30 C
Phnom Penh

តុលាការ​នឹង​បើក​សវនាការ​លើ​សំណុំរឿង​កញ្ញា ឈឹម ស៊ីថរ នៅ​សប្តាហ៍​ក្រោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បើក​សវនាការ​លើ​សំណុំ​រឿង​តំណាង​សហជីព​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) កញ្ញា ឈឹម ស៊ីថរ នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​កុម្ភៈ សប្តាហ៍​ក្រោយ​នេះ បន្ទាប់ពី​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ​បដិសេធ​សំណើ​នៅ​ក្រៅ​ឃុំ​របស់​កញ្ញា​ជា​លើក​ទី​២ កាលពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣។

ចៅក្រម​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ អះអាង​ថា ការ​សម្រេច​ឱ្យ​កញ្ញា ឈឹម ស៊ីថរ បន្ត​ជាប់​ឃុំ គឺ​ដើម្បី​តាមដាន​លើ​សំណុំ​រឿង​នេះ និង​រង់ចាំ​ការ​ជំនុំជម្រះ​ពី​តុលាការ។

លោក អំ សំអាត នាយករង​ទទួល​បន្ទុក​កម្មវិធី​ឃ្លាំមើល​នៃ​អង្គការ​លីកាដូ ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​កុម្ភៈ នេះ​ថា សាលា​ឧទ្ធរណ៍​បាន​សម្រេច​បដិសេធ​បណ្តឹង​នៅ​ក្រៅ​ឃុំ​ជា​លើក​ទី​២ របស់​មេធាវី​ការពារ​ក្តី​ឲ្យ​កញ្ញា ឈឹម ស៊ីថរ។

លោក​ថា ហេតុផល​របស់​សាលា​ឧទ្ធរណ៍​ដែល​ច្រានចោល​បណ្តឹង​របស់​មេធាវី​ការពារ​ក្តី​ឲ្យ​កញ្ញា ឈឹម ស៊ីថរ ដោយសារ​ខ្លួន​បាន​តម្កល់​សេចក្តី​សម្រេច​របស់​តុលាការ​រាជធានី​ភ្នំពេញ​ទុក​ជា​បានការ ហើយ​ហេតុផល​ម្យ៉ាង​ទៀត​របស់​សាលា​ឧទ្ធរណ៍ គឺ​ត្រូវ​រក្សា​កញ្ញា​រូប​នេះ​ឲ្យ​ស្ថិត​ក្នុង​ការ​ឃុំឃាំង ដើម្បី​រង់ចាំ​សវនាការ​លើ​អង្គ​សេចក្តី។

លោក អំ សំអាត អះអាង​ថា តុលាការ​ភ្នំពេញ​នឹង​បើក​សវនាការ​នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​កុម្ភៈ នេះ ដើម្បី​ជំនុំជម្រះ​លើ​សំណុំរឿង​របស់​កញ្ញា។ លោក​ថា កញ្ញា ឈឹម ស៊ីថរ និង​មេធាវី​របស់​កញ្ញា គឺ​លោក សំ ចំរើន សុទ្ធតែ​បាន​ចូលរួម​សវនាការ​របស់​សាលា​ឧទ្ធរណ៍​ភ្នំពេញ។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា មេធាវី​របស់​កញ្ញា ឈឹម ស៊ីថរ ដាក់​បណ្តឹង​ទៅ​សាលា​ឧទ្ធរណ៍​ភ្នំពេញ​ដើម្បី​សុំ​ជំទាស់​នឹង​ដីកា​ពីរ​របស់​តុលាការ​ភ្នំពេញ គឺ​ទី​១ ដីកា​ដំណោះស្រាយ​ដែល​សម្រេច​បន្ត​ឃុំ​ខ្លួន​កញ្ញា និង​ទី​២ គឺ​ដីកា​ដាក់​កញ្ញា​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ។

កាលពី​ចុង​ឆ្នាំ​២០២២ សាលា​ឧទ្ធរណ៍​ភ្នំពេញ បាន​បដិសេធ​បណ្តឹង​របស់​មេធាវី​ម្តង​រួច​មក​ហើយ គឺ​បណ្តឹង​ដែល​ជំទាស់​នឹង​នីតិវិធី​របស់​តុលាការ​ភ្នំពេញ​ក្នុង​ការ​ចាប់​កញ្ញា ឈឹម ស៊ីថរ យក​ទៅ​ឃុំ។ បណ្តឹង​នេះ ក៏​ស្ថិត​ក្នុង​គោលបំណង​ចង់​ឲ្យ​កញ្ញា​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ដែរ។

កញ្ញា ឈឹម ស៊ីថរ ត្រូវ​ចាប់​ខ្លួន​ពីរ​ដង​ហើយ។ កញ្ញា​ត្រូវ​ចាប់​ខ្លួន​លើកដំបូង​កាលពី​ដើម​ឆ្នាំ​២០២២ ពី​បទ​ញុះញង់​បង្ក​ឲ្យ​មាន​អសន្តិសុខ​សង្គម ដោយសារ​ដឹកនាំ​ក្រុម​អតីត​បុគ្គលិក​ណាហ្គា​វើលដ៍ តវ៉ា​នឹង​ក្រុមហ៊ុន​នេះ។

នៅ​ពេល​ជាប់​ឃុំ​បាន​ប្រមាណ ២​ខែ កញ្ញា​ក៏​ត្រូវ​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ តែ​នៅ​ជាប់​បទ​ចោទ​ដដែល និង​ជាប់​បម្រាម​មួយ​ចំនួន ដូចជា​មិន​អនុញ្ញាត​ឲ្យ​ចេញ​ក្រៅ​ប្រទេស ជាដើម។ រហូត​ដល់​ចុង​ឆ្នាំ​២០២២ កញ្ញា​ត្រូវ​បាន​ចាប់​ខ្លួន​ឡើងវិញ បន្ទាប់ពី​វិលត្រឡប់​ពី​ការ​ចូលរួម​សន្និសីទ​អន្តរជាតិ​មួយ​នៅ​ប្រទេស​អូស្ត្រាលី។ តុលាការ​លើក​ហេតុផល​ថា កញ្ញា​ត្រូវ​ចាប់​ខ្លួន​សាជាថ្មី​នេះ ដោយសារ​ទៅ​ក្រៅ​ប្រទេស​ដោយ​គ្មាន​ការ​អនុញ្ញាត។

ខណៈ​កំពុង​នៅ​ក្នុង​ពន្ធនាគារ កញ្ញា​ក៏​ត្រូវ​មហាអំណាច​អាម៉េរិក​ប្រកាស​ផ្តល់ «ពានរង្វាន់​ការពារ​សិទ្ធិមនុស្ស​ប្រចាំ​ឆ្នាំ​២០២២» ជូន​ផង​ដែរ។ ស្ថានទូត​អាម៉េរិក​ប្រចាំ​កម្ពុជា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ថា នាង​គឺជា​ជនជាតិ​ខ្មែរ​ទី​មួយ​ដែល​ទទួល​បាន​ពានរង្វាន់​ប្រកប​ដោយ​កិត្យានុភាព​នេះ។

កាលពី​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​បំភ្លឺ​ថា ការ​ចាប់​ឃុំ​ខ្លួន​កញ្ញា ឈឹម ស៊ីថរ កាលពី​ថ្ងៃទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២ កន្លងទៅ គឺ​ដោយសារតែ​ជន​ត្រូវ​ចោទ​បាន​ចាកចេញ​ពី​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ចៅក្រម​ស៊ើបសួរ ដែល​អំពើ​នេះ​គឺ​បាន​បំពាន​លើ​កាតព្វកិច្ច​នៃ​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​អំឡុង​ពេល​ខ្លួន​កំពុង​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។

ជុំវិញ​ការ​ចាប់​ខ្លួន​តំណាង​សហជីព​រូប​នេះ សហរដ្ឋ​អាមេរិក អូស្ត្រាលី និង​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន ចាត់ទុក​ការ​ដាក់​ទោស​លើ​កញ្ញា ឈឹម ស៊ីថរ ដោយសារ​ការ​ខកខាន​ក្នុង​ការ​អនុវត្ត​នូវ​លក្ខខណ្ឌ​ដែល​មិន​បាន​ប្រាប់​ឲ្យ​ដឹង​មុន​ពី​សំណាក់​អាជ្ញាធរ គឺជា​ភាព​អយុត្តិធម៌ និង​ល្មើស​ទៅ​នឹង​គោលការណ៍​ជា​មូលដ្ឋាន​នៃ​នីតិរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស