37 C
Phnom Penh

អ្នកជំនាញ UN ជំរុញ​ឱ្យ​កម្ពុជា​បើក​វិទ្យុ VOD ឡើងវិញ​ក្រោយ​លោក ហ៊ុន សែន បញ្ជា​ឱ្យ​ដក​អាជ្ញាប័ណ្ណ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកជំនាញ​របស់​អង្គការ​សហប្រជាជាតិ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) ឡើងវិញ ដើម្បី​បើក​សេរីភាព​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ហ៊ាន​និយាយ​អំពី​ការ​រិះគន់​នានា​នៅ​មុន​ដំណើរការ​បោះឆ្នោត​ជាតិ​ខាងមុខ។

ការ​អំពាវនាវ​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន សែន បាន​បញ្ជា​ទៅ​ក្រសួង​ព័ត៌មាន​ឲ្យ​ដក​អាជ្ញាប័ណ្ណ​សារព័ត៌មាន VOD ទោះបីជា​ស្ថាប័ន​មួយ​នេះ​បាន​សរសេរ​លិខិត​ទៅ​លោក ហ៊ុន សែន ចំនួន​ពីរ​ដង​ដើម្បី​បង្ហាញ​ពី​ការ​សុំទោស​ក៏ដោយ។

សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៣ អ្នកជំនាញ​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​កម្ពុជា​ត្រូវ​បើក​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ឡើងវិញ ដោយ​ពួកគេ​បង្ហាញ​ក្ដី​បារម្ភ​ថា ការ​ដកហូត​អាជ្ញាប័ណ្ណ​របស់​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ដោយ​គ្មាន​ដំណើរការ​ត្រឹមត្រូវ និង​មាន​ឥទ្ធិពល​ភ្លាមៗ​នេះ នឹង​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​ជាតិ​ដែល​មាន​សារសំខាន់​នៅ​ខែ​កក្កដា ខាងមុខ​នេះ។

ការ​ដកហូត​អាជ្ញាប័ណ្ណ​សារព័ត៌មាន VOD ភ្លាមៗ​នេះ វា​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា នៅ​កម្ពុជា​សេរីភាព​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​នេះ គឺ​មិន​មាន​ទៀត​ទេ បន្ទាប់ពី​ស្ថានីយ​វិទ្យុ​ឯករាជ្យ​មួយ​នេះ​ដែល​បាន​ផ្សាយ​ទាំង​ជា​ភាសា​អង់គ្លេស និង​ទាំង​ជា​ភាសា​ខ្មែរ​ត្រូវ​បាន​បញ្ជា​ឲ្យ​ដក​អាជ្ញាប័ណ្ណ​កាលពី​សប្តាហ៍​មុន​នោះ។

ករណី​នេះ អ្នកជំនាញ​អង្គការ​សហប្រជាជាតិ បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ត្រូវ​ពិនិត្យ​មើល​ឡើងវិញ​ជាបន្ទាន់​ចំពោះ​ការ​ដកហូត​អាជ្ញាប័ណ្ណ​សារព័ត៌មាន​វីអូឌី ខណៈ​ពិភពលោក​កំពុង​តាម​ឃ្លាំមើល​ប្រទេស​កម្ពុជា​មុន​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា ឆ្នាំ​២០២៣ នេះ។

អ្នកជំនាញ​ដដែល​បញ្ជាក់​ថា សិទ្ធិ​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា​ក្នុង​ដំណាក់កាល​នេះ វា​មាន​សារសំខាន់ រួម​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ហ៊ាន​និយាយ និង​រាយការណ៍​រិះគន់​គោល​នយោបាយ​របស់​រដ្ឋាភិបាល។

ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​ដែល​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​គ្នា​កាលពី​ថ្ងៃទី​២០ ខែ​កុម្ភៈ រួម​មាន​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក វីទិត មុនតាប៊ន (Vitit Muntarbhorn) អ្នក​រាយការណ៍​ពិសេស​ស្ដីពី​ស្ថានភាព​អ្នក​ការពារ​សិទ្ធិមនុស្ស អ្នកស្រី ម៉ារី ឡូឡ័រ (Mary Lawlor) និង​អ្នក​រាយការណ៍​ពិសេស​ស្ដីពី​ការ​លើក​កម្ពស់ និង​ការពារ​សិទ្ធិ​បញ្ចេញមតិ អ្នកស្រី អាយរិន ខាន (Irene Khan)។

វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) ត្រូវ​បាន​ប្រកាស​ឱ្យ​លុប​អាជ្ញាប័ណ្ណ​កាលពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៣ បន្ទាប់ពី​មាន​បញ្ជា​ពី​លោក ហ៊ុន សែន ថា​អង្គភាព​សារព័ត៌មាន​មួយ​នេះ​មាន​ចេតនា​មួលបង្កាច់​កូនប្រុស​របស់​លោក ជុំវិញ​ការ​ចុះហត្ថលេខា​ផ្តល់​ជំនួយ​ឱ្យ​ប្រទេស​តួកគី និង​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​រដ្ឋាភិបាល​របស់​លោក​ជុំវិញ​ការ​គ្រប់គ្រង​ថវិកា​ជាតិ​ផង​ដែរ។

ក្រៅពី​បិទ​ហើយ បុរស​ខ្លាំង​កាន់​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា បាន​ប្រកាស​ជា​សាធារណៈ​ដោយ​កុំ​ឲ្យ​អន្តរជាតិ​លូក​ដៃ​ពាក់ព័ន្ធ​នឹង​រឿង​ដែល​លោក​បិទ​សារព័ត៌មាន VOD កាលពី​ពេល​ថ្មីៗ​នេះ ក្រោម​ហេតុផល​ថា កម្ពុជា​មិនមែន​ជា​ប្រទេស​របស់​ជនបរទេស​ទាំងនោះ​ឡើយ។

ទន្ទឹម​នឹង​បិទ​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ​ដែល​បម្រើ​ផល​ប្រយោជន៍​សង្គម​ជាតិ និង​ពលរដ្ឋ​ហើយ លោក ហ៊ុន សែន ក៏​បាន​ប្រកាស​ផ្ដល់​ការងារ​ក្របខ័ណ្ឌ​រដ្ឋ​ដល់​អតីត​បុគ្គលិក​សារព័ត៌មាន​វីអូឌី ក្នុង​នោះ​បុគ្គល​ខ្លះ​ក៏​បាន​ទទួល​យក​ក្របខ័ណ្ឌ​រដ្ឋ និង​អ្នក​ខ្លះ​ទៀត​សម្រេច​ចិត្ត​មិន​ទទួល ខណៈ​សហគមន៍​អន្តរជាតិ​បាន​ចេញ​ញត្តិ​ថ្កោលទោស ដោយ​ចាត់ទុក​ការ​បិទ​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​ចុងក្រោយ​ថា​បាន​ប៉ះពាល់​សិទ្ធិ​សេរីភាព​បញ្ចេញមតិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា។

យោង​តាម​របាយការណ៍​របស់​អង្គការ​អ្នក​រាយការណ៍​ព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Borders) ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ប៉ារីស (Paris) ប្រទេស​បារាំង (France) បាន​ចាត់​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ជាប់​លេខ ១៤២ ក្នុង​ចំណោម ១៨០​ប្រទេស និង​ដែនដី​ក្នុង​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​ឆ្នាំ​២០២២ របស់​អង្គការ​អ្នក​រាយការណ៍​ព័ត៌មាន​គ្មាន​ព្រំដែន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស