34 C
Phnom Penh

លោក សម រង្ស៊ី ថា​ការ​បិទ VOD ក៏​មាន​ចំណែក​លោក ហ៊ុន ម៉ាណែត ដែល​ត្រូវ​ទទួល​ខុសត្រូវ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ព្រមាន​ថា​ការ​សម្រេច​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ឲ្យ​បិទ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) ក៏​មាន​ចំណែក​លោក ហ៊ុន ម៉ាណែត ត្រូវ​ទទួល​ខុសត្រូវ​ដែរ។

លោក សម រង្ស៊ី អះអាង​ថា បើ​លោក ហ៊ុន ម៉ាណែត មាន​គំនិត​ប្រជាធិបតេយ្យ​តែ​បន្តិច គាត់​គួរ​ណាស់​បញ្ចេញមតិ​កុំ​ឲ្យ​គេ​បិទ VOD ព្រោះ​ដោយសារតែ​អង្គភាព​សារព័ត៌មាន​នេះ​បាន​ប្រើ​ឈ្មោះ​គាត់​ខុស​ដែល​ជា​រឿង​មួយ​កំប៉ិកកំប៉ុក​គ្មាន​បានការ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី អះអាង​កាលពី​ថ្ងៃទី​១៤ ខែ​កុម្ភៈ ថា ការ​អះអាង​របស់​លោក ហ៊ុន សែន ថា​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) នេះ បាន​ផ្សាយ​ចេញ​ឈ្មោះ​លោក ហ៊ុន ម៉ាណែត ដោយ​មិន​សម​ហេតុផល​នោះ គ្រាន់តែ​ជា​លេស​ដើម្បី​ឱ្យ​ខ្លួនឯង​មាន​ឱកាស​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​នេះ​តែប៉ុណ្ណោះ។

លោក សម រង្ស៊ី អះអាង​ថា បើ​លោក ហ៊ុន ម៉ាណែត ជា​មនុស្ស​គ្រាន់បើ​តែ​បន្តិច គាត់​គួរ​ណាស់​បញ្ចេញមតិ​កុំ​ឲ្យ​គេ​បិទ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) ប៉ុន្តែ​ការ​រក្សា​ភាព​ស្ងៀមស្ងាត់​របស់​គាត់​មាន​ន័យ​ថា លោក ហ៊ុន ម៉ាណែត គ្មាន​គំនិត​អ្វី​ចេញពី​ខ្លួនឯង​នោះ​ទេ គឺ​គាត់​ចេះ​ត្រឹមតែ​គាំទ្រ​ឪពុក​គាត់​ទាំង​ងងឹតងងល់ ដើម្បី​រង់ចាំ​ឡើង​កាន់​តំណែង​តាម​ជើងខោ​ឪពុក​គាត់ និង​បន្ត​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដូច​លោក ហ៊ុន សែន ប៉ុណ្ណោះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន សម្រេច​បិទ​អង្គភាព​សារព័ត៌មាន វីអូឌី ដែល​លោក​បាន​ចោទ​ថា​អង្គភាព​នេះ​បាន​មួលបង្កាច់​លោក ហ៊ុន ម៉ាណែត និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​រដ្ឋាភិបាល​របស់​លោក។

កាលពី​ថ្ងៃទី​១៣ កុម្ភៈ ក្រសួង​ព័ត៌មាន​បាន​បិទ​អង្គភាព​សារព័ត៌មាន វីអូឌី ជា​ស្ថាពរ បន្ទាប់ពី​ទទួល​បាន​បញ្ជា​ពី​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​១២ កុម្ភៈ ប៉ុន្តែ​ការ​សម្រេច​នេះ​បាន​រង​នូវ​ការ​ប្រតិកម្ម​ជាច្រើន​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ជាបន្តបន្ទាប់ ប៉ុន្តែ​លោក ហ៊ុន ម៉ាណែត ដែល​លោក ហ៊ុន សែន អះអាង​ថា​ជា​ជនរងគ្រោះ​ពី​ការ​ផ្សាយ​របស់ វីអូឌី នោះ គេ​នៅ​មិន​ទាន់​ឃើញ​លោក​បញ្ចេញ​ប្រតិកម្ម​ណា​មួយ​ជុំវិញ​បញ្ហា​នេះ​នៅឡើយ​ទេ​រហូត​ដល់​ពេលនេះ សូម្បី​សារ​គាំទ្រ​លោក ហ៊ុន សែន ក្នុង​ការ​បិទ វីអូឌី នេះ​ក៏ដោយ។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៥ កុម្ភៈ នេះ​ថា មុន​ការ​បោះឆ្នោត​ខែ​កក្កដា ឆ្នាំ​២០២៣ នេះ លំហ​ប្រជាធិបតេយ្យ​កាន់តែ​រួម​តូច​ក្រោយ​ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក VOD។ លោក​បន្ថែម​ថា នៅ​ពេល​ដែល​លំហ​ប្រជាធិបតេយ្យ​កាន់តែ​រួម​តូច​បែប​នេះ គឺ​កាន់តែ​ពិបាក​ក្នុង​ការ​រៀបចំ​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ​ឲ្យ​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃទី​១៤ កុម្ភៈ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា គ្មាន​ការ​ផ្លាស់ប្ដូរ​ការ​សម្រេច​ចិត្ត​របស់​លោក​ចំពោះ​ការ​បិទ​អង្គភាព​សារព័ត៌មាន VOD នេះ​ទេ ហើយ​ក៏​មិន​ធ្វើ​ឲ្យ​ស្លាប់​នូវ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ដែរ។

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បញ្ជាក់​ថា ដោយសារតែ​វិទ្យុ VOD ត្រូវ​បាន​បិទ និង​គ្មាន​ឱកាស​បើក​ឡើងវិញ និង​គិតគូរ​ទៅ​ដល់​ជីវភាព​បុគ្គលិក​ដែល​បាត់បង់​ការងារ​ដោយសារ​កំហុស​មេដឹកនាំ លោក​សម្រេច​ផ្តល់​ក្របខ័ណ្ឌ​រដ្ឋ​សម្រាប់​បុគ្គលិក វីអូឌី ដែល​មាន​បំណង​ចូល​បម្រើ​កិច្ចការ​រដ្ឋ​នៅ​ពេលនេះ។

ទោះជា​បែប​នេះ​ក្តី អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ លើកឡើង​នៅ​ថ្ងៃទី​១៥ កុម្ភៈ នេះ ដែល​ចង់​សំដៅ​ដល់​ការ​ប្រកាស​របស់​លោក ហ៊ុន សែន ក្នុង​ការ​ផ្តល់​ក្របខ័ណ្ឌ​រដ្ឋ​ដល់​បុគ្គលិក VOD ថា «បំណង​ល្អ តែ​ពិបាក​ទទួល គំនិត​ល្អ តែ​ពិបាក​សម្រេច​ចិត្ត​ល្អ តែ​បង្កប់​ប្រជាភិថុតិ ការពិត​មិន​អាច​លាក់​គេ​បាន​យូរ​ឡើយ»

លោក សេក សុជាតិ លើកឡើង​ថា ការ​ប្រកាស​បិទ​សារព័ត៌មាន VOD មិន​បាន​លើកកម្ពស់ និង​មុខមាត់​វិស័យ​ព័ត៌មាន​របស់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​ឡើយ ផ្ទុយទៅវិញ​វា​បាន​ធ្វើ​ឲ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ មើល​ឃើញ​កាន់តែ​ច្បាស់​ពី​ការ​បំបិទ​សិទ្ធិ​សេរីភាព​សារព័ត៌មាន និង​ការ​បញ្ចេញមតិ​កាន់តែ​ខ្លាំង​នៅ​កម្ពុជា​ទៅវិញ។

ចំណែក​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​១៥ កុម្ភៈ នេះ ដោយ​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា​ដាច់អហង្ការ និង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បើក​ដំណើរការ​អង្គភាព​សារព័ត៌មាន វីអូឌី ឡើងវិញ​ស្រប​តាម​ច្បាប់ និង​ស្រប​តាម​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​ដែល​ចង់​បាន​សារព័ត៌មាន​ឯករាជ្យ ដើម្បី​ផ្សព្វផ្សាយ​ពី​ទុក្ខ​កង្វល់​របស់​ពួកគាត់​ជូន​ទៅ​រដ្ឋាភិបាល។

ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា ការ​ដក​អាជ្ញាប័ណ្ណ​របស់​អង្គភាព​សារព័ត៌មាន VOD គឺជា​ការ​រំលោភ​លើ​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន ច្បាប់​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ​ផ្សេងៗ​ទៀត​ដែល​គាំពារ​សិទ្ធិ​សេរីភាព​សារព័ត៌មាន និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ។

ប្រភព​ដដែល​បញ្ជាក់​ថា ការ​បិទ​សិទ្ធិ​របស់ VOD នៅ​មុន​ការ​បោះឆ្នោត​អាណត្តិ​ទី​៧ នេះ គឺជា​ការ​បិទ​ភ្នែក​បិទ​ត្រចៀក និង​បិទ​ការ​យល់ដឹង​របស់​ពលរដ្ឋ​អំពី​ស្ថានភាព​សង្គម​ដែល​កំពុង​កើតមាន​ទាំងស្រុង ស្រប​ពេល​ដែល​ពលរដ្ឋ​កំពុង​ត្រូវការ​សេចក្តី​រាយការណ៍​ពិតប្រាកដ​មួយ​សម្រាប់​ធ្វើ​ការ​សម្រេច​ចិត្ត ដើម្បី​ជ្រើសរើស​មេដឹកនាំ​នៅ​ថ្ងៃ​បោះឆ្នោត​ខាងមុខ​នេះ។

ជុំវិញ​ការ​បិទ​អង្គភាព​សារព័ត៌មាន វីអូឌី នេះ សហគមន៍​អន្តរជាតិ​ជាច្រើន ដូចជា​ប្រទេស​ដែល​ជា​សមាជិក​សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក និង​អូស្ត្រាលី រួម​ទាំង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ជាដើម ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន បើក​ឱ្យ​អង្គភាព​សារព័ត៌មាន​នេះ​ដំណើរការ​ឡើងវិញ ប៉ុន្តែ​លោក ហ៊ុន សែន បែរ​ជា​ព្រមាន​មិន​ឱ្យ​បរទេស​លូក​ដៃ​ក្នុង​រឿង​នេះ​ជាដាច់ខាត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស