាមេរិក​ភ្លាមៗ ដើម្បី​ធ្វើ​សមយុទ្ធ​ឆ្លើយតប​នឹង​ការ​គំរាម​របស់​ចិន និង​រុស្ស៊ី។

ដើមចម​ដែល​បង្ក​នូវ​ភាព​តានតឹង​នេះ គឺ​ដោយសារតែ​ចិន​ទាមទារ​ថា ប្រជុំ​កោះ​សេនកាគូ ដែល​ចិន​ហៅថា​ដាយយូ ជា​ដែន​អធិបតេយ្យ​របស់​ចិន តាំងពី​បុរាណកាល ហើយ​ត្រូវ​ជប៉ុន​យក​ពី​ចិន​នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី​២។

ចិន​តែងតែ​គំរាម​យក​កោះ​នេះ​មក​វិញ ហើយ​ជប៉ុន​ប្រឆាំង​ដាច់ខាត។ ក្រៅពី​នេះ​ទៀត ជប៉ុន និង​រុស្ស៊ី​នៅ​ពុំ​ទាន់​ដាច់ស្រេច​នឹង​គ្នា​នៅឡើយ​នោះ​ទេ​អំពី​ជម្លោះ​នៃ​ប្រជុំ​កោះ​គូរីល ដែល​រុស្ស៊ី​យក​ពី​ជប៉ុន​ក្នុង​សង្គ្រាម​លោក​លើក​ទី​២។

ជប៉ុន​មិន​ត្រឹមតែ​បាត់​កោះ​គូរីល នោះ​ទេ គឺ​រុស្ស៊ី​ចេះ​តែ​គំរាម​យក​កោះ​ជាច្រើន​ទៀត​ពី​ជប៉ុន នៅ​ប្រជុំ​កោះ​គូរីល។ និយាយ​រួម​ទៅ ដោយសារតែ​ស្ថានភាព​ដូចនេះ សង្គ្រាម​ស្ថិត​ក្នុង​ផ្លូវ​ដ៏​ផុយ​ស្រួយ​បំផុត​បាន​នាំ​ឱ្យ​ជប៉ុន កូរ៉េខាងត្បូង​រត់​ទៅ​ឱបក្រសោប ហើយ​កសាង​សម្ព័ន្ធភាព​យោធា​ជាមួយ​នឹង​ក្រុម​យោធា​ណាតូ ដែល​សហរដ្ឋ​អាមេរិក​ដឹក​មុខ​គេ។

ទីតាំង​ទី​បួន៖

ភាព​តានតឹង​ថ្មី​បំផុត​នេះ កំពុងតែ​ផ្ទុះឡើង​នៅ​សមុទ្រ​ចិន​ខាងត្បូង។ អនុត្តរភាព​របស់​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង កំពុងតែ​ប៉ះពាល់​ដល់​ដែន​អធិបតេយ្យភាព​ប្រទេស​នៅ​ក្នុង​តំបន់ ជាពិសេស​គឺ​រវាង​ចិន និង​ហ្វីលីពីន។

ថ្មីៗ​បំផុត​នេះ ចិន​បាន​បាញ់​ឡាស៊ែរ​ពន្លឺ​ចេញពី​នាវាចម្បាំង​ទៅ​លើ​នាវា​ល្បាត​របស់​ហ្វីលីពីន​នៅ​ក្នុង​ប្រជុំ​កោះ​ស្ព្រាតលី ដែល​នាំ​ឲ្យ​ហ្វីលីពីន​ចោទ​ចិន​ភ្លាមៗ​ថា កំពុងតែ​បង្ក​ជម្លោះ និង​មាន​ផែនការ​ឈ្លានពាន​ដែនទឹក​របស់​ហ្វីលីពីន។ ហ្វីលីពីន​ព្រមាន​ថា បើ​ចិន​នៅតែ​បន្ត​ធ្វើ​ដូចនេះ​ដាក់​មក​លើ​នាវា​ល្បាត​របស់​ហ្វីលីពីន គឺ​ថ្ងៃ​ខាងមុខ អាច​នឹង​ប៉ះទង្គិច​ប្រដាប់​អាវុធ​រវាង​កងទ័ព​ជើងទឹក​នៃ​ប្រទេស​ទាំង​ពីរ។

ប៉ុន្តែ​ចិន​ធ្វើ​ដូចនេះ​ទៅ​លើ​ហ្វីលីពីន ក៏​កើតឡើង​ក្រោយពី​ចិន​ប្រតិកម្ម​ដែល​ហ្វីលីពីន​បើក​ឲ្យ​កងទ័ព​អាមេរិក​ឈរជើង​នៅ​លើ​ទឹកដី​របស់​ខ្លួន និង​ដែន​កោះ​ហ្វីលីពីន​ដល់​ទៅ ៩​ទីតាំង ហើយ​ទីតាំង​ចុងក្រោយ គឺ​កោះ​មួយ​របស់​ហ្វីលីពីន​ដែល​ស្ថិត​នៅ​ក្បែរ​នឹង​កោះ​តៃវ៉ាន់។

ក្រុង​ប៉េកាំង ចាត់ទុក​ថា​ទ័ព​អាមេរិក​ដែល​ស្ថិត​នៅ​ក្បែរ​ដែន​កោះ​តៃវ៉ាន់​នេះ គឺ​ហ្វីលីពីន​កំពុងតែ​សាកល្បង​ឱ្យ​អាមេរិក​ពង្រឹង​កម្លាំង​ទ័ព​គំរាម​នឹង​ចិន។

ចិន ការពិត​មិន​ត្រឹមតែ​មាន​ទំនាស់​ដែនទឹក​ជាមួយ​នឹង​ហ្វីលីពីន​នោះ​ទេ គឺ​ជាមួយ​នឹង​វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ និង​ឥណ្ឌូនេស៊ី ទៀត​ផង ប៉ុន្តែ​ចិន​នៅតែ​ក្រសោប​កម្ពុជា​ជា​មិត្ត​ដែកថែប។

ចិន​អះអាង​ថា ខ្លួន​គេ​មាន​ផ្ទៃ​ទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដល់​ទៅ ៩០% ឯណោះ​ក្នុង​ផ្ទៃ​សរុប ៣​លាន​គីឡូម៉ែត្រ​ក្រឡា។ ដូចនេះ​ហើយ​បាន​ជា​ចិន​តែងតែ​បញ្ជូន​នាវា​ល្បាត និង​នាវាចម្បាំង​ទៅ​ដេញ​នាវា​នេសាទ ឬ​នាវា​ល្បាត​របស់​ប្រទេស​ទាំងអស់​នេះ ហើយ​ទីបំផុត ប្រទេស​ដែល​មាន​ជម្លោះ​នឹង​ចិន​តែងតែ​រត់​ទៅ​ពឹងពាក់​សហរដ្ឋ​អាមេរិក។

ទីតាំង​ទី​ប្រាំ៖

ឥណ្ឌា និង​ចិន ជា​ប្រទេស​ដែល​មាន​ព្រំដែន​ដី​គោក​ជាប់​គ្នា​យ៉ាង​ល្វឹងល្វើយ​ដល់​ទៅ​ជាង ៣​ពាន់​គីឡូម៉ែត្រ​នៃ​ជ្រលង​ភ្នំ​ហិមាល័យ។ ប្រទេស​ធំ​ពីរ​នេះ​តែង​ប៉ះទង្គិច​គ្នា​ដោយ​ប្រដាប់​អាវុធ​រហូត​ធ្លាប់​មាន​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​ផ្ទុះ​ឡើង​កាលពី​ឆ្នាំ​១៩៦២ និង​ឆ្នាំ​១៩៦៧ ទៀត​ផង។

រហូត​មក​ទល់​ពេលនេះ ឥណ្ឌា និង​ចិន នៅតែ​បន្ត​ដាក់​ពង្រាយ​ទ័ព និង​សព្វាវុធ​ប្រឈមមុខ​គ្នា​នៅឡើយ។

ការ​ប្រឈមមុខ​គ្នា​នេះ​ហើយ​ដែល​នាំ​ឲ្យ​ឥណ្ឌា សម្រេច​បង្កើន​ការ​ទិញ​អាវុធ​ពី​សហរដ្ឋ​អាមេរិក ពី​បារាំង និង​អ៊ីស្រាអែល ខណៈ​ដែល​ឥណ្ឌា​មាន​សព្វាវុធ​របស់​រុស្ស៊ី​នៅ​ក្នុង​ដៃ​ច្រើន​ណាស់​ទៅ​ហើយ​នេះ។

យ៉ាងណាក៏ដោយ ឥណ្ឌា​ជា​ប្រទេស​ដែល​ផលិត​អាវុធ​នៅ​ក្នុង​ស្រុក​បាន​ដែរ។ ផ្ទៃដី​ដែល​កំពុង​ប្រទាញប្រទង់​គ្នា គឺ​នៅ​តំបន់​ឡាដាក់។

ចិន​អះអាង​ថា ឥណ្ឌា​បាន​ដណ្ដើម​យក​ទឹកដី​ពី​ចិន​ជាង​មួយ​ម៉ឺន​គីឡូម៉ែត្រ​ក្រឡា​នៅ​តំបន់​នោះ។ ចំណែកឯ​ឥណ្ឌា​វិញ ចោទ​ចិន​ថា​បាន​រំលោភ​យក​ទឹកដី​ពី​ឥណ្ឌា ៤​ម៉ឺន​គីឡូម៉ែត្រ​ក្រឡា​នៅ​តំបន់​នោះ។

ឥឡូវ​ប្រទេស​ទាំង​ពីរ​នេះ​នៅ​សល់​ពេល​ត្រឹមតែ​ការ​ប៉ះទង្គិច​គ្នា ហើយ​ឆ្ពោះ​ទៅ​រក​ការ​ធ្វើ​សង្គ្រាម​សាជាថ្មី​ម្ដង​ទៀត​ប៉ុណ្ណោះ។

សរុប​ទៅ ទីតាំង ៥​តំបន់​នៃ​ទ្វីប​អាស៊ី​ដែល​គេ​អាច​បែងចែក​ជា​អាស៊ី​ខាងកើត អាស៊ី​ខាងត្បូង សមុទ្រ​ចិន​ខាងត្បូង បាន​កំពុង​ក្លាយ​ជា​ទីតាំង​ដែល​អ្នកជំនាញ​ផ្នែក​យោធា​មើល​ឃើញ​ថា អាច​ក្លាយ​ជា​សមរភូមិ​នៃ​សង្គ្រាម​ទៅ​ថ្ងៃ​ខាងមុខ​ដោយ​ជៀស​មិន​រួច​នោះ​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស